×

​ ​វិចិត្រករ​ ​ម៉ន​ ​ជា​ ​បង្កើត​ស្នាដៃ​គំនូរ​បង្កប់​អត្ថន័យ​ពោរពេញ​ដោយ​ការ​ច្នៃ​ប្រតិដ្ឋ

NEWS 3 months ago
 
 

          ​បើ​និយាយ​ពី​វិចិត្រករ​ ​ម៉ន​ ​ជា​ ​ប្រហែល​ប្រិយ​មិត្ត​មួយ​ចំនួន​ដែល​ស្រលាញ់​វិ​ស​័យ​គំនូរ​ច្បាស់ជា​បាន​ស្គាល់​លោក​រួចមក​ហើយ​ ​ដែល​ស្នាដៃ​របស់​លោក​តែងតែ​លេច​វត្តមាន​ឡើង​ក្នុង​ពិព័រណ៍​គំនូរ​ផ្សេងៗ​ ​ក៏ដូចជា​ក្នុង​កម្មវិធី​ប្រកួត​សិល្បៈគំនូរ​មួយ​ចំនួន​។​ ​លោក​​​មាន​ជំនាញ​លើ​ការ​គូស​គំនូរ​ក្នុង​ទម្រង់​ ​illustration​ ​គំនូរ​ព្រាង​ ​គំនូរ​ទឹក​ ​គំនូរ​ស​ខ្មៅ​ ​និង​គំនូរ​ប្រេង​។​ ​ប៉ុន្តែ​បច្ចុប្បន្ន​ ​លោក​បាន​ចាប់​យក​អាជីព​ជំនាញ​លើ​ប្រភេទ​គំនូរ​បែប​ស​ខ្មៅ​ ​ឬ​ហៅថា​ការ​បោះពុម្ព​ប្លុក​។​

          ​ក្នុង​វ័យ​៣​៤​ឆ្នាំ​ ​លោក​ ​ម៉ន​ ​ជា​ ​ជា​វិចិត្រករ​ដ៏​មាន​ទេពកោសល្យ​មួយ​រូប​ដែល​មាន​ស្រុកកំណើត​មកពី​ខេត្ត​កំពត​ ​ហើយ​បច្ចុប្បន្ន​លោក​កំពុង​រស់នៅ​ក្នុង​ខេត្ត​សៀមរាប​។​ ​បើ​និយាយ​ពី​ដំណើរ​ដើមទង​ដែល​លោក​ចូល​ប្រឡូក​ក្នុង​វិ​ស​័យនេះ​វិញ​ ​លោក​បាន​រំលឹក​ថា​ ​នៅ​ឆ្នាំ​២​០​១​០​ ​លោក​បាន​ជួប​ឧបទ្ទវហេតុ​ ​ជា​អ​កុ​ស​នាំ​ឱ្យ​លោក​បាន​បាត់បង់​ដៃ​ទាំងពីរ​របស់​លោក​។​ ​ប៉ុន្តែ​ទោះបីជា​យ៉ាងនេះ​ក្តី​ ​ក៏​មិនបាន​បញ្ឈប់​លោក​ពី​អាជីព​សិល្បៈ​ឡើយ​ ​តែ​វា​បែរជា​បំ​ផុសគំនិត​ថ្មីៗ​ដល់​រូបលោក​ទៅវិញ​។​ “​នៅ​អំឡុង​ឆ្នាំ​២​០​១​៥​ ​ខ្ញុំ​ចាប់ផ្តើម​ចូលរៀន​នៅ​អង្គការ​ ​Epic​ ​Art​s ​ហើយ​នៅ​ឆ្នាំ​២​០​១​៧​ ​ខ្ញុំ​ក៏បាន​ក្លាយ​ជា​បុគ្គលិក​ប្រចាំ​នៅ​អង្គការ​នេះ​ ​ហើយក៏​ជា​អ្នក​ចម្រៀង​ ​និង​អ្នក​រាំ​របាំ​សហសម័យ​មួយ​រូប​ផង​ដែរ​។​” ​លោក​បាន​លើកឡើង​ ​និង​បន្ត​ទៀត​ថា​ ​នៅ​ចុង​ឆ្នាំ​២​០​១​៨​ ​ដោយសារ​មាន​បញ្ហា​សុខភាព​លោក​ក៏បាន​ឈប់​ពី​ការ​សម្តែង​ ​និង​ងាក​មក​ចាប់​យក​អាជីព​ជា​វិចិត្រករ​រហូតមកដល់​បច្ចុប្បន្ននេះ​។​

