×

កាំង មុយនីន កីឡាការិនី​ហែល​ទឹក​ជម្រើស​ជាតិ

NEWS one year ago
 
 

​​​            ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​៣​២​ (32n​d​ ​SEA​ ​Game​s) ​នឹង​រំកិល​ចូល​មកដល់​ឆាប់ៗ​នេះ​ ​ដែល​នឹង​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃ​ទី​០​៥​ ​ដល់​ថ្ងៃ​ទី​១​៧​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​៣​ ​នៅ​លើទឹក​ដី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​ជា​លើក​ដំបូង​ ​បន្ទាប់ពី​បាន​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​៦​៤​ឆ្នាំ​។​ ​សម្រាប់​បេក្ខភាព​ដែល​នឹង​ចូលរួម​ប្រកួត​វិញ​ ​ឃើញ​ថា​មាន​ការចូលរួម​ពី​បណ្តា​ប្រទេស​ជាច្រើន​ដែល​ជា​សមាជិក​សហ​ព័ន្ធ​កីឡា​អាស៊ី​អាគ្នេយ៍​ ​ដោយមាន​ការ​ហ្វឹកហាត់​ត្រៀម​ខ្លួន​យ៉ាង​ស្វិតស្វាញ​ទៅតាម​វិញ្ញាសា​ផ្សេងៗ​ពី​គ្នា​។​ ​ជាមួយគ្នា​នេះ​ ​សូវ​រី​ន​ ​បាន​សម្ភាសន៍​បេក្ខភាព​ដែល​នឹង​តំណាង​ឲ្យ​កម្ពុជា​ក្នុង​វិញ្ញាសា​កីឡា​ហែលទឹក​មួយ​រូប​អំពី​ជីវិត​ជា​កីឡា​ការិនី​ ​ជាពិសេស​ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​ ​SEA​ ​Game​s ​នា​ពេល​ខាងមុខនេះ​ផង​ដែរ​។​

​​​            វា​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ​ ​សម្រាប់​បេក្ខភាព​គ្រប់រូប​ត្រៀម​ខ្លួន​ក្នុង​ការ​ហ្វឹកហាត់​ ​ក្នុង​គោលបំណង​ដូចគ្នា​ដើម្បី​សម្រេច​គោលដៅ​របស់​ខ្លួន​ ​គឺ​ទទួល​បាន​ជ័យ​ជម្នះ​ក្នុង​ការ​ប្រកួត​។​ “​SEA​ ​Game​s 2023 ​ជាគោល​ដៅ​ធំបំផុត​របស់​ខ្ញុំ​ ​ហើយ​គ្រប់គ្នា​បាន​ដាក់​ក្តី​សង្ឃឹម​មក​លើ​ពួកយើង​ហើយ​ ​ដូច្នេះ​យើង​មានតែ​អត់ធ្មត់​ព្យាយាម​ហ្វឹកហាត់​ឲ្យបាន​ខ្លាំង​បំផុត​ ​ហើយ​ទោះបីជា​លទ្ធផល​យ៉ាងណា​ក៏​ខ្ញុំ​ព្រម​ទទួល​ដែរ​ព្រោះ​ខ្ញុំ​បាន​ដាក់ចិត្ត​និង​កាយ​ខំប្រឹង​អស់ហើយ​។​” ​កីឡា​ការិនី​ ​កាំ​ង​ មុ​យ​នី​ន​ ​បាន​លើកឡើង​អំពី​ការ​តាំងចិត្ត​ក្នុង​គោលជំហរ​ដ៏​រឹង​មាំ​។​ ​ងាក​មក​ជ​ជីកសួរ​អំពី​ការ​ហ្វឹកហាត់​វិញ​ ​ដើម្បី​ត្រៀមលក្ខណៈ​សម្រាប់​ ​SEA​ ​Game​s ​នា​ពេល​ខាងមុខនេះ​ មុ​យ​នី​ន​ ​បាន​ទៅ​ចេញទៅ​ហ្វឹកហាត់​នៅ​ប្រទេស​វៀតណាម​ ​ដែល​មាន​រយៈពេល​រហូតដល់​ទៅ​៤​ខែ​ ​និង​ត្រូវ​បាន​ដឹកនាំ​ដោយ​ ​លោកគ្រូ​ ​ហែម​ ថុ​ន​ពន្លឺ​។​

