×

ភេសជ្ជៈ​តែ​រុក្ខជាតិ​ដែល​ក្រុម​វេជ្ជសាស្រ្ត​បុរាណ​អាមេរិក​ថា​ល្អ​សម្រាប់​រដូវក្តៅ

TRAVEL & LIVING 4 years ago
 
 

            មក​ដល់​អំឡុង​ខែមីនា-មេសា​នេះ នរណាៗ​ក៏​រអ៊ូ​រឿង​អាកាសធាតុ​ក្តៅ​ដែរ ព្រោះ​វា​ជា​រដូវ​ប្រាំង​ដែល​យើង​ប្រឈម​មុខ​នឹង​អាការ​ស្អុះស្អាប់ ហើយ​មិន​សូវ​ចង់​ដើរ​ចេញ​ទៅ​ខាង​ក្រៅ​ផ្ទះ​នោះ​ទេ។ បញ្ហា​នេះ​អាច​កាត់​បន្ថយ​បាន ប្រសិន​បើ​យើង​ចេះ​ធ្វើ​រូបមន្ត​ភេសជ្ជៈ​ត្រជាក់ៗ​ទុក​ទទួលទាន​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង មិន​ចាំ​បាច់​ពិបាក​ទៅ​ទិញ​ពី​ហាង ឬ​តូប​ភេសជ្ជៈ​នៅ​តាម​ផ្លូវ​ទាល់​តែ​សោះ។ ខាង​ក្រោម​នេះ​ជា​រូបមន្ត​ភេសជ្ជៈ​ផ្សំ​ដោយ​រុក្ខជាតិ​ចំនួន​បី​ប្រភេទ​ដែល​ត្រូវ​បាន​ណែនាំ​ដោយ​ក្រុម​អ្នក​ជំនាញ​ផ្នែក​ឱសថ​បុរាណ​នៃ​សហរដ្ឋអាមេរិក​ថា​សក្តិសម​សម្រាប់​រដូវ​ក្តៅ ដោយ​សារ​តែ​អត្ថប្រយោជន៍​បែប​ធម្មជាតិ​របស់​រុក្ខជាតិ​ដែល​យក​មក​ផ្សំ​អាច​ប្រឆាំង​កម្តៅ​ដែល​ប៉ះពាល់​មក​លើ​រាងកាយ និង​ជួយ​កាត់​បន្ថយ​កម្តៅ​ពី​ខាង​ក្នុង​ផង​ដែរ មិន​មែន​ដោយ​សារ​តែ​ដាក់​ទឹកកក​ទើប​ធ្វើ​ឲ្យ​ត្រជាក់​នោះ​ទេ!

១. ទឹក​តែ​ផ្កា​រំយោល
            ភេសជ្ជៈ​នេះ​មាន​ប្រជាប្រិយភាព​នៅ​ក្នុង​វប្បធម៌​ប្រទេស​ជា​ច្រើន​ដូច​ជា ប្រទេស​ឥណ្ឌា អាមេរិកឡាទីន អ៊ីតាលី និង​រុស៊្សី។ ផ្កា​រំយោល​មាន​រសជាតិ​ជូរ​លាយ​ល្វីង​បន្តិច​បន្តួច ដែល​ជួយ​ធ្វើ​ឲ្យ​រាងកាយ​ស្រស់ស្រាយ។ ប្រសិន​បើ​លោក​អ្នក​ចូល​ចិត្ត​រសជាតិ​ផ្អែម លោក​អ្នក​អាច​បន្ថែម​ផ្កា​កិចហួយ និង​ចន្ទន៍ក្រឹស្នា ហើយ​ប្រសិន​បើ​ចង់​បាន​រសជាតិ​រឹត​តែ​ជូរ​មុត គួរ​បន្ថែម​ផ្លែ​កុលាប (Rosehip) បន្តិច​បន្តួច​តាម​ចំណូល​ចិត្ត។ គ្រឿង​ផ្សំ​សំខាន់ៗ ផ្កា​រំយោល​ក្រៀម ¼ពែង ផ្កា​កិចហួយ ¼ពែង ផ្លែកុលាប ២ស្លាបព្រាបាយ ម្សៅ​ឈើ​អែម ១ស្លាបព្រាបាយ។ ចំពោះ​វិធី​ធ្វើ​គឺ​ត្រូវ​លាយ​បញ្ចូល​រុក្ខជាតិ​ទាំង​អស់​ចូល​ក្នុង​ដប​ចំណុះ ½ gallon (ប្រហែល ២លីត្រ)។ ចាក់​ទឹក​ក្តៅ​ឆុង​ទុក​ក្នុង​រយៈ​ពេល​៣០នាទី។ អាច​ថែម​ទឹក​ឃ្មុំ បើ​ចូល​ចិត្ត​រសជាតិ​ផ្អែម រួច​ក្រឡុក​ឲ្យ​សព្វ ក្លាស្សេ​ទុក​ក្នុង​ទូរ​ទឹកកក។

