ជាទូទៅសរសៃសក់របស់យើងមាន៣ស្រទាប់។ ដោយឡែកស្រទាប់លើគេ ឬ យើងហៅថាស្រទាប់ខាងក្រៅ មានតួនាទីផលិតប្រេងធ្វើឲ្យសក់មើលទៅភ្លឺរលោងមានសុខភាពល្អ និងការពារពីការបែកចុង។ ស្រទាប់ខាងក្រៅនេះអាចខូចខាតបានដោយសារតែកត្តាមួយចំនួនដូចជា ការហែលទឹកអាងដែលមានដាក់សារធាតុក្លរីន ការស្ថិតនៅក្រោមអាកាសធាតុក្តៅ ការប្រើផលិតផលគីមីធ្វើឲ្យសក់ត្រង់ឬរួញ ឬការប្រើម៉ាស៊ីនគាប ផ្លុំ មូរ កម្តៅក្តៅៗជាដើម។ ជាការពិតណាស់ នៅពេលស្រទាប់ខាងក្រៅរបស់សរសៃសក់ខូច វានឹងធ្វើឲ្យសក់ស្ងួតហើយឡើងសំពោង។ ជាសំណាងល្អ ប្រេងធម្មជាតិសំខាន់មួយចំនួនអាចមានសមត្ថភាពដោះស្រាយទៅលើបញ្ហានេះ។ ចុះតើអ្នកដឹងទេថា ប្រេងធម្មជាតិណាខ្លះដែលអាចជួយព្យាបាលសក់ស្ងួត?
1. ប្រេងដូង (Coconut Oil)
ប្រេងដូងធម្មជាតិ អាចមានសមត្ថភាពផ្តល់ជាតិប្រេងខ្ពស់ដល់សក់ជាមួយអាស៊ីតខ្លាញ់អូមេហ្គា៣(omega-3) រួមជាមួយវីតាមីនអ៊ី(E) ដែលជួយធ្វើឲ្យសក់ភ្លឺរលោង និងល្អបំផុតសម្រាប់សុខភាពស្បែកក្បាល។ ប្រេងដូងមានភាពងាយស្រួលក្នុងការប្រើប្រាស់ យើងអាចយកវាក្នុងបរិមាណតិចតួចលាបធ្វើជាក្រែមបន្ទន់សក់នៅពេលងូតទឹក ឬ យកវាទៅកម្តៅឲ្យក្តៅឧណ្ហៗសិន សឹមយកមកលាបនៅលើសរសៃសក់ ដោយទុកចោលយូរឬឆាប់តាមចិត្តចង់ ហើយលាងសម្អាតចេញដោយប្រើសាប៊ូកក់សក់ ឬទឹកធម្មតាជាការស្រេច។
2. ប្រេងអូលីវ(Olive oil)
ដូចទៅនឹងប្រេងដូង ប្រេងអូលីវក៏មានផ្ទុកនូវវីតាមីនអ៊ី (E) និងអាស៊ីតខ្លាញ់ផងដែរ។ លើសពីនេះវាមានផ្ទុកនូវពពួកសារធាតុ អ៊ីម៉ូលីន(emollient) ដូចជា ស្កាឡែន(squalene) និងអាស៊ីតអូឡេអ៊ិច(oleic acid)ដែលធ្វើឲ្យសក់ទន់ខ្លាំង។ ជាក់ស្តែង តាមរយៈភស្តុតាងស្រាវជ្រាវជាច្រើនបានបង្ហាញថា ប្រេងអូលីវអាចផ្តល់សំណើមដល់សក់បានយ៉ាងល្អ។ សម្រាប់វិធីប្រើប្រេងអូលីវ យើងយកប្រេងអូលីវ ១ទៅ២ស្លាបព្រាបាយ លាបវានៅលើកន្លែងសក់ស្ងួត រួចយកដៃឈ្លីម៉ាស្សាមួយសន្ទុះ ហើយពាក់មួកប្លាស្ទិកគ្របឲ្យជិតទុករយៈពេល១៥នាទី សឹមលាងទឹកជម្រះចេញ។
3. ប្រេងផ្លែប៊័រ (Avocado Oil)
