×

អាហារសម្រន់​ឆ្ងាញ់​ៗ​៤​ទីតាំង​ពេញ​និយម​ក្នុង​ក្រុង​កំពង់ចាម​

TRAVEL & LIVING one year ago
 
 

           ​ក្រុង​កំពង់ចាម​ ​មាន​ចម្ងាយ​ត្រឹមតែ​ជាង​១​០​០​គីឡូម៉ែត្រ​ពី​ក្រុងភ្នំពេញ​ ​ដែល​លោកអ្នក​អាច​ពិចារណា​បាន​សម្រាប់​ដំណើរ​ក​ម្សាន្ត​វិល​ល្ងាច​។​ ​នៅ​ជុំវិញ​ក្រុង​កំពង់ចាម​ ​សម្បូរ​ដោយ​ទីតាំង​លក់​អាហារ​ចំណីចំណុក​ជាច្រើន​កន្លែង​ដែល​មិនមែន​គ្រប់គ្នា​សុទ្ធតែ​ស្គាល់​នោះ​ទេ​។​ ​ខាងក្រោម​នេះ​ជា​ទីតាំង​ចំនួន​៤​ ​ដែល​ទេសចរ​អាច​សាកល្បង​សម្រាប់​ដំណើរ​ក​ម្សាន្ត​ទៅកាន់​ទីនោះ​លើកក្រោយ​ ​៖​

          ​១​. ​មី​គោក​ប្រហិត​ (​ហាង​កាហ្វេ​កង់​ខ្មែរ​): ​ក្នុង​ពេល​បច្ចុប្បន្ន​ ​ទោះ​ទៅដល់​ខេត្ត​ណា​ ​ក៏​ទេសចរ​និយម​ស្វែងរក​កាហ្វេ​ទទួលទាន​តាមផ្លូវ​ទៅមក​ក្នុង​អំឡុង​ពេល​ដំណើរ​ក​ម្សាន្ត​ដែរ​។​ ​ក្រៅពី​កាហ្វេ​យីហោ​ល្បី​ធំ​ៗ​ ​តួយ៉ាង​ ​កាហ្វេ​ ​Amazon​ ​នោះ​ ​ទេសចរ​គួរតែ​សាកល្បង​រសជាតិ​កាហ្វេ​ក្នុង​ហាង​តូច​ៗ​បែប​សហគមន៍​ប្រចាំ​តំបន់​។​ ​កាហ្វេ​សហគមន៍​មួយ​កន្លែង​ឈ្មោះ​ ​«​កាហ្វេ​កង់​ខ្មែរ​»​ ​ស្ថិតនៅ​ម្តុំ​ភូមិ​ចុង​ថ្នល់​ ​សង្កាត់​បឹង​កុក​ ​ក្រុង​កំពង់ចាម​ ​ជាប់​តាមផ្លូវ​មាត់ទន្លេ​ ​ទៅកាន់​ភ្នំ​ហាន់​ជ័យ​តែម្តង​។​ ​ហាង​កាហ្វេ​ជនបទ​នេះ​ត្រូវ​បាន​តុបតែង​លម្អ​ដោយ​រានហាល​ប្ញស្សី ​ជាប់មាត់​ទឹក​ក្រោមម្លប់​ដើម​ប្ញស្សី ​ហើយ​មាន​កន្លែង​អង្គុយ​វែង​បែរមុខ​ទៅ​រក​ទន្លេ​ទៀត​ផង​។​ ​នៅ​ពីមុខ​ ​យើង​ឃើញ​មាន​ភូមិ​បណ្តែត​ទឹក​ ​ទូក​នេសាទ​ ​និង​ទេសភាព​ស្ពាន​គី​ហ្សូ​ណា​ពី​ចម្ងាយ​។​ ​ទីនោះ​ ​មាន​លក់​ទឹកដូង​ខ្ចី​ស្រស់​ ​កាហ្វេ​ប្រចាំ​ហាង​ ​និង​ ​អាហារសម្រន់​បែប​យុវវ័យ​ដែល​ភ្ញៀវ​ភាគច្រើន​និយម​ដូចជា​ ​មី​គោក​ ​និង​ប្រហិត​បំពង​ចម្រុះ​ ​ដែល​មាន​តម្លៃថោក​សមរម្យ​ (​តិច​ជាង​១​ម៉ឺន​រៀល​) ​និង​មាន​បរិមាណ​ច្រើនជាង​នៅ​ទីក្រុង​។​ ​ហាង​បើក​លក់​ពី​ម៉ោង​៧​ព្រឹក​ដល់ម៉ោង​៩​យប់​។​

