«Cave Casual Dinning» ភោជនីយដ្ឋានប្រណីតបែបល្អាងភ្នំ ដែលស្ថិតនៅកណ្ដាលទីក្រុងភំ្នពេញ
NEWS one year agoរសៀលជ្រាលជ្រេសុរិយាទាបទេអស្ដង្គត មនុស្សម្នាដែលបំពេញការងារហត់នឿយស្ទើរពេញមួយថ្ងៃតែងស្វែងរកកន្លែងណាមួយដើម្បីរំសាយអារម្មណ៍ប៉ះប៉ូវមកវិញនូវថាមពលផ្លូវកាយ និងផ្លូវចិត្ត។ ពិតប្រាកដណាស់សម្រាប់អត្ថបទនេះសូវរីននឹងនាំប្រិយមិត្តមកស្គាល់កន្លែងជួបជុំលម្ហែអារម្មណ៍ថ្មីមួយកន្លែងក្នុងទីក្រុងភ្នំពេញដែលធានាថាប្លែកទាំងបរិយាកាស ប្លែកទាំងរសជាតិអាហារ ជាពិសេសស្រាក្រឡុករសជាតិថ្មីមិនធ្លាប់មាននោះគឺមាននៅ «Cave Casual Dinning»។
បើយើងធ្វើដំណើរចេញពីកណ្ដាលក្រុងឆ្ពោះទៅតំបន់បឹងកេងកងដែលជាប្លុកសម្បូរដោយអាជីវកម្មចម្រុះជាតិសាសន៍នោះ យើងត្រូវជិះទៅរកទីតាំងផ្សារបឹងកេងកង រួចបន្តដំណើរតាមបណ្ដោយផ្លូវព្រះត្រសក់ផ្អែម រហូតមកដល់កែងផ្លូវលេខ២៨៨ នៅខាងស្ដាំដៃយើងនឹងប្រទះឃើញភោជនីយដ្ឋានតូចច្រឡឹងបួនជ្រុងមួយរចនារំលេចដោយភ្លើងភ្លីទាក់ភ្នែកជាមួយស្លាកយីហោ «Cave Casual Dinning»។ បើកទ្វារបោះជំហានចូលមកខាងក្នុងភ្លាមសំឡេងតន្រ្តីលន្លង់លន្លោចលាយឡំបរិយាកាសរៀបចំយ៉ាងប្រណីតក្រោមពន្លឺភ្លើងប្រឿងៗ បានគួចយកភាពហត់នឿយរួមទាំងភាពហ្មងសៅទាំងឡាយឱ្យចាកកាយគ្មានសេសសល់មួយរំពេច។ ទិដ្ឋភាពរៀបចំខាងក្នុងផ្ទុយភ្នែកស្រឡះពីផ្នែកខាងក្រៅ ដែលរចនាបថបែបល្អាងភ្នំ បូកបញ្ចូលជាមួយការជ្រើសរើស និងប្រើប្រាស់គ្រឿងសង្ហារឹមប្រណីត រួមជាមួយបច្ចេកទេសប្រើប្រាស់ភ្លើងបែប Elegant និង Romantic មិនឱ្យភ្លឺពេក ហើយក៏មិនងងឺតពេកដែរពីព្រោះល្អាងភ្នំជាទូទៅគេប្រើចន្លុះ ឬពិលឆ្លុះដើម្បីមើលខាងក្នុង។ ដូច្នេះរចនាបថនេះ ផ្ដល់ឱ្យភ្ញៀវមានអារម្មណ៍ប្លែកដូចស្ថិតនៅក្នុងល្អាងភ្នំតែម្ដង។ តុកៅអីសាឡុង ត្រូវបានរៀបចំប្រដេញគ្នាលូនលយទៅក្រោយ ព្រមទាំងមានកន្លែងក្រឡុកស្រានៅខាងស្ដាំដៃដែលប្រិយមិត្តអាចអង្គុយនៅទីនោះបានផងដែរ។ បើតាមការឱ្យដឹងពីប្រធានទីផ្សារលោក ជ្រិន ចន្ធូ “ការដេគ័រឡើងទាំងនេះគឺបានមកពីការសង្កេតឃើញនិន្នាការរបស់អ្នករស់នៅក្នុងក្រុងភ្នំពេញ ដែលចូលចិត្តរចនាបថបែបប្លែកៗ ទីកន្លែងស្អាតបែបស៊ីវិល័យ ម្ហូបអាហារឆ្ងាញ់ អនាម័យខ្ពស់បូកផ្សំជាមួយបទពិសោធន៍នៃការបើកអាជីវកម្មមុនៗ។” ដោយឡែកបើនិយាយអំពីមុខម្ហូបវិញ បម្រើជូនម្ហូបអាហារចម្រុះជាតិសាសន៍ ដែលសុទ្ធសឹងតែជាម្ហូបពេញនិយមនៅកម្ពុជា នៅអ៊ឺរ៉ុប និងនៅប្រទេសអាស៊ីមួយចំនួនផងដែរ។ កាន់តែពិសេសនោះគឺប្រភេទម្ហូបបែបកាត់ (Fusion) ដោយម្ហូបល្បីៗនៅទីនោះមានដូចជា បុកមាន់ពិសេស សារ៉ាម៉ាន់ភ្លៅចៀម នំប៉ាវរុំជាមួយសាច់បីជាន់ និងបឺហ្គឺថ្លើមក្ងាន ព្រមជាមួយស្រាក្រឡុកប្រចាំហាងដោយបុគ្គលិកផ្នែកក្រឡុកស្រាដ៏ជំនាញក្នុងការបង្កើតនូវស្រាក្រឡុកប្លែកៗដូចជា Last Words, A Ride Over The Sunset និង Coronita & Magarita ជាដើម។
បរិយាកាសកំដរអារម្មណ៍ដោយតន្រ្តីយ៉ាងពីរោះរួមជាមួយការពិសាភោជនាហារក្លែមដោយស្រាក្រឡុករសជាតិឆ្ងាញ់ប្លែកមាត់ ពិតជាស័ក្តិសមបំផុតចំពោះការជួបជុំមិនថាជាលក្ខណៈមិត្តភក្តិ ក្រុមការងារ និងគូស្នេហ៍ដោយអាចស្រាកស្រាន្តអារម្មណ៍សោកសៅទាំងពួង។ គួរបញ្ជាក់ថា Cave Casual Dinning បើករៀងរាល់ថ្ងៃចាប់ពីម៉ោង ៥:៣០ល្ងាចដល់ម៉ោង១២យប់ផងដែរ៕
Article by NI CHANNIKA