ខែតុលា ឈានមកដល់រីឯការរៀបចំកម្មវិធីកម្សាន្តអារម្មណ៍ ក៏ដូចជាកម្មវិធីបណ្តុះបណ្តាលទៅលើផ្នែកចំណេះដឹងក៏ប្រព្រឹត្តឡើងព្រមគ្នា។ ហេតុដូច្នេះ ថ្ងៃនេះក្រុមការងារ សូវរីន នឹងបង្ហាញជូនប្រិយមិត្តពីប្រធានបទនៃកម្មវិធីនីមួយៗដែលត្រៀមនឹងប្រារព្ធឡើងក្នុងទីក្រុងភ្នំពេញ។
Artists’ Allery 2025
ដើម្បីចូលរួមគាំទ្រសិល្បករក្នុងស្រុកកម្មវិធី “ផ្សារសិល្បៈ” នឹងប្រព្រឹត្តឡើងនៅថ្ងៃទី ៤ និងទី៥ ខែតុលា ស្ថិតនៅអគារ Connexion កោះពេជ្រ ចាប់ពីម៉ោង ៩ព្រឹក រហូតដល់ ៧យប់។ នៅក្នុងកម្មវិធីនេះ ប្រិយមិត្តនឹងឃើញវត្តមានរបស់សិល្បករខ្មែរចូលរួមរហូតទៅដល់ ៣៩ រូប និងមានការដាក់តាំងបង្ហាញផលិតផលប្រើប្រាស់ផ្សេងទៀតនៅក្នុងកម្មវិធីថែមទៀត។
កម្មវិធីសម្តែង របាំសហសម័យនៃគម្រោងចតុ
ដើម្បីអបអរភាពច្នៃប្រតិដ្ឋ ស្នាដៃដំឡើងថ្មី និងអនាគតនៃរបាំកម្ពុជា នៅថ្ងៃអាទិត្យ ទី៥ ខែតុលា ខាងមុខនេះនឹងមានការសម្តែងរបាំសម័យនៃគម្រោងចតុដែលស្ថិតនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ប្រិយមិត្តអាចចូលរួមដោយសេរីចាប់ពីម៉ោង ៦:៣០ ល្ងាច រហូតដល់ ៩ យប់ផងដែរ។
ពិព័រណ៍ប្រសព្វ ២០២៥
ដូចសព្វមួយដងកម្មវិធីពិព័រណ៍ប្រសព្វតែងតែរៀបចំឡើងជារៀងរាល់ឆ្នាំ។ យ៉ាងណាមិញ ពិព័រណ៍ប្រសព្វ ២០២៥ នឹងប្រារព្ធឡើងនៅថ្ងៃសៅរ៍ ទី១១ ខែតុលា ក្រោមប្រធានបទដ៏ទាក់ទាញមានឈ្មោះថា “ក្រោយឆាក និងលើសពីអេក្រង់” ។ ប្រធានបទនេះនឹងនាំប្រិយមិត្តសាកល្បង និងស្វែងយល់ពីសកម្មភាពក្រោយឆាករបស់អ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយ រួមទាំងសកម្មភាពផ្សេងៗជាច្រើនទៀតផងដែរ។ អ្នកក៏អាចចូលរួមដោយសេរីស្ថិតនៅ F3 ចាំពីម៉ោង ១ ថ្ងៃត្រង់ រហូតដល់ម៉ោង ៧:៣០ យប់។
បទបង្ហាញដោយសិល្បការនី នាក់ សុផល
ស្ថិតនៅ Studio Images House of Photography ត្រៀមនឹងរៀបចំកម្មវិធីបទបង្ហាញមួយក្រោមប្រធានបទ “ស្ត្រី និងសិល្បៈនៃការថតរួប៖ មនុស្សម្នាក់ និទានរយពាន់” នៅថ្ងៃទី៤ ខែតុលា វេលាម៉ោង៖ ៦ ល្ងាច រហូតដល់ ៧:៣០ យប់។ ប្រិយមិត្តក៏អាចចូលរួមកម្មវិធីនេះដោយសេរីផងដែរ៕
Article by SIVLY PAN