×

ផ្សំ​អម្ពិល​ជាមួយ​ម្ហូប​បង្កើន​រសជាតិ​កាន់តែ​ឆ្ងាញ់​

TRAVEL & LIVING 11 months ago
 
 

           ​បើ​យើង​និយាយ​ពី​មុខម្ហូប​របស់​ខ្មែរយើង​ ​គឺ​មាន​ច្រើនមុខ​មិនចាញ់​បរទេស​ប៉ុន្មាន​ទេ​។​ ​ម្ហូប​ខ្លះ​ ​ធ្វើឡើង​ទៅតាម​ក្បូន​ខ្នាត​ ​និង​ការ​ច្នៃ​ប្រតិដ្ឋ​បន្ថែម​ទៀត​ ​មិនថា​រសជាតិ​ ​ឬ​សោភ័ណ​ភាព​វា​ឡើយ​។​ ​ដោយឡែក​ ​ក្រឡេកមើល​ពី​ការផ្សំ​គ្រឿង​ទៅលើ​មុខម្ហូប​វិញ​ ​គឺ​មាន​ទាំង​រសជាតិ​ប្រៃ​ ​ផ្អែម​ ​ល្វីង​ ​ហឹរ​ ​និង​ ​ជូរ​ជាដើម​។​ ​មួយវិញទៀត​ ​ក្នុងចំណោម​រសជាតិ​ទាំងអស់​នេះ​ ​យើង​បាន​រក​ឃើញ​មុខម្ហូប​ខ្មែរ​មួយ​ចំនួន​ ​ដែល​មាន​គ្រឿងផ្សំ​ជាមួយ​ផ្លែ​អម្ពិល​ ​ហើយ​មិនថា​អម្ពិល​ទុំ​ ​ឬក៏​ខ្ចី​នោះ​ទេ​ ​វា​សុទ្ធសឹងតែ​មាន​រសជាតិ​ជូរ​។​ ​ផ្លែ​អម្ពិល​ ​សម្បូរទៅដោយ​វីតាមីន​ B ​និង​C ​ដែល​ពួកវា​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការ​បញ្ចេញ​ថាមពល​ ​កា​បូ​ន​អ៊ី​ដ្រា​ត​(​carbohydrates​) ​ខ្លាញ់​ ​និង​ប្រូតេអ៊ីន​។​ ​លើស​ពី​នេះ​ទៀត​ ​ជាតិ​សរសៃ​ដែល​មាននៅ​ក្នុង​អម្ពិល​ ​ជា​កម្លាំង​ច​លក​រ​មួយ​ ​រុញច្រាន​ការ​បង្កើន​ល្បឿន​ប្រព័ន្ធ​រំលាយអាហារ​ ​និង​បំ​លែង​សារធាតុ​ខ្លាញ់​ ​ជាពិសេស​ ​ជួយ​សម្រក​ទម្ងន់​។​ ​យ៉ាងណាមិញ​នៅ​ក្នុង​អត្ថបទ​នេះ​ ​គេហទំព័រ​ទស្សនាវដ្ដី​សូវ​រី​ន​ ​សូម​លើកយក​មុខម្ហូប​៣​មុខ​ដែល​នៅ​ក្នុង​នោះ​សុទ្ធតែ​ផ្សំ​ជាមួយ​ផ្លែ​អម្ពិល​៖​

