×

អាជីវកម្ម​«​P​k​a​-​ផ្កា​»​ សិល្បៈ​នៃ​ការ​ចាក់​ផ្កា​ដោយដៃ​យ៉ាង​ស៊ីវិល័យ​ ​ពោរពេញ​ដោយ​គំនិត​ច្នៃ​ប្រតិដ្ឋ​

NEWS 8 months ago
 
 

           ​ផ្កា​ ​គឺជា​កា​ដូ​មួយ​ដ៏​ពេញ​និយម​សម្រាប់​មនុស្ស​គ្រប់​វ័យ​តែង​ទិញ​ជូន​ជាអំណោយ​ចំពោះ​គ្នា​ក្នុង​ថ្ងៃ​ពិសេស​ណាមួយ​ ​មិនថា​ក្នុង​ទំនាក់ទំនង​គ្រួសារ​ ​ស្នេហា​ ​រួម​ទាំង​មិត្តភក្តិ​ ​ដើម្បី​បញ្ជាក់​ពី​ក្តី​ស្រលាញ់​ ​ក៏ដូចជា​ការចូលរួម​អបអរ​ក្នុង​ឱកាស​អ្វីមួយ​ជាដើម​។​ ​ជា​ការពិត​ ​មិនថា​ផ្កា​ស្រស់​ ​ផ្កាក្រដាស​ ​ផ្កា​ជ័រ​ ​ឬ​ផ្កា​ចាក់​ ​សុទ្ធតែ​អាច​​​យកមក​រៀបចំ​តុបតែង​បាន​យ៉ាង​ស្រស់​ស្អាត​។​ ​ជាក់ស្តែង​ ​អាជីវកម្ម​មួយ​ដែល​មានឈ្មោះ​ថា​ ​«​P​k​a​-​ផ្កា​»​ ​មាន​លក់​ជា​ប្រភេទ​ផ្កា​ចាក់​ ​និង​ផ្កា​កាច់​ដែល​ធ្វើ​ដោយដៃ​មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់​ ​និង​ស្រស់​ស្អាត​ស៊ីវិល័យ​មិនចាញ់​ផ្កា​ស្រស់​ប៉ុន្មាន​ឡើយ​។​

          ​«​P​k​a​-​ផ្កា​»​ ​ជា​អាជីវកម្ម​អន​ឡា​ញ​មួយ​ដែល​ទើប​ចាប់កំណើត​ឡើង​កាលពី​អំ​ឡុងចុង​ឆ្នាំ​២​០​២​៣​ ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សហគ្រិន​ជា​កូនខ្មែរ​៣​រូប​ ​ជា​មិត្ត​រួមការ​ងារ​ជាមួយគ្នា​នៅ​ស្ថាប័ន​ឯកជន​មួយ​។​ ​ដោយហេតុថា​សុទ្ធតែ​ជា​អ្នក​ស្រលាញ់​ចូលចិត្ត​ផ្កា​ដូចគ្នា​ ​ជាពិសេស​ការ​ច្នៃ​ប្រតិដ្ឋ​ផ្សេងៗ​ ​រួម​ទាំង​ការ​ឱ្យ​តម្លៃ​ទៅលើ​ផលិតផល​ដែល​ធ្វើ​ដោយដៃ​ផង​ ​ក៏​សម្រេច​ចិត្ត​បង្កើត​អាជីវកម្ម​នេះ​ឡើង​។

          ជា​ការពិត​ផ្កា​ចាក់​បើ​ស្តាប់​ទៅ​ហាក់​ដូចធម្មតា​ ​ប៉ុន្តែ​ពេល​ធ្វើឡើង​វា​ទាមទារ​ឱ្យ​មានការ​យកចិត្តទុកដាក់​យ៉ាង​ផ្ចិតផ្ចង់​ជាច្រើន​ដំណាក់កាល​ ​ទម្រាំ​ទទួល​បាន​សមិទ្ធផល​ផ្កា​១​ទង​ៗ​។​ ​ផ្កា​នីមួយៗ​ត្រូវ​បាន​ធ្វើឡើង​ដោយចិត្ត​ស្រលាញ់​ ​ភាព​អត់ធ្មត់​ ​ការ​ច្នៃ​ប្រតិដ្ឋ​ ​ដោយ​ការប្រើប្រាស់​សរសៃ​លួស​តូចឆ្មារ​ ​សរសៃ​អំបោះ​កម្ញី​រុំ​ពាត់​ជុំវិញ​ ​ដែល​មើលទៅ​មាន​ភាព​ស្រដៀង​ទៅ​នឹង​ផ្កា​ស្រស់​ជាង​ផ្កា​ដែល​ផលិត​ដោយ​ប្រើប្រាស់​វត្ថុធាតុដើម​ផ្សេងទៀត​។​ ​ម្យ៉ាង​ ​ភាព​ភ្លឺ​ដែល​ចេញពី​សរសៃ​អំបោះ​កម្ញី​ផង​នោះ​ ​កាន់តែ​ធ្វើ​ឱ្យ​ផ្កា​ទាំងនេះ​កាន់តែ​មាន​ភាព​ភ្លឺ​ជាង​ផ្កា​អំបោះ​ធម្មតា​។​ ​មិន​ខុស​ពី​ផ្កា​ស្រស់​ប៉ុន្មាន​ ​ក្រៅពី​ការរៀបចំ​ជា​បាច់​ ​យើង​ក៏​អាច​​​យកទៅ​ប្រើ​សម្រាប់​ដេ​គ​័​រ​ក្នុង​កម្មវិធី​ផ្សេងៗ​ ​រៀបចំ​ដាក់​ថូ​សម្រាប់​តាំង​លម្អ​ ​អ្វី​ដែល​កាន់តែ​ពិសេស​នោះ​គឺ​វា​មិន​ចេះ​ក្រៀម​ស្វិត​ ​អាច​ថែ​រក្សាទុក​បាន​យូរអង្វែង​ទៀត​ផង​។​

          តាម​ការ​បង្ហើប​ពី​ម្ចាស់​អាជីវកម្ម​ ​«​P​k​a​-​ផ្កា​»​ ​បាន​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា​ ​បច្ចុប្បន្ន​គឺ​គ្រាន់តែ​ដាក់​លក់​តាម​អន​ឡា​ញ​តែប៉ុណ្ណោះ​ ​តែ​ទទួល​បាន​ការចាប់អារម្មណ៍​ ​និង​ការ​កុម្មង់​ច្រើន​ពី​អតិថិជន​លើស​ការ​រំពឹង​ទុក​។​ ​ហើយ​ចំពោះ​ទៅ​ថ្ងៃមុខ​ ​ម្ចាស់​អាជីវកម្ម​ក៏មាន​គម្រោង​នៅ​ក្នុង​ការពង្រីក​ឱ្យ​កាន់តែ​ធំ​ទូលាយ​ ​មានការ​ស្គាល់​ ​និង​គាំទ្រ​កាន់តែ​ច្រើន​ ​ជាពិសេស​មាន​កន្លែង​ដែល​អាច​ឱ្យ​ភ្ញៀវ​អាចម​ក​ធ្វើការ​រើស​ម៉ូត​ផ្កា​ដោយ​ផ្ទាល់​ផង​ដែរ​។​ ​គួរ​បញ្ជាក់​ដែរ​ថា​ ​ផលិតផល​របស់​ ​«​P​k​a​-​ផ្កា​»​ ​មាន​តម្លៃ​ចាប់ពី​១​ម៉ឺន​រៀល​ឡើង​ ​ទៅតាម​ការ​កុម្មង់​របស់​អតិថិជន​៕​

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN



SUGGESTIONS