Image Courtesy: PAEAYIM PHOTO

​​​            បើ​និយាយ​អំពី​ការ​ចាប់ផ្តើម​បោះជំហាន​ក្នុង​វិ​ស័​យ​កីឡា​នេះ​ ​កីឡា​ការិនី​វ័យ​១​៧​ឆ្នាំ​រូប​នេះ​បាន​ ​រំលឹក​ឡើង​ថា​ “​ដំបូង​ឡើយ​កាលពី​ខ្ញុំ​នៅ​តូច​ ​ម្តាយ​ខ្ញុំ​បាន​ជួល​គ្រូ​ឲ្យ​បង្រៀន​ខ្ញុំ​ចេះ​ហែលទឹក​ដើម្បី​អោយ​ខ្ញុំ​មាន​អារម្មណ៍​សុវត្ថិភាព​ពេល​នៅកន្លែង​មាន​ទឹក​។​ ​អស់​រយៈពេល​ប្រហែល​2​ខែក្រោយ​មក​ ​ខ្ញុំ​ក៏​ចាប់ផ្តើម​ចេះ​ហែល​ហើយ​ចូលចិត្ត​កីឡា​មួយ​នេះ​។​ ​នៅ​ឆ្នាំ​២​០​១​៩​ខ្ញុំ​ក៏បាន​ជាប់​ជា​កីឡា​ការិនី​ជម្រើស​ជាតិ​ ​ក៏​ជា​ពេល​មួយ​ដែល​ខ្ញុំ​ពេញចិត្ត​ ​ហើយ​ខ្ញុំ​ក៏​ប្តេជ្ញា​ចិត្ត​ខិតខំ​ហ្វឹកហាត់​មកដល់​សព្វថ្ងៃនេះ​។​” ​បន្ទាប់ពី​បាន​បង្ហាញខ្លួន​ជា​ផ្លូវការ​ក្នុងនាម​ជា​កីឡា​ការិនី​ហែលទឹក​ជម្រើស​ជាតិ​ មុ​យ​នី​ន​ ​ក៏​ធ្លាប់​ចូលរួម​ការ​ប្រកួត​ក្នុងស្រុក​ ​ហើយ​ឈ្នះ​មេដាយ​ជាច្រើន​ផង​ដែរ​។​ ​លើស​ពីនេះទៅ​ទៀត​ ​ក៏​ធ្លាប់​ទទួល​បានឱកាស​ចេញទៅ​ប្រកួត​ថ្នាក់​អន្តរជាតិ​ជាច្រើនលើក​។​ “​ពេលវេលា​ដែល​ខ្ញុំ​ចងចាំ​មិន​ភ្លេច​នោះ​គឺ​នៅ​ខែ​០​៩​ ​ឆ្នាំ​២​០​២​២​ ​ខ្ញុំ​បាន​ចូលរួម​ប្រកួត​កីឡា​ ​Fin​swimming​ ​នៅ​ប្រទេស​ថៃ​ដោយ​ទទួល​បាន​មេដាយ​មាស​ចំនួន​៣​ ​និង​មេដាយ​សំរឹទ្ធ​ចំនួន​១​។​