          ​វិចិត្រករ​ដ៏​មាន​ភាព​ប៉ិនប្រសប់​រូប​នេះ​បាន​បញ្ជាក់​ថា​ “​មូលហេតុ​ដែល​ខ្ញុំ​ស្រឡាញ់​សិល្បៈ ​ដោយសារតែ​ខ្ញុំ​មាន​ពិការភាព​ហើយ​មានរឿង​ជាច្រើន​ដែល​ខ្ញុំ​ចង់និយាយ​ទៅ​ប្រាប់​មនុស្ស​ជុំវិញ​ខ្លួន​ ​ប៉ុន្តែ​គេ​មិនសូវ​យកចិត្តទុកដាក់​ ​និង​ស្ដាប់​នូវ​អ្វី​ដែល​ខ្ញុំ​និយាយ​នោះ​ទេ​ ​ហេតុនេះ​ហើយ​ ​ទើប​ខ្ញុំ​បង្កើត​សិល្បៈគំនូរ​ដែល​បញ្ចូល​ពី​អត្ថន័យ​អ្វី​ដែល​ខ្ញុំ​ចង់និយាយ​ទៅ​ក្នុង​នោះ​ ​ទើប​ពួកគេ​ស្ដាប់​ ​និង​អាចយ​ល់​នូវ​អ្វី​ដែល​ខ្ញុំ​ចង់និយាយ​ ​អ្វី​ដែល​ខ្ញុំ​ជួបប្រទះ​ប្រចាំថ្ងៃ​។​” ​មិនតែប៉ុណ្ណោះ​ ​គ្រប់​ស្នាដៃ​គំនូរ​របស់​លោក​នីមួយៗ​ ​តែង​មាន​អត្ថន័យ​ ​និង​សាច់រឿង​បង្កប់​នៅ​ក្នុង​នោះ​ផ្សេងៗ​ពី​គ្នា​។​ ​ប្រភេទ​គំនូរ​ខ្លះ​ឆ្លុះបញ្ចាំង​ពីសង្គម​បច្ចុប្បន្ន​ ​គំនូរ​ខ្លះទៀត​ក៏បាន​លើកយក​សាច់រឿង​ពីបរមបុរាណ​ ​ប្រភេទ​គំនូរ​ខ្លះ​ក៏​និយាយ​អំពី​រឿង​ល្អ​នៅ​ក្នុង​សង្គម​ ​គំនូរ​ខ្លះ​ក៏មាន​អត្ថន័យ​ចង់​កែប្រែ​ពី​អ្វី​ដែល​អាក្រក់​មក​ល្អជា​ដើម​។​ ​ដោយសារតែ​មានរឿង​ខ្លះ​លោក​មិន​អាច​បញ្ចេញ​បាន​តាមរយៈ​ការ​និយាយ​ ​តែ​លោក​ក៏​អាច​បង្ហាញ​បាន​តាមរយៈ​គំនូរ​ ​ដើម្បី​ឱ្យ​អ្នក​បានឃើញ​គំនូរ​នោះ​បាន​យល់​ពី​អត្ថន័យ​ផង​ដែរ​។​ ​កន្លងមក​ ​លោក​ ​ម៉ន​ ​ជា​ ​ក៏​ធ្លាប់​បាន​យក​ស្នាដៃ​របស់​ខ្លួន​ដាក់​តាំង​បង្ហាញ​ក្នុង​ពិព័រណ៍​មិន​តិច​ជាង​១​០​ដងនោះ​ទេ​ ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​ ​ដូចជា​ ​នៅ​ក្រុងភ្នំពេញ​ ​ខេត្ត​សៀមរាប​ ​សហរដ្ឋអាមេរិក​ ​និង​ប្រទេស​បារាំង​ជាដើម​។​ ​ជាមួយគ្នា​នេះ​ ​លោក​ក៏​ជា​ម្ចាស់​ជ័យ​លា​ភី​លេខ​១​ ​ទទួល​បាន​ពានរង្វាន់​មាស​ (​Gold​ ​Prize​) ​ក្នុង​កម្មវិធី​ ​White​ ​Canvas​ ​Cam​bo​d​i​a​ 2021 ​ផង​ដែរ​។​

          ​លោក​ ​ម៉ន​ ​ជា​ ​ក៏បាន​បង្ហើប​អំពី​គោលបំណង​ទៅ​ថ្ងៃ​អនាគត​ដែរ​ថា​ “​ប្រសិនបើ​ខ្ញុំ​ជោគជ័យ​ក្នុង​វិ​ស័យ​សិល្បៈ​មួយ​នេះ​ ​ខ្ញុំ​នឹង​បើក​កន្លែង​មួយ​ដើម្បី​បង្រៀន​ក្មេង​ជំនាន់​ក្រោយដែល​ពួកគាត់​ស្រឡាញ់​សិល្បៈ ​និង​មានគំនិត​ច្នៃ​ប្រតិដ្ឋ​ផ្សេងៗ​។​ ​ឆ្លៀតឱកាស​នេះ​ខ្ញុំ​ ​ក៏មាន​ជា​សារ​ជួយ​លើកទឹកចិត្ត​ដល់​បងប្អូន​ដែល​ស្រឡាញ់​សិល្បៈ ​និង​ការ​ច្នៃ​ប្រតិដ្ឋ​ក្នុង​ទម្រង់​សិល្បៈ​ផ្សេងៗ​ ​សូម​កុំ​បោះបង់​នូវ​អ្វី​ដែល​ខ្លួនឯង​ស្រឡាញ់​ ​សូម​បន្ត​អ្វី​ដែល​យើង​ចង់​ធ្វើ​ ​ជាពិសេស​សូម​លើកទឹកចិត្ត​ដល់​បងប្អូន​ដែល​មាន​ពិការភាព​ ​មិនថា​ពិការ​ពី​កំណើត​ ​ឬក៏​ជួប​គ្រោះថ្នាក់​អ្វី​ក៏ដោយ​សូម​កុំ​បោះបង់​ភាព​រឹង​មាំ​ ​និង​ក្ដី​សង្ឃឹម​ ​ហើយ​រុករក​អ្វី​ដែល​យើង​គិតថា​ខ្លួន​យើង​អាច​ធ្វើ​បាន​”​៕​

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN​


SUGGESTIONS