×

សម្បត្តិបេតិកភ័ណ្ឌ​វប្បធម៌​ដ៏​មាន​តម្លៃ​កម្ររក​បាន​បង្កប់​ខ្លួន​ក្នុង​ស្រុក​កំពង់ត្រាច

TRAVEL & LIVING 6 years ago
 
 

          ​ស្រុក​កំពង់ត្រាចជា​ទីប្រជុំជន​តូច​មួយ​នៃ​ខេត្ត​កំពតស្ថិត​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៣១ និង ផ្លូវ​ជាតិ លេខ​៣៣ ជា​ចំណុច​ត​ភ្ជាប់​​ខេត្ត​កំពត​និង​ស្រុក​ដំណាក់ចង្អើរ​នៃ​ខេត្ត​កែប។ ភ្ញៀវ​ទេសចរ​ដែល​ទៅ​លេង​ខេត្ត​កែប​រមែង​ធ្វើ​ដំណើរ​កាត់​តាម​ស្រុក​នេះ​មុន​នឹង​ទៅ​ដល់​គោល​ដៅ​ប្រសិន​បើ​ពួក​គេ​ជិះ​តាម​ផ្លូវ​តានីទូក-មាស។ ក្រៅ​ពីសម្រស់​ធម្ម​ជាតិ​​ដ៏​លេចធ្លោ​គ្មាន​គូប្រៀប តើ​ស្រុក​កំពង់ត្រាច មាន​គោល​ដៅ​ផ្នែក​វប្បធម៌​ដែរ​ឬ​ទេ​សម្រាប់​​ទាក់​ទាញ​​ភ្ញៀវ​ទេសចរ​មកពី​ទី​ជិត​ឆ្ងាយ? ចម្លើយ ពិត​ជា​មាន​!

          ១. ភ្នំកំពង់ត្រាចៈ មាន​ទី​តាំង​ស្ថិត​ក្នុង​ឃុំដំណាក់កន្ទួត​ខាង​ត្បូង ស្រុក​កំពង់ត្រាច ខេត្ត​កំពត។ ដើម្បី​​ទៅ​ដល់ រមណីយដ្ឋាន​នេះ អ្នក​ទេសចរ​ពី​ភ្នំពេញ​​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ដល់​ម្តុំ​ផ្សារ​កំពង់ត្រាច (ត្រង់​ចំណុច​វត្ត​ឧទុម្ពរ) បត់ស្តាំ​ដៃ​ត្រង់​ស្លាកសញ្ញា “​រមណីយដ្ឋាន​ទេសចណ៍ភ្នំកំពង់ត្រាច” ចម្ងាយ​២​គីឡូ​ម៉ែត្រ។ នៅ​តាម​ល្អាង​នៃ​ភ្នំកំពង់ត្រាច នៅ​មាន​សេស សល់ស្លាកស្នាមថ្នាំ​ពណ៌​ផ្សេងៗ​ខ្លះៗ​មុន​សម័យ​សង្រ្គាម ដោយ​សារទី​នេះ​ធ្លាប់​ជា​កន្លែង​ថត​ខ្សែ​ភាពយន្ត​ដ៏ ល្បី​មួយ​របស់​ផលិត​ករកុន​ខ្មែរ​កាលពី​ទសវត្សរ៍​ទី៦០។

