×

តិកនិក​ឆ្លាតវៃ​នៅ​ក្នុង​ការ​ថែរក្សា​ស្បែក​ក្រោយពេល​ធ្វើដំណើរ​ក​ម្សាន្ត

TRAVEL & LIVING 11 months ago
 
 

            រដូវ​បុណ្យចូលឆ្នាំ​ខ្មែរ​បាន​កន្លង​ផុត​ទៅ​ហើយ​។​ ​ក្រៅពី​ការ​អប​អរសាទរ​ទទួល​ឆ្នាំ​ថ្មី​នៅផ្ទះ​ ​ប្រជាជន​ខ្មែរ​ខ្លះ​បាន​ធ្វើដំណើរ​ក​ម្សាន្ដ​ទៅតាម​បណ្តា​ខេត្ត​នានា​។​ ​ទោះបីជា​ការធ្វើដំណើរ​ក​ម្សាន្ត​ផ្ដល់ឲ្យ​យើង​នូវ​អារម្មណ៍​រីករាយ​ក៏​ពិតមែន​ ​ប៉ុន្តែ​វា​តែងតែ​បន្សល់​នូវ​បញ្ហា​ស្បែក​ ​ដែល​ធ្វើឲ្យ​អ្នក​មិន​សប្បាយចិត្ត​ ​ក្រោយ​ដំណើរ​ក​ម្សាន្ត​ត្រូវ​បាន​បញ្ចប់​។​ ​ក​ម្តៅ​កាំរស្មី​ U​V​ ​របស់​ព្រះអាទិត្យ​អាច​បំផ្លាញ​ស្បែក​របស់​អ្នក​ ​ដោយ​នាំឲ្យ​ស្បែក​ប្រែ​ពណ៌​ និង​ស្ងួត​ ​ហើយ​ងាយ​នឹង​ប្រតិកម្ម​យ៉ាង​រហ័ស​។​ ​យ៉ាងណាមិញ​ ​ដើម្បី​ថែទាំ​ស្បែក​របស់​អ្នក​ពី​ការ​បំផ្លាញ​នៃ​ក​ម្ដៅ​ព្រះអាទិត្យ​ ​សូវ​រី​ន​សូម​ណែនាំ​គន្លឹះ​ថែរក្សា​ស្បែក​មួយ​ចំនួន​ដែល​អាច​ជួយ​ឲ្យ​មិត្ត​នារី​ទាំងឡាយ​ទទួល​បាន​ស្បែក​ទន់​រលោង​ ​និង​មាន​សំណើម​មកវិញ​។​

            ១. ​ប្រើ​ម៉ា​ស​
​            ក្រោយពេល​ធ្វើដំណើរ​កម្សាន្ដ​រួច​ ​ជម្រើស​ដ៏​ល្អ​បំផុត​ក្នុង​ការ​ជួសជុល​ស្បែក​នោះ​ ​គឺ​ការ​អប់​ស្បែក​ជាមួយនឹង​ម៉ា​ស​ធម្មជាតិ​។​ ​វា​មិន​ត្រឹមតែ​ជួយ​ព្យាបាល​ស្បែក​ពី​ការ​រលាក​ ​និង​ស្ងួត​ប៉ុណ្ណោះ​ទេ​ ​វាក៏​ការពារ​ស្បែក​ពី​ការ​ខូច​បន្ថែម​ទៀត​ផង​។​ ​ម៉ា​ស​បិត​មុខ​ ​និង​ខ្លួន​ ​គឺជា​វិធី​ដ៏​ងាយ​ ​ហើយ​ពេញ​និយម​ប្រើ​ណាស់​ ​ព្រោះថា​វា​អាច​ជួយ​ឲ្យ​ផ្ទៃមុខ​ ​និង​ដងខ្លួន​របស់អ្នកឲ្យមាន​សំណើម​បាន​យ៉ាង​ឆាប់រហ័ស​។​ ​អ្នក​អាច​ប្រើ​ម៉ា​ស​ធម្មជាតិ​ (​ម៉ា​ស​ចេក​ ​ម៉ា​ស​រមៀត​ ​ម៉ា​ស​ប្រទាល​កន្ទុយក្រពើ​ ​ម៉ា​ស​ប៊័រ​ ​និង​ម៉ា​ស​គុ​ជ​ខ្យង​ ​ជាដើម​) ​ឬ​អាច​​​រក​ទិញ​បាន​នៅ​តាម​ផ្សារ​ ​និង​​ឱសថស្ថាន​មួយ​ចំនួន​។​ ​ដាក់​ម៉ា​ស​នៅ​លើ​មុខ​ ​ឬ​ដងខ្លួន​អ្នក​ប្រហែល​ ​១​៥​នាទី​ហើយ​លាង​ជម្រះ​វា​ចេញ​ ​នោះ​ស្បែក​របស់​អ្នក​នឹង​ទទួល​បាន​នូវ​សំណើម​ ​ហើយ​ចំណាយ​អស់​ថវិកា​តិច​ទៀត​ផង​។​

