×

លី ហ្វារីហ្សា កីឡាការិនី​គុន​ដាវ​ជម្រើស​ជាតិ​កម្ពុជា

NEWS one year ago
 
 

            ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ យើង​សង្កេត​ឃើញ​ថា វិស័យ​កីឡា​នៅ​ប្រទេស​កម្ពុជា​យើង​កំពុង​មាន​ការ​រីក​លូតលាស់​គួរ​ឲ្យ​កត់​សម្គាល់ មិន​ថា​វិស័យ​កីឡា​ជាតិ​ឬ​ក្លឹប​កីឡា​ឯកជន​នោះទេ ហើយ​ក៏​មាន​ការ​គាំទ្រ​ជា​ច្រើន​ពី​សំណាក់​មហាជន​ផងដែរ។ កីឡា​នីមួយៗ​បាន​ពង្រឹង​សកម្មភាព​របស់​ខ្លួន តាម​រយៈ​ការ​បណ្តុះ​បណ្តាល ការ​ហ្វឹកហាត់ ដុះ​ខាត់​ទេព​កោសល្យ ជាពិសេស​ការ​សម្រិត​សម្រាំង​ប្រកួត​ប្រជែង​ជ្រើស​រើស​ជើង​ខ្លាំង ដើម្បី​បាន​ធនធាន​កីឡាករ កីឡាការិនី​ដែល​មាន​សមត្ថភាព​ពិតប្រាកដ។

            ជំនួប​ជា​មួយ​កញ្ញា លី ហ្វារីហ្សា និង​ក្រុម​ការងារ សូវរីន កីឡាការិនី​គុនដាវ​ដែល​មាន​វ័យ ១៦ឆ្នាំ​រូប​នេះ បាន​បង្ហើប​ពី​ដំណើរ​ដើម​ទង​ដែល​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​នេះថា កញ្ញា​ចាប់​ផ្តើម​មាន​ចំណូល​ចិត្ត​ហាត់​កីឡា​តាំង​ពី​ក្មេង​មក​ម្ល៉េះ តែ​កាល​នោះ​សាលា​ដែល​កញ្ញា​រៀន​មិន​មាន​ក្លឹបកីឡា​នេះទេ។ រហូត​ដល់​ឆ្នាំ២០២២ ទើប​សាលា​បង្កើត​ក្លឹប​ហាត់​កីឡា​គុនដាវ ទើប​យុវតី​រូប​នេះ​សម្រេច​ចិត្ត​ចូល​ហាត់​តែម្តង។ “បន្ទាប់​ពី​ខ្ញុំ​បាន​ចូល​ហាត់​ហើយ ខ្ញុំ​បាន​ចូល​រួម​ប្រកួត​ក្នុង​កម្មវិធី Western Cup ដែល​មាន​ការ​ចូល​រួម​ប្រកួត​ពី​បេក្ខភាព​ដែល​មក​ពី​បណ្តា​សាលា​ផ្សេងៗ។ ក្រោយ​មក​ខ្ញុំ​បាន​ចូលរួម​ប្រកួត​កីឡា​ជាតិ​លើក​ទី៣ ហើយ​ទទួល​បាន​មេដាយ​សំរឹទ្ធ​ចំនួន​១គ្រឿង។”

            កីឡាការិនី​វ័យក្មេង លី ហ្វារីហ្សា បាន​លើក​ឡើងថា ក្រៅ​ពី​ហ្វឹក​ហាត់​នៅ​សាលា​ដែល​ខ្លួន​រៀន កញ្ញា​ក៏​បាន​ចូល​រួម​ហាត់​ជាមួយ​នឹង​រៀមច្បង​ដែល​នៅ​ក្រុម​ជម្រើសជាតិ​ផងដែរ។ ដោយ​គ្រូបង្ហាត់​កីឡា​គុនដាវ​ជម្រើសជាតិ​បាន​សម្លឹង​ឃើញ​ពី​សមត្ថភាព​ក្នុង​អំឡុង​ពេល​ហាត់ និង​ឆ្លង​កាត់​ការ​ប្រកួត​សាកល្បង​ជា​ច្រើន​ដង ក៏​បាន​ជ្រើសរើស​កញ្ញា​ឲ្យ​ចូល​ជា​ក្រុម​ជម្រើសជាតិ​បម្រុង​តាំង​ពី​ពេល​នោះ​មក។ ទោះ​ត្រឹម​ជា​កីឡាការិនី​បម្រុង​មែន​ពិត តែ​កញ្ញា​មិន​បាន​បោះបង់​ការ​ព្យាយាម​របស់​ខ្លួន​ឡើយ កញ្ញា​កាន់​តែ​ខិតខំ​ហ្វឹក​ហាត់​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ ធ្វើ​ឲ្យ​កញ្ញា​កាន់​តែ​មាន​ភាព​រីកចម្រើន រហូត​វិវឌ្ឍ​ខ្លួន​ពី​កីឡាការិនី​បម្រុង​មក​ពេញ​សិទ្ធ និង​មាន​ឱកាស​បាន​ចូល​ប្រកួត​ជា​មួយ​នឹង​រៀមច្បង​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​នេះ​ផង​ដែរ។

            ឆ្លើយ​តប​ទៅ​នឹង​សំនួរ​ពាក់ព័ន្ធ​នឹង​ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​ស៊ីហ្គេម​លើក​ទី៣២ កីឡាការិនី​ដែល​មាន​ស្រុក​កំណើត​មក​ពី​រាជធានីភ្នំពេញ​រូប​នេះ​ថា “ខ្ញុំ​ខំ​ហ្វឹកហាត់​មែន​ទែន ក្នុង​មួយសប្តាហ៍ ខ្ញុំ​ហាត់​ពី​៥​ទៅ​៦ថ្ងៃ ហើយ​មួយថ្ងៃ​ត្រូវ​ហាត់​ចំនួន​៣ពេល។ មួយ​វិញ​ទៀត បើ​ថ្ងៃ​នេះ​ខ្ញុំ​ហាត់​មិន​បាន​ល្អ ខ្ញុំ​តែង​រំលឹក​ប្រាប់​ខ្លួន​ឯង​ថា​ស្អែក​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​ល្អ​ជាង​នេះ​ទៀត។” ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​វិញ កីឡាការិនី​ដែល​មាន​មាឌ​តូច​តែ​មហិច្ឆតាធំ លី ហ្វារីហ្សា បាន​បង្ហាញ​ពី​ភាព​រឹងមាំ​របស់​ខ្លួន ថា​នឹង​ខំ​ប្រឹងប្រែង​ឲ្យ​អស់​ពី​សមត្ថភាព និង​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត​សម្រាប់​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​នេះ៕

Article by SOUNG SOKSAN


SUGGESTIONS