×

ទម្លាប់​សំខាន់​ៗ​៥​យ៉ាង​ដែល​ជួយ​ពង្រឹង​នូវ​ការ​ចងចាំ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​

TRAVEL & LIVING 11 months ago
 
 

           ​ការ​ចងចាំ​បាន​ល្អ​វា​អាស្រ័យ​ទៅលើ​សុខភាព​ ​និង​ភាព​រឹង​មាំ​នៃ​ខួរក្បាល​របស់​មនុស្ស​ម្មាក់​ៗ​ ​ព្រោះ​ខួរក្បាល​ប្រៀបបានទៅ​នឹង​អង្គ​ចងចាំ​មួយ​ដែល​ដំណើរការ​ដូច​ម៉ាស៊ីន​ ​ហើយ​វា​តែងតែ​កត់ត្រា​ ​និង​ថត​ទុក​ជានិច្ច​នូវ​រាល់​សកម្មភាព​ទាំងឡាយ​ដែល​កំពុងតែ​កើតមានឡើង​ជា​រៀងរាល់ថ្ងៃ​។​ ​ដូចគ្នា​នេះ​ដែរ​ ​អង្គ​ចងចាំ​អាច​ប្រឈម​ទៅ​នឹង​បញ្ហា​ជាច្រើន​​ក្នុង​នោះ​ ​គេ​សង្កេតឃើញ​ថា​ភាគច្រើន​មនុស្ស​តែង​មានការ​ភ្លេចភ្លាំង​ជា​ញឹកញាប់​ ​ដែល​​ជា​កត្តា​មួយ​ដ៏​សំខាន់​នាំ​ឱ្យ​​អ្នកវិទ្យាសាស្ត្រ​តែង​ព្យាយាម​ស្វែងរក​ដំណោះស្រាយ​មក​ទប់​ស្កាត់​នូវ​បញ្ហា​ទាំងអស់​នេះ​ផងដែរ។​ ​ជាក់ស្តែង​ ​បច្ចុប្បន្ន​ ​អ្នកស្រាវជ្រាវ​បាន​រក​ឃើញ​នូវ​គន្លឹះ​មួយ​ចំនួន​ដែល​អាច​ពង្រឹង​នូវ​ការ​ចងចាំ​របស់​មនុស្ស​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ ​ចុះ​តើ​គន្លឹះ​ទាំងនោះ​មាន​អ្វីខ្លះ​?

          កាត់បន្ថយ​ការ​ទទួលទាន​ជាតិ​ស្ករ​៖ ​វា​ពិតជា​សំខាន់​ខ្លាំង​ណាស់​ចំពោះ​ខួរក្បាល​ក្នុង​ការ​យកចិត្តទុកដាក់​លើ​របប​អាហារ​ ​ព្រោះ​អាហារ​គឺជា​កត្តា​សំខាន់​បំផុត​ក្នុង​ការ​ផ្គត់ផ្គង់​រាងកាយ​របស់យើង​។​ ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ច្រើន​អាច​ធ្វើ​ឱ្យ​យើង​មានកម្លាំង​ភ្លាម​ៗ​ក៏​ពិតមែន​ ​ប៉ុន្តែ​វា​ក៏មាន​តួនាទី​ក្នុង​ការ​កាត់បន្ថយ​ការ​ចងចាំ​ដូចគ្នា​ផង​ដែរ​។​ ​អ្នកស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ ​ការ​ទទួលទាន​ចំណីអាហារ​មាន​ជាតិ​ស្ករ​ច្រើន​អាច​ប៉ះពាល់​ទៅដល់​ប្រព័ន្ធ​ប្រសាទ​ ​ដែល​ជំរុញ​ឱ្យ​ខួរក្បាល​មានការ​ភ្លេចភ្លាំង​ដែល​ជា​សញ្ញា​ដំបូង​នៃ​ជំងឺ​ ​A​l​z​h​e​i​me​r​។​ ​ហេតុនេះ​ហើយ​ ​ដើម្បី​ប​ង្កា​រនឹង​ហា​និ​ភ័យ​នេះ​ ​អ្នក​គួរតែ​ចៀសវាង​អាហារ​ដែល​ប្រើ​ស្ករ​ច្រើន​ដូចជា​ ​ដំ​ណាប់​​ ​និង​ភេសជ្ជៈ​កំប៉ុង​ ​ព្រោះ​ភាគច្រើន​នៃ​អាហារ​ទាំងនេះ​មាន​រសជាតិ​ផ្អែម​ខ្លាំង​ ​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រ​សាទ​យ៉ាង​រហ័ស​។