            ២. ​ប្រើ​ក្រែម​ ​ឬ​ឡេ​រក្សា​សំណើម​
​            ស្បែក​គឺជា​ផ្នែក​មួយ​ដែល​ងាយ​ទទួលរង​នូវ​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​នៅពេលដែល​អ្នក​ធ្វើដំណើរ​ចេញទៅ​ខាងក្រៅ​។​ ​ដើម្បី​ថែទាំ​ស្បែក​ពី​ការ​ប៉ះពាល់​នៃ​ក​ម្ដៅ​ព្រះអាទិត្យ​ ​អ្នក​គួរតែ​ចៀសវាង​ផលិតផល​ដែល​មាន​សារធាតុ​កាត់​ដូចជា​ ​បារត​ (​Mercury​) ​ព្រោះ​វា​ជា​សារធាតុ​គីមី​ដែល​មាន​ជាតិពុល​ (​ភាគច្រើន​មាន​ផ្ទុក​នៅ​ក្នុង​ផលិតផល​ធ្វើឲ្យ​ស្បែក​ស​) ​ដែល​អាច​ធ្វើឲ្យ​ស្បែក​របស់​អ្នក​ឡើង​កន្ទួល​ ​ស្នាម​អុចៗ​ ​និង​ប្រែ​ពណ៌​ប្រផេះ​ជាដើម​។​ ​អ្នក​គួរតែ​ជ្រើសរើស​ជែ​ល​ ​ឬ​ឡេ​ ​ដែល​ផ្ដល់​សំណើម​ដល់​ស្បែក​ខ្ពស់​ដូចជា​ ជែ​ល​ដែល​មាន​សារធាតុ​ប្រទាល​កន្ទុយក្រពើ​ (​A​l​o​e​ ​V​era​) ​និង​ឡេ​ផ្ដល់​សំណើម​ (​Moist​ur​i​z​e​r) ​ដោយសារ​វា​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ក្នុង​ការ​ព្យាបាល​ស្បែក​ពី​ការ​ប៉ះពាល់​នៃ​ក​ម្តៅ​កាំរស្មី​ពន្លឺព្រះអាទិត្យ​។​

            ៣. ​របប​អាហារ​
​            ការដែល​ស្បែក​មាន​សុខភាព​ល្អ​ ​និង​រឹង​មាំ​ ​មិនមែន​ពឹងផ្អែក​តែ​លើ​ផលិតផល​ថែរក្សា​ស្បែក​មួយ​មុខ​នោះ​ទេ​។​ ​កត្តា​សុខភាព​រាងកាយ​ក៏មាន​សារៈសំខាន់​ ​តាមរយៈ​របប​អាហារ​ដែល​អ្នក​បរិភោគ​ប្រចាំថ្ងៃ​ផង​ដែរ​។​ ​អ្នក​សិក្សា​បាន​ណែ​នាំឲ្យ​បរិភោគអាហារ​ ​ឬ​ផ្លែឈើ​ដែល​មាន​វី​តាមីន​ដូចជា​ ​A​, B, C, ​E​ ​និង​ជាតិ​ដែក​ឲ្យបាន​គ្រប់គ្រាន់​ ​ដើម្បី​ទទួល​បាន​ស្បែក​ដែលមាន​សំណើម​ ​និង​ទន់​រលោង​ចេញពី​ខាងក្នុង​។​ ​ក្រៅពី​វីតាមីន​ ​អ្នក​គួរតែ​បរិភោគអាហារ​ដែល​មាន​ជាតិ​ប្រូតេអ៊ីន​ខ្ពស់​ដូចជា​ ​ត្រី​ ​សាច់​ ​សណ្ដែក​ ​និង​គ្រាប់​ធញ្ញជាតិ​ ​ជាដើម​។​