          ​២​. ​អាកោ​ឆ្ងាញ់​ (​គល់​ស្ពាន​គី​ហ្សូ​ណា​): ​ទីតាំង​លក់​អាកោ​ឆ្ងាញ់​មួយ​កន្លែង​ដែល​ងាយស្រួល​រក​ស្ថិតនៅ​ជាប់​គល់​ស្ពាន​គី​ហ្ស៊ូ​ណា​ត្រើយ​ខាងលិច​។​ ​បើ​យើង​ធ្វើដំណើរ​ពី​ភ្នំពេញ​ ​តូប​លក់​អាកោ​នេះ​ស្ថិតនៅ​គល់​ស្ពាន​ខាងស្តាំ​ដៃ​។​ ​ផ្ទះ​លក់​អាកោ​រ​នេះ​មិន​មាន​លើក​ស្លាកយីហោ​ធំ​ទេ​ ​តែ​មាន​ស្លាក​បញ្ឈរ​ផ្ទាល់​ដី​មុខ​ផ្ទះ​ដាក់​ថា​ ​«​មាន​លក់​អាកោ​ខ្ទិះ​»​ ​និង​មាន​​​រូប​ ​Food​ ​Panda​ ​ជា​សម្គាល់​។​ ​ទីនោះ​មាន​លក់​ទាំង​អាកោ​ធម្មតា​ ​និង​អាកោ​ខ្ទិះ​ពិសេស​ ​ដែល​មាន​រសជាតិ​ ​សាច់​ ​និង​រូបរាង​ខុសប្លែក​ពី​បណ្តា​អាកោ​ខ្ទិះ​នានា​ដែ​លលក់​នៅ​ភ្នំពេញ​។​ ​អាកោ​ល្បី​ប្រចាំ​ទីរួមខេត្ត​នេះ​ ​លក់​ក្នុង​តម្លៃ​ ​១​៣​០​០​០​រៀល​ក្នុង​មួយគីឡូក្រាម​ ​ឬ​ ​តម្លៃ​១​០​០​០​០​រៀល​ក្នុង​មួយគីឡូក្រាម​ (​បើ​យ​កលា​យ​ជាមួយ​នំ​ ​ខ្មែរ​ផ្សេងៗ​ទៀត​ ​ដូចជា​ ​នំកូរ​ ​និង​ច័ក្កច័ន​ )​។​ ​ម៉ោង​លក់​ចាប់ពី​ម៉ោង​១​១​ព្រឹក​ដល់ម៉ោង​២​រសៀល​។​

