ស្រមោចមានសារៈសំខាន់ណាស់ដល់បរិស្ថានតួយ៉ាងដូចជាវាជួយសម្រួលដីឲ្យធូរជាដើម។ ប៉ុន្តែមិនមែនមានន័យថាពួកវាត្រូវធ្វើជាភ្ញៀវនៅក្នុងផ្ទះរបស់អ្នកទេពីព្រោះថាពួកវានឹងក្លាយជាសត្វល្អិតដែលគួរឲ្យស្អប់និងរំខានមួយរំពេចនៅពេលដែលពួកវាបានឈ្លានពានផ្ទះរបស់អ្នកដើម្បីស្វែងរកអាហារជំរកឬពេលខ្លះទាំងពីរយ៉ាងតែម្ដង។ មនុស្សភាគច្រើនព្យាយាមរិះរកវិធីបង្កានឹងកម្ចាត់ពួកវាភ្លាមៗពេលដែលពួកគេជួបប្រទះនឹងបញ្ហាបែបនេះ។ ដើម្បីបង្កានិងកម្ចាត់សត្វស្រមោចមិនឲ្យឈ្លានពានទីលំនៅរបស់អ្នកប្រិយមិត្តអាចអនុវត្តតាមវិធីសាស្រ្តខាងក្រោមនេះ៖
1. បិទតំបន់ច្រកចូលទាំងអស់ (Seal Off All Entrance Areas)
ដោយសារតែស្រមោចមានមាឌតូចអីចឹងហើយទើបពួកវាអាចរកឃើញទ្វារតូចៗរាប់ពាន់ដើម្បីចូលទៅក្នុងលំនៅដ្ឋានរបស់អ្នក។ ចំណែកមួយចំនួនទៀតអាចរកផ្លូវចូលបានតាមរយៈការដង្ហែក្បួនរបស់ស្រមោចដ៏ទៃទៀត។ ជាដំបូងត្រូវរកកន្លែងដែលស្រមោចចូលទៅក្នុងផ្ទះនោះដោយមើលកន្លែងដែលពួកវាកំពុងតែឆ្លងកាត់និងចាកចេញពីផ្ទះ។ បន្ទាប់មកបិទរន្ធច្រកចូលទាំងអស់ដែលអ្នកអាចរកឃើញដោយប្រើកាវស៊ីលីកូន (Silicone Caulk) ដីលែង (Putty) ជ័រកាវ (Glue) ឬកំបោរ(Plaster)។
2. បង្កើតរនាំងដោយប្រើស្កុត(Make a Tape Barrier)
បង្កើតរនាំងក្នុងផ្ទះបាយរបស់អ្នកជាមួយនឹងស្កុតស្អិតដោយដាក់ផ្នែកដែលស្អិតផ្ញារឡើងលើឬប្រិយមិត្តក៏អាចប្រើស្កុតមុខពីរក៏បាន។ នៅពេលស្រមោចព្យាយាមឡើងលើស្កុតនោះពួកវានឹងនៅជាប់នឹងផ្នែកលើដែលស្អិតនោះហើយមានន័យថាប្រិយមិត្តអាចបញ្ឈប់ដំណើររបស់ពួកវាយ៉ាងមានប្រសិទ្ធិភាព។
3. សម្លាប់ទ័ពល្បាតស្រមោច(Squish the Scouts)
ពួកបក្សសម្ព័នរបស់ស្រមោចនឹងបញ្ជាឲ្យទ័ពល្បាតចេញក្រៅដើម្បីពិនិត្យរកប្រភពអាហារ។ប្រសិនបើអ្នកបានឃើញសត្វស្រមោចមួយដើរជិតតុកាហ្វេរបស់អ្នកអ្នកមិនត្រូវលែងវាឲ្យត្រឡប់ទៅសម្បុករបស់វាទាំងរស់នោះទេ ព្រោះថាវានឹងទៅប្រាប់បក្សពួករបស់វាពីកន្លែងដែលអ្នកធ្វើកំពប់ទឹកផ្លែឈើឬកាហ្វេ។ ប្រសិនបើស្រមោចដែលល្បាតនោះបានទៅដល់សម្បុករបស់វាវិញហើយវានឹងនាំមិត្តភក្ដិវាមួយចំនួនទៀតត្រឡប់មកវិញដោយពួកវានឹងដើរតាមផ្លូវក្លិននោះ។ ក្នុងករណីនេះប្រិយមិត្តអាចសម្លាប់ហ្វូងស្រមោចដែលកំពុងតែដើរមករកតុកាហ្វេរបស់អ្នកដោយប្រើម៉ាស៊ីនបូមធូលីមកបូមវាចេញ។
4. ប្រើទឹក (Use water )
ប្រសិនបើមានស្រមោចនៅលើកំរាលឥដ្ឋប្រិយមិត្តអាចបាញ់ទឹកមួយចំនួនលើពួកវានិងជូតពួកវាចេញជាមួយនឹងកន្សែងក្រដាសមួយ។ ជាដំបូងត្រូវជ្រលក់កន្សែងក្រដាសនោះក្នុងទឹកហើយច្របាច់ទឹកចេញខ្លះពីកន្សែងក្រដាសនោះ ក្រោយមកយកវាទៅជូតស្រមោចដែលមានលើគ្រែ។
