×

តើ​មហាជន​មាន​ប្រតិកម្ម​ចំពោះ​បញ្ហា​អក្សរ​សា​ស្រ្ត​ជាតិ​ដល់ក​ម្រិ​ត​ណា​?

NEWS 4 years ago
 
 

            ​វចនានុក្រម​ខ្មែរ​របស់​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​បាន​កំណត់​និយមន័យ​អក្សរ​សា​ស្រ្ត​ថា​ជា​ ​វិជ្ជា​អក្សរ​; ​ក្បួន​ប្រាប់​វិធី​អក្សរ​; ​ការ​សរសេរ​ត្រឹមត្រូវ​ក្នុង​ភាសា​ណាមួយ​; ​មុខការ​ខាង​និពន្ធ​,…​។​ ​ជុំវិញ​បញ្ហា​អក្សរ​សា​ស្រ្ត​ខ្មែរ​ក្នុង​ពេល​បច្ចុប្បន្ន​ ​មហាជន​ជាច្រើន​កំពុង​សម្តែង​នូវ​ក្តី​ព្រួយបារម្ភ​របស់​ពួកគេ​ក្នុងនាម​ជា​ពលរដ្ឋ​រួម​ជាតិខ្មែរ​ ​ដោយសារ​ពួកគេ​សង្កេតឃើញ​ថា​យុវជន​កម្ពុជា​មួយ​ចំនួន​ហាក់បីដូចជា​មិនសូវ​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​ខាងលើ​ ​ហើយ​ទទួលរង​ឥទ្ធិពល​ភាសាបរទេស​យ៉ាង​ខ្លាំង​នៅ​ក្នុង​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​ស្តែង​តាមរយៈ​ការប្រើប្រាស់​លើ​បណ្តាញ​សង្គម​នានា​នា​ពេល​កន្លងមក​នេះ​។​ ​តើ​អ្វី​ទៅជា​មូលហេតុ​ចម្បង​នៃ​វិបត្តិ​អក្សរ​សា​ស្រ្ត​ជាតិ​ក្នុង​សង្គម​សព្វថ្ងៃ​? ​ហើយ​តើ​វា​អាច​ផ្តល់​ផលវិបាក​យ៉ាងដូចម្តេច​ខ្លះ​?

            លោក​ ​វណ្ណ​ ​សារ៉េត​ ​ជា​សា​ស្រ្តាចារ្យ​ឯកទេស​អក្សរ​សា​ស្រ្ត​ខ្មែរ​ ​មកពី​ស្រុក​មេសា​ង​ ​ខេត្ត​ព្រៃវែង​ ​និង​ជា​ជ័យ​លា​ភី​ពានរង្វាន់​សម្តេច​ព្រះសង្ឃ​រាជ​ ​ជួន​ ​ណា​ត​ ​ផ្នែក​តែង​និពន្ធ​ ​ចំណាត់ថ្នាក់​លេខ​១​ ​ឆ្នាំ​២​០​១​៩​ ​បាន​លើកឡើង​ថា​ ​បញ្ហា​ដែល​យុវជន​យើង​ពុំបាន​យកចិត្តទុកដាក់​ក្នុង​ការ​សរសេរ​អក្សរ​ជាតិ​ឲ្យបាន​ត្រឹមត្រូវ​បណ្ដាលមកពី​កត្តា​មួយ​ចំនួន​ដូចជា​ ​យុវជន​ខ្លះ​ខ្សោយ​មូលដ្ឋាន​គ្រឹះ​នៃ​ការសិក្សា​តាំងពី​ថ្នាក់ក្រោម​មក​;​យុវជន​ខ្លះ​គិតថា​ខ្លួន​ពុំមែន​ជា​អ្នកឯកទេស​អក្សរសាស្ត្រ​ខ្មែរ​ទើប​មិនសូវ​ខ្វល់ខ្វាយ​; ​យុវជន​ខ្លះ​ដែល​មិន​និយម​អាន​ឯកសារ​ជា​ភាសាខ្មែរ​; ​កា​រហូរ​ចូល​នៃ​ភាសាបរទេស​ដែល​នាំឲ្យ​យុវជន​និយម​និយាយ​លាយ​ភាសា​ចូលគ្នា​ឬ​សរសេរ​ឡាតាំង​សំនៀង​ខ្មែរ​ឬ​ជា​អក្សរកាត់​; ​ការ​រីក​ចម្រើន​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា​នាំឲ្យ​យុវជន​និយម​មើល​ឬ​ស្ដាប់​ជាង​អាន​; ​តម្លៃ​មុខវិជ្ជា​ភាសាបរទេស​ចំពោះ​ផ្នែក​ទី​ផ្សារ​ការងារ​ ​និង​ ​កត្តា​ឪពុក​ម្ដាយ​មួយ​ចំនួន​នៅ​ទីក្រុង​ឲ្យ​កូន​រៀន​ភាសាបរទេស​មុន​ភាសា​ជាតិ​ជាដើម​។​