          ​ហាត់ប្រាណ​ជាប្រចាំ​៖ ​ការ​ធ្វើ​លំ​ហាត់ប្រាណ​យ៉ាងតិច​ណាស់៣០​នាទី​ក្នុងមួយថ្ងៃ​បាន​ផ្តល់​នូវ​អត្ថប្រយោជន៍​ជាច្រើន​ចំពោះ​សុខភាព​ផ្លូវ​កាយ​ ​និង​ផ្លូវចិត្ត​។​ ​ជាក់ស្តែង​ ​ការ​ធ្វើ​លំ​ហាត់ប្រាណ​គឺជា​ផ្នែក​មួយ​ធ្វើ​ឱ្យ​អារម្មណ៍​ស្រស់ស្រាយ​ ​ពិសេស​ជួយ​ជំរុញ​ដល់​ការ​ចងចាំ​បាន​ល្អ​ទៀត​ផង​។​ ​ម៉្យាងវិញទៀត​ ​ប្រសិនបើ​អ្នកធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​ ​នោះ​វា​អាច​បង្ការ​នៃ​ការ​ប្រឈម​នឹង​ជំងឺ​វង្វេង​ ​ឬ​ភ្លេច​ភ្លាំងស្មារតី​នា​ពេល​អនាគត​។​ ​ការ​ហាត់ប្រាណ​ដូចជា​ ​ជិះកង់​ ​ការ​ដើរ​ ​ការ​រត់​ ​និង​សកម្មភាព​ផ្សេងទៀត​ដែល​ធ្វើ​ឱ្យ​សារពាង្គ​កាយ​អាច​បញ្ចេញ​ជាតិ​ញើស​បាន​គឺ​សុទ្ធសឹងតែ​ជា​កាយវិការ​មួយ​ជួយ​ឱ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​រឹង​មាំ​​ល្អ​។​ ​ដូច្នេះ​ប្រសិនបើ​លោកអ្នក​មិន​អាច​ចេញទៅ​ហាត់ប្រាណ​នៅ​ក្លិ​ប​កីឡា​ក្ដី​ក៏​លោកអ្នក​គួរតែ​ឆ្លៀត​ហាត់ប្រាណ​នៅ​ក្នុង​បរិវេណ​ផ្ទះ​តាមតែ​អាច​ធ្វើ​ទៅ​បាន​។

          ហ្វឹកហាត់​ខួរក្បាល​ោ៖ ​ត្រឹមតែ​ការ​ធ្វើ​លំ​ហាត់ប្រាណ​នៅ​មិនទាន់​គ្រប់គ្រាន់​នោះ​ទេ​ ​បន្ថែម​លើស​ពី​នេះ​អ្នក​ក៏​ត្រូវ​មានការ​ហ្វឹកហាត់​ខួរក្បាល​កុំ​ឱ្យ​ស្ពឹក​ផង​ដែរ​ ​ដោយ​ត្រូវ​រៀន​វិភាគ​ទៅលើ​បញ្ហា​ដែល​កើតឡើង​នៅចំពោះមុខ​ ​ឬ​សាកល្បង​លេងល្បែង​ក​ម្សាន្ត​ណា​ដែល​អាច​ស្ទង់​ពី​សមត្ថភាព​ក្នុង​ការ​គិតពិចារណា​ ​ដែល​ជួយ​ឱ្យ​ខួរក្បាល​របស់​អ្នក​គិត​ដូចជា​​ ​អាន​ ​លេង​ឧបករណ៍​ភ្លេង​ ​ឬ​ល្បែង​ផ្គុំ​ពាក្យ​ជាដើម​។​ ​អ្នក​អាច​សាកល្បង​នូវ​វិធី​ទាំង​នេះ​នៅ​ពេលទំនេរ​ ​ឬ​សម្រាក​ពី​ការសិក្សា​ ​និង​ការងារ​ផ្សេងៗ​។​ ​នោះ​អ្នក​នឹង​អាច​ទទួល​បាន​លទ្ធផល​យ៉ាងល្អ​ជា​ទីគាប់ចិត្ត​មិនខាន​។

