MixOILogy Cambodia ក្រុមអ្នកឯកទេសប្រេងសរីរាង្គធម្មជាតិផលិតនៅកម្ពុជា
NEWS 3 years ago ស្ថិតនៅលើបណ្តោយផ្លូវលេខ ២៤០ ម្តុំក្រោយវាំង ក្រុងភ្នំពេញ ហាងថ្មីមួយឈ្មោះ MixOILogy Cambodia (មិកស៍អ័យឡូជី ខេមបូឌា) កំពុងបើកទ្វារប្រដំប្រសងនឹងហាងខ្មែរ-បរទេសជាច្រើនដដែលកកើតនៅម្តុំនោះសម្រាប់ស្វាគមន៍ភ្ញៀវជាតិនិងអន្តរជាតិ។ នៅពេលឈានជើងទៅដល់ទីតាំងហាងនោះ ភ្ញៀវទាំងឡាយនឹងទទួលអារម្មណ៍ស្រស់ស្រាយភ្លឺថ្លាដោយសារគន្ធពិដោរដ៏ក្រអូបឈ្ងុយឈ្ងប់សាយភាយចេញពីផលិតផលប្រេងដែលដាក់តាំងលក់នៅទីនោះជាច្រើនប្រភេទតម្រៀបយ៉ាងរៀបរយមានសណ្តាប់ធ្នាប់ ស័ក្តិសមជាផលិតផលប្រកបដោយគុណភាពមិនចាញ់ ផលិតផលនាំចូលពីបរទេសឡើយ។
អ្នកនាង សាមន្ថា (Samantha) សហស្ថាបនិកម្នាក់នៃហាងនេះ បានលើកឡើងថា ឈរលើគោលការណ៍ធម្មជាតិនិយមដែលផ្តោតសំខាន់លើការប្រើប្រាស់និងទទួលទានផលិតផលដែលយើងអាចស្វែងរកបាននៅក្នុងធម្មជាតិ ពិតៗនោះ គាត់និងសហស្ថាបនិកម្នាក់ទៀតឈ្មោះ រតនា បានគិតគូរបើកអាជីវកម្ម MixOILogy Cambodia នេះឡើង។ អ្នកនាងបានពន្យល់ថា គោលបំណងនៃអាជីវកម្មនេះគឺដើម្បីផ្តល់ជីវិតរស់នៅបែបធម្មជាតិដែលនឹងចូលរួមកាត់បន្ថយ សារធាតុគីមីបង្កគ្រោះថ្នាក់ឲ្យនៅកម្រិតអប្បបរមា តាមរយៈចលនាប្រើប្រាស់ផលិតផលប្រេងធម្មជាតិសុទ្ធ (Pure Essential Oils) ពោលគឺ មិនមែនធ្វើឡើងដើម្បីតែប្រយោជន៍ពួកយើងនោះទេ តែក៏សម្រាប់ជាប្រយោជន៍ដល់កូនចៅ និងក្រុមគ្រួសារជាទីស្រឡាញ់របស់ពួកយើងគ្រប់ៗគ្នាផងដែរ។
តាមរយៈសិក្ខាសាលាលក្ខណៈឯកជនស្តីពីការព្យាបាលដោយក្លិន (Aromatherapy) មនុស្សកាន់តែច្រើនកាន់តែយល់ដឹងអំពីផលិតប្រេងប្រភេទនេះដែលមានតួនាទីជួយសម្រួល ព្យាបាល និង ទ្រទ្រង់យើងនៅក្នុងផ្នែកសម្ផស្ស សុខភាព និងការគ្រប់គ្រងសុខុមាលភាពទាំងផ្លូវកាយនិងផ្លូវចិត្ត។ អ្វីដែលរឹតតែពិសេសជាងនេះទៀតនោះគឺ សារៈសំខាន់នៃបែបបទនៃការរស់នៅប្រចាំថ្ងៃផ្សារភ្ជាប់នឹងធម្មជាតិនិងយល់ដឹងពីសុវត្ថិភាពនៃផលិតផលទាំងឡាយណាដែលយើងប្រើប្រាស់ខ្លួនឯងនិងសម្រាប់គ្រួសារទាំងមូល។
