«Eco-artstore» សិល្បៈគូរគំនូរលើកាបូបក្រណាត់ កែច្នៃដើម្បីជួយដល់បរិស្ថាន
NEWS one year ago«Eco-artstore» គឺជាឈ្មោះអាជីវកម្មមួយដែលបង្កើតឡើងដោយយុវជនខ្មែរ២រូបគឺ លោក ព្រម ពេជ្រអរុណ និងកញ្ញា អៀវ ម៉ារី។ ដោយហេតុយល់ឃើញថា ការប្រើប្រាស់បា្លស្ទិចបណ្តាលឱ្យមានផលប៉ះពាល់ដល់បរិស្ថាន ស្របជាមួយខ្លួនមានចិត្តស្រលាញ់ទៅលើការច្នៃប្រតិដ្ឋ និងការគូរគំនូរ ជាពិសេសសហស្ថាបនិកវ័យក្មេងទាំង២រូបនេះ ចង់បង្កើតស្នាដៃសិប្បកម្មតាមសម័យកាល ក៏ដូចជាចង់ផ្សព្វផ្សាយសិល្បៈគូរគំនូរដល់ស្រទាប់យុវវ័យ ដើម្បីលើកតម្លៃអាជីវកម្មក្នុងស្រុក ទើបជំរុញឱ្យម៉ាកយីហោនេះបង្កើតមានឡើង។
ដើម្បីជួយដល់បរិស្ថាន និងបង្កប់ទៅដោយគំនិតច្នៃប្រតិដ្ឋបែបសិល្បៈ ម៉ាកយីហោ «Eco-artstore» បានបង្កើតជាប្រភេទកាបូបស្ពាយដែលធ្វើឡើងពីក្រណាត់ រំលេចទៅដោយរូបគំនូរគូរដោយដៃយ៉ាងផ្ចិតផ្ចង់ តួយ៉ាង រូបគំនូរបុរាណដែលដកស្រង់ចេញពីចម្លាក់ប្រាសាទខ្មែរនានា គំនូរតួអង្គសំខាន់ៗក្នុងល្ខោន របាំ រឿងរ៉ាវដែលទាក់ទងទេវកថាក្នុងរឿងព្រេងបុរាណខ្មែរ គំនូរផ្ការំដួល ព្រលិត រំចង់ យីហ៊ុប ក្តាំងារ ផ្កាចារ រួមទាំងគំនូរជាច្រើនទៀត បានធ្វើឱ្យកាបូបក្រណាត់នេះកាន់តែមានភាពស្រស់ស្អាត ទាក់ទាញ និងមានសោភណភាពគួរឱ្យចង់ជាវយកមកប្រើប្រាស់។
សហស្ថាបនិកវ័យក្មេងទាំង២រូបនេះ មានគោលបំណងចង់ផ្តួចផ្តើមជួយលើកតម្លៃគំនូរដែលគូរដោយដៃទាំងគំនូរបុរាណ និងគំនូរបែបស្រមើស្រម៉ៃឱ្យកាន់តែទូលំទូលាយទៅដល់យុវវ័យ ជាពិសេសការដេរច្នៃកាបូបចេញពីក្រណាត់ដែលរកបាននៅតាមទីផ្សារក្នុងស្រុក និងផ្តល់ការងារដល់សហគមន៍ ព្រមទាំងចង់បង្កើនការយល់ដឹងអំពីបរិស្ថាននៃផលប៉ះពាល់នូវការប្រើប្រាស់ប្លាស្ទិចនាពេលបច្ចុប្បន្នឱ្យកាន់តែទូលំទូលាយ។
លោក ព្រម ពេជ្រអរុណ / កញ្ញា អៀវ ម៉ារី
