×

ការស្រមើស្រមៃ​របស់​វិចិត្រករ​ស្រី​ ​«​សៀង​ ​សុគន្ធ​ក​ណ្ណិ​កា​»​ ​ក្លាយជា​ផ្ទាំងគំនូរ​អប្សរា​យន្ត​ដ៏​មាន​ប្រជាប្រិយ​

NEWS 5 years ago
 
 

            ផ្ទាំងគំនូរ​​ជាច្រើន​ផ្ទាំង​ដែល​ត្រូវ​បាន​គូរ​ឡើង​ដោយមាន​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​បំផុត​ពី​វិចិត្រករ​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់​បាន​ធ្វើឲ្យ​សិល្បៈ​នៃ​ការ​គូរគំនូរ​កាន់តែ​មាន​ភាព​រីកចម្រើន​ ​និង​កាន់តែ​មាន​ប្រជាប្រិយ​ភាព​ពីសំណាក់​យុវជន​នា​ពេល​បច្ចុប្បន្ន​នេះ​។​ ​គំនូរ​មិន​ត្រឹមតែ​ជាផ្នែក​មួយ​ ​ដែល​អាច​ជា​កម្សាន្ត​អារម្មណ៍​ដល់​អ្នកទស្សនា​ប៉ុណ្ណោះទេ​ ​ប៉ុន្តែ​វា​បាន​បង្កប់​នូវ​អត្ថន័យ​និង​អត្ថរស​យ៉ាង​ជ្រាលជ្រៅ​ ​ព្រមទាំង​បាន​បញ្ចូល​នូវ​មនោសញ្ចេតនា​របស់​វិចិត្រករ​ម្នា​ក់ៗ​ដែល​បង្ហាញ​ពី​សេចក្តី​ស្រឡាញ់​ ​និង​ការ​ស្រមើស្រមៃ​ ​ទៅតាម​ផ្ទាំងគំនូរ​ដែលគេ​បាន​គូរ​ឡើង​។​ ​ម៉្យាងវិញទៀត​ ​ស្រប​ពេល​ដែល​ការ​គូរគំនូរ​កំពុងតែ​មានការ​ពេញនិយម​បែបនេះ​ ​កញ្ញា​ ​សៀង​ ​សុគន្ធ​ក​ណ្ណិ​កា​ ​ក៏បាន​បង្ហាញ​នូវ​ទេ​ពកុ​សល្យ​របស់​ខ្លួន​ទៅលើ​គំនូរ​ជាច្រើន​ផ្ទាំង​ដែល​មាន​រចនាប័ទ្ម​ខុសប្លែក​ពី​វិចិត្រ​ករ​ដទៃ​ៗ​។​ ​

​          ស្ថិតនៅ​ក្នុង​វ័យ​ ​២៩​ ​ឆ្នាំ​ ​បាន​បញ្ចប់​ការសិក្សា​លើ​មុខជំនាញ​សេដ្ឋកិច្ច​ ​និង​ពាណិជ្ជកម្ម​ ​ដែល​មាន​ស្រុកកំណើត​ក្នុង​រាជធានី​ភ្នំពេញ​ ​ជា​វិចិត្រករ​កំពុងតែ​មាន​ប្រជាប្រិយ​ភាព​បំផុត​លើ​គំនូរ​អប្សរា​យន្ត​អាក្រាត​ ​និង​ផ្ទាំងគំនូរ​ដទៃ​ជាច្រើន​ទៀត​ដែល​ទាក់ទង​នឹង​តួអង្គ​ក្នុង​រឿងព្រេង​និទាន​។​ ​ជា​វិចិត្រករ​ដែល​មិនធ្លាប់​ឆ្លងកាត់​ការសិក្សា​លើ​មុខជំនាញ​គូរគំនូរ​ក៏​ពិតមែន​ ​ប៉ុន្តែ​កញ្ញា​ ​សុគន្ធ​ក​ណ្ណិ​កា​ ​ព្យាយាម​សិក្សា​ ​ស្វែងរក​វិធីសាស្ត្រ​ក្នុង​ការ​គូរគំនូរ​ដោយខ្លួនឯង​ដូចជា​៖​ ​ការ​គូរគំនូរ​ទឹក​ ​ការ​គូរ​លើ​ជញ្ជាំង​ ​ការ​គូរគំនូរ​ឌីជីថល​ ​និង​ការ​គូរគំនូរ​ជីវចល​ជាដើម​។​ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ​កញ្ញា​ក៏បាន​លើកឡើង​ផង​ដែរ​ថា​ ​ថ្វី​ដ្បិតតែ​កញ្ញា​មិនបាន​ឆ្លង​ការសិក្សា​លើ​ផ្នែក​គូរគំនូរ​មែនពិត​ ​ក៏ប៉ុន្តែ​គំនូរ​ដែល​កញ្ញា​បាន​គូរ​ឡើង​ទាំងអស់​ ​សុទ្ធសឹងតែ​ជា​ការស្រមើស្រមៃ​របស់​ ​កញ្ញា​ដូច​វិចិត្រករ​ដទៃ​ផង​ដែរ​។​ ​កញ្ញា​បាន​បន្ថែម​ ​«​នៅពេល​ដែល​ខ្ញុំ​រៀន​គូរគំនូរ​លើកដំបូង​ ​ពិតជា​មានការ​លំបាក​ខ្លាំង​បំផុត​ ​ព្រោះ​ខ្ញុំ​មិនបាន​ដឹង​ថា​ ​គួរ​ចាប់ផ្តើម​ពី​ចំណុច​ណា​ទៅ​ចំណុច​ណា​មុន​ ​ហើយ​ចំពោះ​ការ​គូរគំនូរ​ឌីជីថល​វិញ​កាន់តែ​លំបាកទៅ​ទៀត​ ​គ្រាន់តែ​កាន់​ប៊ិច​គូរ​ក៏​ខុស​ដែរ​ ​ប៉ុន្តែ​ខ្ញុំ​នៅតែ​មិន​បោះបង់ចោល​ក្តី​ស្រឡាញ់​របស់ខ្ញុំ​ចំពោះ​វា​នោះ​ទេ​។​»​ ​

