បើបានទៅកំពតកុំភ្លេចឈានចូលភ្លក់ «នំបញ្ចុកទឹកម្ហិច» និង «នំបញ្ចុកកំពត»
TRAVEL & LIVING 5 years agoនំបញ្ចុកទឹកម្ហិចជាប្រភេទអាហារចម្លែកដែលមានតែនៅក្នុងតំបន់មួយនាឯខេត្តកំពតតែប៉ុណ្ណោះ។ ហាងចែធូ ជាឈ្មោះតូបលក់នំបញ្ចុកទឹកម្ហិចល្បីដាច់គេនៅជិតក្រុងកំពត។ ទឹកម្ហិចមានលក្ខណៈសថ្លាស្រដៀងទឹកស៊ុបគុយទាវផ្សំឡើងពីស្លឹកគ្រៃខ្ជាយស្ករសនិង អំបិលព្រមជាមួយសាច់ត្រីសមុទ្រម្យ៉ាងហៅថាត្រីអង្រែ។ គេស្រុះនំបញ្ចុកដែលផលិតដោយខ្លួនឯងរួចថ្មីៗ (ធ្វើមួយថ្ងៃលក់មួយថ្ងៃ) សរសៃទន់ល្មើយត្រូវនឹងទឹកម្ហិចក្តៅៗបង់ស្លឹកខ្ទឹមបន្តិចរឹតតែបន្ថែមរសជាតិទ្វេដង។ នំបញ្ចុកទឹកម្ហិចដែលមានទីតាំងស្ថិតនៅភូមិព្រៃត្នោតនេះចាប់បើកលក់ពីថ្ងៃរសៀលរហូតដល់ម៉ោង៧-៨យប់ហើយមានតម្លៃថោកលើសពីការស្មាន ពោលគឺត្រឹមតែ១៥០០រៀល (ចានតូច) និង២០០០រៀល(ចានធំ) ប៉ុណ្ណោះ។
នំបញ្ចុកទឹកម្ហិច និង នំបញ្ចុកកំពត
ចំណែកឯនំបញ្ចុកកំពតជាអាហារដែលសាមញ្ញងាយស្រួលធ្វើតែមានរសជាតិឆ្ងាញ់មួយបែបខុសពីនំបញ្ចុកសម្លធម្មតា។ ចំពោះរូបមន្តដើមគឺអ្នកកំពតនិយមដាក់តែនំបញ្ចុកស្រូបទឹកត្រីនិងរោយបង្គាម៉ដ្ឋពីលើជាការស្រេចមិនមានដាក់បន្ថែមសាច់ប៉ាតេឬសាច់ជ្រូកចំណិតឬចៃយ៉ដូចបាញ់ស៊ុងរបស់ជនជាតិវៀតណាមឡើយ។ ប៉ុន្តែសព្វថ្ងៃកន្លែងលក់ខ្លះបានធ្វើក្លាយដូចបាញ់ស៊ុងឬបាញ់ហយទៅតាមតម្រូវការរបស់អតិថិជន។ បើភ្ញៀវទេសចរចង់ទទួលទាននំបញ្ចុកកំពតបែបរសជាតិដើមអាចទៅសាកល្បងជាមួយបរិយាកាសបែបស្រុកស្រែនៅខាងភូមិព្រៃត្នោត ឃុំកំពង់គ្រែង ស្រុកទឹកឈូ៕
Article by SRIN SOKMEAN
សកម្មភាពផលិតនំបញ្ចុក