×

​បច្ចេកវិទ្យា​ទំនើបចុងក្រោយ IMAX Theater ​នឹង​មានវត្ត​មាន​នៅ​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ​នេះ​

TRAVEL & LIVING 6 years ago
 
 

​​          ​អ្នក​ប្រហែល​ជា​ធ្លាប់​បាន​ឃើញ​និង​មើល​ទូរទស្សន៍​ដែល​មាន​អេក្រង់​កោង​និង​មាន​កម្រិត​រូបភាព​ច្បាស់​ល្អ​រួច​មក​ហើយ។ ចុះ​ប្រសិន​បើ រោងភាពយន្ត​ដែល​មាន​ផ្ទាំង​សំពត់ស កោងដូចកញ្ចក់​ទូរទស្សន៍​នោះ តើវា​នឹង​ទៅ​ជា​យ៉ាង​ណា? នេះ​ប្រហែល​ជាបទពិ​សោធន​៍​ថ្មី​សម្រាប់​ប្រជាជន​កម្ពុជា​យើង​ដែល​មាន​រោងភាពយន្ត អេក្រង់​កោង​ដែល​គេ​ហៅ​ថា “IMAX”។ IMAX ឬ Image Maximum គឺជា​បច្ចេក​វិទ្យា​រោងភាពយន្ត​ដែល​មាន​ផ្ទាំង​សំពត់ស​ធំ​លើស​ពី​អ្វី​ដែល​យើង​ធ្លាប់​បាន​ឃើញ​នៅ​ក្នុង​រោងភាពយន្ត​បច្ចុប្បន្ន​នេះ។ជាទូ​ទៅ​ស្រ្គីន​របស់ IMAX អាច​មាន​កម្ពស់​រហូត​ដល់ ១៦​ម៉ែត្រ និង​ទទឹង ២២ ម៉ែត្រ​ឯណោះ ដែល​នេះ​គឺជា​ស្រ្គីន​រោងភាពយន្ត​ដ៏​ធំ​បំផុត​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ឡើយ​ក្នុង​ប្រវត្តិសាស្រ្ត​រោងភាពយន្ត​នៅ​កម្ពុជា។

          ដោយ​សារតែ​វា​មាន​ទំហំ​ធំ​ខ្លាំង​បែប​នេះ​ហើយ​ទើប​អ្នក​បច្ចេកទេស​បាន​រចនា​ស្រ្គីន IMAX នេះ​ឲ្យ​មាន​រាងកោងផត​ចូល​ក្នុង​និង​ផ្តេកមក​មុខ​បែរសម្តៅ​មករក​ទស្សនិកជន​កាន់​តែកៀក​ជាង​មុន​ដែល​អាច​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ហាក់​បាន​ដូច​នៅ​ក្នុង​ភាពយន្ត​ពិតៗដូច្នោះ​ដែរ។ បើ​ទោះ​បី IMAX មាន​ទំហំ​ផ្ទាំង​សំពត់ស​ធំ​ក៏​ពិត​មែន ក៏​ប៉ុន្តែ​វា​មិន​មែន​មាន​ន័យថា​យើង​ត្រួវងាក​ចុះ​ងាក​ឡើង​ទៅ​តាម​ចលនា​នៃ​សកម្មភាព​ក្នុង​ភាពយន្ត​ឡើយ។ រោងភាពយន្ត​ដែល​បាន​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​IMAX នេះ​បាន​រៀបចំ​កន្លែង​អង្គុយ​របស់​ទស្សនិកជន​ឲ្យ​ដូច​កន្លែង​អង្គុយ​នៅ​ក្នុង​ពហុកីឡាដ្ឋាន​អ៊ីចឹង​ដែរ។ ព្រោះ​ថា​ទម្រង់​នៃ​ការ​រៀបចំ​កន្លែង​អង្គុយ​នេះ​ត្រូវ​បាន​គេ​រៀបចំ​ឲ្យ​មាន​រាងកោង​ជាង​និង​ខ្ពស់​ជាង​មុន ដូច​នេះ​វាអាច​ធ្វើ​ឲ្យ​អ្នក​តាម​ដានភាពយន្ត​ក្នុង​រោងកុន​នោះ​ងាយ​ស្រួល​ទស្សនា​ថែម​មួយ​កម្រិត​ទៀត។ ដោយ​សារតែ IMAX មាន​ទំហំ​ស្រ្គីន​ដ៏​ធំ​បែប​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ធ្វើ​ឲ្យ​រោងភាពយន្ត IMAX ត្រូវ​ប្រើ​ប្រាស់​ម៉ា​ស៊ី​នស្លាយ​រហូត​ដល់​ទៅ​ពីរ ឬ​គេអាច​និយាយ​ម្យ៉ាង​ទៀត​ថា DUAL Projector ដើម្បី​​ឲ្យ​កម្រិត​រូបភាព​មាន​ភាព​ច្បាស់​ល្អ។