​          ដូចដែល​ប្រិយមិត្ត​បានឃើញ​ហើយ​ថា​ ​គំនូរ​នី​មួយ​ៗ​របស់​កញ្ញា​ភាគច្រើន​គឺជា​រូប​អប្សរា​អាក្រាត​កាយ​ជាច្រើន​ផ្ទាំង​ក៏​ពិតមែន​ ​ប៉ុន្តែ​ប្រសិនបើ​និយាយ​ពី​ខ្លឹមសារ​នៃ​ផ្ទាំងគំនូរ​ទាំងនេះ​ ​គឺ​ផ្តោត​សំខាន់​ទៅលើ​អប្សរា​ដែល​បុព្វបុរស​ខ្មែរ​បាន​ឆ្លាក់​លើ​ប្រាង្គ​ប្រាសាទបុរាណ​នី​មួយ​ៗ​ជាច្រើន​។​ ​លើស​ពីនេះ​ទៅទៀត​ ​ជាមួយនឹង​ផ្ទាំងគំនូរ​នេះ​ដដែល​ ​វា​មិន​ត្រឹមតែ​បាន​បង្ហាញ​ពី​ចម្លាក់​ក្បាច់​លើ​ប្រាង្គ​ប្រាសាទ​នោះ​ទេ​ ​ប៉ុន្តែ​វា​ក៏បាន​ឆ្លុះបញ្ចាំង​អំពី​ទិដ្ឋភាព​ជាក់ស្តែង​មួយ​ដែល​មនុស្ស​ក្នុង​សម័យ​បុរាណ​គ្មាន​សម្លៀកបំពាក់​សម្រាប់​បិត​បាំង​រាងកាយ​ផង​ដែរ​។​ ​ម៉្យាងវិញទៀត​ ​បើ​យើង​គយគន់​គំនូរ​ដទៃផ្សេង​ទៀត​នោះ​ ​យើង​នឹង​មាន​អារម្មណ៍​ថា​ធូរស្បើយ​ពី​ភាព​តានតឹង​មួយចំនួន​ ​ក៏​ព្រោះតែ​ពណ៌​ដែល​កញ្ញា​ប្រើប្រាស់​លើ​គំនូរ​នី​មួយ​ៗ​មាន​លក្ខណៈ​ស្រាល​ស្រទន់​ ​ត្រជាក់​ភ្នែក​ ​ហើយ​ពណ៌​ទាំងអស់​នោះ​បាន​ប្រលោម​ចិត្ត​យើង​ឲ្យ​ដក់ជាប់​ទៅ​នឹង​ផ្ទាំងគំនូរ​នោះ​រហូត​តែម្តង​។​ ​

​          ទន្ទឹម​នឹង​នេះ​ផង​ដែរ​ ​កញ្ញា​ ​សុគន្ធ​ក​ណ្ណិ​កា​ ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ ​ក៏ដូចជា​សារ​ចែករំលែក​នូវ​បទពិសោធន៍​មួយ​ចំនួន​ទៅកាន់​យុវជន​ជំនាន់​ក្រោយ​ឲ្យ​មានការ​ខិតខំ​ប្រឹងប្រែង​ ​និង​អនុវត្តន៍​លើ​ទេ​ពកុ​សល្យ​ដែល​មានស្រាប់​ឲ្យ​កាន់តែ​ប្រសើរ​ជាង​មុន​ទ្វេដង​ ​ដើម្បី​សម្រេច​នូវ​គោលដៅ​មួយ​ដែល​យើង​បាន​គ្រោងទុក​ ​ទោះបីជា​មាន​ឧបសគ្គ​លំបាក​យ៉ាងណាក៏ដោយ​៕​

​Article​ ​by​ ​PAN​ ​SIVLY​

កញ្ញា​ ​សៀង​ ​សុគន្ធ​ក​ណ្ណិ​កា


SUGGESTIONS