«យិនស៊ិន» ឱសថបុរាណដ៏មានតម្លៃ និងជាគ្រឿងផ្សំអាហារសុខភាពដ៏សំខាន់
TRAVEL & LIVING 9 months agoយិនស៊ិនគឺជាមើមរុក្ខជាតិដែលមានការរីកលូតលាស់យឺត មានអាយុកាលវែង និងមានតម្លៃខ្ពស់។ វាមានអត្ថប្រយោជន៍ចំពោះសុខភាពដូចជា ជួយដល់មុខងារខួរក្បាល បង្កើនការចងចាំ ជួយកាត់បន្ថយជាតិស្ករក្នុងឈាម ល្អសម្រាប់សុខភាពផ្លូវភេទ ផ្តល់ថាមពលដល់រាងកាយ ជួយការពារពីជំងឺមហារីក កាត់បន្ថយជាតិខ្លាញ់ក្នុងឈាម និងកាត់បន្ថយការរលាក។ ដើមឡើយ យិនស៊ិនត្រូវបានយកមកប្រើប្រាស់ជាឱសថបុរាណដើម្បីព្យាបាល និងការពារពីជំងឺមួយចំនួន ហើយបច្ចុប្បន្នវាក៏ត្រូវបានគេយកមកចម្អិនជាមួយអាហារ និងភេសជ្ជៈផងដែរ។ ដូច្នេះដើម្បីជាមុខម្ហូប និងជាអាហារសុខភាពផងនោះ សូវរីន បានសម្រិតសម្រាំងមុខម្ហូប និងភេសជ្ជៈដ៏ពិសេសចំនួន៥មុខដែលប្រើគ្រឿងផ្សំគោលមើមយិនស៊ិននេះតែម្តង។
១. ស៊ុបយិនស៊ិនបេះដូងជ្រូក(Pork Heart Ginseng Soup)
គ្រឿងផ្សំ៖ បេះដូងជ្រូក៣០០ក្រាម, មើមយិនស៊ិន១មើមតូចល្មម, គ្រឿងថ្នាំចិនសែ(សម្រាប់ស្ងោរ)១កញ្ចប់តូច, ខ្ទឹមស ៣កំពឹស(ដំឱ្យបែក), អំបិល១ស្លាបព្រាកាហ្វេ, ស្ករស២ស្លាបព្រាកាហ្វេ, ម្សៅស៊ុប២ស្លាបព្រាកាហ្វេ និងជីរវ៉ាន់ស៊ុយបន្តិច។
វិធីធ្វើ៖ ដំបូងត្រូវយកបេះដូងជ្រូកមកហាន់ជាបន្ទះស្តើងៗ រួចយកទៅលាងទឹកដោយច្របាច់រហូតដល់អស់ឈាម។ បន្ទាប់មកដាក់ឆ្នាំងដាំទឹករហូតដល់ទឹកពុះ ដាក់ខ្ទឹមស មើមយិនស៊ិន និងគ្រឿងថ្នាំចិនចូលរម្ងាស់រយៈ២០-២៥នាទី សឹមដាក់គ្រឿងផ្សំដូចជា អំបិល ស្ករស ម្សៅស៊ុប និងបេះដូងជ្រូកចូល ទុកឱ្យពុះម្តងទៀត។ ចុងក្រោយភ្លក់រសជាតិតាមចំណូលចិត្ត ដួសដាក់ចាន និងរោយជីរវ៉ាន់ស៊ុយពីលើជាការស្រេច។ ទទួលទានពេលក្តៅៗមានឱជារសកាន់តែឆ្ងាញ់ពិសា។
២. ត្រីចំហុយមើមយិនស៊ិន(Steamed Fish with Ginseng)
គ្រឿងផ្សំ៖ សាច់ត្រី៤០០ក្រាម, យិនស៊ិន១០ក្រាម(ហាន់ជាបន្ទះស្តើងៗ), គ្រាប់ឈូកក្រៀមតាមចំណូលចិត្ត(ត្រាំទឹកក្តៅឱ្យរីក៣០នាទីមុន), ផ្លែពុទ្រាក្រហមតាមចំណូលចិត្ត, គ្រាប់កូវជី១ស្លាបព្រាបាយ, ខ្ញី(ហាន់ជាសរសៃ ដាក់តាមចំណូលចិត្ត), ទឹកស៊ីអ៊ីវ១ស្លាបព្រាបាយ, ទឹកស៊ីអ៊ីវខាប់កន្លះស្លាបព្រាបាយ, ប្រេងខ្យង១ស្លាបព្រាបាយ, ម្សៅស៊ុប១ស្លាបព្រាកាហ្វេ, ស្ករស១ស្លាបព្រាកាហ្វេ និងប្រេងល្ង១ស្លាបព្រាបាយ។
វិធីធ្វើ៖ ជំហានដំបូងត្រូវយកសាច់ត្រីលាងឱ្យស្អាត សឹមយកសាច់ត្រីចៀរយកស្បែក និងឆ្អឹងចេញទុកតែសាច់ រួចហាន់ជាបន្ទះទុកមួយឡែកសិន។ បន្ទាប់មកទៀតត្រូវយកគ្រឿងផ្សំដូចជា ទឹកស៊ីអ៊ីវ ទឹកស៊ីអ៊ីវខាប់ ប្រេងខ្យង ម្សៅស៊ុប ស្ករស ប្រេងល្ងមកលាយបញ្ចូលគ្នាឱ្យសព្វ ទើបយកសាច់ត្រីដាក់ចូលប្រឡាក់ចុះឡើងផ្អាប់ទុក៥នាទី។ ជំហានបន្ទាប់ យកខ្ញីមករៀបដាក់លើចាន ដាក់សាច់ត្រី រួចដាក់បន្ទះយិនស៊ិន គ្រាប់ឈូក ផ្លែពុទ្រាក្រហម និងគ្រាប់កូវជីពីលើ។ ចុងក្រោយយកទៅចំហុយរយៈពេល២០នាទីទៅ៣០នាទីជាការស្រេច។
