×

លោកស្រី គង់ សុជាតិ នៅតែជាពិធីការិនីដ៏ឆ្នើម និងលេចធ្លោ

NEWS 2 hours ago
 
 

          មកដល់សព្វថ្ងៃនេះ ជាងបីទសវត្សរ៍មកហើយដែល លោកស្រី គង់ សុជាតិ ត្រូវបានគេស្គាល់ថាជាពិធីការិនីអាជីពម្នាក់នៅក្នុងវិស័យកម្សាន្ត និងការរៀបចំព្រឹត្តិការណ៍នានានៅកម្ពុជា។ ដំណើរ ជីវិត របស់ លោកស្រី បានធ្វើឲ្យពិធីការិនីជំនាន់ក្រោយត្រាប់តាមយ៉ាងខ្ជាប់ខ្ជួន ជាពិសេស វត្តមាននៃភាពបន់បែនរបស់លោកស្រីនៅក្នុងព្រឹត្តិការណ៍ជាន់ខ្ពស់ដែលតែងចាក់ផ្សាយតាមទូរទស្សន៍ និងព្រឹត្តិការណ៍ជាតិសំខាន់ៗជាដើម។

          ក្នុងនាមជាពិធីការិនីដ៏ពេញនិយម និងមានជំនាញច្បាស់លាស់ លោកស្រីបានកំណត់នូវស្តង់ដារនៅលើឆាកជាបន្តបន្ទាប់ ហើយបានក្លាយជាពិធីការិនីដ៏មានប្រជាប្រិយភាព ដែលប្រិយមិត្តចូលរួមជាតិខ្មែរស្គាល់លោកស្រីតាមរយៈសមត្ថភាព និងសំឡេងដ៏ផ្អែមស្រទន់របស់លោកស្រីនៅលើឆាកនៃកម្មវិធីនីមួយៗក្នុងការទាក់ទាញទស្សនិកជន និងបង្កើនភាពស្រស់ស្អាតនៃព្រឹត្តិការណ៍ផងដែរ។ ពិធីការិនីជើងចាស់រូបនេះបានបង្ហើបមកកាន់ក្រុមការងារ សូវរីន យ៉ាងដូច្នេះថា «ខ្ញុំតែងតែរំលឹកខ្លួនឯងថា ត្រូវគោរពតាមពេលវេលាកំណត់ ព្រោះពេលវេលាពិតជាសំខាន់»។ ក៏ព្រោះតែវិន័យផ្ទាល់ខ្លួននេះដែរបានដឹកនាំឲ្យលោកស្រីជោគជ័យ និងនៅតែបន្តប្រជាប្រិយភាពរបស់ខ្លួនក្នុងវិស័យមួយនេះ។ 

          ជាង ៣០ ឆ្នាំកន្លងមកដល់បច្ចុប្បន្ន លោកស្រី បានធ្វើជាពិធីការិនីរៀបចំព្រឹត្តិការណ៍គ្រប់ប្រភេទ ចាប់តាំងពីពិធីជប់លៀងលំដាប់ខ្ពស់ រហូតដល់កម្មវិធីប៉ុស្តិ៍ទូរទស្សន៍នានា ជាពិសេស កម្មវិធីការប្រកួត The Voice Kids Cambodia ដែលជាព្រឹត្តិការណ៍លំដាប់ពិភពមួយ ដែលលោកស្រីពេញចិត្តជាខ្លាំងក្នុងការចូលរួមចំណែកការងារជាមួយនឹងក្មេងៗដែលពេញដោយទេពកោសល្យផងដែរ។ ទន្ទឹមនឹងនេះ លោកស្រីក៏បានពោលថា «កម្មវិធីនេះបានអនុញ្ញាតឲ្យក្មេងៗដែលមានទេពកោសល្យជាច្រើនរូបបង្ហាញសមត្ថភាពរបស់ពួកគេដែលវេទិកាបែបនេះគឺជាដូចជាតម្រុយមួយដែលធ្វើឲ្យមានភាពក្លាហានក្នុងការបញ្ចេញសមត្ថភាព និងអាចស្វែងរកភាពជាខ្លួនឯងនៅថ្ងៃអនាគតថែមទៀត»។