ផ្លែប័រផ្ទុកយ៉ាងសម្បើមទៅដោយ ខ្លាញ់ល្អ ជាតិខនិជ និងសារធាតុប្រឆាំអុកស៊ីតកម្ម។ ធនធានអំណោយផលពីធម្មជាតិទាំងនេះ មានសារៈសំខាន់ជួយឲ្យសក់រឹងមាំ និងមានសុខភាពល្អ។ អាស៊ីតខ្លាញ់នៃផ្លែប៊័រអាចជួយជួសជុលសក់ស្ងួត ឬ សក់ខូច ដោយការពារស្បែកក្បាលពីការរងការបំផ្លាញពីបរិយាកាសមិនល្អជុំវិញខ្លួន។ ផ្លែឈើមួយនេះក៏ជាប្រភពនៃវីតាមីនបាយអូទីន(biotin)ផងដែរ ដែលតាមការស្រាវជ្រាវកាលពីឆ្នាំ ២០១២ របស់គ្លីនិក JCAD នៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រ វេសឆេសស្ទ័រ (Westchester ) ក្នុងរដ្ឋផេនស៊ីលវ៉ានៀ (Pennsylvannia) សហរដ្ឋអាមេរិក បានបង្ហាញថាវាពិតជាជួយឲ្យសក់រឹងមាំឡើង និងកាត់បន្ថយសក់ស្ងួត។ យើងអាចប្រើផ្លែប៊័រកិនធ្វើជាម៉ាស លាបនៅលើសក់ទុករយៈពេល៣ម៉ោងរួចលាងទឹកចេញ ឬអាចប្រើប្រេងផ្លែប៊័រកម្តៅឲ្យក្តៅឧណ្ហៗ លាយជាមួយទឹកបន្តិច រួចយកមកលាបលើសក់ទុករយៈពេលប្រមាណ២០នាទី សឹមលាងជម្រះទឹកចេញជាការស្រេច។
4. ប្រេងអាល់ម៉ុន (Almond Oil)
ប្រេងអាល់ម៉ុនមានផ្ទុកនូវអាស៊ីតខ្លាញ់អូមេហ្គា៩ ( Omega-9 Fatty acids) ដែលអាចជួយបន្ថែមភាពភ្លឺរលោងដល់សក់ និងរំញោចឲ្យសក់ថ្មីដុះមកកាន់តែច្រើន។ ប្រេងអាល់ម៉ុនមានផ្ទុកនូវវីតាមីនអ៊ី(E) និងប្រូតេអ៊ីនដែលជួយធ្វើឲ្យសក់រឹងមាំការពារពីការបែងចុង។ ប្រេងនេះអាចជួយបន្ទន់សក់បានយ៉ាងល្អ ដោយសារតែវាមកជាមួយសារធាតុ អ៊ីម៉ូលីន(emollient) ពីធម្មជាតិយ៉ាងច្រើន ដែលមានតួនាទីការពារក៏ដូចជាផ្តល់សំណើមដល់សក់ក្នុងពេលតែមួយ។ យើងអាចប្រើប្រេងអាល់ម៉ុនព្យាបាលសក់ស្ងួតបានយ៉ាងងាយស្រួល ដោយគ្រាន់តែយកប្រេងអាល់ម៉ុនលាយជាមួយប្រេងដូង ហើយលាបនៅលើកន្លែងសក់ស្ងួត ជាពិសេសចុងសក់ជាការស្រេច។
5. ប្រេងក្រអូប ឬ Essential Oil
ដោយឡែកពីប្រេងដែលបានជម្រាបជូនអម្បាញ់មិញ ប្រេងក្រអូបក៏មានប្រសិទ្ធភាពព្យាបាលសក់ស្ងួតផងដែរ។ ប្រេងក្រអូប ឬ អេសសេនថល អ៊យ (Essential Oil) គឺជាប្រេងដែលចម្រាញ់ចេញពីរុក្ខជាតិដើមស្លឹកផ្កា ហើយភាគច្រើនវាមានប្រយោជន៍ចំពោះសុខភាពសក់ និងស្បែកក្បាល។ ក្នុងនោះប្រេងដែលល្អសម្រាប់ព្យាបាលសក់ស្ងួតមានដូចជា ប្រេងតែធីទ្រី(tea tree) ប្រេងឡាវេនឌ័រ (lavender) ប្រេងឈើក្រអូប (sandalwood) ប្រេងរ៉ូសម៉ារី (rosemary) ប្រេងធីម(thyme) ប្រេងផ្កាក្លារីសេដ(clary sage) ប្រេងខ្ញី(ginger) ប្រេងឈើទាល(eucalyptus) ប្រេងផ្កាក្តាំងងា (ylang-ylang) និងប្រេងកុលាប(rose)។ ចំពោះការព្យាបាលសក់ស្ងួតជាមួយប្រេងធម្មជាតិ យើងគ្រាន់តែយកប្រេងក្រអូបណាមួយដែលរៀបរាប់មុននេះចំនួន៥តំណក់ ដាក់បន្តក់នៅពេលកក់សក់ឬពេលបន្ទន់សក់ជាការស្រេច៕
Article by SOUNG SOKSAN