លេងស្ទាយ៌២បែបជាមួយម៉ូតសំពត់ និងអាវសសម្រាប់ទៅវត្តនារដូវភ្ជុំបិណ្ឌ
TRAVEL & LIVING 12 months agoជាទូទៅ តាំងពីដើមរៀងមក យើងចំណាំឃើញថាប្រជាជនខ្មែរនិយមស្លៀកសម្លៀកបំពាក់ប្រពៃណីដូចជា អាវប៉ាក់ សំពត់ហូល ឬផាមួង ទៅវត្តអារាមក្នុងឱកាសបុណ្យប្រពៃណី មិនថាបុណ្យចូលឆ្នាំ ឬបុណ្យភ្ជុំបិណ្ឌនោះទេ។ ក្រៅពី សម្លៀកបំពាក់ប្រពៃណីនេះ មិត្តនារីទាំងឡាយក៏អាចជ្រើសអាវសាច់ក្រណាត់ពណ៌សមកស្ទាយ៌ជាមួយម៉ូតសំពត់ផ្សេងៗបែបសាមញ្ញនិយម តែមានភាពទាន់សម័យស័ក្តិសមសម្រាប់នារីសម័យថ្មីផងដែរ។ ខណៈសុភាពនារីមួយចំនួនបានត្រៀមខ្លួនរួចជាស្រេចសម្រាប់តុបតែងខ្លួន ហើយខ្លះទៀតក៏មិនទាន់ដឹងថានឹងជ្រើសរើសឈុតបែបណាដើម្បីឱ្យស័ក្តិសមរដូវកាល មានភាពងាយស្រួល និងទាន់សម័យ។ ដូច្នេះ សូវរីន សូមណែនាំស្ទាយ៌ស្លៀកពាក់ចំនួន២បែបដើម្បីជាយោបល់ដល់មិត្តនារីគ្រប់រូបសម្រាប់ទៅវត្តនាបុណ្យភ្ជុំបិណ្ឌនេះ។
1. អាវប៉ោងស្មាសំពត់ព្លីស្សេ (Plissé)
អាវសក្រៅពីប្រភេទអាវប៉ាក់ សុភាពនារីអាចជ្រើសរើសជាប្រភេទអាវសាច់សាតាំងដៃប៉ោងរលុងៗ និងមានម៉ូតបន្តិចៗដើម្បីកុំឱ្យមើលទៅសាមញ្ញពេក តែមានភាពស៊ីវិល័យ។ អាវនេះស័ក្តិសមបំផុតជាមួយសំពត់វ៉ាល់ព្លីស្សេ ដោយជ្រើសរើសពណ៌បែបស្រគត់ស្រគំ។ សំពត់ម៉ូតនេះមានលក្ខណៈងាយស្រួលដើរ ស្រួលបត់បែនតាមសកម្មភាពផ្សេងៗ និងមានភាពស្រស់ស្រាយ។ ជាមួយគ្នានេះដើម្បីឱ្យមើលទៅកាន់តែមានភាពលេចធ្លោ ហ៊ឺហាថែមមួយកម្រិត មិត្តនារីអាចផាត់មុខបែបស្រាល ជាមួយនឹងម៉ូតសក់មូររួញទម្លាក់ មើលទៅកាន់តែស៊ីមេទ្រី។ ចំពោះស្បែកជើងអាចជ្រើសរើសជាប្រភេទស្បែកជើងកែងទាបសមរម្យងាយស្រួលដើរជាងស្បែកកែងចោត ហើយក៏ស័ក្តិសមជាមួយនឹងសំពត់ដែលមានសម្រុងវែងជាងស្បែករាប ឬសង្រែក។
2. អាវស ករំភើយ (Berta)
ក្រៅពីប្រភេទអាវប៉ាក់ យើងក៏អាចជ្រើសរើសអាវប្រភេទនេះដើម្បីស្ទាយ៌ជាមួយសំពត់ហូល ឬផាមួងបានដែលយើងធ្លាប់ស្លៀកកន្លងមក។ ចំពោះមិត្តនារីទាំងឡាយចូលចិត្តស្ទាយ៌សាមញ្ញនិយម សុភាពរាបសា មិនឆើតឆាយខ្លាំង តែស្រស់ស្អាតរមទមគឺស័ក្តិសមបំផុតសម្រាប់មួយឈុតនេះ។ ម្យ៉ាងអាវសាច់លាតប្រភេទនេះ មានកបិទជិតមើលទៅមិនស៊ិចស៊ី ជាមួយនឹងទំហំរាងរលុងៗបន្តិច មិនធ្វើឱ្យស្អុះស្អាប់ឡើយ។ ពិសេសជាងនេះទៅទៀតគឺមិនរើសពណ៌សំពត់ឡើយ អាចជ្រើសរើសពណ៌តាមចិត្តស្រលាញ់។ បន្ថែមដោយការផាត់មុខតិចៗ និងលើកសក់បួងឡើង ឬចងទម្លាក់ក៏បាន។ ចំពោះគ្រឿងលម្អបន្ថែម អាចពាក់ជាក្រវិលរំយោលតូចៗមិនធំពេក ហើយមិនចាំបាច់ពាក់ខ្សែកក៏បានព្រោះអាចមើលទៅឃើញស្អេកស្កះ៕
Article by SOUNG SOKSAN