One Coffee and Steak ហាងកាហ្វេតូចតែបង្កប់បរិយាកាសបែបយុវវ័យ
TRAVEL & LIVING one year agoសម្រាកកាយថ្ងៃចុងសប្តាហ៍ បន្ទាប់ពីបានបំពេញកិច្ចការងារអស់ជាច្រើនថ្ងៃកន្លងមក ហាក់បានរុញច្រានឲ្យយើងមិនរុញរាក្នុងការស្វែងរកកន្លែងណាមួយដើម្បីលម្ហែអារម្មណ៍ជាមួយការពិសាកាហ្វេ រួមទាំងម្ហូបឈ្ងុយឆ្ងាញ់ជាទុនផ្តល់ថាមពលដល់រាងកាយ និងធ្វើឲ្យអារម្មណ៍ស្រស់ស្រាយផងដែរ។ ពិតប្រាកដណាស់រាល់ទិសដៅថ្មីឬកន្លែងថ្មី សូវរីនមិនដែលរំលងក្នុងការធ្វើមគទ្ទេសក៍ណែនាំប្រិយមិត្តឆ្ពោះទៅស្គាល់ មិនថាកន្លែងនោះលាក់ខ្លួនពួនសម្ងំនៅម្តុំណាឡើយ។ ជាក់ស្តែង ហាងកាហ្វេមួយស្ថិតនៅទីក្រុងភ្នំពេញក្នុងតំបន់ទួលទំពូង បានទាក់ចិត្តអតិថិជនស្ទើរតែគ្រប់មជ្ឈដ្ឋានឲ្យមកកាន់ទីនេះ ដើម្បីទទួលទាននូវរសជាតិដ៏ឆ្ងាញ់ពិសានៃកាហ្វេ និងអាហារដ៏មានឱជារសពីហាង One Coffee and Steak ។
ស្ថិតនៅលើដងវិថី៤៦០ សង្កាត់ទួលទំពូងទី២ ខណ្ឌចម្ការមននៃរាជធានីភ្នំពេញ ហាងតូចច្រឡឹងពណ៌សសមល្មម ឆ្លុះទិដ្ឋភាពខាងក្នុងដោយពន្លឺភ្លើងអំពូលពណ៌លឿងស្រាលស្រទន់តាមរយៈជញ្ជាំងកញ្ចក់ភ្ជាប់មកជាមួយស្លាកសញ្ញា One Coffee and Steak បានធ្វើឲ្យទីនេះស្អាតប្រៀបបីដូចជាហាងកាហ្វេ ឬភោជនីយដ្ឋានខ្នាតតូចមួយដ៏ទាន់សម័យ។ គន់ពីខាងក្រៅអាចមើលទៅតូចទាប ប៉ុន្តែពេលបោះជំហានចូលមកដល់ខាងក្នុងទិដ្ឋភាពទូលាយលនលយទៅខាងក្រោយលាយឡំនឹងសិល្បៈដេគ័របែបតិចនិយម (Minimalism) ដែលធ្វើឲ្យហាងមានភាពស្រឡះទូលាយ និងការស្វាគមន៍យ៉ាងរួសរាយរាក់ទាក់ពីបុគ្គលិក និងម្ចាស់ហាងផ្ទាល់ ពិតជាធ្វើឲ្យយើងចង់អង្គុយសម្រាកកាយ ខុសឆ្ងាយពីការក្រឡេកមើលតែមួយភ្លែតពីផ្នែកខាងក្រៅ។ គ្រប់ជ្រុងជញ្ជាំងហាង និងតុកៅអី ត្រូវបានរៀបចំតុបតែងដេគ័រជាផ្ទៃពណ៌ស បង្កើតបានជាបរិយាកាសយ៉ាងស្រទន់ត្រជាក់ភ្នែក និងធ្វើឲ្យអារម្មណ៍បានសម្រាកពីភាពហត់នឿយទាំងឡាយ។ គ្រាន់តែទម្លាក់ខ្លួនអង្គុយចុះភ្លាម ក្លិនដ៏ឈ្ងុយនៃគ្រាប់កាហ្វេ បានរុញច្រានអារម្មណ៍ឲ្យចង់ក្រេបរសជាតិភ្លែត។ តាមការជំនួប និងជជីកសួរអំពីភេសជ្ជៈប្រចាំហាង ស្ថាបនិក One Coffee and Steak បានឲ្យដឹងថា លោកបានផ្តោតលើរសជាតិកាហ្វេជាចម្បង ដោយបានគិតគូរយ៉ាងល្អិតល្អន់ទាំងការជ្រើសរើសគ្រាប់កាហ្វេ ពិសេសមុខម្ហូបលោកបានជ្រើសរើសយ៉ាងល្អិតល្អន់ រួមទាំងគិតគូរដល់សុខភាពអ្នកទទួលទានផងដែរ។
ដូច្នេះវាអាចជាបទពិសោធន៍ថ្មីសម្រាប់អ្នកចង់ភ្លក់រសជាតិកាហ្វេប្លែកៗ ជាមួយនឹងមុខម្ហូបដែលមានរសជាតិឆ្ងាញ់នៅកន្លែងតែមួយ។ ក្រោមការណែនាំពីស្ថាបនិកហាង មុខម្ហូបដែលពេញនិយមជាងគេនោះមានដូចជា Beef Steak with Mashed Potato, Spaghetti Pesto with Grilled Prawn, Chicken Steak with Fried Rice រួមជាមួយជម្រើស Salad សាំងវ៉ិច (Sandwiches) និងប៊័រហ្គឺជាដើម។ ស្ថាបនិកបានលើកឡើងបន្ថែមទៀតថា ថ្វីដ្បិតអាហារ និងភេសជ្ជៈមានច្រើនបែប ប៉ុន្តែលោកបានផ្តោតចម្រាញ់រើសយកមុខម្ហូប និងភេសជ្ជៈមួយចំនួនសម្រាំងរូបមន្តពិសេស ហើយស្ទើរតែគ្រប់មុខម្ហូបគឺលោកបានរួមបញ្ចូលជាមួយនឹងបន្លែ។
មិនតែប៉ុណ្ណោះ ទីនេះស័ក្តិសមសម្រាប់ការជួបជុំគ្រប់ប្រភេទ មិនថាការជួបជុំបែបយុវវ័យ ការធ្វើការងារក្រៅម៉ោងបន្ថែម ជំនួបអាហារពេលព្រឹក និងថ្ងៃត្រង់ ជាពិសេសក៏អំណោយផលសម្រាប់អ្នកដែលនិយមចូលចិត្តថតរូបតែម្តង ព្រោះមិនថាបរិវេណខាងមុខហាងឬខាងក្នុងហាងនោះទេ សុទ្ធសឹងតែស្រស់ស្អាតប្លែកភ្នែក។ ហាង One Coffee and Steak បើកដំណើរការស្វាគមន៍ភ្ញៀវជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៦:30នាទីព្រឹកដល់ម៉ោង ៩:០០យប់៕
Article by SOUNG SOKSAN