×

ជំនួបនឹង គឹម ពេជ្រវិមាន វិចិត្រករស្រីលើផ្នែកសិល្បៈគំនូរ Abstract

NEWS 3 days ago
 
 

          នៅលើគណនីបណ្តាញសង្គម Instagram របស់កញ្ញា គឹម ពេជ្រវិមាន ឈ្មោះថា “Daisyodia” សុទ្ធសឹងតែជាបណ្តុំស្នាដៃសិល្បៈគំនូរ Abstract ដ៏ប្រណិតជាច្រើនផ្ទាំងដែលបង្កប់អត្ថន័យ និងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ។ សិល្បៈគំនូរ Abstract ទាំងនោះក៏បានដាក់តាំងបង្ហាញនៅកន្លែងប្រណិតៗមួយចំនួនស្ថិតក្នុងក្រុងភ្នំពេញដូចជា៖ បន្ទប់តាំងបង្ហាញ Le Condé BKK មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ី (Russian Centre of Science and Culture) វិចិត្រសាលស្រា Monsieur, រួមទាំងវិចិត្រសាលសិល្បៈអង្គរជាដើម។

          អតីតម្ចាស់ជ័យលាភី White Canvas Cambodia 2020 រូបនេះបានបង្ហាញ សូវរីន ឲ្យដឹងថាខ្លួនមានទេពកោសល្យ ជាមួយនឹងផ្នែកសិល្បៈគំនូរតាំងពីកុមារភាព។ ជាក់ស្តែង វិចិត្រករស្រី វ័យ២៨ រូបនេះ បញ្ជាក់ថា “ខ្ញុំចាប់កាន់ជក់គូរគំនូរផ្ទាល់ចាប់តាំងពីអាយុ ១១ឆ្នាំមកម្ល៉េះ រាល់ពេលដែលខ្ញុំផ្តើមគូរគំនូរម្តងៗ ខ្ញុំតែងតែប្រើប្រាស់អារម្មណ៍ រួមទាំងការស្រមើស្រម៉ៃរបស់ខ្ញុំទៅកាន់គំនូរទាំងនោះ។ អ្វីដែលខ្ញុំសង្ឃឹមនោះគឺអ្នកទស្សនាស្នាដៃរបស់ខ្ញុំ គេនឹងសប្បាយចិត្ត ឬគិតអ្វីដែលពិសេសៗចេញពីគំនូររបស់ខ្ញុំផងដែរ។” កញ្ញា បានបន្ត “ខ្ញុំគ្រោងនឹងចូលរួមការតាំងពិព័រណ៌គំនូរនៅតាមបណ្តាប្រទេសមួយចំនួននាប៉ែកអឺរ៉ុប ខ្ញុំចង់បង្ហាញពីអ្វីដែលប្រជាជនកម្ពុជាអាចធ្វើបានជាមួយនឹងសិល្បៈ ក្តីស្រឡាញ់ និងទេពកោសល្យរបស់យើងរាល់គ្នាទៅកាន់ពិភពលោក។”

          ជាមួយនឹង ពេជ្រវិមាន បានផ្តល់នូវនិយមន័យនៃ សិល្បៈគំនូរ Abstract យ៉ាងដូច្នេះថា៖ គឺជាការបង្ហាញពីភាពសម្រស់ទិដ្ឋភាពដ៏ស្រស់ស្អាតមួយដែលពឹងផ្អែកទៅលើការស្រម៉ៃរូបភាពរបស់វិចិត្រករម្នាក់ៗ។ ដូច្នេះទើបយើងកត់សម្គាល់ថា សិល្បៈគំនូរAbstract តែងរំលេចចេញនូវទម្រង់ខុសៗគ្នា។ ជាក់ស្តែង កញ្ញា Daisy ក៏បញ្ជាក់ថាអ្នកគាំទ្ររបស់កញ្ញាអាចកំណត់សម្គាល់ស្នាដៃរបស់នាងតាមរយៈកាលកំណត់អត្តសញ្ញាណបីចំណុចសំខាន់ៗក្នុងនោះមានដូចជា៖ គំនូរដែលមានភាពច្បាស់លាស់ ប្រណិតភាព និងភាពខុសប្លែកនៃទម្រង់ ជាដើមផងដែរ។

          ទន្ទឹមនឹងការសន្ទនារបស់ក្រុមការងាររបស់ សូវរីន ជាមួយវិចិត្រករស្រី Daisy ត្រៀមនឹងបញ្ចប់ កញ្ញាក៏បានបង្ហាញឲ្យដឹងផងដែរថា កញ្ញាទើបតែបញ្ចប់ការតាំងពិព័រណ៍ស្នាដៃគំនូរលើកទី៥របស់ខ្លួនដែលស្ថិតនៅសណ្ឋាគារ Raffles Hotel ផងដែរ៕

 

Article by SIVLY PAN (EMILIE SIV)


SUGGESTIONS