          IMAX មិន​ត្រឹម​តែ​មាន​ទំហំ​អេក្រង់​ធំ​ជាង កោង​ជាង គុណភាព​រូបភាព​ច្បាស់​ជាង​រោងភាពយន្ត​ធម្មតា​ឡើយ សូម្បីតែប្រព័ន្ធ​សម្លេង​ក៏​ច្បាស់​ជាង​និង​ទាក់​អារម្មណ៍​អ្នក​ទស្សនា​ជាង​រោងភាពយន្ត​ធម្មតា​ផង​ដែរ។ កន្លង​មក​យើង​ធ្លាប់​តែ​បាន​ស្គាល់​ពី Dolby Surround Sound ដែល​គេ​បាន​បំពាក់​Speaker តូចៗ​នៅ​ជុំ​វិញ​​ខ្លួន​យើង។ Dolby Surround Sound បាន​បញ្ជេញសម្លេង​ប្រដេញ​គ្នា​ពី Speaker មួយ​ទៅ Speaker មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថាសម្លេង​នៅ​ក្នុង​ភាពយន្ត​នោះ​ហាក់​ដូចជា​សម្លេង​ពិតៗ​ដែល​នៅ​ជិត​នឹង​យើង​ផង​ដែរ។ ដោយ​ឡែក ប្រព័ន្ធ​សម្លេង​របស់ IMAX មិន​មាន​កូន Speaker តូចៗ​នៅ​ជុំ​វិញ​​ខ្លួន​អ្នក​ឡើយ តែវា​ជំនួស​មក​វិញ​នូវ​ឧបករណ៍​បំពងសម្លេង​ធំៗ​ចំនួន​ប្រាំ​ដែល​គេតម្លើង​នៅ​កែងជ្រុង​ទាំង​បួន​នៃ​រោងភាពយន្ត​និង​នៅ​ពី​ក្រោយ​ស្គ្រីន។ Speaker ធំៗ​របស់ IMAX ទាំង​ប្រាំ​នេះ ក៏​អាចប្រដេញសម្លេង​កាន់​តែ​ច្បាស់​ជាង Dolby Surround Sound ដែល​ធ្វើ​ឲ្យ​បរិយាកាស​ក្នុង​រោងភាពយន្ត​ទាំង​មូល​កាន់​តែដូច​នៅ​ក្នុង​ភាពយន្ត​ពិតៗ​ផង​ដែរ។ នៅ​សហរដ្ឋ​អាមេរិក រោងភាពយន្ត IMAX នេះ​ត្រូវ​បាន​គេភ្ជាប់​នូវ Microphone មួយ​ទៀត​ដែល​អាច​វិភាគ​សម្លេង​ក្នុង​រោងកុន​ឲ្យ​មាន​ភាព​ស៊ី​មេទ្រី​គ្នា​ជា​មួយ​នឹង​សម្លេង​របស់​ភាពយន្ត​ទៀត​ផង។ មាន​ន័យថា ប្រសិន​បើសម្លេង​ហ៊ោកញ្ជ្រៀវ​របស់​ទស្សនិកជន​ខ្លាំង​នោះ សម្លេង​នៃ​ភាពយន្ត​ក៏​ខ្លាំង​ទៅ​តាម​កម្រិត​សម្លេង​ក្នុង​បរិយាកាស​ក្នុង​រោងកុន​នោះ​ផង​ដែរ។