          ខ​មុំា​ននោងជ្រុង:​​ ដោយឡែក​ឈ្មោះ​ម្ហូប​នេះ​យើង​គ្រប់គ្នា​អាច​នឹង​មិនសូវ​បានឮ​ ​ឬ​ក​ម្រ​នឹង​ទទួលទាន​ ​ប៉ុន្តែ​វា​មាន​រសជាតិ​ឆ្ងាញ់​ប្លែក​(​ជូរ​បន្តិច​) ​ហើយ​ភាគច្រើន​ ​គេ​តែងតែ​ទទួលទាន​ជាមួយនឹង​បន្លែ​។​ ​ដំបូង​យើង​ត្រូវ​ដាក់ប្រេង​ឆា​ឲ្យ​ក្ដៅ​ ​ហើយ​ដាក់​ខ្ទឹមស​ចូល​លីង​ឲ្យ​ក្រហម​បន្តិច​ចាំ​ដាក់​សាច់ជ្រូក​បី​ជាន់​ទៅ​រំលីង​ឲ្យ​ឆ្អិន​ល្មម​។​ ​បន្ទាប់មក​ដាក់​សាច់​ត្រី​ចូល​ទៅ​ ​ដោយ​លាយ​បញ្ចូល​គ្រឿងផ្សំ​ដែល​មាន​ដូចជា​៖​ ​ស្ករស​ ​ម្សៅស៊ុប​ ​រួច​កូរ​ឲ្យ​សព្វ​ជាមួយ​សាច់ជ្រូក​បី​ជាន់​ ​និង​ចាក់ទឹក​ត្រី​ល្មម​បានហើយ​ ​រួច​ទុក​វា​រហូតដល់​ពុះ​ ​ចាំ​ដាក់​មុំា​ចូល​ (​បង់​មុំា​ចូល​ដូចជា​ការ​បង់​ប្រហុក​អ៊ីចឹង​ ​រួច​ជ្រំ​យក​កាក​វា​ចេញ​)​។​ ​បន្ទាប់មក​យើង​អាច​ដាក់​ននោង​ចូល​ ​ទុកឲ្យ​ឆ្អិន​បន្តិច​ទើប​ដាក់​ទឹក​អម្ពិល​ទុំ​ ​រួច​ភ្លក់មើល​ល្មម​រសជាតិ​តាមដែល​អ្នក​ត្រូវការ​ (​ច​ម្អិ​ន​ឲ្យ​ខាប់​បន្តិច​ក៏បាន​) ​ចាំ​យើង​ដួស​ដាក់​ចាន​។​ ​យើង​អាច​ទទួលទាន​ជាមួយ​បន្លែ​ទៅ​តាមចំណូលចិត្ត​។

          សម្លម្ជូរ​ខួរ​ក្ដាម:​ គ្រាន់តែ​ឮ​ដល់​សម្លម្ជូរ​ខួរ​ក្ដាម​ភ្លាម​ ​យើង​នឹង​ភ្នកនឹក​ដល់​សម្ល​ខ្មែរ​ដែល​ស្ល​បន្លែ​ ​ជាមួយនឹង​ខួរ​ក្ដាម​។​ ​បន្លែ​ទាំងនោះ​មាន​ដូចជា​ ​ល្ហុង​ ​ឬ​ត្រឡាច​(​ចិត​ជា​ចង្វាមូល​ ​ឬ​ឈូក​) ​និង​ម្រះព្រៅ​ ​ហើយ​អ្វី​ដែល​ខ្វះ​មិនបាន​នោះ​គឺ​អម្ពិល​ទុំ​តែម្ដង​។​ ​គ្រឿងផ្សំ​ទាំងនេះ​ ​មិន​ត្រឹមតែ​ងាយស្រួល​រក​នោះ​ទេ​ ​ថែមទាំង​ល្អ​ចំពោះ​សុខភាព​ទៀត​ផង​ ​ព្រោះ​វា​ជា​ប្រភេទ​រុក្ខជាតិ​ផ្ទុក​ទៅ​ដោយ​វីតាមីន​ជាច្រើន​ដែល​រាងកាយ​ត្រូវការ​។​ ​ចំណែក​ឯ​វិធី​ធ្វើ​ ​ដំបូង​យើង​ត្រូវ​យក​ក្ដាម​ម​កលា​ង​ទឹក​បក​ឲ្យ​ស្អាត​ ​រួច​កាត់​តង្កៀប​ធំ​ៗ​ ​និង​ស្នូក​ទុក​មួយអន្លើ​។​ ​ចំណែក​ផ្នែក​ផ្សេងៗ​ទុក​សម្រាប់​បុក​។​ ​យក​ក្ដាម​ដែល​បក​រួច​ទៅ​បុក​ឲ្យ​ម៉ដ្ដ​ ​ហើយ​លាយ​ជា​មួយទឹក​បន្តិច​ដើម្បី​ច្របាច់​ត្រង​យកជាតិ​ទាំងប៉ុន្មាន​ចេញពី​ក្ដាម​។​ ​បន្ត​ច្របាច់​ពីរបី​ដង​រហូត​អស់​ទឹក​ ​៤​០​០​មី​លី​លីត្រ​។​ ​បន្ទាប់មក​ដាក់​ទឹក​ ​១​០​០​មី​លី​លីត្រ​បន្ថែម​ដាំ​ឲ្យ​ពុះ​ ​រួច​ជ្រំ​ប្រហុក​ ​ហើយ​បន្ថែម​គ្រឿង​ចូល​ដែល​មាន​ដូចជា​ ​ស្ករស​ ​អំបិល​ ​ទឹកត្រី​ ​ម្សៅស៊ុប​ ​អម្ពិល​ទុំ​ ​និង​តង្កៀប​ក្ដាម​រំងាស់​ប្រមាណ​ ​៥​នាទី​។​ ​ចុងក្រោយ​ដាក់​ល្ហុង​ចូល​ឲ្យ​រាង​ទន់​ ​រួច​ចាក់ទឹក​ក្ដាម​ចូល​ទុកឲ្យ​ពុះ​ ​ភ្លក់​រសជាតិ​ត្រូវ​តាមចំណូលចិត្ត​ទើប​ដាក់​ម្រះព្រៅ​ចូល​ ​ព្រមទាំង​បន្ថែម​ម្ទេស​ទៀត​កាន់តែ​ឆ្ងាញ់​ពិសា​។​