លោក​សា​ស្រ្តាចារ្យ​​ វណ្ណ​ ​សារ៉េត

            ក្រៅពី​កត្តា​បុគ្គល​ ​ផ្នត់គំនិត​ឪពុក​ម្តាយ​ ​ឥទ្ធិពល​ភាសាបរទេស​ ​និង​ ​បច្ចេកវិទ្យា​ ​លោក​ក៏បាន​បន្ថែម​ពាក់ព័ន្ធ​នឹង​កត្តា​ចំណុច​ខ្សោយ​នៃ​កម្មវិធីសិក្សា​ជាតិ​បច្ចុប្បន្ន​ផង​ដែរ​ “​កម្មវិធីសិក្សា​មុខវិជ្ជា​ភាសាខ្មែរ​នៅ​មធ្យមសិក្សា​ទុតិយ​ភូមិ​ពុំសូវ​ផ្ដោ​ត​លើ​មេរៀន​វេយ្យាករណ៍​ច្រើន​ទេ​ ​នាំឲ្យ​សិស្ស​កាន់តែ​ខ្សោយ​ការ​សរសេរ​ក្បួនខ្នាត​ ​ល្បះ​ ​ប្រយោគ​ ​ឬ​ការប្រើប្រាស់​ពាក្យ​ខ្មែរ​។​ ​ការ​ប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយ​ភូមិ​ពុំ​មាន​បញ្ចូល​សំណួរ​វេយ្យាករណ៍​ខ្មែរ​ក្នុង​វិញ្ញាសា​ទេ​ ​នាំឲ្យ​សិស្ស​មិន​ឲ្យ​តម្លៃ​លើ​ការ​រៀន​វេយ្យាករណ៍​ខ្មែរ​។​ ​សិស្ស​ខ្សោយ​វេយ្យា​ករ​ណ៍​ជា​បុព្វហេតុ​នាំ​ឱ្យ​ភាសា​អក្សរសាស្ត្រ​ជាតិ​ចុះ​ខ្សោយ​” ​។​

