×

អ៊ិ​ន​ ម៉ូ​លី​កា​ ​ម្ចាស់​តំណែង​ធីតា​ឯក​ស​ង្រ្កាន្ត​រដូវ​កាល​ទី​៤​

NEWS one year ago
 
 

           ​ក្រោយ​កម្មវិធី​ប្រកួតជ្រើសរើស​ធីតា​ឯក​សង្ក្រាន្ត​រដូវ​កាល​ទី​៤​បាន​បញ្ចប់​ទៅ​ជាស្ថាពរ​ ​យើង​រក​ឃើញ​ថា​ជ័យ​លា​ភី​លេខ​១​បាន​ទៅលើ​បេ​ក្ខ​នារី​ដែល​តំណាង​ឲ្យ​ខេត្ត​សៀមរាប​គឺ​កញ្ញា​ អ៊ិ​ន​ ម៉ូ​លី​កា​។​ ​តំណែង​ជា​ធីតា​ឯក​ស​ង្រ្កាន្ត​រដូវ​កាល​ទី​៤​នេះ​ ​កញ្ញា​មាន​កាតព្វកិច្ច​គ្រង​ឈុត​ទេវតា​ឆ្នាំ​ថ្មី​ ​ឆ្នាំថោះ​ ​ព្រះនាម​កិមិ​រា​ទេវី​ ​ជា​បុត្រី​ទី​៦​នៃ​ក​បិ​ល​មហាព្រហ្ម​ ​គង់​លើ​មហឹសា​(​ក្របី​) ​ជា​ជំនិះ​ ​ដែល​នឹង​មានការ​ចាក់​ផ្សាយ​នៅ​លើ​កញ្ចក់ទូរទស្សន៍​ ​ទ​ទក​ ​នា​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ឆ្នាំ​ថ្មី​នេះ​។​ ​ដើម្បី​ជា​ការ​អប​អ​ក្នុង​ឱកាស​ដ៏​ន​ក្ខ​ត​ឫក្ស​នេះ​ផង​ដែរ​ ​ក្រុម​ការងារ​ ​សូវ​រី​ន​ ​បាន​ធ្វើ​កិច្ច​សម្ភាសន៍​ជាមួយ​កញ្ញា​ ​អំពី​ចំណាប់អារម្មណ៍​ ​ក៏ដូចជា​គោលបំណង​នៃ​ការចូលរួម​ប្រកួត​ជូន​ដល់​ប្រិយ​មិត្ត​ឲ្យបាន​ជ្រាប​។​

          ក្នុង​ទឹកមុខ​ញញឹម​សម្តី​ស្រទន់​មាន​ដោយ​មន្ត​ស្នេហ៍​ ​ម្ចាស់​តំណែង​ធីតា​ឯក​ស​ង្រ្កាន្ត​រដូវ​កាល​ទី​៤​រូប​នេះ​បាន​បង្ហាញ​ពី​អារម្មណ៍​រំភើប​មិនទាន់​បាត់​នៅឡើយ​ថា​ “​បើ​និយាយ​ពី​អារម្មណ៍​ពេល​នោះ​វិញ​ ​ខ្ញុំ​រំភើប​ស្ទើរតែ​រក​អ្វី​និយាយ​ពុំបាន​ ​គឺ​សប្បាយចិត្ត​ខ្លាំង​មែនទែន​ ​មិន​នឹកស្មាន​ថា​ខ្លួន​ធ្វើ​បាន​ល្អ​នៅ​រាត្រី​ប្រកួត​ផ្តាច់ព្រ័ត្រ​នោះ​ឡើយ​។​ ​នេះ​ជា​ក្តី​ស្រមៃ​របស់​ខ្ញុំ​ជាយូរមកហើយ​ដែល​ចង់​សម្តែង​ជា​តួអង្គ​ទេវតា​ឆ្នាំ​ថ្មី​។​” ​បើ​និយាយ​ពីការប្រកួតប្រជែង​វិញ​ ​ច្បាស់​ណាស់​ថា​បេក្ខជន​ដែល​ចូលរួម​សុទ្ធសឹងតែ​មាន​សមត្ថភាព​ ​ហើយ​ប្រឹងប្រែង​ដើម្បី​គោលដៅ​តែមួយ​ដូចគ្នា​គឺ​ឈោង​ចាប់​យកជ័យ​ជម្នះ​។​ “​បេ​ក្ខ​នារី​ផ្សេងៗ​ពួកគាត់​សុទ្ធសឹងតែ​មាន​សមត្ថភាព​ ​ទេពកោសល្យ​ ​ចំណេះ​ដឹង​ ​រួម​ទាំង​រូប​សម្រស់​ស្រស់​ស្អាត​ដោយឡែក​ពី​គ្នា​ ​ប៉ុន្តែ​សម្រាប់​ខ្ញុំ​ផ្ទាល់​ ​អ្វី​ដែល​ជា​ចំណុច​ខ្លាំង​ដែល​អាចឲ្យ​ខ្ញុំ​ទទួល​បាន​ជ័យ​លា​ភី​នោះ​គឺ​ ​ការ​មាន​ភាព​ជឿជាក់​លើ​ខ្លួនឯង​ ​ភាព​ក្លាហាន​ ​ហើយ​តាំងចិត្ត​ថា​ខ្ញុំ​មិន​ភ័យខ្លាច​ឡើយ​ពេល​នៅ​លើ​ឆាក​។​ ​មួយវិញទៀត​ ​ថ្ងៃ​ដែល​បោះជំហាន​ចូលក្នុង​កម្មវិធី​នេះ​ ​គឺ​ខ្ញុំ​បាន​ត្រៀម​ខ្លួន​រួចជាស្រេច​ទៅ​ហើយ​ដើម្បី​ចូលរួម​ប្រកួត​ ​សូម្បីតែ​ថ្ងៃ​ត្រូវ​បង្ហាញខ្លួន​ដំបូង​គឺ​ ​ខ្ញុំ​ក្រោក​តាំងពី​ម៉ោង​៤​ភ្លឺ​ម្ល៉េះ​ដើម្បី​ត្រៀម​ខ្លួន​” ​ម្ចាស់​មកុដ​រូប​នេះ​បាន​លើកឡើង​។