​​​            ទន្ទឹម​នឹង​ទទួល​បាន​ជ័យ​ជម្នះ​លើ​អាជីព​ដែល​ខ្លួន​ស្រលាញ់​ពេញចិត្ត​ ​ក្នុងនាម​ជា​មនុស្ស​ស្រី​ស្រលាញ់​សម្រស់​ចូល​ប្រឡូក​ក្នុង​វិ​ស​័​យ​កីឡា​ មុ​យ​នី​ន​ ​បាន​លើកឡើង​ទាំង​មិន​រារែក​ថា​ “​កីឡា​ហែលទឹក​ជា​កីឡា​ទទួល​បានសុខ​ភាព​ល្អ​ ​និង​រាង​ស្អាត​ ​ប៉ុន្តែ​នៅ​ពេល​យើង​ប្រើ​រយៈពេល​យូរ​នៅ​ក្នុង​ទឹក​វា​ប្រាកដ​ណាស់​ដែល​ធ្វើ​អោយ​យើង​ខូច​ស្បែក​ខូច​សម្រស់​ ​តែ​បើ​យើង​មានការ​ប្តេជ្ញា​ចិត្ត​ចង់​ក្លាយ​ជា​កីឡាករ​ល្អ​ហើយ​ទាំងនោះ​មិនមែន​ជា​ឧបសគ្គ​សម្រាប់​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​នោះ​ទេ​។​” ​ទោះ​យ៉ាងណា​ ​កត្តា​ដែល​ជំរុញ​ឲ្យ​កញ្ញា​ឈាន​មកដល់​ចំណុច​នេះ​ ​ក្រៅពី​ទទួល​បានសុខ​ភាព​ល្អ​ ​រាងកាយ​រឹង​មាំ​ហើយ​ ​ដែល​សំខាន់​មួយទៀត​នោះ​គឺ​ ​មានការ​ជំរុញលើកទឹកចិត្ត​ពី​លោកគ្រូ​ផ្ទាល់​តែម្តង​ ​ហើយ​កញ្ញា​ក៏​ចង់​ផ្សព្វផ្សាយ​ពី​កីឡា​មួយ​នេះ​ឲ្យ​មហាជន​ចូលរួម​គាំទ្រ​ ​និង​យល់​ពី​កីឡា​មួយ​ប្រភេទ​នេះ​ផង​ដែរ​។​

Image Courtesy: BTV

​​​            សម្រាប់​ការដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ការ​ប្រកួត​ ​SEA​ ​Game​s 2023 ​នេះ​ ​តាមរយៈ​សូវ​រី​ន​ មុ​យ​នី​ន​ ​ក៏មាន​ពាក្យពេចន៍​ផ្តាំផ្ញើ​ដែរ​ថា​ “​វា​ជា​ពេល​មួយ​ដែល​យើង​ទាំងអស់គ្នា​បាន​ទន្ទឹង​រង់ចាំ​យូរណាស់​មក​ហើយ​ ​ខ្ញុំ​ជឿជាក់​ថា​ ​បងប្អូន​កីឡាករ​កីឡា​ការិនី​ទាំងអស់គ្នា​នឹង​ព្យាយាម​ប្រឹងប្រែង​ប្រកួត​អោយ​អស់ពី​សមត្ថភាព​។​ ​ពេលខ្លះ​មានរឿង​អវិជ្ជមាន​កើតឡើង​ច្រើន​ ​ប៉ុន្តែ​យើង​គួរ​គិត​និង​ផ្តោត​លើ​រឿង​វិជ្ជមាន​បានហើយ​ ​ព្យាយាម​អោយ​អស់ពី​កម្លាំង​កាយ​ចិត្ត​ទោះ​ទទួល​បាន​លទ្ធផល​យ៉ាងណា​ក៏​យើង​សប្បាយចិត្ត​។​”

​​​            មក​ជ្រាប​អំពី​ជីវប្រវត្តិ​របស់​កីឡា​ការិនី​រូប​នេះ​វិញ​ ​កាំ​ង​ មុ​យ​នី​ន​ ​មាន​ស្រុកកំណើត​មកពី​ទី​ក្រុងភ្នំពេញ​ ​កើត​ក្នុង​គ្រួសារ​​​ដែល​មាន​លោកឳពុក​អ្នកម្តាយ​ជា​អាជីវករ​ ​ដែល​កញ្ញា​ជា​កូនពៅ​ក្នុងចំណោម​បងប្អូន​៣​នាក់​។​ ​សព្វថ្ងៃ​កញ្ញា​កំពុង​សិក្សា​ថ្នាក់ទី១​១​នៃ​វិទ្យាល័យ​បាក់​ទូក​៕

Article by SOUNG SOKSAN


SUGGESTIONS