×

មុខម្ហូប​ខ្មែរ​ដ៏​ឆ្ងាញ់​ពិសា​ ​ផ្សំ​ឡើង​ពី​ផ្កា​៦​ប្រភេទ​ជា​គ្រឿងផ្សំ​គោល​

TRAVEL & LIVING 12 months ago
 
 

            រដូវ​បុណ្យភ្ជុំបិណ្ឌ​ ​ប្រជាជន​ខ្មែរ​តែង​ប្រកាន់​ភ្ជាប់​ប្រពៃណី​ ​ក៏ដូចជា​មានការ​ជួបជុំ​គ្រួសារ​ ​បងប្អូន​ជាដើម​។​ ​ជា​ការ​សាទរ​នា​ឱកាស​នេះ​ផង​ដែរ​ ​យើង​សូម​ណែនាំ​មុខម្ហូប​ខ្មែរ​ដែល​សម្រាំង​យក​គ្រឿងផ្សំ​គោល​ពី​ផ្កា​៦​ប្រភេទ​មាន​ដូចជា​ ​ផ្កាចេក​ ​ផ្កាឈូក​ ​ផ្កា​មេអំបៅ​ ​ផ្កា​រំយោល​ ​ផ្កា​កំប្លោក​ ​និង​ផ្កា​ស្នោ​ ​សុទ្ធ​សឹង​ជា​ផ្កា​ដែល​ងាយស្រួល​រក​នៅ​តាម​ស្រុក​ភូមិ​។​ ​ចង់​ដឹង​ថា​មាន​មុខម្ហូប​អ្វីខ្លះ​ ​យើង​ទៅ​អាន​បន្ត​ទាំងអស់គ្នា។​

            ខ​ជើង​ជ្រូក​ផ្កាចេក​
គ្រឿងផ្សំ​៖​ ​ជើង​ជ្រូក​ ​៦​០​០​ក្រាម​, ​ផ្កាចេក​ ​៥០ក្រាម​, ​ផ្សិត​ខ្មៅ​ក្រៀម​ ​១០០ក្រាម​, ​ម្រេច​ ​១ស្លាបព្រាកាហ្វេ​, ​ប្រេងខ្យង​ ​១​ស្លាបព្រា​បាយ​, ​ទឹកស៊ីអ៊ីវ​ខាប់​ ​១ស្លាបព្រា​បាយ​, ​ម្សៅស៊ុប​ ​២ស្លាបព្រា​កាហ្វេ​, ​ស្ករត្នោត​ ​៣ស្លាបព្រា​បាយ​, ​ទឹក​ស្អាត​ ​១លីត្រ​, ​អំបិល​ ​កន្លះ​ស្លាបព្រា​កាហ្វេ​, ​ទឹកត្រី​ ​១​ស្លាបព្រា​កាហ្វេ​, ​ខ្ទឹមស​ចិញ្រ្ជាំ ​២ស្លាបព្រា​បាយ​, ​និង​សណ្តែកដី​ ​១០ក្រាម។​
​វិធី​ធ្វើ​៖​ ​ដំបូង​យើង​កាត់​ជើង​ជ្រូក​ជាដុំៗ​ ​រួចមក​យក​ប្រឡាក់​ជាមួយ​ទឹកស៊ីអ៊ីវ​ខាប់​ ​ប្រេងខ្យង​ ​ម្សៅស៊ុប​ ​ទឹកត្រី​ ​ខ្ទឹមស​ ​ម្រេច​ ​ស្ករត្នោត​ ​ប្រឡាក់​ឱ្យ​សព្វ​ល្អ។​ ​យក​ផ្កាចេក​មក​កួច​យក​ម៉ូត​ ​រីឯ​ផ្សិត​ខ្មៅ​ក្រៀម​ត្រូវ​ត្រាំទឹក​ឱ្យ​រីក​មួយ​ឡែក​សិន​។​ ​ចាប់ផ្តើម​ដាក់​ខ្ទះ​ឱ្យ​ក្តៅ​រួច​ដាក់​ស្ករត្នោត​ម​កកូរ​ឱ្យ​ឡើងក្រហម​សឹម​ដាក់​ខ្ទឹមស​កូរ​ឱ្យ​ឡើង​ឈ្ងុយ​ ​រួច​ដាក់​ជើង​ជ្រូក​ ​ផ្កាចេក​ ​ផ្សិត​ខ្មៅ​ ​និង​សណ្តែកដី​ចូល​រម្ងាស់​ដល់​សាច់​ឆ្អិន​ ​និង​ចូលជាតិ​បាន​ល្អ​ជាការស្រេច។​