          ​ទន្ទឹម​នឹង​ទទួល​បាន​តំណែង​ធីតា​ឯក​នេះ​ ​កញ្ញា​ អ៊ិ​ន​ ម៉ូ​លី​កា​ ​ក៏បាន​ជួប​ផល​លំបាក​មួយ​ចំនួន​ដែរ​ ​គឺ​ការហាត់​រាំ​របាំ​បុរាណ​។​ ​ជាក់ស្តែង​ ​ដោយហេតុ​មិនធ្លាប់​បាន​ហាត់​រៀន​ពីមុន​ ​ទើប​ធ្វើឲ្យ​ដៃ​នៅ​រឹង​ ​ហើយ​ពេលខ្លះ​ក៏​រាំ​តាម​ក្បាច់​មិនទាន់​ផង​ដែរ​។​ ​ម្យ៉ាង​វិញទៀត​ ​ចំពោះ​រយៈពេល​នៃ​ការហាត់​វិញ​ ​មានត្រឹមតែ​២​ថ្ងៃ​ប៉ុណ្ណោះ​។​ ​តែ​យ៉ាងណា​ ​កញ្ញា​ក៏​សប្បាយចិត្ត​នៅ​ពេល​បាន​រាំ​របាំ​បុរាណ​ខ្មែរ​បង្ហាញ​នៅ​លើ​ឆាក​ជូន​ទស្សនិកជន​ទស្សនា​។​ ​ក្រោយ​បញ្ចប់​ការ​ប្រកួត​ ​តាមរយៈ​កម្មវិធី​ធីតា​ឯក​ស​ង្រ្កាន្ត ​កញ្ញា​ទទួល​បាន​បទពិសោធន៍​ជាច្រើន​ដូចជា​ ​ការហាត់​រៀន​បន្ថែម​ពី​ការ​ដើរ​ម៉ូដ​ទាំង​បុរាណ​ ​និង​សម័យ​ ​ការហាត់​រាំ​របាំ​បុរាណ​ខ្មែរ​ ​និង​ការ​ចេះ​អត់ធ្មត់​ ​ប្រឹងប្រែង​ធ្វើអ្វី​មួយ​ឲ្យបាន​ល្អ​បំផុត​។​

          ​ងាក​មក​ជ​ជីកសួរ​អំពី​ការ​បោះជំហាន​ចូល​វិ​ស័យ​សិល្បៈ​វិញ​ ​យើង​បាន​ដឹង​ថា​ ​ម្ចាស់​មកុដ​ដែល​មាន​ក​ម្ពស់​១​,​៧​២​ ​ម៉ែត្រ​ ​ទម្ងន់​ ​៤​៩​ ​គីឡូ​ ​រូប​នេះ​បាន​ផ្តើម​ចេញពី​ការ​ចាប់ចិត្ត​ប្រតិ​ព័ទ្ធ​លើ​វិ​ស័យ​សិល្បៈ​តាំង​ពីក្មេង​មក​ម្ល៉េះ​។​ ​កម្មវិធី​ធីតា​ឯក​​ស​ង្រ្កាន្ត​នេះ​ ​គឺជា​លើក​ទី​៣​ទៅ​ហើយ​សម្រាប់​កញ្ញា​ក្នុង​ការចូលរួម​កម្មវិធី​ប្រកួត​សម្រស់​ ​ពោល​គឺ​ ​នៅ​ឆ្នាំ​២​០​១​៦​ ​កញ្ញា​ធ្លាប់​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ ​Fresh​i​e​ ​ទទួល​បាន​ជ័យ​លា​ភី​លេខ​៣​។​ ​បន្ទាប់មក​ ​នៅ​ឆ្នាំ​២​០​១​៩​ ​កញ្ញា​បាន​តំណាង​ឲ្យ​កម្ពុជា​ទៅ​ប្រកួត​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ក្នុង​កម្មវិធី​ ​Face​ o​f​ ​Asia​ ​មុននឹង​ឈាន​ចូល​មក​ប្រកួត​កម្មវិធី​ខាងលើ​នេះ​។​

