ក្រោយពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈជាច្រើនឆ្នាំ ក៏ដូចជាមមាញឹកជាមួយនឹងការងារផ្ទាល់ខ្លួនយ៉ាងណា ហ៊ុន លីហ៊ នៅតែបន្តក្តីស្រឡាញ់របស់ខ្លួនទៅលើផ្នែកគំនូរដូចសព្វមួយដង រីឯថ្មីៗនេះ លីហ៊ក៏បានបង្ហាញស្នាដៃដ៏ទាក់ទាញមួយចំនួននៅលើបណ្តាញសង្គមរបស់ខ្លួនផងដែរ។
ទន្ទឹមនឹងការសន្ទនាជាមួយក្រុមការងារ សូវរីន យុវជនវ័យ ២៨ ឆ្នាំរូបនេះបានបង្ហាញពីគន្លឹះសំខាន់ៗ ដើម្បីធ្វើឲ្យគំនូរកាន់តែមានភាពទាក់ទាញគឺអាស្រ័យទៅលើ៣ចំណុចសំខាន់ៗដូចជា៖ ការស្វែងយល់គំនិត ឬអត្ថន័យ គំនិតគំនូរព្រាង ព័ត៌មានលម្អិត ឬការប្រើប្រាស់ពណ៌លើគំនូរ។ “ជាធម្មតា ខ្ញុំព្យាយាមបង្កើតគំនិត ឬអត្ថន័យផ្សេងៗនៃស្នាដៃគំនូររបស់ខ្ញុំដែលធ្វើឲ្យអ្នកទស្សនាពុំមានភាពធុញទ្រាន់ជាមួយនឹងគំនូរនោះទេ។ ហើយមួយវិញទៀតនោះគឺ ទស្សនិកជននឹងទទួលបានអារម្មណ៍ដ៏ប្លែកភ្នែកពីគំនូរនោះផងដែរ។” នេះបើតាមការលើកឡើងរបស់ លីហ៊ ឬរាហ៊ូ (ដែលគេច្រើនស្គាល់ថារាហ៊ូ) បានបញ្ជាក់ព័ត៌មានលម្អិតមកក្រុមការងារ។
ស្នាដៃគំនូរដែលមានឈ្មោះថា “វេចនំអន្សម” គឺជាការកើតចេញពីម្ហូបប្រពៃណីនៃប្រជាជនខ្មែរដែលស្ថិតនៅក្នុងខេត្តបាត់ដំបងផ្ទាល់តែម្តង។ រាហ៊ូ បានលើកឡើងថា “ខ្ញុំបានបង្កើតស្នាដៃនេះ ដើម្បីពិពណ៌នាអំពីវិធីវេចនំ និងរុំនំអន្សមផងដែរ។ ត្រង់ចំណុចនេះខ្ញុំចង់បង្ហាញដល់អ្នកទស្សនាបានដឹងថាការវេចនំអន្សមគឺជាទំនៀមទម្លាប់របស់ជនជាតិខ្មែរក្នុងការវេចនំអន្សមក្នុងពិធីបុណ្យប្រពៃណីជាតិ ជាក់ស្តែងដូចជា បុណ្យភ្ជុំបិណ្ឌដូច្នេះដែរ” ។
ការសន្ទនាក្រុមការងារ សូវរីន ត្រៀមនឹងបញ្ចប់ យុវជន លីហ៊ ដែលភាគច្រើនស្គាល់ថា រាហ៊ូ ក៏បានបញ្ជាក់យ៉ាងច្បាស់ថា “ការនិទានរឿងទៅលើស្នាដៃសិល្បៈ គឺពិតជាសំខាន់សម្រាប់ការបង្ហាញអ្វីមួយទៅកាន់អ្នកទស្សនា។ ស្នាដៃរបស់ខ្ញុំផ្ទាល់ក៏បង្ហាញអារម្មណ៍នានាដូចជា សុភមង្គល ការសប្បាយរីករាយ ការប្រារព្ធ ការរីករាយក្នុងស្នេហា អនុស្សាវរីយ៍ ការសោកស្តាយ… តាមរយៈតួអង្គ ឬបរិយាកាសនៃស្នាដៃនីមួយៗ។ សិល្បៈពិតជាមានឥទ្ធិពលដល់អារម្មណ៍ដល់អ្នកទស្សនាយ៉ាងពិប្រាកដ។ សម្រាប់ស្នាដៃរបស់ខ្ញុំផ្ទាល់ក៏បង្ហាញអារម្មណ៍នានាដូចជា សុភមង្គល ការសប្បាយរីករាយ ការប្រារព្ធពិធី ភាពរីករាយក្នុងស្នេហា អនុស្សាវរីយ៍ ការសោកស្តាយ តាមរយៈតួអង្គ ឬបរិយាកាសនៃស្នាដៃនីមួយៗ។ ស្នាដៃសិល្បៈភាគច្រើននឹងផ្តល់ភាពគួរឲ្យចាប់អារម្មណ៍ច្រើនជាងនេះទៅទៀត នៅពេលដែលខ្ញុំស្វែងរកអ្វីមួយដែលទស្សនិកជនធ្លាប់បានឃើញ ប៉ុន្តែក្នុងនោះក៏មានភាពខុសប្លែកបន្តិចបន្តួចផងដែរ។ ទស្សនិកជននឹងមានអារម្មណ៍ភ្ញាក់ផ្អើល ហើយនឹងមានទាក់ទាញទៅលើគំនូរនោះនឹងស្វែងរកព័ត៌មានបន្ថែមៗទៀត។ ឧទាហរណ៍ ស្នាដៃសិល្បៈ “ពិធីបុណ្យទូក” ខ្ញុំបានបញ្ចូលពិធីសម្ដែងចំបង៤ក្នុងគំនិតតែមួយ ហើយបង្ហាញអារម្មណ៍នៃសុភមង្គល ការប្រារព្ធ ការដឹងគុណ និងពណ៌សម្បូរបែបនៃការរីករាយ៕”