ភ្នំកំពង់ត្រាច

          ២. ប្រាសាទ​ភ្នំខ្យងៈ មាន​ទី​តាំង​ស្ថិត​នៅ​ភូមិ​ភ្នំខ្យង ឃុំ​ប្រាសាទ​ភ្នំខ្យង (អតីត​ឃុំកន្ថោរ​ខាង​ជើង) ស្រុក​កំពង់ ត្រាច។ អ្នក​ដំណើរ​ត្រូវ​ជិះ​ចូល​តាម​ខ្លោងទ្វារ​វត្ត​ប្រជា​សង្គម​ភ្នំក្រពើ​ក្នុង​ចម្ងាយ​ផ្លូវ​១.៥​គីឡូ​ម៉ែត្រ​ពី​ផ្លូវ​ជាតិ​លេខ​៣១ ហើយ​បត់​ចូល​ផ្លូវ​តូច​មួយ​ដែល​ស្ថិត​នៅ​ក្រោយ​សាលា​បឋម​សិក្សា​ជាប់​នឹង​ជើង​ភ្នំ។ ប្រាសាទ​ភ្នំ ខ្យងស្ថិត​នៅ​ក្នុង​ល្អាង​មួយ​ដែល​មាន​កម្ពស់៣០​ម៉ែត្រ​នៅ​លើចង្កេះភ្នំខ្យង។ ទេសចរ​ត្រូវ​ថ្មើរ​ជើង​ឡើង​តាម ជណ្តើរបេតុង​ប្រមាណ​ជាង​១០០កាំ​ទើប​ដល់​មាត់​ល្អាង​ប្រាសាទ ហើយ​ត្រូវ​ចុះ​តាម​ជណ្តើរដែក​ទៅ​ខាង​ក្នុង ដែល​មាន​ជម្រៅ​ប្រមាណ​៦​ម៉ែត្រ។ នៅ​ក្នុង​ល្អាង​មាន​សភាពងងឹត ដូច​នេះ​អ្នក​ទេសចរ​ត្រូវ​តែយកពិល​បំភ្លឺ​ទៅ តាម​ដើម្បី​​មើល​ឃើញ​ប្រាសាទ និង ផ្លូវ​ទៅ​កាន់​ទី​តាំង​សំខាន់​ផ្សេងៗ​ទៀត​ដូចជា វាលស្រែ១០០ជា​ដើម។ អ្នក​ភូមិ​ចាស់ៗ​បាន​ដំណាល​ថា ពី​ដើម ទី​នេះ​ជា​តំបន់​ព្រៃ​ក្រាស់ សំបូរ​សត្វ​ព្រៃ ដូចជា ស្វា និង ចចក មិន​សូវ​មាន​មនុស្ស​រស់​នៅ​ឡើយ ហើយ​ថែម ទាំង​មាន​បារមីភ្នំ​ដ៏​ពូកែ​សក្តិ​សិទ្ធិ​ថែម​ទៀត​ផង។  ក្នុង​សម័យ​លន់ នល់ កង​កម្លាំង​យោធា​បាន​មក​បោះ​ទី​តាំង​ទ័ព​នៅ​ភ្នំ​នេះ តែបារមី​ធ្វើ​ឲ្យ​នៅ​មិន​បាន​ដកថយ​ទៅ​ខាង​ទី​រួម ស្រុក​កំពង់ត្រាច​វិញ។ អ្នក​ភូមិ​អះអាង​ទៀត​ថា មុន​របប​ខ្មែរ​ក្រហម ប្រជាជន​នាំ​គ្នា​បូជាសព​រួច​ដាក់​អដ្ឋិ​ធាតុ បញ្ចុះ​​ក្នុង​ក្រឡ​តម្កល់​ក្នុង​ល្អាងភ្នំ​នោះ ព្រោះ​ជំនាន់​នោះ​មិន​សូវ​មាន​វត្ត។ ដល់​សម័យ​ខ្មែរ​ក្រហម ប្រជាជន បាន​ឡើង​ទៅ​លើភ្នំ​ចូល​ល្អាង​ចាក់​ធាតុ​ទាំង​នោះ​ចោល ហើយ​យកក្រឡ​ធ្វើ​ជាឆ្នាំ​ងស្ងោរខ្យងហូប​ដែល​នៅ​សេសសល់បំណែកក្រឡ​បុរាណ​ទាំង​នោះ​ជាសាក្ខីភាពស្រាប់។

