ហាងកាហ្វេ «ភូមិចាស់» លាក់ខ្លួនកណ្តាលវាលស្រែក្នុងភូមិចាស់មួយជាយក្រុងកំពត
TRAVEL & LIVING one year agoកំពុងនឹងចង់ដើរលេងនៅខេត្តកំពត តែមិនចង់ទៅតែទីតាំងរមណីយដ្ឋានដដែលៗមែនទេ? គោលដៅសម្រាក លម្ហែនិងថតរូបលេងកម្សាន្តថ្មីមួយកន្លែងកំពុងរង់ចាំស្វាគមន៍អ្នកដំណើរជិតឆ្ងាយដែលមកទស្សនាខេត្តកំពតហើយ! នោះគឺ ហាងកាហ្វេ «ភូមិចាស់» ដែលលើសពីហាងកាហ្វេទូទៅនៅតាមទីប្រជុំជន ឬទីរួមខេត្តផ្សេងៗ ក៏ដូចជាហាង កាហ្វេតាមបណ្តារមណីយដ្ឋាននានាដែលលោកអ្នកធ្លាប់ចូលទៅអង្គុយសាកនាឱកាសកន្លងមក។
ហាងកាហ្វេដែលទើបបើកដំណើរការមិនដល់មួយឆ្នាំផងនោះមួយកន្លែងនេះ មានទីតាំងស្ថិតនៅក្នុងទឹកដីឃុំថ្មីស្រុកទឹកឈូ ខេត្តកំពត មិនឆ្ងាយប៉ុន្មានពីក្រុងកំពតឡើយ។ ប្រសិនបើលោកអ្នកធ្វើដំណើរពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៣មុនទៅដល់រង្វង់មូលទុរេនទីរួមខេត្ត នៅពេលជិះដល់ម្តុំផ្សាររ៉ៃញ្ញាណ ត្រូវជិះហួសទៅមុខបន្តិច មានផ្លូវតូចមួយបត់ចូលភូមិនៅខាងស្តាំដៃ ដែលមានស្លាកសញ្ញាហាងកាហ្វេ «ភូមិចាស់» ជាចំណាំ។ បន្ទាប់មក ត្រូវបត់ចូលតាមផ្លូវនោះទៅក្នុងប្រមាណជាជាងពីរគីឡូម៉ែត្រពីផ្លូវជាតិ (មានស្លាកសញ្ញាសម្គាល់ជាហូរហែតាមផ្លូវទៅក្នុង) កាត់តាមភូមិអ្នកស្រុក រហូតដល់ទីតាំងហាងមានលក្ខណៈជាដីចម្ការក្នុងភូមិ ដែលស្ថិតនៅខាងឆ្វេងដៃ។
នៅពេលឈានជើងចូលក្នុងបរិវេណភូមិចាស់នេះភ្លាម យើងមានអារម្មណ៍ស្រស់ស្រាយដ្បិតបានឃើញផ្ទៃដីធំទូលាយ មានម្លប់ដើមឈើហូបផ្លែ និងសម្រស់រុក្ខជាតិដាំលម្អតូចធំប្រកបដោយសោភ័ណភាពនិងសណ្តាប់ធ្នាប់រៀប រយគួរឲ្យចង់ទាញកាមេរ៉ាមកផ្តិតយករូបភាពភ្លាមៗតែម្តង។ យើងក្រឡេកភ្នែកទៅឃើញមានដើមត្នោត ដើមព្រីង ដើមចេក ដើមប៉ប្រក និងផ្កាចម្រុះពណ៌ដុះលាយឡំគ្នា បង្កើតបានជាទិដ្ឋភាពសួនច្បារត្រូពិកយ៉ាងស្រស់ត្រកាល។ នៅចន្លោះដើមឈើតូចធំទាំងឡាយ យើងឃើញមានរោងអង្គុយលេង អង្រឹងចងក្រោមដើមឈើ និងតូបលក់អាហារសង់ ពីឈើបែបជនបទស្រុកស្រែ ប្រៀបបានទៅនឹងកូនភូមិដ៏សុខសាន្តមួយនៅឯស្រុកកំណើតរបស់យើងដូច្នោះដែរ។
ជាពិសេស នៅទីនេះក៏មានអាហារដ្ឋាននិងតៀមកាហ្វេធ្វើពីឈើលាយស័ង្កសីយ៉ាងសាមញ្ញៗ សមស្របនឹង បរិយាកាសជុំវិញនេះណាស់ ព្រមទាំងមានដាក់តាំងលម្អនូវរបស់របរប្រើប្រាស់ជំនាន់មុន ដូចជា ទូរទស្សន៍ចាស់ៗ ឧបករណ៍តន្រ្តីបុរាណខ្មែរ ឧបករណ៍នេសាទប្រពៃណី និង ផ្ទាំងរូបថតខេត្តកំពតពីអតីតកាល ជាដើម កួចចិត្តទេសចរទាំងឡាយឲ្យចង់ដើរក្រវែលមើលត្រង់នេះបន្តិច ត្រង់នោះបន្តិច មិនចេះជិនណាយសោះឡើយ។ ហាងកាហ្វេ «ភូមិចាស់»មានបម្រើសេវាកម្មម្ហូបអាហារ ចំណីចំណុកបែបបុរាណខ្មែរ ជាច្រើនប្រភេទយ៉ាងសម្បូរបែប រួមមានជាអាទិ៍ នំបញ្ចុកសម្លខ្មែរ នំបញ្ចុកសម្លការី នំបញ្ចុកទឹកម្ហិចប្រចាំខេត្តកំពត នំគ្រក់ បាញ់ឆែវ ចាយ៉បំពង សាច់គោអាំង បុកល្ហុង ទឹកកកឈូស និងបាយសម្លទាំងបីពេល តាមតម្រូវការរបស់ភ្ញៀវ។ លើសពីនេះទៅទៀត លោកអ្នកក៏អាចគេងបោះ តង់កម្សាន្តក្នុងបរិវេណនេះយ៉ាងសប្បាយរីករាយថែមទៀតផង៕
Article by SRIN SOKMEAN