២. តែ​ម្លិះ​ជី​ត្រចៀក​ជ្រូក
            តែ​ផ្កា​ម្លិះ​ជា​តែ​ដែល​មាន​រសជាតិ​ផ្អែម​ឡមៗ​ចេញ​ពី​ផ្កា​ធម្មជាតិ​ក្រអូប​ឈ្ងប់ ហើយ​វា​កាន់​តែ​មាន​រសជាតិ​ទ្វេដង​នៅ​ពេល​លាយ​ជា​មួយ​នឹង​ពពួក​រុក្ខជាតិ​ដែល​មាន​រសជាតិ​រាង​ជូរ​បែប​ក្រូច (citrus) ជា​ពិសេស​គឺ ស្លឹក​ត្រចៀក​ជ្រូក ដែល​ក្រុម​ជនជាតិ​បរទេស​ខាង​លើ​បាន​អះអាង​ថា មាន​ផ្ទុក​សារធាតុ citrus នោះ​ឯង។ គ្រឿង​ផ្សំ​សំខាន់ៗ រួម​មាន តែម្លិះ ២ស្លាបព្រាកាហ្វេ (ឬ ម្លិះស្រស់ ៥-១០ផ្កា) ស្លឹក​ជី​ត្រចៀក​ជ្រូក​ក្រៀម ១ស្លាបព្រាកាហ្វេ (ឬ ស្លឹកស្រស់ ២ស្លាបព្រាកាហ្វេ) និង​ទឹក​មួយ​ពែង។ ចំពោះ​វិធី​ធ្វើ​ឆុង​ជា​មួយ​ទឹក​ក្តៅ​ដាក់​ចូល​ក្នុង​កែវ​ក្នុង​រយៈ​ពេល ១០-១៥នាទី​ជា​ការ​ស្រេច។ បន្ថែម​ទឹក​ឃ្មុំ​បន្តិច​បន្តួច បើ​ចូល​ចិត្ត។

៣. តែ​កុលាប​រ៉ាហ្សប៊ឺរី
            ស្លឹក​រ៉ាហ្សប៊ឺរី និង​ត្របក​ផ្កា​កុលាប មាន​រសជាតិ​ល្វីង​បន្តិចបន្តួច ប៉ុន្តែ​វា​មាន​តួនាទី​ធ្វើ​ឲ្យ​រាងកាយ​ខាង​ក្នុង​របស់​យើង​ត្រជាក់​នៅ​ពេល​ទទួលទាន​វា​ក្នុង​រដូវ​ក្តៅ។ ស្លឹក​រ៉ាហ្សប៊ឺរី​សម្បូរ​សារធាតុ​រ៉ែ​ល្អ​ចំពោះ​សុខភាព។ រីឯ​ផ្កា​កុលាប​ជួយ​ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់ថ្លា។ គួរ​បញ្ជាក់​ដែរ​ថា ចំពោះ​ស្លឹក​រ៉ាហ្សប៊ឺរី ពេល​ឆុង​ទទួលទាន​មាន​រសជាតិ​ស្រដៀង​នឹង​ស្លឹក​តែ​ខ្មៅ (BLACK TEA) ដែរ។ គ្រឿង​ផ្សំ​សំខាន់ៗ​រួម​មាន ស្លឹក​រ៉ាហ្សប៊ឺរី​ស្ងួត ១-២ស្លាបព្រាកាហ្វេ តែ​ផ្កា​កុលាប​ក្រៀម ១ស្លាបព្រាកាហ្វេ និង​ទឹក​ពុះ​មួយ​ពែង។ ចំពោះ​វិធី​ធ្វើ​ឆុង​តែ​នឹង​ទឹក​ក្តៅ​រយៈ​ពេល​១០នាទី។ បន្ថែម​ទឹក​ឃ្មុំ​បន្តិចបន្តួច​តាម​ចំណង់​ចំណូល​ចិត្ត៕

Article by SRIN SOKMEAN


SUGGESTIONS