៣. បាយចំហុយឆ្អឹងជំនីរជ្រូក(Pork Rib Steam Rice)
គ្រឿងផ្សំ៖ មើមយិនស៊ិន១មើមតូច(ហាន់ជាចំណិតតូចៗ), ឆ្អឹងជំនីរជ្រូក៥០០ក្រាម, អង្ករ២ចានចង្កឹះ, គ្រាប់ឈូកក្រៀម ២០ក្រាម, ផ្លែពុទ្រាក្រហម៥គ្រាប់(ហាន់ជាចំណិតតូចៗ), គ្រាប់កូវជី១ស្លាបព្រាបាយ, គ្រាប់សណ្តែក២ស្លាបព្រាបាយ, ទឹកស៊ីអ៊ីវ១ស្លាបព្រាបាយ, ទឹកស៊ីអ៊ីវខាប់២ស្លាបព្រាកាហ្វេ, ប្រេងខ្យង១ស្លាបព្រាបាយ, ម្សៅស៊ុប២ស្លាបព្រាកាហ្វេ, ស្ករស១ស្លាបព្រាបាយ និងប្រេងល្ង១ស្លាបព្រាបាយ។
វិធីធ្វើ៖ ដំបូងត្រូវយកគ្រឿងផ្សំដូចជា ទឹកស៊ីអ៊ីវ ទឹកស៊ីអ៊ីវខាប់ ប្រេងខ្យង ម្សៅស៊ុប ស្ករស និងប្រេងល្ង មកលាយបញ្ចូលគ្នាជាមុនសិន សឹមយកឆ្អឹងជំនីរជ្រូកមកប្រឡាក់ឱ្យសព្វល្អ រួចផ្អាប់ទុករយៈពេល១៥នាទី។ បន្ទាប់មកទៀតយកអង្ករលាងឱ្យស្អាត រួចយកចំណិតយិនស៊ិន គ្រាប់ឈូក ផ្លែពុទ្រាក្រហម គ្រាប់កូវជី គ្រាប់សណ្តែក ដាក់ច្របល់ជាមួយអង្ករចុះឡើង ទើបយកទៅចាក់ចូលក្នុងឆ្នាំងដាំបាយ។ បន្ទាប់មកយកឆ្អឹងជំនីរដែលផ្អាប់នោះមកតម្រៀបលើអង្ករក្នុងឆ្នាំង រួចយកទឹកដែលសល់ពីប្រឡាក់ឆ្អឹងជំនីរចាក់ចូលជាមួយ និងបន្ថែមទឹកធម្មតាចូលបន្ថែម។ យកអង្ករដែលលាយរួចនោះទៅដាំរហូតដល់អង្ករ និងឆ្អឹងជំនីរឆ្អិនល្អ។ ចុងក្រោយដួសតម្រៀបដាក់ចានដូចក្នុងរូបជាការស្រេច។
៤. បង្អែមយិនស៊ិនព្រិលត្រចៀកកាំ(Chinese Herbal Dessert)
គ្រឿងផ្សំ៖ មើមយិនស៊ិន១មើម, សំបុកត្រចៀកកាំ៥០ក្រាម, គ្រាប់កូវជី១ស្លាបព្រាបាយ, ផ្លែពុទ្រាក្រហម៥គ្រាប់, ផ្កាថ្ម តាមចំណូលចិត្ត(ត្រាំឱ្យរីក ហាន់ជាចំណិតល្អិតៗ), ស្ករក្រាម១៥០ក្រាម, ទឹកស្អាត១៥០០ម.ល
វិធីធ្វើ៖ ដំបូងត្រូវដាំទឹកឱ្យពុះ បន្ទាប់មកទៀតដាក់គ្រឿងផ្សំដែលមានទាំងអស់ចូល រួចទុកឱ្យពុះម្តងទៀត ភ្លក់មើលតាមចំណូលចិត្តជាការស្រេច។ យើងអាចទទួលទានក្តៅៗក៏បាន ឬយកទៅក្លាសេឱ្យត្រជាក់សឹមទទួលទានក៏បានតាមចំណូលចិត្ត។
៥. តែយិនស៊ិនទឹកឃ្មុំ(Honey Ginseng Tea)
គ្រឿងផ្សំ៖ យិនស៊ិនក្រៀម១មើមតូចល្មម(ត្រាំទឹកឱ្យរីក), ទឹកឃ្មុំតាមចំណូលចិត្ត និងផ្លែពុទ្រាក្រហមតាមចំណូលចិត្ត(ឆ្កឹះយកគ្រាប់ចេញ ហាន់ជាបន្ទះៗ)។
វិធីធ្វើ៖ ជាដំបូងត្រូវដាក់ដាំទឹកឱ្យពុះ រួចចាក់ចូលក្នុងប៉ាន់តែ ដាក់យិនស៊ិន និងផ្លែពុទ្រាក្រហមចូល(ឆុងរយៈពេល៥នាទីទៅ១០នាទី)។ ចុងក្រោយបន្ថែមទឹកឃ្មុំទៅតាមចំណូលចិត្តជាការស្រេច៕
Article by SOUNG SOKSAN