            ស្រប​ជាមួយគ្នា​នេះ​ដែរ​ ​កញ្ញា​ ​ម៉ៅ ចាន់រស្មី​​  ​វ័យ​ ​២​៥​ឆ្នាំ​ ​កូនស្រី​បង្កើត​របស់​អ្នកនិពន្ធ​ប្រលោមលោក​ជើងចាស់​ ​ម៉ៅ​ ​សំណាង​ ​និង​ ​ជា​អ្នកនិពន្ធ​អត្ថបទ​ភាពយន្ត​មួយ​រូប​ ​បាន​បញ្ចេញ​ទ​ស្សនៈ​ចំពោះ​ការប្រើប្រាស់​អក្សរ​សា​ស្រ្ត​មិនបាន​ត្រឹមត្រូវ​របស់​យុវជន​ខ្មែរយើង​សព្វថ្ងៃ​មួយ​ចំនួន​ថា​ “​បើ​យើង​គិត​ពី​សិទ្ធិ​បុគ្គល​ ​យើង​មិន​អាច​ហាមឃាត់​ការប្រើប្រាស់​ភាសា​លាយឡំ​នោះ​បានទេ​ ​តែ​បើ​យើង​គិត​តាម​បែប​ជាតិនិយម​ ​ទង្វើ​នេះ​អាច​នឹង​បង្កើត​ផល​អវិជ្ជមាន​ខ្លះ​ដែរ​ទៅ​ថ្ងៃខាងមុខ​។​ ​វា​បណ្តាល​ឱ្យ​មាន​ក​ម្សោ​យ​អក្សរ​សា​ស្រ្ត​ជាតិ​ ​ព្រោះតែ​យើង​ពុំសូវ​ប្រើ​ ​ហើយ​វា​បង្កើត​ការ​ភ័ន្ត​ច្រឡំ​សម្រាប់​ក្មេង​ជំនាន់​ក្រោយ​ ​ដោយ​គិតថា​ការ​សរសេរ​ខ្មែរ​ដោយ​ប្រើ​អក្សរ​ឡាតាំង​គឺ​ត្រឹមត្រូវ​។​ ​ហើយ​វាក៏​បណ្តាល​ឱ្យ​បាត់បង់​ភាសា​ជាតិ​នៅ​ថ្ងៃណាមួយ​ ​បើ​កំណើន​នៃ​ការប្រើប្រាស់​ភាសាបរទេស​ច្រើនហួស​ហេតុ​” ​។​ ​កញ្ញា​យល់ថា​ ​ភាសា​ជាតិ​ត្រូវតែ​ជា​ភាសា​ទីមួយ​ដែល​មាន​អាទិភាព​ជាង​ភាសាបរទេស​។​ការ​រៀន​ភាសាបរទេស​ច្រើន​គឺ​ល្អ​តែ​មិនមែន​បានន័យ​ថា​គួរ​រៀន​វា​មុន​អក្សរ​ជាតិ​នោះ​ឡើយ​។​ ​ដូច្នេះ​ហើយ​ ​ក្មេង​ជំនាន់​ក្រោយ​គួរតែ​ចេះ​ភាសា​ជាតិ​ឱ្យ​បាន​ច្បាស់​ ​ទាំង​អាន​និង​សរសេរ​ ​មុននឹង​រៀន​ភាសាបរទេស​ ​ព្រោះ​វា​គ្រាន់តែ​ជា​ភាសា​ជំនួយ​បន្ថែម​ដើម្បី​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ជនបរទេស​ ​ឬ​ជំនួយ​ការស្រាវជ្រាវ​តែប៉ុណ្ណោះ​។​

Image Courtesy: ម៉ៅ ចាន់រស្មី

            ទោះបីជា​មានការ​បង្ហាញ​មតិ​រិះគន់​អវិជ្ជមាន​ជាច្រើន​ ​ជាពិសេស​នៅ​ពេល​ផ្ទុះ​រឿងរ៉ាវ​បោះពុម្ព​ស្នាដៃ​សៀវភៅ​បែប​យុវវ័យ​ក្រោម​ចំណងជើង​ថា​ ​Possible​ ​Crush​ ​ដែល​មាន​បញ្ចូល​ផ្នែក​ខ្លះ​ជា​អក្សរ​ឡាតាំង​កត់​សូរ​ខ្មែរ​ ​របស់​អ្នកនិពន្ធ​វ័យក្មេង​មួយ​រូប​ ​ក៏មាន​មជ្ឈដ្ឋាន​ខ្លះ​នៅតែ​ប្រកាន់​សុទិដ្ឋិនិយម​ខ្លះ​ដែរ​ចំពោះ​ទង្វើ​នេះ​។​ ​ជាក់ស្តែង​ ​បណ្ឌិត​ គិ​ន​ ​ភា​ ​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា​ ​រាជបណ្ឌិត្យសភា​កម្ពុជា​ ​បាន​សរសេរ​ក្នុង​គណនី​ហ្វេសប៊ុក​របស់​លោក​ឆ្លើយតបនឹង​ប្រធាន​បទ​ខាងលើ​ថា​ “ ​គាត់​សរសេរ​អ្វី​ដែល​គាត់​បាន​សង្កេត​ ​គាត់​បានឃើញ​ ​និង​ ​គាត់​បាន​ដឹង​ ​សម​ដូច​ទ្រឹស្តី​ដែល​ថា​ ​អក្សរ​សិល្ប៍​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​ត​ថ​ភាព​សង្គម​ ​អក្សរ​សិល្ប៍​បែប​ណា​សង្គម​បែប​ហ្នឹង​។​ ​យុវវ័យ​ខ្មែរ​មួយ​ចំនួន​បច្ចុប្បន្ន​ ​របៀប​និយាយ​និង​របៀប​សរសេរ​របស់​ពួកគេ​ ​គឺ​បែប​ហ្នឹង​ ​មាន​ទាំង​ភាសាខ្មែរ​ ​មាន​ទាំង​ភាសា​អង់គ្លេស​លាយឡំ​គ្នា​។​ ​ជួនកាល​ភាសាខ្មែរ​កត់​សូរ​ដោយ​អក្សរ​ឡាតាំង​ ​ហើយ​ឡ​តាំង​នោះ​ទៀតសោត​ ​យើង​អាន​អត់​ដាច់​ទេ​។​ ​នេះ​ជាត​ថ​ភាព​សង្គម​បច្ចុប្បន្ន”។​ ​លោក​បាន​សង្កត់ធ្ងន់​ទៀត​ថា​ ​បញ្ហា​ត្រង់ថា​ ​គាត់​មិន​បំពាក់​ឧត្តមគតិ​ធ្វី​ដុំកំភួន​ក្នុង​ស្នាដៃ​របស់​គាត់​ទេ​ ​ក្រៅពី​ការ​បង្ហាញ​សង្គម​ការណ៍​ ​និង​ ​ដើម្បី​ទី​ផ្សារ​លក់​សៀវភៅ​របស់​គាត់​តែប៉ុណ្ណោះ​។​ ​បើ​យើង​មិន​គាំទ្រ​ ​សៀវភៅ​នេះ​នោះ​ទេ​ ​វា​គង់តែ​នឹង​បាត់ខ្លួន​ទៅតាម​ពេល​ដោយឯកឯង​ ​ដូច​ករណី​បទ​ចម្រៀង​មួយ​ចំនួន​ដែល​បាន​បាត់ខ្លួន​ដោយសារ​គ្មាន​ការ​គាំទ្រ​។​ ​ដូចនេះ​ ​មហាជន​មិនគួរ​ឆោឡោ​ពេក​ក្នុង​បំណង​បំបាក់​អ្នកនិពន្ធ​នោះ​ទេ​ ​ព្រោះ​ក្នុងចំណោម​នោះ​អ្នក​ឆោឡោ​ខ្លះ​មិនទាន់​មានលទ្ធភាព​ប្រើប្រាស់​អក្សរ​សា​ស្រ្ត​បង្កើត​ជា​ស្នាដៃ​ផ្ទាល់ខ្លួន​នៅឡើយ​ផង​។​