          បើ​តាម​ឯកសារ​បុរាណ​វិទ្យា​របស់​ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ ប្រាសាទ​ភ្នំខ្យង ជា​ប្រាសាទ សម័យ​បុរេ​អង្គរ​ដែល​ត្រូវ​បាន​កសាង​ឡើង​ក្នុង​សតវត្សរ៍ទី៦ បែរ​មុខ​ទិស​ខាង​លិច ដើម្បី​​ឧទ្ទិស​ថ្វាយ​ព្រហ្មញ្ញ សាសនា។ ប្រាសាទ​នេះ​មាន​រាង​តូច​ច្រឡឹង ទំហំ​៤​ម៉ែត្រ​គុណ​នឹង​៤​ម៉ែត្រ សង់​អំពី​ឥដ្ឋ មិន​មែន​ការតុប​តែង ផ្តែរ​ឡើយ។

ប្រាសាទ​ភ្នំខ្យង

ច្រកចូលប្រាសាទ​ភ្នំខ្យង

          ៣. វិហារ​បុរាណ​វត្ត​ទួល​ខ្សាច់​ៈ វត្ត​ទួល​ខ្សាច់​ជា​ឈ្មោះ​ផ្លូវ​ការ​របស់​វត្ត​កោះ​ផ្តៅ ដែល​មាន​ទី​តាំង​ស្ថិត​ក្នុង​ភូមិ​កោះ​ផ្តៅ ឃុំកំពង់ត្រាច​ខាង​លិច ស្រុក​កំពង់ត្រាច ចម្ងាយ​ប្រមាណ​៤​គីឡូ​ម៉ែត្រ​ពី​ផ្សារ​កំពង់ត្រាច។ វត្ត​នេះ​មាន​ព្រះ​វិហារ​បុរាណ​ដែល​ត្រូវ​បាន​កសាង​ឡើង​តាំង​ពី​សម័យ​អាណានិគម​និយម​បារាំង ក្នុង​ឆ្នាំ​១៩៣២ (យោង​តាម​សៀវភៅ The Khmer Pagoda ទំព័រ​ទី៧៩)។ នៅ​ចំបញ្ឆិត​ខាង​មុខ​ព្រះ​វិហារ​បុរាណ​នោះ ក៏​មាន​ប្រាង្គ​ចេតិយ​បុរាណ​ដ៏​ធំ​ស្កឹមស្កៃ​មួយ​មាន​ក្បាច់ក្បូរ​រចនា​ល្អ​ប្លែក​ព្រម​ទាំង​ចារឹកឆ្នាំ​កសាង​គឺ ព្រះ​ពុទ្ធ​សករាជ ២៤៦៩ ត្រូវ​នឹង គ្រិស្ត​សករាជ ១៩២៦ គិត​ទៅ​មាន​អាយុ​កាល៩២ឆ្នាំ​ហើយ។ ទី​នេះ​ជា​ស្ថាបត្យកម្ម​ពុទ្ធ​សាសនា​ចំ​ណាស់​ជាង​គេបង្អស់​ដែល​នៅ​សេសសល់​ក្នុង​ស្រុក​កំពង់ត្រាច ហើយ​ជាទី​តាំង​ដ៏​ពិសិដ្ឋ​សម្រាប់​និស្សិត​ស្ថាបត្យកម្ម និង អ្នក​ស្រាវជ្រាវ​ផ្នែក​វប្បធម៌​-ប្រវត្តិសាស្រ្ត​ផង​ដែរ។ 