          ស​ម្រាក​គ្រប់គ្រាន់​៖ យ៉ាងណាក៏ដោយ​ ​ការ​ស​ម្រាក​គ្រប់គ្រាន់​គឺជា​កត្តា​មួយ​ជួយ​ជំរុញ​ដល់​ការ​ចងចាំ​ផង​ដែរ​។​ ​អ្នកដឹង​ទេ​ថា​ ​ស្ទើរតែ​២​៤​ម៉ោង​ក្នុងមួយថ្ងៃ​ ​ដែល​អ្នក​បាន​ប្រើប្រាស់​ខួរក្បាល​ទៅលើ​រឿងរ៉ាវ​ជាច្រើន​ ​ដូច្នេះ​អ្នក​គួរតែ​បែងចែក​ពេលខ្លះ​សម្រាប់​ឱ្យ​ខួរក្បាល​របស់​អ្នក​បាន​សម្រាក​។​ ​ជាទូទៅ​ ​ទទួលទានដំណេក​យ៉ាងហោចណាស់​៧​ម៉ោង​ ​ទៅ​៨​ម៉ោង​ក្នុង​មួយ​យប់​ ​ដើម្បី​ទទួល​បានសុខ​ភាព​ ​និង​អង្គ​ចងចាំ​ល្អ​។​ ​រីឯ​ការ​សម្រាក​នៅ​ពេលថ្ងៃ​វិញ​ ​វេជ្ជបណ្ឌិត​បាន​ណែនាំ​ឱ្យ​យើង​សម្រាក​ពី​ ​២​ ​ទៅ​ ​៣​ ​ថ្ងៃ​ក្នុង​មួយ​ស​ប្ដាហ៍ ​ហើយ​ក្នុង​ការ​សម្រាក​ម្ដងៗ​ពី​ ​៣​០​នាទី​ ​ទៅ​ ​១​ម៉ោង​ ​ឬ​ហៅ​ម្យ៉ាងទៀត​ថា​គេង​មួយ​ស្របក់​។​ ​ការ​ធ្វើ​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ស្មារតី​របស់​អ្នក​នឹងន​រ​ល្អ​។

          រក្សា​សកម្មភាព​ផ្លូវចិត្ត​៖ ​ការ​ធ្វើ​ឱ្យ​ការ​ចងចាំ​មាន​ភាព​រឹង​មាំ​ល្អ​យើង​មិនមែន​ពង្រឹង​តែ​សុខភាព​ផ្លូវ​កាយ​ប៉ុណ្ណោះ​ទេ​ ​តែ​សុខភាព​ផ្លូវចិត្ត​ក៏​ត្រូវការ​លើកទឹកចិត្ត​ឱ្យ​មានការ​មើល​ថែ​ ​និង​គ្រប់​គ្រង់​ឱ្យ​បាន​ត្រឹមត្រូវ​ផង​ដែរ​។​ ​ការ​រក្សា​សកម្មភាព​ផ្លូវចិត្ត​បាន​ល្អ​ ​វា​សំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​ជំរុញ​ការលូតលាស់​នៃ​កោសិកា​ខួរក្បាល​ឱ្យ​លូតលាស់​ថ្មី​ ​ដែល​ជា​ជំនួយ​ដល់​ការ​ចងចាំ​មួយ​ក​ម្រិ​ត​ទៀត​។​ ​ចូល​ធ្វើ​សមាធិ​ឱ្យ​បាន​ច្រើន​ ​ដោយ​កាត់បន្ថយ​អារម្មណ៍​ស្ត្រេ​ស​ ​ឆេវឆាវ​ ​ឆាប់​ខឹង​ ​និង​គិត​រឿង​ដែល​មិន​ល្អ​ច្រើនពេក​ក៏​ធ្វើ​ឱ្យ​ប្រព័ន្ធ​ភាព​សុំា​ចុះ​ខ្សោយ​ផង​ដែរ​៕​

Article by NI CHANNIKA
 


SUGGESTIONS