Image Courtesy: បណ្ឌិត​ គិ​ន​ ​ភា

            ​សរុប​សេចក្តី​មក​ ​ដើម្បី​កិត្តិយស​ ​និង​សេចក្តីថ្លៃថ្នូរ​នៃ​សង្គមជាតិ​យើង​ទាំងអស់គ្នា​ ​យើង​គប្បី​សិក្សា​ឈ្វេងយល់​ពី​អក្សរ​សា​ស្រ្ត​ជាតិ​ឲ្យបាន​ស៊ី​ជម្រៅ​ ​ទន្ទឹម​នឹង​ការសិក្សា​ភាសាបរទេស​ជាយា​ន​ក្នុង​វិ​ស័​យ​ការងារ​ ​និង​ ​ទំនាក់ទំនង​ជាមួយ​ជនបរទេស​។​ ​ក្រសួង​ពាក់ព័ន្ធ​គប្បី​ពង្រឹង​យន្ត​ការ​អភិវឌ្ឍន៍​កម្មវិធីសិក្សា​គ្រប់​ក​ម្រិ​ត​ថ្នាក់​ ​និង​ផ្សព្វផ្សាយ​លើកស្ទួយ​អក្សរ​សា​ស្រ្ត​ជាតិ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធ​ភាព​បន្ថែម​។​ ​រីឯ​អ្នកនិពន្ធ​ ​និង​មហាជន​ក្នុងស្រុក​គួរតែ​បើក​ចិត្ត​ឲ្យ​ទូលាយ​ទទួលយក​នូវ​មតិ​រិះគន់​ទៅវិញទៅមក​ប្រកបដោយ​ក្រម​សីលធម៌​ជា​ ​ខ្មែរ​រួម​សាសន៍​តែមួយ​។​ ​ម្នាក់ៗ​ត្រូវ​ចងចាំ​ថា​ ​យើង​កំពុង​ស្វែងរក​ដំណោះស្រាយ​ជា​រួម​ ​រិះគន់​ក្នុង​ន័យ​ស្ថាបនា​ “​វាយប្រហារ​លើ​គំនិត​ដែល​ខុសឆ្គង​ ​តែ​ដាច់ខាត​មិន​វាយប្រហារ​លើ​បុគ្គល”។​

Article by SRIN SOKMEAN


SUGGESTIONS