ស្ថិតនៅចម្ងាយ ២០គីឡូម៉ែត្រភាគខាងត្បូងពីទីក្រុងភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិតេជោត្រូវបានរចនាឡើង ដើម្បីធ្វើឲ្យការធ្វើដំណើរហោះហើរមកកាន់ប្រទេសកម្ពុជាកាន់តែមានភាពងាយស្រួល ហើយក៏ជាគោលដៅដ៏សំខាន់មួយក្នុងការទាក់ទាញទេសចរណ៍ ក៏ដូចជាការវិនិយោគទុនអាជីវកម្មអន្តរជាតិផ្សេងៗទៀត។
ការរចនារបស់អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) បានចូលរួមអភិវឌ្ឍដោយក្រុមហ៊ុន OCIC តាមរយៈ CAIC និងរចនាដោយក្រុមហ៊ុន Foster + Partners ដែលបានបញ្ចូលនូវបេតិកភណ្ឌវប្បធម៌របស់ខ្មែរដែលនឹងផ្តល់បទពិសោធន៍ថ្មីអ្នកដំណើរគ្រប់ជើងហោះហើរ។ ជាក់ស្តែង ការរចនាទាំងអស់នៃអាកាសយានដ្ឋានថ្មីនេះ គឺការបំផុសគំនិតពីទម្រង់ស្ថាបត្យកម្មខ្មែរដែលមានលំហរដ៏ធំទូលាយ ជាពិសេស ដំបូលអាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានច្នៃចេញពីរូបរាងអង្រុតដែលជាឧបករណ៍នេសាទរបស់ខ្មែរ។
ការសាងសង់អាកាសយានដ្ឋានដ៏ប្រណីត និងធំបំផុតក្នុងកម្ពុជាត្រូបានគិតគូរយ៉ាងហ្មត់ចត់ពីស្ថាបត្យកម្ម និងរចនាបថខ្មែរ ទាំងការយកចិត្តទុកដាក់បំផុតដោយគិតគូរពីអាកាសធាតុត្រូពិចរបស់ប្រទេសកម្ពុជាដែលធានាបានថាការធ្វើប្រតិបត្តិការប្រកបដោយប្រសិទ្ធ។ ផ្ទៃខាងក្នុងធំទូលាយ និងមានទេសភាពបៃតងខ្ចីដែលកាន់តែលើកសម្រស់ស្ថានីយ៍កាន់តែស្រស់ប្លែកដែលមានពន្លឺធម្មជាតិចេញចូលក្នុងស្ថានីយ៍ដែលធ្វើឲ្យអ្នកដំណើរមានភាពស្រស់ស្រាយ និងបំបាត់ភាពនឿយហត់ ក្រៅពីការបម្រើអ្នកដំណើរ អាកាសយានដ្ឋានក៏ត្រូវបានរចនាឡើង ដើម្បីផ្តល់នូវចំណាប់អារម្មណ៍ដំបូងដែលជាការចងចាំសម្រាប់ភ្ញៀវទេសចរនៅពេលបានធ្វើដំណើរមកដល់ទីនេះថែមទៀត។
ផែនការចម្បងសម្រាប់អាកាសយានដ្ឋានថ្មី រួមនឹងគំនិតស្ថាបត្យកម្មត្រូវបានកំណត់ និងអនុវត្តជាបីដំណាក់កាលធំៗគឺ៖ ដំណាក់កាលទី ១៖ អាចផ្ទុកអ្នកដំណើរបានរហូតដល់ ១៣ លាននាក់ក្នុងមួយឆ្នាំ ដំណាក់កាលទី ២៖ ពង្រីកដល់ ៣០ លាននាក់ និងដំណាក់កាលអភិវឌ្ឍន៍ពេញលេញ៖ រហូតដល់ ៥០ លាននាក់។
ខុសពីការធ្វើដំណើរដូចសព្វដង អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) នឹងមានប្រព័ន្ធសម្រាប់ដាក់អីវ៉ាន់ដោយខ្លួនឯង ប្រព័ន្ធចុះឈ្មោះចូលដោយស្វ័យប្រវត្តិ និងបច្ចេកវិទ្យាផ្សេងទៀតដែលផ្តោតលើអ្នកដំណើរ ដែលមានគោលបំណងកាត់បន្ថយពេលវេលារង់ចាំ ហើយចំណុចនេះដែរនឹងធ្វើឲ្យការធ្វើដំណើរលឿន និងមានប្រសិទ្ធភាពជាងមុន។
គួរបញ្ជាក់ផងដែរថា ប្រព័ន្ធដំណើរការនៃការហោះហើរដែលស្ថិតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនឹងផ្ទេរមកអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) នៅយប់ថ្ងៃទី០៨ ខែកញ្ញា ឈានចូលថ្ងៃទី០៩ ខែកញ្ញា ដែលជាការប្រតិបត្តិការសាកល្បង និងសម្ពោធជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥៕
Article by SIVLY PAN