×

តើ​រូប​តុ​ក្ក​តា​ឃ្យូ​តៗ​គួរឲ្យ​ស្រលាញ់​នេះ​ជា​ស្នាដៃ​របស់​អ្នកណា​គេ​?

NEWS 5 years ago
 
 

          ស្ទីក​គ័រ​រូប​តុក្កតា​បុរាណ​បែប​ឃ្យូ​តៗ​គួរឲ្យ​ស្រលាញ់​ជាច្រើន​ដែលគេ​ប្រទះឃើញ​នៅ​លើ​អាវយឺត​ លើ​កែវ​ គម្រប​សៀវភៅ​ឆ្លងដែន​ កាបូប​ នៅ​ហាង​តំណក់​ត្រូវ​បាន​គេ​ចាប់អារម្មណ៍​និង​ស្រ​លាញ់​គ្រប់​ៗគ្នា​។ គំនូរ​តុក្កតា​ ជាច្រើន​ដូចជា​ តួ​ហនុមាន​ តួ​ទេព​មច្ឆា​ តួ​អប្សរា​ និង​តួយក្ស​នៅក្នុង​ល្ខោនខោល​និង​ក្នុង​របាំ​ខ្មែរ​នេះ​ត្រូវ​បាន​សិល្បករ​មួយ​រូប​បាន​កែច្នៃ​ជា​រូប​តុក្កតា​ស្អា​តៗ​ហាក់​បាន​ទាក់ចិត្ត​ទាក់​បេះដូង​យុវ​វ័យ​ក្មេង​ៗឲ្យ​ស្រលាញ់​និង​ថែមទាំង​បាន​ស្គាល់​នូវ​អ្វី​ដែល​ជា​របស់​ខ្មែរ​ផង​ដែរ​។ គំនូរ​តុ​ក្ក​តា​ឃ្យូ​តៗ​ទាំងអស់​នេះ​គឺជា​ស្នាដៃ​របស់​សិល្បករ​វ័យក្មេង​មួយ​រូប​ដែល​ចង់​បង្កើត​នូវ​អ្វី​ដែល​ថ្មី​ និង​រក្សា​នូវ​អ្វី​ដែល​មានស្រាប់​ដើម្បី​ច្របាច់​បញ្ជូល​គ្នា​។ តើ​សិល្បករ​គំនូរ​តុ​ក្ក​តា​តូច​ៗគួរឲ្យ​ស្រលាញ់​ជា​អ្នកណា​?

