×

ប្លែក​ជាង​ឆ្នាំមុន​ៗ​ ​SHOW​ ​ME​ ​SOMETHING​ 2024 ​នាំមក​នូវ​ស្នាដៃ​បញ្ចូល​គ្នា​រវាង​ហ្វេ​ហ្សិ​ន​ ​និង​សម្រស់​

ENTERTAINMENT 3 weeks ago
 
 

          បើក​ទំព័រ​សម្រាប់​ឆ្នាំ២០២៤​ ​កម្មវិធី​ ​SHOW​ ​ME​ ​SOMETHING​ ​បាន​បោះជំហាន​ឡើង​ទៅ​មួយ​កម្រិត​ទៀត​ ​ដោយ​បាន​ពាំ​នាំមក​នូវ​ភាព​អស្ចារ្យ​ ​ជាមួយ​ការ​បង្ហាញ​ស្នាដៃ​រួមគ្នា​ ​រវាង​សិស្ស​ច្នៃ​ម៉ូដ​សម្លៀក​បំពាក់​ ​សិស្ស​ច្នៃ​ម៉ូដ​ក្រចក​ ​និងសិស្ស​ជំនាញ​ត​រោមភ្នែក។​

          ជា​ការពិត​ណាស់​ ​ព្រឹត្តិការណ៍​ ​SHOW​ ​ME​ ​SOMETHING​ 2024 ​របស់​សាលា​ ​FASANA​ ​បាន​ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃទី៦​ ​ខែមេសា​ ​ឆ្នាំ២០២៤​ ​នៅ​អគារ​ ​Kampus​ ​ស្ថិត​លើ​មហាវិថី​ព្រះ​មុនីវង្ស​ ​ក្នុង​ខណ្ឌ​ចំការមន​ ​រាជធានី​ភ្នំពេញ។​ ​ខុសប្លែក​ពី​ឆ្នាំមុនៗ​ ​ធ្លាប់តែ​បង្ហាញ​ស្នាដៃ​ច្នៃ​ម៉ូដ​របស់​សិស្ស​បញ្ចប់​ការសិក្សា​ ​ក្រឡេក​មក​ឆ្នាំ២០២៤​ ​នេះ​ ​កម្មវិធី​បាន​សហការ​ជាមួយ​ស្ថាប័ន​ដ៏​មាន​សក្តានុពល​ចំនួន​ពីរ​ទៀត​គឺ​ ​សាលា​សិល្បៈ​រចនា​ក្រចក​ដ៏​ល្បី​ ​The​ ​Queen​ ​Nail​ ​និង​សាលា​បណ្តុះបណ្តាល​ឯកទេស​ត​រោមភ្នែក​ដ៏​មាន​ប្រជាប្រិយភាព​ ​EMT។​

          នៅ​ក្នុង​កម្មវិធី​ដែល​មាន​ភ្ញៀវ​ចូលរួម​សុទ្ធ​សឹង​មកពី​វិស័យ​ហ្វេហ្សិន​ ​និង​សម្រស់​ ​ក្នុង​នោះ​ក៏មាន​វត្តមាន​ ​ឯកឧត្តម​ ​សំ​ហេង​ ​បុរស​ ​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ ​បាន​អញ្ជើញ​ចូលរួម​ផង​ដែរ។​ ​ឯកឧត្តម​ ​សំ​ហេង​ ​បុរស​ ​បាន​ឡើង​ធ្វើ​អត្ថាធិប្បាយ​ដោយ​បង្ហាញ​ពី​ទ​ស្សនៈ​វិជ្ជមាន​ចំពោះ​វិស័យ​ហ្វេហ្សិន​នៅ​កម្ពុជា​ ​ក៏ដូចជា​ការ​សម្លឹង​ឃើញ​ពី​ភាព​រីក​ចម្រើន​របស់​ធនធាន​ច្នៃ​ម៉ូដ។​ ​ក្រោយ​ការ​អត្ថាធិប្បាយ​ ​កម្មវិធី​ក៏​មានការ​បង្ហាញ​នូវ​ទស្សនីយភាព​ដ៏​អស្ចារ្យ​ ​គឺ​ការ​សម្តែង​គុនល្បុក្កតោ​ខ្មែរ។​