          ​សម្លម្ជូរ​ទង​ល្ពៅ​: សម្លម្ជូរ​ទង​ល្ពៅ​ ​និង​ផ្លែ​ល្ពៅ​ ​គឺជា​មុខម្ហូប​ដែល​ប្រជាជន​ខ្មែរយើង​ឧ​ស្សាហ៍​ច​ម្អិ​ន​ទទួលទាន​ខ្លាំង​ណាស់​ ​ព្រោះ​វា​ងាយស្រួល​ក្នុង​ការ​ច​ម្អិ​ន​ ​ហើយ​ថែមទាំង​មាន​រសជាតិ​ឆ្ងាញ់​ពិសា​ថែមទៀត​ផង​។​ ​ចំណុច​ប្លែក​ដែល​មាននៅ​ក្នុង​សម្ល​នេះ​ ​គឺ​ការ​បន្ថែម​ជាមួយ​ម្ផូ​រ​អម្ពិល​ខ្ចី​តែម្ដង​ ​ព្រោះ​ម្ហូប​ភាគច្រើន​តែងតែ​ប្រើ​អម្ពិល​ទុំ​។​ ​លាង​ស​ម្អា​ត​ត្រី​ឲ្យបាន​ស្អាត​បន្ទាប់មក​កាត់​ត្រី​ជា​កង់​ៗ​ហើយ​ទុក​មួយអន្លើ​។​ ​កាច់​ទង​ល្ពៅ​ ​និង​កាត់​ផ្លែ​ល្ពៅ​ជាដុំ​តូច​ៗ​ល្មម​ស្ល​ ​ហើយ​លាង​ជម្រះ​ជា​មួយទឹក​ស្អាត​។​ ​ដាក់​ឆ្នាំង​ដាំទឹក​ទុក​រហូតដល់​ពុះ​ ​សឹម​ជ្រំ​ប្រហុក​ជាមួយនឹង​ទឹកក្ដៅ​នោះ​ ​រួច​បង់​ខ្ទឹមស​(​ដំរួច​) ​និង​ត្រី​ចូល​ ​ដោយ​បន្ថែម​ជាមួយ​ម្ជូរ​អម្ពិល​ហើយ​បង់អំបិល​ ​ស្ករ​ ​ម្សៅស៊ុប​ចូល​ ​ភ្លក់មើល​ឲ្យ​មាន​រសជាតិ​ជូរ​ ​ប្រៃ​ ​ផ្អែម​បន្តិច​(​អាច​បន្ថែម​រសជាតិ​តាមចំណូលចិត្ត​)​។​ ​បង់​ល្ពៅ​ចូល​ ​ហើយ​រង់ចាំ​ដល់​ល្ពៅ​ឆ្អិន​ ​សឹម​បង់​ទង​ល្ពៅ​ចូល​ឲ្យ​ឆ្អិន​បន្តិច​ ​រួច​ចាំ​បង់​ម្អម​តាម​ក្រោយ​ជាការស្រេច​៕


SUGGESTIONS