ស្ថិតនៅក្នុងវិចិត្រសាលជាន់លើឈ្មោះ «Shophouse Studio» នៅក្នុងអគារ«ផ្ទះចាស់» ផ្លូវលេខ ១១០សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ (ខាងលិចផ្សារចាស់ប្រមាណ ១០០ម៉ែត្រ ចូលតាមហាងលក់រុក្ខជាតិលម្អយីហោ Jungle à Domicile- ព្រៃ) ពិព័រណ៍គំនូរជាក្រុមថ្មីសន្លាងមួយត្រូវបានបង្កើតឡើងក្រោមចំណងជើងថា «លំហូរ» ឬ Flow ជាភាសាអង់គ្លេស ដែលមានការចូលរួមពីសំណាក់វិចិត្រករចំនួន៩នាក់ រួមមាន ឈុំ ចាន់ណា, ហម រិទ្ធ, អ៊ឹម ពិសី, អ៊ឹម សីលា, ម៉ន ភីរ៉ា, ព្រហ្ម ពន្លឺ, សេង វិសាល, សួ គឹមសាន និង Art Foo។
សិល្បករ: អ៊ឹម ពិសី
សិល្បករ: ហម រិទ្ធ
សិល្បករ: អ៊ឹម សីលា
សិល្បករ: ព្រហ្ម ពន្លឺ
សិល្បករ: សួ គឹមសាន
យោងតាមការចេញផ្សាយជាផ្លូវការរបស់ក្រុមរៀបចំពិព័រណ៍នេះផ្ទាល់ អត្ថន័យនៃពិព័រណ៍ «លំហូរ» សំដៅដល់ ការគូរគំនូរពណ៌ទឹក ដែលជួនកាលហាក់ដូចជាមិនត្រូវការការប្រឹងប្រែងពីវិចិត្រករនោះទេ។ ផ្ទុយទៅវិញ វាហាក់បីដូចជាទឹកដែលស្រក់ហូរជាបន្តបន្ទាប់តាមបំណងប្រាថ្នារបស់វិចិត្រករម្នាក់ៗ។«លំហូរ» ក៏ រំព្ញកអំពីបុព្វបុរសសម័យអង្គរដែលបានកសាងប្រព័ន្ធធារាសាស្រ្តខ្វាត់ខ្វែង ផ្តល់ប្រយោជន៍យ៉ាងច្រើនអនេកប្បការសម្រាប់បម្រើវិស័យកសិកម្មក្នុងផ្ទៃប្រទេស តួយ៉ាង បារាយណ៍ខាងលិច ឬ បារាយណ៍ទឹកថ្លា ជាទឡ្ហីករណ៍ស្រាប់។
ក្រុមវិចិត្រករដែលចូលរួមបង្កើតពិព័រណ៍នេះសង្ឃឹមយ៉ាងមុតមាំថា នឹងបានរៀនសូត្រគ្រប់គ្រងលំហូរនៃពណ៌ទឹក ក៏ដូចជាបង្ហាញនូវខ្លឹមសារនៃភាពស្រស់បំព្រងរបស់វាទៅកាន់ទស្សនិកជនតាមរយៈស្នាដៃគំនូររបស់ពួកគេទាំងអស់គ្នា។ ពិព័រណ៍ខាងលើនឹងបន្តបើកទ្វារស្វាគមន៍មហាជនរហូតដល់ថ្ងៃសៅរ៍ ទី០៤ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ រៀងរាល់ម៉ោង ១០ព្រឹក ដល់ ម៉ោង ៦ល្ងាច។ វត្តមានចូលរួមរបស់អ្នកទាំងអស់គ្នាគឺជាការលើកទឹកចិត្ត និងផ្តល់កិត្តិយសចំពោះសិល្បករគ្រប់រូប៕
Article by SRINSOKMEAN