ស្របជាមួយគ្នានេះដែរ ស្ថាបនិកទីពីរឈ្មោះ រតនា ក៏បានបកស្រាយបន្ថែមថា “ក្លិននីមួយៗមានលក្ខណៈផ្ទាល់ខ្លួន និងមានវិសេសភាពដែលចូលទៅភ្ញោចប្រព័ន្ធឥន្ទី្រយារម្មណ៍របស់មនុស្សយើងខុសៗគ្នា។ ដូចនេះ ពួកយើងត្រូវបានបណ្តុះបណ្តាលឲ្យយកចិត្តទុកដាក់ចំពោះបុគ្គលម្នាក់ៗរៀងៗខ្លួនដាច់ដោយឡែក ហើយផលិតផលប្រេងធម្មជាតិនីមួយៗដែលយើងលាយផ្សំសម្រាប់អតិថិជនរបស់យើងក៏មិនដូចគ្នាដែរ ” ។
ក្នុងនាមជាអ្នកឯកទេសប្រេងធម្មជាតិ ម្ចាស់ហាងទាំងពីរនឹងបង្ហាញលោកអ្នកពីរបៀបប្រើផលិតប្រេងទាំងនោះតាមសប្បាយ ឬក៏ធ្វើជាអំណោយអនុស្សវរីយ៍ជូនចំពោះមនុស្សពិសេសរបស់លោកអ្នក។ ទន្ទឹមនឹងនេះ ពួកគាត់ក៏អាចជួយណែនាំពីរបៀបលាយទឹកអប់តាមរូបមន្តធម្មជាតិ (Essential Oil Blending)ដល់អតិថិជន ដែលទទួលបាននូវការពេញនិយមខ្លាំងពីបណ្តាអតិថិជនភាគច្រើន។ ផលិតផលប្រចាំហាងដែលលក់ដាច់ជាងគេគឺ ទឹកអប់ និងទឹកផ្តល់សំណើមខ្លួន ច្នៃតម្រូវតាមអតិថិជន (តម្លៃចាប់ពី ១១.៥០ ដុល្លារឡើង)។ អ្វីដែលពិសេសនោះគឺ ផលិតផលប្រេងលាបផ្តល់សំណើមខ្លួន (Body Essential Oil Body Mist) ប្រភេទ «Energize» របស់ហាងត្រូវបានប្រើប្រាស់សម្រាប់កម្មវិធីប្រគល់ពានរង្វាន់តន្រ្តីដ៏ធំប្រចាំឆ្នាំនេះ «Pleng Music Award» ដ៏អស្ចារ្យរបស់ក្រុមហ៊ុន SMART។ ផលិតផលបន្ទាប់ពីនេះ គឺជាប្រេងប្រភេទ «Essential Oil Room & Linen Mists» (តម្លៃ 15.50 ដុល្លារ/ 50ml និង 19.50 ដុល្លារ/ 100ml)។ នៅហាងនេះ ក៏មានលក់ម៉ាស៊ីនបំភាយផ្សែងប្រេងក្រអូបប្រើ USB ចល័តបាន (មិនប្រើទឹក) ព្រមទាំងមានថង់ដាក់វាសម្រាប់ដំណើរកម្សាន្តជិតឆ្ងាយបានយ៉ាងងាយស្រួលទាន់សម័យថែមទៀតផង។
គួរបញ្ជាក់ថា ក្រៅពីអ្នកទាំងពីរដែលមានតួនាទីឯកទេសខាងលាយប្រេងធម្មជាតិ ក៏មានក្រុមការងារម្នាក់ទៀតឈ្មោះ ម៉ី អ្នកឯកទេសខាងព្យាបាលផ្នែកអារម្មណ៍ និងបន្ថយភាពតានតឹងដោយប្រេងក្រអូប (Aroma therapist) ដែលសហការគ្នាចែករំលែកកាន់តែបានច្រើននូវរបៀបប្រើប្រាស់និងអត្ថប្រយោជន៍ដ៏ស៊ីជម្រៅនៃផលិតផលប្រចាំហាង។ ជាចុងក្រោយ ពួកគេមានក្តីសង្ឃឹមជឿជាក់យ៉ាងមុតមាំថា អ្នកទាំងអស់គ្នានឹងព្យាយាមស្វែងរកក្តីសុខសុភមង្គលតាមរយៈសកម្មភាពគ្រប់បែបយ៉ាងនៅក្នុងជីវិតប្រចាំថ្ងៃជាក់ស្តែង ហើយក៏ជឿថា MixOILogy Cambodia នឹងអាចចែករំលែក «តំណក់នៃសុភមង្គល» នេះទៅកាន់មនុស្សគ្រប់គ្នាដែរ។ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ https://www.facebook.com/mixoilogycambodia ៕