          នាង​ រ័ត្ន​សម្បត្តិ​ គឺជា​សិល្បករ​គំនូរ​ប្រចាំ​ហាង​តំណក់​គឺជា​អ្នកបង្កើត​ស្ទីក​គ័រ​តុក្កតា​បុ​រា​ណតូច​ៗទាំងអស់​នោះ​បាន​បង្កើត​នូវ​ផ្ទាំង​ទស្សនីយភាព​ថ្មី​ បុរាណ​លាយស​ម័យ​គូរ​បែប​គំនូរ​ឌីជីថល​ច្បាស់​ៗដែល​គួរឲ្យ​ស្រលាញ់​មិនចាញ់​រូប​តុក្កតា​បរទេស​ប៉ុន្មាន​ឡើយ​។ សិល្បករ​វ័យ​ ២៥​ ឆ្នាំ​រូប​នេះ​ ចាប់ចិត្ត​ប្រតិព័ទ្ធ​ជាមួយនឹង​គំនូរ​និង​ចាប់ផ្តើម​គូររូប​តាំងពី​នៅ​បឋមសិក្សា​មក​ម្ល៉េះ​។ ដោយ​ការ​ស្រលាញ់​និង​ចូលចិត្ត​ បាន​ធ្វើឲ្យ​អតីត​សិស្ស​ព័ត៍​មាន​វិទ្យា​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ រូប​នេះ​ចេះតែ​អភិវឌ្ឍន៍​ខ្លួន​ទៅជា​លំដាប់​។ សម្បត្តិ​ បាន​ចាប់ផ្តើម​ស្វ័យ​សិក្សា​លើ​គំនូរ​ឌីជីថល​តាម​បណ្តាញ​សង្គម​យូ​ធូប​ ការសាកសួរ​ពី​សិល្បករ​រៀម​ច្បង​ចាស់​ៗនិង​ការបង្កើត​គំ​និ​តថ្មី​ៗនៃ​គំនូរ​នេះ​ដោយខ្លួនឯង​រហូត​មានការ​ចាប់អារម្មណ៍​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​កតាមរយៈ​ទំព័រ​ហ្វេ​សប៊ុ​កផ្ទាល់ខ្លួន​ដែល​មានឈ្មោះ​ថា​ «រត្ន័​សម្បត្តិ​'s Art​»ទាំង​ដែល​ខ្លួន​ពុំ​បាន​ចូលរៀន​គំនូរ​នេះ​នៅ​សាលា​ណា​ទាំងអស់​។ ថ្វី​ដ្បិតតែ​មិនបាន​រៀន​ជំនាញ​គូរគំនូរ​នេះ​នៅ​សាកល​វិទ្យាល័យ​ណា​ក្តី​ ក៏ប៉ុន្តែ​ការ​គូរ​របស់​សម្បត្តិ​សុទ្ធតែ​ត្រូវ​បាន​ឆ្លងកាត់​គិត​យ៉ាង​ល្អិតល្អន់​ជៀសវាង​ការ​បង្ហាញ​ខុស​លក្ខណៈ​ជា​សិល្បៈ​របស់​ខ្មែរ​។ «ពេល​ខ្ញុំ​គូរ​ខ្ញុំ​ក៏​ប្រយ័ត្ន​ដែរ​ ព្រោះ​ខ្លាច​ពេល​គូរ​ទៅ​ជាន់​របស់​គេ​ (ខ្លាច​ដូច​គំនូរ​របស់​ថៃ​ឬក៏​គំនូរ​របស់​សិល្បករ​ផ្សេង​) ឬក៏​ខុសពី​សំណៅ​ដើម​ដែល​ធ្វើឲ្យ​គេ​ថា​មិនល្អ​ »។ ជា​ការពិត​ណាស់​សិល្បៈគំនូរ​ក៏​ជា​មធ្យោបាយ​មួយ​ក្នុង​ការ​ផ្សព្វផ្សាយ​វប្បធម៌​ អរិយ្យធម៌​របស់​ប្រទេស​មួយ​ផង​ដែរ​ ប្រសិនបើ​គំនូរ​នោះ​មានការ​ឆ្គាំឆ្គង​ឬខុស​លក្ខណៈ​ពី​ទម្រង់​សិល្បៈ​វប្បធម៌​ដើម​នោះ​ ការយល់​ច្រលំ​ក៏អាច​កើតមានឡើង​ជាយថាហេតុ​។

          ដោយហេតុនេះ​ហើយ​ ទើប​ សិល្បករ​ រ័ត្ន​សម្បតិ្ត​ បាន​បើក​ចិត្តទូលាយ​ក្នុង​ការ​ទទួលយក​ការរិះគន់​ដើម្បី​ស្ថាបនា​ ។ ជាមួយគ្នា​នេះ​ អ្នកបង្កើត​គំនូរ​តុក្កតា​បែប​ឃ្យូ​តៗ​រូប​នេះ​ក៏បាន​ប្រាប់ឲ្យដឹង​ពី​បទពិសោធន៍​ដែល​ត្រូវ​បាន​គេ​រិះគន់​នូវ​គំនូរ​ខ្លួន​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​កកន្លងមក​ផង​ដែរ​។ ក៏ប៉ុន្តែ​បទពិសោធន៍​នេះ​មិនបាន​ធ្វើឲ្យ​ខ្លួននេះ​មានការ​ខឹង​សម្បារ​នោះ​ទេ​ តែ​វា​បែរជា​មេរៀន​មួយ​ដែល​សម្បត្តិ​បាន​ឆ្លងកាត់​និង​បាន​ពន្យល់​បកស្រាយ​ទៅវិញ​ប្រសិនបើ​ការរិះគន់​នោះ​មាន​លក្ខណៈ​ខុស​បច្ចេកទេស​ណាមួយ​។ ឆ្លៀតពេល​ជាមួយគ្នា​នេះ​ សិល្បករ​ នាង​រ័ត្ន​សម្បតិ្ត​ ក៏បាន​ផ្តាំ​ផ្ញើរ​ទៅកាន់​សិល្បករ​ទាំងឡាយ​ឲ្យ​បើក​ចិត្តទូលាយ​ កុំ​បាក់ទឹកចិត្ត​ប្រសិនបើ​មានការ​ស្តី​បន្ទោស​ពីសំណាក់​មហាជន​ត្រង់​ចំណុច​ណាមួយ​នៃ​ស្នាដៃ​របស់​ខ្លួន​ តែ​ត្រូវ​គិតថា​វា​គឺជា​មេរៀន​មួយ​ដែល​បង្រៀន​យើង​ឲ្យ​ខ្លាំងពូកែ​ជាង​មុន​វិញ​៕

Article​ by​ KEO​ SONG


SUGGESTIONS