          ​ក្រោយ​ឆ្លងកាត់​ការ​ប្រកួត​៣​លើករួច​ ​ថែមទាំង​ទទួល​បាន​ជ័យ​ជម្នះ​កាលពី​ពេលថ្មីៗនេះ​ ​តើ​កញ្ញា​ធ្លាប់​ទទួលរង​ការ​បង្អាក់​ទឹកចិត្ត​ដែរ​ ​ឬទេ​? ​ឆ្លើយ​ទាំង​មិន​លាក់លៀម​ ​រំលឹក​ប្រាប់​មកកាន់​សូវ​រី​ន​ “​គេ​ធ្លាប់​និយាយ​មកកាន់​ខ្ញុំ​ថា​ ​ចូលរួម​ប្រកួត​ធ្វើ​អី​ ​អ្ហែង​អត់​ស្អាត​ទេ​ ​ប្រកួត​ទៅ​ដឹង​តែ​អត់​ឈ្នះ​គេ​ហើយ​។​ ​ហេតុតែ​ចិត្ត​ស្រលាញ់​ ​ខ្ញុំ​បាន​ប្តេជ្ញា​ចិត្ត​ហើយ​ប្រាប់​ខ្លួនឯង​ថា​ ​ខ្ញុំ​ត្រូវតែ​ធ្វើឲ្យ​បាន​ ​មិន​ត្រូវ​យក​សម្តី​រិះគន់​អស់ហ្នឹង​មក​គិត​ ​ហើយ​បោះបង់​ក្តី​ស្រមៃ​របស់​ខ្លួនឯង​ឡើយ​។​ ​ម្យ៉ាង​ខ្ញុំ​ទទួល​បានការ​លើកទឹកចិត្ត​ពី​គ្រួសារ​ផង​ ​ចុងក្រោយ​ខ្ញុំ​ក៏​ធ្វើ​វា​បាន​ពិតមែន​។​” ​បង្ហើប​ពី​គោលបំណង​ទៅ​ថ្ងៃមុខ​ ​ម្ចាស់​ជ័យ​លា​ភី​ដែល​អាច​និយាយ​បាន​២​ភាសា​ ​គឺ​ភាសាខ្មែរ​ ​និង​អង់គ្លេស​ ​រូប​នេះ​ ​ថា​ចង់​អភិវឌ្ឍ​ខ្លួន​ឲ្យ​ប្រសើរ​ឡើង​មួយ​ក​ម្រិ​ត​ទៀត​ ​ពង្រឹង​សមត្ថភាព​បន្ថែម​ក្នុង​វិ​ស័​យ​សិល្បៈ ​និង​ចង់​ក្លាយ​ជា​អ្នកជំនួញ​ដ៏​ជោគជ័យ​មួយ​រូប​ផង​ដែរ​។​

          ​ជាចុងក្រោយ​ ​តាមរយៈ​សូវ​រី​ន​ ​កញ្ញា​ អ៊ិ​ន​ ម៉ូ​លី​កា​ ​ធីតា​ឯក​ស​ង្រ្កាន្ត​រដូវ​កាល​ទី​៤​ ​មាន​ពាក្យពេចន៍​ផ្តាំផ្ញើ​ដែរ​ថា​ “​មិនថា​យើង​ចង់​ធ្វើអ្វី​ក៏ដោយ​ឲ្យតែ​មិន​ប៉ះពាល់​ដល់​អ្នកដទៃ​ ​និង​សង្គម​ ​យើង​កុំ​ខ្វល់​ពី​សម្តី​គេ​ដែល​នាំឲ្យ​យើង​បាក់ទឹកចិត្ត​ ​ត្រូវ​ពង្រឹង​សមត្ថភាព​ខ្លួនឯង​ ​ផ្តោត​លើ​គោលដៅ​របស់យើង​ជាធំ​។​” ​ឆ្លៀតឱកាស​នេះ​កញ្ញា​ក៏​សូម​ថ្លែង​អំណរ​អរគុណ​ដល់​ពុក​ម៉ែ​បងប្អូន​ទាំងអស់គ្នា​ដែល​បាន​ជួយ​គាំទ្រ​ ​និង​សូមជូនពរ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​នេះ​ ​ឲ្យ​ជួបប្រទះ​តែ​សេចក្តី​សុខ​ ​និង​រកស៊ី​ទទួលទាន​មានបាន​គ្រប់​ក្រុម​គ្រួសារ​៕​

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN​


SUGGESTIONS