វិហារ​បុរាណ​វត្ត​ទួល​ខ្សាច់

          ៤. អារាម​វត្ត​កោះ​ស្រែប្រាំង: វត្ត​នេះ​មាន​ទី​តាំង​ស្ថិត​ក្នុង​ភូមិ​ដំណាក់ត្រ​បែក ឃុំឫស្សី​ស្រុក​ខាង​លិច ស្រុក​កំពង់ត្រាច។ អ្វី​ដែល​គួរ​ឲ្យ​អ្នក​ទេសចរ​រំភើប​ចិត្ត​បំផុត​នៅ​ពេល​ទៅ​ដល់​ទី​នោះ​​ភ្លាម គឺ​ព្រះ​វិហារត្រលែងកែង​ចាស់​ដែល​មាន​កំពូល​បុស្បុក​ស្រួច​ខ្ពស់ មើល​ពីចម្ងាយ​ប្រៀប​បាន​នឹង​ប្រាសាទ​អាថ៌កំបាំងផុសអណ្តែត​ឡើង​កណ្តាល​ព្រៃ​ដែល​ធ្វើ​ឲ្យ​អ្នក​ដំណើរ​ជិត​ឆ្ងាយ​តាម​ផ្លូវ​ជាតិ​មិន​អាច​មើល​ឃើញ​បុរាណ​ស្ថាន​មួយ​នេះ។ បើ​យោង​តាម​សៀវភៅ The Khmer Pagoda ព្រះ​វិហារ​វត្ត​នេះ​ត្រូវ​បាន សាង​សង់​ចន្លោះ​ពីឆ្នាំ​១៩៥១​ដល់​ឆ្នាំ​១៩៦៤ រីឯ​ឆ្នាំ​១៩៦៥ ជាឆ្នាំ​បញ្ចប់​ការគូរ​គំនូរ​តុប​តែង​វិហារ។ លក្ខណៈ​ ពិសេស​នៃ​ស្ថាបត្យកម្ម​ដែល​ធ្វើ​ឲ្យ​វិហារចំ​ណាស់​នេះ​ខុស​ពីវិហារទូ​ទៅ​គឺ​ត្រង់​វិហារ​នេះ​គ្មាន​ថែវព័ទ្ធ​ជុំ​វិញ​ ឡើយ។ បើ​មើល​ពី​ខាង​ក្រៅ វិហារ​នេះ​ពុំសូវ​មាន​ក្បាច់ក្បូរ​រចនា​ល្អ​វិចិត្រ​ប៉ុន្មាន​ទេ ប៉ុន្តែ​បើ​ចូល​ទៅ​ដល់ ខាង​ក្នុង លោក​អ្នក​នឹង​ភ្លឹក​នឹង​ផ្ទាំង​គំនូរ​ពុទ្ធ​ប្ប​វត្តិ​ដ៏​កម្រគូរជា​ពីរ​ជួរព័ទ្ធ​ជុំ​វិញ​​ព្រះ​វិហារ​ដោយ​ជាង​គំនូរ​មុន ឆ្នាំ​១៩៧៥។ ទោះ​បីជា​យ៉ាង​នេះ​ក្តី ក៏​យើង​សង្កេត​ឃើញ​ថា គំនូរ​ខ្លះ (ពិសេស​ផ្នែក​ខាង​ក្រោម) ត្រូវ​បាន​រលុប​ដោយ​សារទាហានប៉ុលពត​បាន​យក កំបោរមកលាបពីលើ​ក្នុង​បំណង​បំផ្លាញ​ទីសក្ការៈ​ព្រះ​ពុទ្ធ​សាសនា​នេះ។ វត្ត​កំពុង​សាង​សង់ ព្រះ​វិហារ​ថ្មី​នៅ​ជិត​នោះ ប៉ុន្តែ​ពុំ​មាន​បំណង​វាយ​សំណង់​បេតិកភ័ណ្ឌ​នេះ​ចោល​ឡើយ ព្រោះ​ពួក​គាត់​ចង់​អភិ រក្សស្លាកស្នាមប្រវត្តិសាស្រ្ត​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ​បាន​ស្គាល់។

អារាម​វត្ត​កោះ​ស្រែប្រាំង

ផ្ទាំង​គំនូរ​ពុទ្ធ​ប្ប​វត្តិ​

Article By Srin SokMean

 


SUGGESTIONS