          ប្រសិន​បើ​អ្នក​ជា​អ្នក​ដែល​បាន​ដឹងពី​ដំណើរ​ការ​នៃ​ការ​ចាក់​បញ្ចាំងកុន​នោះ អ្នក​ប្រហែល​ជាងឿងឆ្ងល់​ហើយ​ថា ប្រសិន​បើ​អេក្រង់​ធំ​ម្លឹងៗ និង​ប្រើ Projector រហូត​ដល់​ទៅ​ពីរ​នោះ តើដុំហ្វីល​របស់ IMAX នឹង​មាន​ទំហំ​ប៉ុណ្ណា​ទៅ? ជាការ​ពិត​ណាស់ នៅ​ពេល​ដែល​វត្ថុ​អ្វី​មួយ​ដែល​មាន​ទំហំ​ធំ នោះ​ឧបករណ៍​ផលិត​វត្ថុ​នោះ​ក៏​កាន់​តែ​ធំ​ទៅ​តាម​បរិមាណ​នៃ​ការ​ផលិត​របស់​វា​ផង​ដែរ។ តាម​ធម្មតា​ដុំហ្វីល​ដែល​គេយក​ទៅ​បញ្ចាំង​ក្នុង​រោងភាពយន្ត​ជាទូ​ទៅ​មាន​ទទឹង​ទំហំ ៣០មីលី​ម៉ែត្រ។ ដោយ​ឡែកដុំហ្វីល​របស់ IMAX មាន​ទទឹង​រហូត​ដល់​ទៅ ៧០មីលី​ម៉ែត្រ និង​បណ្តោយ​ទំហំ ១៥ មីលី​ម៉ែត្រ​ឯណោះ ដែល​នេះ​ពិត​ជា​បាន​ស​បញ្ជា​ក់​ថា រូបភាព​ដែល​ចេញ​ពី Projector IMAX នេះ​ពិត​ជា​មិន​បែក​និង​ខូច​គុណភាព​នោះ​ឡើយ​បើ​ទោះ​បីជា​បាន​ដាក់​បញ្ចាំងលើ​ផ្ទាំង​សំពត់ស​ធំ​ប៉ុណ្ណា​ក៏​ដោយ។

          ដុំហ្វីល​ដែល​មាន​ទំហំ ៧០មីលី​ម៉ែត្រ​គេ​មិន​អាច​ប្រើ​ប្រាស់​កាមេរ៉ាថតភាពយន្ត​ធម្មតា​មក​ផលិត​បាន​នោះ​ឡើយ។ ដូច្នេះ​​ហើយ​ទើប​ផលិត​ករភាពយន្ត​បាន​សម្រេច​យកកាមេរ៉ា​របស់ IMAX ផ្ទាល់​តែ​ម្តង។ មាន​គេហ​ទំព័រ​បច្ចេក​វិទ្យា​ជា​ច្រើន​បាន​និយាយ​ថា IMAX Camera អាច​មាន​ទម្ងន់​រហូត​ដល់​ទៅ ១៩​គីឡូ​ក្រាម និង​អាច​ផលិត​ជាភាពយន្ត​ក្នុង​កម្រិត​រូបភាព​រហូត​ដល់​ទៅ 18K ឯណោះ។ កន្លង​មក ភាពយន្តល្បី​របស់​ហូលីវូដជា​ច្រើន ប្រើ​ប្រាស់ IMAX Camera នេះ​រួម​មាន​រឿង៖ Avenger (Infinity war), The Dark Knight, Dunkirk, Kingsmanជា​ដើម និង​មាន​ភាពយន្ត​ដែល​នឹង​ត្រូវ​ចេញ​ក្នុង​ពេល​ឆាប់ៗ​នេះ​តួ​យ៉ាង៖ Deadpool 2, Ant–man and the wasp, Jurassic world: Fallen Kingdom។ល៕

Article by KEO SONG


SUGGESTIONS