            នំ​មាត់ឆ្នាំង​ស្នូល​ផ្អែម​
​គ្រឿងផ្សំ​ (ផ្នែក​ម្សៅ)​៖​ ​ផ្កា​មេអំបៅ​ ​និង​ផ្កា​រំយោល​ (ដាក់​ត្រាំទឹក​ដើម្បី​យក​ពណ៌), ​ម្សៅ​អង្ករខ្សាយ​ ​១០០ក្រាម​, ​ម្សៅឆា​ ​១០០ក្រាម​, ​ទឹក​ស្ករ​ (ទឹក១០០ម.ល​ ​លាយ​ជាមួយ​ស្ករ​៥០ក្រាម), ​ទឹក​ត្រជាក់​ ​១០០ម.ល​, ​ទឹកក្តៅ​ ​១០០ម.ល​ ​និង​ប្រេង​ឆា​ ​៣ស្លាបព្រា​បាយ។​
​គ្រឿងផ្សំ​ (ផ្នែក​ស្នូល)​៖​ ​ស​ណ្តែ​ក​ក្រហម​ ​១០០ក្រាម​, ​ស្ករស​ ​៣ស្លាបព្រា​បាយ​, ​សាច់ដូង​ ​៥០ក្រាម​, ​អំបិល​កន្លះ​ស្លាបព្រា​កាហ្វេ​ ​និង​ល្ង​សម្រាប់​រោយ​ពីលើ។​
​វិធី​ធ្វើ​ (ស្នូល​នំ)​៖​ ​ដំបូង​ត្រូវ​យក​ស​ណ្តែ​ក​ត្រាំទឹក​៣០នាទី​ ​រួច​យកមក​ចំហុយ​ឱ្យ​ឆ្អិន​បន្តិច។​ ​បន្ទាប់មក​ត្រូវ​យក​សាច់ដូង​ ​ស្ករស​ ​និង​អំបិល​មក​ច្របល់​ចូលគ្នា​រួច​យកទៅ​ដាក់​ចំហុយ​ជាមួយ​ស​ណ្តែ​ក​ទុក​រហូតដល់​ឆ្អិន។​
​វិធី​ធ្វើ​ម្សៅ​នំ​៖​ ​យក​ម្សៅ​អង្ករខ្សាយ​លាយ​ជាមួយ​ម្សៅ​ឆា​ឱ្យ​ស្មើ​សាច់​គ្នា​ ​ទើប​យក​ទឹក​ស្ករ​ ​ទឹក​ត្រជាក់​ ​និង​ទឹកក្តៅ​ចូល​កូរ​បញ្ចូល​គ្នា​ឱ្យ​ទៅជា​ល្បាយ​តែមួយ។​ ​បន្ទាប់មក​ទៀត​ត្រូវ​រំលែក​ម្សៅ​នំ​ដែល​លាយ​រួច​អម្បិញ​មិញ​ជា​បី​ចំណែក​ដើម្បី​ទុក​លាយ​ជាមួយនឹង​ទឹក​ផ្កា​ដែល​បាន​ត្រាំ​យក​ពណ៌​ម​កលា​យ​ជាមួយ​ម្សៅ។​ ​បន្ទាប់មក​ត្រូវ​យក​ខ្ទះ​ (ប្រភេទ​ខ្ទះ​ដែល​ចៀន​មិន​ជាប់)​ បើកភ្លើង​តិចៗ​ រួចចាក់​ប្រេង​ឆា​បន្តិច​ ​សឹម​ចាក់​ម្សៅ​ចូល​ចំនួន​១វែក​ ​ហើយ​គ្រប​ទុក​ប្រហែល​១៥វិនាទី។​ ​ពេល​ម្សៅ​ឆ្អិន​ឡើង​ថ្លា​ល្អ​ហើយ​បិទភ្លើង​ទុក​ឱ្យ​ត្រជាក់​ទើប​ដាក់​ស្នូល​រួច​មូរ​ ​និង​រោយ​ល្ង​ពីលើ​ជាការស្រេច។​