          ឃើញ​ថា​ស្នាដៃ​ច្នៃ​ម៉ូដ​របស់​សិស្ស​ជំនាន់​ថ្មី​ ​មិនចាញ់​រៀមច្បង​ជំនាន់​មុនៗ​ប៉ុន្មាន​ឡើយ។​ ​តាមរយៈ​ម៉ូដ​សម្លៀកបំពាក់​ ​សិស្ស​ច្នៃ​ម៉ូដ​ហាក់​ផ្ចិតផ្ចង់​ទៅលើ​គំនិត​ (Concept) ​ការ​ដេរ​ ​ការ​ប្រើ​ក្រណាត់​ ​និង​បច្ចេកទេស​ផ្សេងៗ​ ​ធ្វើ​ឱ្យ​ស​ម្លៀ​ក​បំពាក់​នីមួយៗ​ចេញ​មក​មាន​ភាព​លេចធ្លោ​ ​ឥត​ខ្ចោះ​ ​និង​បត់បែន។​ ​ការ​បង្ហាញ​មាន​ចែកចេញជា​ច្រើន​វគ្គ​ ​ចាប់ផ្តើម​ពី​វគ្គ​ទី​១​ ​អ្នក​ច្នៃ​ម៉ូដ​ចំនួន​ ​១០នាក់​ ​បង្ហាញ​ស​ម្លៀ​ក​បំពាក់​ផ្តោត​លើ​ ​Big​ ​Skirt​ ​ឬ​សំពត់​ធំ​ ​ក្នុង​គំនិត​ ​The​ ​Nature​, ​វគ្គទី២​ ​អ្នក​ច្នៃ​ម៉ូដ​ ​៣នាក់​ ​បង្ហាញ​សម្លៀក​បំពាក់​ផោ្ត​ត​លើ​ ​Big​ ​Dress​ ​ឬ​រ៉ូប​ធំ​ ​ក្នុង​គំនិត​ ​Ancient​ ​Greece​ ​and​ ​Victorian​ ​Era​, ​វគ្គទី៣​ ​ជា​គម្រោង​ស្រាវជ្រាវ​របស់​សិស្ស​ ​Term​ 3 ​ដែល​មាន​អ្នក​ច្នៃ​ម៉ូដ​ ​៨នាក់​, ​វគ្គទី៤​ ​ការ​បង្ហាញ​ស​ម្លៀ​ក​បំពាក់​បុរស​នារី​ ​និង​ចុងក្រោយ​ជា​ការ​បង្ហាញ​ ​Mini​ ​Collection​ ​របស់​អ្នក​ច្នៃ​ម៉ូដ​ ​១១រូប។​

          គួរ​ឱ្យ​ដឹង​ដែរ​ថា​ ​កម្មវិធី​ ​SHOW​ ​ME​ ​SOMETHING​ ​តែងតែ​រៀបចំ​ឡើងជា​រៀងរាល់​ឆ្នាំ​។​ ​កម្មវិធី​នេះ​មិន​ត្រឹមតែ​ជា​ការ​បង្ហាញ​ស្នាដៃ​ច្នៃ​ម៉ូដ​របស់​សិស្សសាលា​ ​FASANA​ ​ប៉ុណ្ណោះ​ទេ​ ​តែ​ថែមទាំង​ជា​ចំណែក​មួយ​លើក​ក​ម្ពស់​ធនធាន​ច្នៃ​ម៉ូដ​ជំនាន់​ថ្មី​ ​និង​ចូលរួម​អភិវឌ្ឍ​វិស័យ​ហ្វេហ្សិន​នៅ​កម្ពុជា​ផង​ដែរ៕​

Article​ ​by​ ​HEM​ ​SO​KK​HIM​ (​Z​M​)


SUGGESTIONS