បើនិយាយពីដំណាក់កាលនៃការធ្វើកាបូបវិញ ដើម្បីសម្រេចចេញជាសមិទ្ធផលមួយៗ លោក ព្រម ពេជ្រអរុណ បានបង្ហើបប្រាប់ថា មានពីរដំណាក់កាលធំៗ។ ដំណាក់កាលទី១គឺត្រូវធ្វើកាបូប ដែលចាប់ផ្តើមពីការឌីហ្សាញរូបរាងកាបូបទៅតាមតម្រូវការដែលលោកចង់បាន បន្ទាប់មកទើបធ្វើការកាត់ពុម្ព ទើបចុងក្រោយដេរសម្រេចចេញជាកាបូប។ ចំណែកដំណាក់កាលទី២គឺការគូររូប ដោយដំបូងត្រូវរក Concept នៃការគូរ រួចចាប់ផ្តើមគូរព្រាង (Sketching) និងចុងក្រោយត្រូវក្រាលពណ៌នៅលើគំនូរដែលបានព្រាងនោះ។ លោកក៏បានបញ្ជាក់ដែរថា ដំណាក់កាលធ្វើកាបូបគឺរូបលោកផ្ទាល់ជាអ្នកធ្វើ រីឯការគូរគំនូរគឺ កញ្ញា អៀវ ម៉ារី ជាអ្នកគូរផ្ទាល់តែម្តង។
លោក ព្រម ពេជ្រអរុណ ក៏បានបង្ហាញការយល់ឃើញចំពោះសិល្បៈគំនូរលើកាបូបដែរថា “វាជាការបង្ហាញនូវអារម្មណ៍មួយទៅកាន់ជីវភាពរស់នៅ និងភាពជាក់ស្តែងនៅក្នុងសង្គមដើម្បីផ្តល់ជាតម្លៃមួយទៅដល់ស្នាដៃសិល្បៈគំនូរដែលជាផ្នែកមួយនៃសិល្បៈឱ្យកាន់តែមានតម្លៃ មិនថានាពេលបច្ចុប្បន្នឬអនាគតនោះទេ។ លើសពីនេះវាក៏ជាផ្នែកមួយនៃហ្វេហ្សិន សម្រាប់អ្នកប្រើប្រាស់ដើម្បីបង្ហាញនូវបុគ្គលិកលក្ខណៈ ការបង្ហាញអារម្មណ៍របស់ពួកគាត់តាមរយៈគំនូរដែលបានគូរលើកាបូបស្ពាយផងដែរ ជាពិសសេសវាក៏អាចផ្តល់ជាអំណោយដល់មនុស្សជាទីស្រលាញ់របស់ពួកគាត់។ ម្យ៉ាងគំនូរលើកាបូបយើងអាចស្ពាយយកទៅតាមខ្លួនបានគ្រប់ទីកន្លែង ខុសពីគំនូរគូរលើផ្ទាំងផ្សេងៗ ដែលអាចដាក់តាំងបង្ហាញបានតែនៅផ្ទះ កន្លែងធ្វើការជាដើម។”
ទៅថ្ងៃអនាគត សហស្ថានិកវ័យក្មេងទាំងពីររូប មានគោលដៅសម្រាប់អាជីវកម្មនេះ ដោយបន្តពង្រឹងម៉ាកយីហោក្នុងស្រុកមួយនេះឱ្យបានច្រើនបន្ថែមទៀត ជាពិសេសបន្តអភិវឌ្ឍកាបូបច្នៃចេញពីក្រណាត់ឱ្យកាន់តែទូលំទូលាយជាងនេះ មិនមែនត្រឹមជាកាបូបស្ពាយធម្មតា តែអាចជា កាបូបយួរដៃ កាបូបលុយ កាបូបសម្រាប់ប្រើប្រាស់ក្នុងការសិក្សា និងកាបូបសម្រាប់ធ្វើការទាំងបុរស និងនារីជាដើម។ ជាពិសេសគឺការផ្តល់ឱកាសការងារទៅដល់សហគមន៍ប្រសិនបើទីផ្សារពួកគេរីកចម្រើនជាងនេះ៕
Article by SOUNG SOKSAN