            បាយ​ក្តាំង​ណា​តាំង​
​គ្រឿងផ្សំ​៖​ ​ផ្កា​កំប្លោក​, ​ផ្កា​ស្នោ​, ​បាយ​ក្តាំង​, ​សាច់ជ្រូក​ ​២០០ក្រាម​, ​បង្គា​ស្រស់​ ​២០០ក្រាម​, ​ខ្ទិះដូង​ ​៥០ម.ល​, ​ខ្ទឹមស​ ​៥​កំពឹស​, ​ខ្ទឹមក្រហម​ ​២មើម​, ​គល់​ជីរវ៉ាន់ស៊ុយ​ ​៣គល់​, ​ទឹកត្រី​ ​១ស្លាបព្រា​បាយ​, ​ស្ករស​ ​១ស្លាបព្រា​បាយ​, ​ម្សៅស៊ុប​ ​២ស្លាបព្រា​កាហ្វេ​, ​ម្ទេស​ឆ្អើរ​ ​២ស្លាបព្រា​បាយ​ (ចិញ្រ្ជាំ), ​សណ្តែកដី​បន្តិច​, ​សន្លឹក​ខ្ទឹម​ហាន់​ល្អិតៗ​ ​និង​ប្រេង​ឆា​ ​៣ស្លាបព្រា​បាយ។​
​វិធី​ធ្វើ​៖​ ​ចាប់ផ្តើម​ដោយ​ការ​យក​គល់​ជីរវ៉ាន់ស៊ុយ​ ​ខ្ទឹមក្រហម​ ​និង​ខ្ទឹមស​មក​បុក​បញ្ចូល​គ្នា​ជាមុន​សិន។​ ​ដាក់​ដាំ​ខ្ទះ​ឱ្យ​ក្តៅ​ចាក់​ប្រេង​ឆា​ចូល​ ​រួច​ដាក់​ម្ទេស​ឆ្អើរ​ ​និង​ខ្ទឹម​ដែល​បុក​មុននេះ​ចូល​រំលីង​ឱ្យ​ឈ្ងុយ។​ ​បន្ទាប់មក​ត្រូវ​សាច់ជ្រូក​ ​បង្គា​ ​ទឹកត្រី​ ​ម្សៅស៊ុប​ ​ស្ករស​ ​និង​ខ្ទិះដូង​ឆា​បញ្ចូល​គ្នា​រហូតដល់​ឆ្អិន​ល្អ។​ ​ចុងក្រោយ​រោយ​សណ្តែកដី​ ​និង​ស្លឹកខ្ទឹម​ពីលើ​ជាការស្រេច។​ ​រៀបចំ​ដាក់​ចាន​ ​និង​ទទួលទាន​ផ្ទាប់​ជាមួយ​ផ្កា​កំប្លោក​ ​ផ្កា​ស្នោ​ ​បាយ​ក្តាំង​ ​ជ្រលក់​ជា​មួយទឹក​ខ្ទិះ​ដែល​បាន​ឆា​មុន​នេះ។​

            មៀង​ខាំ​
​គ្រឿងផ្សំ​៖​ ​កាពិ​ ​១​ស្លាបព្រា​បាយ​, ​សរសៃ​រ​ដូង​លីង​ ​២​ស្លាបព្រា​បាយ​, ​ខ្ញី​ ​១​កូន​មើម​តូច​, ​បង្គា​ក្រៀម​ ​១​ស្លាបព្រា​បាយ​, ​ស្ករត្នោត​ ​៥​០​ក្រាម​, ​ខ្ទឹមស​ ​៣​កំពឹស​, ​ទឹកត្រី​ ​១​ស្លាបព្រា​បាយ​ ​និង​ទឹក​ធម្មតា​ ​៦​ស្លាបព្រា​បាយ​។​
​គ្រឿង​សម្រាប់​ញុំា​ផ្ទាប់​៖​ ​ស្រទាប់ផ្កា​ឈូក​, ​សម្បក​ក្រូចឆ្មារ​ (ហាន់​ជា​សរសៃរ), ​ខ្ញី​ ​និង​ខ្ទឹមក្រហម​ (ហាន់​ជាដុំ​តូច​៤ជ្រុង), ​ម្ទេស​ (តាមចំណូលចិត្ត), ​បង្គា​ក្រៀម ​(ត្រាំទឹក​ក្តៅ​ឱ្យ​រីក), ​សណ្តែកដី​លីង​, ​សរសៃរ​ដូង​លីង​ ​និង​ស្លឹក​ចាភ្លូ។​
​វិធី​ធ្វើ​៖​ ​ត្រូវ​យក​សរសៃ​រ​ដូង​លីង​ ​ខ្ញី​ ​ខ្ទឹមស​ ​និង​បង្គា​ក្រៀម​មក​បុក​ចូលគ្នា​ឱ្យ​បាន​ម៉ដ្ត​ល្អ​ ​រួច​យកទៅ​លាយ​ជាមួយ​កាពិ​ ​ស្ករត្នោត​ ​ទឹកត្រី​ ​ទឹក​ ​ម​កលា​យ​បញ្ចូល​គ្នា។​ ​បន្ទាប់មក​ដាក់​ដាំ​ខ្ទះ​ចាក់​គ្រឿង​ដែល​បាន​លាយ​រួច​រម្ងាស់​ឱ្យ​ឆ្អិន​ ​និង​ឈ្ងុយ​ជាការស្រេច។​ ​បរិភោគ​ដោយ​យក​ស្រទាប់ផ្កា​ឈូក​ ​ឬ​ស្លឹក​ចា​ភ្លូ​មក​ខ្ចប់​ជាមួយនឹង​គ្រឿង​ដែល​បាន​រៀបរាប់​ខាងលើ​ ​និង​ជ្រលក់​ជា​មួយទឹក​កាពិ៕​ ​

Article​ ​by​ ​SO​UN​G​ ​SO​KS​AN​


SUGGESTIONS