          ភាពស្ថិតស្ថេររបស់លោកស្រី សុជាតិក្នុងវិស័យនេះមិនមែនគ្រាន់តែជាលទ្ធផលនៃបទពិសោធន៍ការងារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាផ្នែកមួយដែលនៅក្នុងទស្សនវិជ្ជារបស់លោកស្រីផងដែរ។ លោកស្រីបានបន្តថា «ក្នុងនាមជាពិធីករ ឬពិធីការិនី យើងត្រូវមានភាពបត់បែន ឆ្លាតវៃ និងភាពច្នៃប្រតិដ្ឋទៅតាមព្រឹត្តិការណ៍នីមួយៗ។ ការយល់ដឹងពីប្រធានបទនៃព្រឹត្តិការណ៍ទាំងនោះគឺជាភាពចាំបាច់បំផុត។ ក្នុងនាមជាពិធីករ ពិធីការិនីយើងត្រូវថែរក្សាសុខភាពរបស់យើងឲ្យបានល្អបំផុត ញ៉ាំអាហារល្អ ផឹកទឹកឲ្យបានគ្រប់គ្រាន់ និងគេងឲ្យបានគ្រប់គ្រាន់»។ លោកស្រីបានបន្ថែមថា «ការគោរពខ្លួនឯង ទាំងផ្លូវកាយ និងផ្លូវចិត្ត ការស្លៀកពាក់ឲ្យបានត្រឹមត្រូវគឺជាផ្នែកដ៏សំខាន់ ហើយវាបានឆ្លុះបញ្ចាំងពីតម្លៃរបស់ខ្លួនយើងផ្ទាល់តែម្តង ម៉ូដសំលៀកបំពាក់ពិសេសៗ មិនមែនគ្រាន់តែជាម៉ូដប៉ុណ្ណោះទេ ប៉ុន្តែវាជាផ្នែកមួយនៃការបង្ហាញពីភាពថ្លៃថ្នូរនៅចំពោះមុខទស្សនិកជននៃព្រឹត្តិការណ៍នោះ»។

          លោកស្រីគង់ សុជាតិក៏ជាសហគ្រិនដ៏គួរឲ្យគោរព ជាពិសេសការបង្កើតសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ សុជាតិ ផងដែរ។ យ៉ាងណាមិញ ប្រសិនបើក្រឡេកមើលចាប់អារម្មណ៍លើការថែទាំក្រុមគ្រួសាររបស់លោកស្រីវិញ លោកស្រីនៅតែប្រកាន់ភ្ជាប់តួនាទីក្នុងនាមជាម្តាយដែលផ្តល់នូវភាពកក់ក្តៅសម្រាប់គ្រួសារ។ ថ្ងៃចុងសប្តាហ៍គឺជាពេលវេលាដែលលោកស្រីចំណាយពេលទុកសម្រាប់គ្រួសារ លោកស្រីបានបញ្ជាក់ថា «ក្នុងនាមជាឪពុកម្តាយ ទំនួលខុសត្រូវរបស់យើងគឺត្រូវធ្វើពេលវេលាសម្រាប់កូនៗរបស់យើង ទាន់ពួកគេនៅកុមារភាព ហើយនៅពេលដែលពួកគេពេញវ័យ ពួកគេនឹងស្វែងរកភាពជាខ្លួនឯងជាជាងត្រូវការចំណាយពេលជាមួយយើង» ។

          មុននឹងបញ្ចប់កិច្ចសន្ទនាជាមួយនឹងក្រុមការងារ លោកស្រី គង់សុជាតិបានលើកទឹកចិត្តដល់អ្នកជំនាន់ក្រោយថា ការធ្វើការងារដោយចេញពីចិត្តស្រលាញ់ គឺជាមូលដ្ឋានមួយនៃភាពជោគជ័យ ទាំងការងារ និងខ្លួនឯងផ្ទាល់ ការចេះអត់ធ្មត់ មានភាពច្បាស់លាស់ ការជឿជាក់លើខ្លួនឯង និងហ្វឹកហាត់លើចំណុចទន់ខ្សោយគឺជាភាពខ្លាំង និងជាការផ្តល់តម្លៃលើខ្លួនឯងផ្ទាល់តែម្តង៕

Article by Sivly Pan (Émilie)
 


SUGGESTIONS