អនុវត្តន៍វិធីសាស្ត្រសាមញ្ញបំផុតក្នុងការធ្វើឲ្យសក់មានការលូតលាស់ឆាប់រហ័ស និងរឹងមាំ
TRAVEL & LIVING 4 years agoសក់ គឺជាសរសៃល្អិតតូចៗដែលដុះយ៉ាងច្រើននៅលើស្បែកក្បាល ហើយវាក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការធ្វើឲ្យសម្រស់មនុស្សម្នាក់ៗកាន់តែមានភាពស្រស់ស្អាតនៅពេលដែលពួកគេតុបតែងម្តងៗ។ ជាទូទៅការតុបតែងសក់ដោយប្រើឧបករណ៍មូល កៀប ឬផ្លុំក្នុងកម្រិតកម្តៅវាអាចបង្កឲ្យសក់ឆេះ បែកចុង និងឆាប់ពុកផុយផងដែរ ជាពិសេស ការសម្អាតសក់ដោយបប្រើប្រាស់ផលិតផលមិនត្រឹមត្រូវក៏ជាផ្នែកធ្វើឲ្យសក់ជ្រុះ និងបង្អាក់ដល់ការលូតលាស់របស់សក់ទៀតផង។ យ៉ាងណាមិញ ដើម្បីបំប៉នសក់ឲ្យមានសុខភាពល្អ និង លូតលាស់ឆាប់រហ័ស សូវរីន នឹងបង្ហាញនូវវិធីសាស្ត្រធម្មជាតិងាយៗមួយចំនួនដែលនឹងធ្វើឲ្យសក់លូតលាស់លឿនក្នុងរយៈពេលខ្លី។
តែបៃតង៖ តែបៃតង សម្បូរទៅដោយសារធាតុជាច្រើនដែលមានសមត្ថិភាពខ្ពស់ក្នុងការប្រឆាំងទៅនឹងអុកស៊ីតកម្មផ្សេងៗ ហើយវាក៏ជាផ្នែកមួយដែលធ្វើឲ្យសក់មានការលូតលាស់បានរហ័ស និងធ្វើឲ្យសរសៃសក់មានភាពរឹងមាំ។ ដូច្នេះ បន្ទាប់ពីអ្នកឆុតតែបៃតងរួច គួរយកកាកតែបៃតងនោះមកលាបលើស្បែកក្បាលឲ្យសព្វ ធ្វើការម៉ាស្សាប្រមាណជា ២ នាទី ទៅ៣ នាទី ក្រោយមកទុកចោលរយៈពេល ៤៥ នាទី សឹមសម្អាតវាជាមួយនឹងទឹកត្រជាក់ជាការស្រេច។ យ៉ាងណាមិញ ក្នុងមួយសប្តាហ៍អ្នកគួរធ្វើរបៀបនេះ ២ដង ទៅ ៣ដង ដើម្បីឲ្យស្បែកក្បាលមានភាពត្រជាក់ និងលាងសម្អាតបាក់តេរីទាំងឡាយដែលធ្វើឲ្យមានការរាំងស្ទះនៃការលូតលាស់សក់។
ស៊ុត៖ ស៊ុតត្រូវបានគេយកទៅចម្អិនធ្វើជាអាហារ ឬប្រើសម្រាប់ចម្អិនក្នុងបង្អែមផ្សេងៗផងដែរ។ ក្រៅពីការចម្អិនទាំងនោះ ស៊ុតក៏បានដើរតួយ៉ាងសំខាន់ក្នុងការបណ្តុះកូនសក់តូចៗឲ្យរឹតតែឆាប់មានការលូតលាស់ និងធ្វើឲ្យសរសៃសក់មានភាពភ្លឺរលោងផងដែរ។ ជំហានដំបូងអ្នកត្រូវយកតែស៊ុតពណ៌ស លាយជាមួយនឹងប្រេងអូលីវចំនួនមួយស្លាបព្រាបាយ និងទឹកឃ្មុំចំនួនមួយស្លាបព្រាបាយដូចគ្នា។ បន្ទាប់មក លាយល្បាយទាំងនោះបចូលគ្នាឲ្យសព្វល្អ សឹមយកមកលាបលើស្បែកក្បាល និងសក់ រួចរក្សាម៉ាស់នោះរយៈពេល ២០នាទី។ ក្រោយពីបានរក្សាម៉ាសនោះគ្រប់ ២០នាទី រួច អ្នកអាចធ្វើការលាងជម្រះសក់ជាមួយនឹងការប្រើសាប៊ូកក់សក់ ឬស្រាបៀរ ប៉ុន្តែយល់ល្អអ្នកគួរតែកក់សក់ជាមួយនឹងស្រាបៀរ រួចលាងសម្អាតវាជាមួយនឹងទឹកធម្មតាប្រសើរជាង ព្រោះស្រាបៀរផ្ទុកទៅដោយប្រូតេអ៊ីន Phospohorous ស័ង្កសីជាតិដែក និងសារធាតុចិញ្ចឹមផ្សេងៗទៀតដែលធ្វើឲ្យសក់របស់អ្នករឹងមាំ និងមានសុខភាពល្អ។