          ​៣​. ​អា​លីន​លៀស​ហាល​ (​សាលា​កសិកម្ម​): ​ប្រសិនបើ​លោកអ្នក​និយម​ទទួលទាន​លៀស​ហាល​។​ ​ក្រុង​កំពង់ចាម​ប្រៀប​ដូចជា​ឋានសួគ៌​សម្រាប់​លោកអ្នក​ហើយ​ ​មិន​ខុស​ពី​ក្រុង​កែប​-​កំពត​ ​ដែល​ជា​ឋានសួគ៌​សម្រាប់​អ្នក​និយម​គ្រឿង​សមុទ្រ​នោះ​ទេ​។​ ​កន្លែង​លក់​លៀស​ហាល​ ​អាហារ​តាម​ដង​វិថី​ដ៏​ពេញ​និយម​របស់​អ្នកក្រុង​កំពង់ចាម​ ​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧​ចាស់​ ​ចាប់តាំង​ពី​ចំណុច​សាលាបឋមសិក្សា​ទួល​ថ្ម​រហូតដល់​សាលា​កសិកម្ម​ខេត្ត​កំពង់ចាម​។​ ​នៅ​ម្តុំ​នោះ​ ​សម្បូរ​អ្នក​លក់​លៀស​ហាល​ច្រើន​រទេះ​ដែរ​។​ ​ប៉ុន្តែ​មួយ​ក្នុងចំណោម​នោះ​គឺ​ ​រទេះ​«​អា​លីន​លក់​លៀស​ហាល​»​ ​ត្រង់​កែង​របង​សាលា​កសិកម្ម​ដែល​អ្នក​កំពង់ចាម​ជាច្រើន​ទទួលស្គាល់​ថា​លៀស​គាត់​ប្រ​លាក់​ឆ្ងាញ់​ត្រូវមាត់​ ​ហើយក៏​មាន​ច្រើន​រសជាតិ​សម្រាប់​ជ្រើសរើស​តាមចំណូលចិត្ត​ផង​ដែរ​។​ ​លៀស​របស់​គាត់​មាន​តម្លៃ​៥​០​០​០​រៀល​ក្នុង​មួយ​កំប៉ុង​។​ ​មិន​ត្រឹមតែ​ល្បី​ខាង​រសជាតិ​និង​ជម្រើស​ច្រើន​នោះ​ទេ​ ​តែ​អ្នក​លក់​ក៏​ល្បី​ថា​ពូកែ​រួសរាយ​រាក់ទាក់​ដាក់​ភ្ញៀវ​ ​គួរឲ្យ​ចង់​ទិញ​ម្តង​ហើយ​ម្តងទៀត​។​ ​ជាទូទៅ​លៀស​ហាល​ម្តុំ​នោះ​មាន​លក់​តាំងពី​ពេលព្រឹក​ ​ហើយ​អាច​លក់ដាច់​អស់​ត្រឹម​ម៉ោង​ ​២​-​៣​រសៀល​។

          ​៤​. ​ស៊ុប​គោ​ចាន​ (​ម្តុំ​ក្រោយ​វត្ត​ដី​ដុះ​): ​នៅ​ម្តុំ​វត្ត​ដី​ដុះ​ ​មាន​លក់​អាហារសម្រន់​ពេលរសៀល​-​ល្ងាច​ច្រើន​ប្រភេទ​ ​ជាទី​ពេញ​និយម​របស់​អ្នកក្រុង​កំពង់ចាម​តាំងពី​យូរ​មក​ហើយ​។​ ​ក្នុងចំណោម​នោះ​ ​មាន​ហាង​ស៊ុប​សរសៃ​កែង​លក្ខណៈ​គ្រួសារ​ ​មួយ​កន្លែង​ជិត​សាលា​វេស្ទើ​ន​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ជាង​កន្លែង​ដទៃ​ក្នុង​តំបន់​ ​ដែល​មាន​អតិថិជន​ជិត​ឆ្ងាយ​ទៅ​សាក​ ​ធ្វើ​ ​review​ ​ជា​ញឹកញាប់​។​ ​ចំណាប់អារម្មណ៍​ ​ពេល​ទៅដល់​ភ្លាម​ ​គឺ​យើង​ឃើញ​មាន​អតិថិជន​អង្គុយ​ហូប​ច្រើន​ ​ក្នុង​ហាង​បែប​ហាង​គុយទាវ​ផ្សារ​នោះ​ពិតមែន​។​ ​ភ្ញៀវ​អាច​កុម្ម៉ង់​ស៊ុប​សរសៃ​កែង​ ​ស៊ុប​ក្រចក​គោ​ ​ស៊ុប​ប្រហិត​ ​ស៊ុប​សាច់​ស្រួយ​ ​ឬ​ ​ស៊ុប​សាច់គោ​ចម្រុះ​គ្រប់មុខ​ក៏បាន​។​ ​លក្ខណៈ​ពិសេស​គឺ​ ​ស៊ុប​នោះ​មានសាច់​ច្រើន​ហើយ​ផុយ​ ​និង​ទឹកស៊ុប​ផ្អែម​ឆ្ងាញ់​ចូលជាតិ​ល្អ​ ​ដោយ​ច​ម្អិ​ន​តាម​ក្បួនខ្នាត​រូបមន្ត​ផ្ទាល់​ប្រចាំគ្រួសារ​ម្ចាស់​ហាង​។​ ​ស៊ុប​សរសៃ​កែង​លាយ​ក្រចក​គោ​ ​មាន​តម្លៃ​ ​១​៣​០​០​០​រៀល​ក្នុង​មួយ​ ​ចាន​។​

Article by SRINSOKMEAN


SUGGESTIONS