            ៤. ​ផឹកទឹក​ឲ្យបាន​គ្រប់គ្រាន់​
​            ពុំមែន​តែ​ស្បែក​អ្នក​ទេ​ដែល​ត្រូវការ​ទឹក​ ​សព៌ាង្គកាយ​ទាំងមូល​របស់​អ្នក​ក៏​ត្រូវការ​ជាតិទឹក​ជាចាំបាច់​ដែរ​។​ ​ការ​ទទួលទានទឹក​ច្រើន​ ស័ក្តិសម​បំផុត​ចំពោះ​អ្នក​ដែល​ទើប​តែ​មានដំណើរ​ក​ម្សាន្ត​រួច​ ​ព្រោះ​ក​ម្ដៅ​ថ្ងៃ​ ​និង​ខ្យល់​អាប់អួរ​នៃ​បរិយាកាស​ខាងក្រៅ​តែងតែ​ធ្វើឲ្យ​ស្បែក​ស្ងួត​ ​និង​ខ្សោះ​ជាតិទឹក​។​ ​ដូចនេះ​ ​ផឹកទឹក​ឲ្យបាន​ច្រើន​អាច​ជួយ​ធ្វើឲ្យ​អ្នកមាន​សុខភាព​ល្អ​ ​ហើយ​វាក៏​ធ្វើឲ្យ​ស្បែក​មាន​សំណើម​ទៅតាម​នោះ​ដែរ​។​ ​បើ​តាម​ការស្រាវជ្រាវ​របស់​អ្នក​វិទ្យា​សា​ស្រ្ត ​គេ​តម្រូវ​អោយ​មនុស្សយើង​ម្នាក់ៗ​ផឹកទឹក​ឲ្យបាន​៨​កែវ​ ​ទៅ​១​២​កែវ​ ​ក្នុងមួយថ្ងៃ​ ​ដើម្បី​រក្សា​លំនឹង​នៃ​សីតុណ្ហភាព​នៅ​ក្នុង​ខ្លួន​ ​ជាពិសេស​ ​ធ្វើឲ្យ​រាងកាយ​របស់យើង​មាន​ជាតិទឹក​គ្រប់គ្រាន់​តែម្ដង​។​ ​លើស​ពី​នេះ​ ​ទឹក​ដែល​មាន​សារធាតុ​រ៉ែ​ ​ក៏មាន​សារធាតុ​ចិញ្ចឹម​ ​និង​ប្រយោជន៍​ច្រើន​ដល់​សុខភាព​ ​ហើយ​វា​អាច​ជួយ​បង្កើន​ជាតិទឹក​នៅ​ក្នុង​សព៌ាង្គកាយ​អ្នក​ក៏ដូចជា​ស្បែក​របស់​អ្នកផង​ដែរ​។​

            ៥. ​និយាយ​ថា​ទេ​ ​ចំពោះ​ទឹកក្ដៅ​
​            អ្នក​ប្រហែលជា​យល់​ច្រឡំ​ថា​ការ​ងូត​ ​ឬ​ត្រាំ​នៅ​ក្នុង​ទឹកក្ដៅ​ឧណ្ហ​ៗ​ ​អាច​ធ្វើឲ្យ​ស្បែក​អ្នកមាន​សំណើម​។​ ​ប៉ុន្តែ​តាមពិត​ទៅ​ ​បើ​យោង​តាម​ការស្រាវជ្រាវ​របស់​អ្នក​វិទ្យា​សា​ស្រ្ត ​គេ​សង្កេតឃើញ​ថា​ការ​ងូត​ ​ឬ​ត្រាំ​នៅ​ក្នុង​ទឹកក្ដៅ​យូរ​ធ្វើឲ្យ​ស្បែក​ស្ងួត​ ​ព្រោះថា​នៅ​ពេល​ងូតទឹក​ ​វា​បាន​លាង​ស​ម្អា​ត​ជាតិ​ខ្លាញ់​ ​ដែល​មាននៅ​លើ​ស្រទាប់​ស្បែក​របស់​អ្នក​ ​ហើយវា​​នឹង​ធ្វើឲ្យ​រន្ធញើស​អ្នកឲ្យ​កាន់តែ​រីក​ធំ​។​ ​ជាពិសេស​ ​ចំពោះ​អ្នក​ដែល​មាន​សុខភាព​ស្បែក​ខ្សោយ​ (​ទើប​តែ​នៅ​ក្រោម​ក​ម្តៅ​ព្រះអាទិត្យ​រយៈពេល​យូរ​) ​អ្នក​ងូត​ទឹកក្ដៅ​កាន់តែ​យូរ​ជាតិទឹក​ចេញពី​ខ្លួន​អ្នក​ក៏​ច្រើន​ដែរ​ ​ពីព្រោះ​តែ​រន្ធញើស​ធំ​ហើយ​គ្មាន​ស្រទាប់​ (​ជាតិ​ខ្លាញ់​) ​ជួយ​បាំង​កុំឲ្យ​ជាតិទឹក​ចេញពី​ខ្លួន​អ្នក​។​ ​ជម្រើស​ដ៏​ល្អ​សម្រាប់​អ្នក​ដែល​ទើប​នៅ​ក្រោម​ក​ម្ដៅ​ថ្ងៃ​យូរ​នោះ​ ​គឺ​ការ​ងូតទឹក​នៅ​សីតុណ្ហភាព​ត្រជាក់​ធម្មតា​ដែល​អ្នក​ធ្លាប់​ប្រើ​ជា​ប្រចាំថ្ងៃ​។​ ​សូម​ផ្ដល់​សំណើម​ដល់​ស្បែក​របស់​អ្នកឲ្យ​បាន​គ្រប់គ្រាន់​ ​ដើម្បី​ចៀសវាង​ការ​ខូច​ស្បែក​ពី​ក​ម្ដៅ​ព្រះអាទិត្យ​៕​

Article by NI CHANNIKA


SUGGESTIONS