ខ្ទឹមបារាំង៖ ខ្ទឹមបារាំង ត្រូវបានគេដឹងថាវាផ្ទុកទៅដោយ វីតាមីនC កាល់ស្យូម ជាតិដែក ស្ពាន់ធ័រ និងសារធាតុចិញ្ចឹមដ៏សំខាន់ៗជាច្រើន។ ដូច្នេះ ទើបខ្ទឹមបារាំងមានមុខងារពិសេសក្នុងការជួយឲ្យសក់មានការលូតលាស់ និងមិនធ្វើឲ្យសក់ជ្រុះបានដោយងាយឡើយ។ ដំបូង អ្នកត្រូវយកខ្ទឹមបារាំងហាន់ឲ្យទៅជាបំណែកតូចៗ រួចច្របាច់យកទឹកចេញពីខ្ទឹមបារាំងនោះ បន្ទាប់មក យកវាមកលាបលើស្បែកក្បាល និងសក់ ហើយទុកវាចោលប្រមាណជា ២០នាទី ទៅ ៣០នាទី។ ក្រោយមក អ្នកអាចធ្វើការសម្អាតសក់ជាមួយនឹងសាប៊ូកក់សក់ និងក្រែមបន្ទន់សក់ធម្មតាជាការស្រេច។
ប្រទាលកន្ទុយក្រពើ៖ ប្រទាលកន្ទុយក្រពើ មិនត្រឹមតែជារុក្ខជាតិសម្រាប់លម្អខាងមុខផ្ទះនោះទេ វាថែមទាំងផ្តល់អត្ថប្រយោជន៍ច្រើនដល់សម្រស់ផងដែរ។ ហេតុដូច្នេះហើយ ដំបូងអ្វីដែលអ្នកត្រូវធ្វើជាចាំបាច់នោះ គឺយកសាច់ប្រទាលកន្ទុយក្រពើមកហាន់ជាចំណិតតូចៗ រួចកិនវាឲ្យហ្មត់ល្អ។ ក្រោយពីកិនវាឲ្យហ្មត់ល្អ ហើយនោះ ច្របាច់ក្រូចឆ្មារពីចំណិត រួចកូរល្បាយនោះចូលគ្នាឲ្យសព្វ រួចយកល្បាយនោះលាបលើស្បែកក្បាល និងសក់របស់អ្នក ដែលទុកវាចោលរយៈពេល ១៥នាទី ទៅ ២០នាទី សឹមលាងសម្អាតជាមួយនឹងសាប៊ូកក់សក់ធម្មតាជាការស្រេច។ ជាមួយនឹងវិធីសាស្ត្រនេះអ្នកក៏អាចអនុវត្តន៍បានក្នុង ១ អាទិត្យ ២ ដង ឬច្រើនជាងនេះ (ប្រសិនបើអ្នកមានពេលវេលាច្រើន)។ គួរបញ្ជាក់ផងដែរថា អ្នកក៏អាចយកប្រទាលកន្ទុយក្រពើនេះ លាយជាមួយនឹងប្រេងដូង ប្រេងអូលីវ និងទឹកដោះគោស្រស់ ផងដែរ ព្រោះវាមានតួនាទីជួយកាត់បន្ថយអង្គែដែលមាននៅលើស្បែកក្បាល និងពន្លឿននៃការលូតលាស់សក់កាន់តែល្អ។ ប្រិយមិត្តទាំងអស់ ជាពិសេស មិត្តៗនារី គួរតែមានការយកចិត្តទុកដាក់ក្នុងការថែទាំសុខភាពសក់ឲ្យបានត្រឹមត្រូវ ព្រោះទង្វើរសាមញ្ញៗរបស់អ្នកក៏អាចបង្ករឲ្យសក់ងាយនឹងទទួលរងការឆេះ បែកចុង និងឆាប់ពុកផុយ ឬមិនមានការលូតលាស់ក៏ថាបាន៕
Article by PAN SIVLY