5. លុបបំបាត់សម្បុកស្រមោច(Bring Down the Nest)
ប្រសិនបើស្រមោចនៅតែបន្តវាយឆ្មក់ចូលផ្ទះរបស់អ្នក អ្នកក៏ត្រូវការវាយឆ្មក់សម្បុករបស់ពួកវាវិញដែរ។ ក្នុងករណីដែលអ្នកដឹងថាសម្បុករបស់វានៅឯណានោះអ្នកអាចចាក់ទឹកក្តៅច្រើនលីត្រចូលទៅក្នុងសម្បុកនោះដើម្បីសម្លាប់ពួកវាព្រមទាំងសត្វល្អិតផ្សេងៗដែលនៅក្នុងនោះ។
6. សម្លាប់ម្ចាស់ក្សត្រី (Kill the Queen)
វិធីដែលធ្វើឲ្យស្រមោចលែងមករុករានផ្ទះរបស់អ្នកម្ដងហើយម្ដងទៀតគឺបំផ្លាញប្រភពរបស់ពួកវា“ម្ចាស់ក្សត្រីស្រមោច” (The Ant Queen)។ ម្ចាស់ក្សត្រីស្រមោចមួយអាចបង្កើតស្រមោចជាច្រើនក្បាលហើយនាងក៏ជាអ្នកផ្តល់ការណែនាំឬចាត់ចែងសម្បុកនេះ។ បើអ្នកសម្លាប់ម្ចាស់ក្សត្រីស្រមោចបាននោះមានន័យថាអ្នកអាចកំចាយស្រមោចបានទាំងស្រុង។ អ្នកអាចរកម្ចាស់ក្សត្រីស្រមោចបាននៅត្រង់ចំណុចកណ្តាលសម្បុកស្រមោច។
7. កុំទុកអាហារចោល(Don't Leave Food Out)
ស្រមោចទាំងនេះចូលមកក្នុងផ្ទះរបស់អ្នកព្រោះតែពួកវាដឹងថាមានអ្វីមួយនៅទីនោះសម្រាប់ពួកវាអាចជាប្រភពអាហារឬបរិស្ថានដ៏កក់ក្តៅមួយ។ ប្រសិនបើផ្ទះរបស់អ្នកកខ្វក់ស្រមោចដែលទៅផ្ទះរបស់អ្នកនឹងកើនចំនួនច្រើនដូច្នេះហើយអ្នកត្រូវប្រាកដថាអ្នកបានសម្អាតជារៀងរាល់ថ្ងៃ។ បើសិនផ្ទះរបស់អ្នករឹតតែស្អាតនោះឱកាសដែលស្រមោចទៅផ្ទះរបស់អ្នករឹតតែតិចព្រោះវាអាចនឹងទៅផ្សងព្រេងនៅកន្លែងផ្សេងសម្រាប់ចិញ្ចឹមបីបាច់ខ្លួនវា។ ប្រសិនបើអ្នកចៃដន្យទុកអាហារឬភេសជ្ជៈដែលផ្អែមៗចោលលើតុអ្នកអាចយកឱកាសនេះដើម្បីតាមដានសម្បុករបស់ស្រមោចពេលដែលវាពាំចំណីត្រឡប់ទៅវិញ។ រក្សាឡាបូលាងចានឲ្យនៅស្អាត នេះមានន័យថាគ្មានចានកខ្វក់គ្មានទឹកដក់សម្រាប់ស្រមោចផឹកនិងគ្មានម្ហូបអាហារនៅក្នុងឡាបូនោះទេ។
8. ទុកអាហារក្នុងប្រអប់បិទជិត (Store Food in Airtight Containers)
ទោះបីជាអ្នកបានលាក់ទុកម្ហូបអាហាររបស់អ្នកនៅក្នុងទូដាក់ចានក៏ដោយ ក៏ស្រមោចនៅតែអាចរកផ្លូវឃើញតាមរយៈរន្ធតូចៗ។ ប្រសិនបើពួកវាអាចហិតក្លិននិងអាចទៅដល់កន្លែងនោះបន្ទាប់ពីនោះពួកវានឹងនាំគ្នាទៅទាំងហ្វូងតែម្ដង។
មូលហេតុដែលមនុស្សយើងមិនចង់ឲ្យសត្វស្រមោចមករំខានការរស់នៅប្រចាំថ្ងៃនោះ គឺដោយសារតែកត្ដាឬផលវិជ្ជមានមួយចំនួនខាងក្រោមនេះ៖
1. បញ្ហាអនាម័យ (Sanitation Issues)
ស្រមោចអាចបំពុលអាហារឬផ្ទៃខាងលើនៃអាហារដោយគ្រាន់តែពួកវាដើរលើអាហារនោះព្រោះមុនពេលដែលវាបានមកដល់ទីតាំងនេះវាអាចនឹងគ្របដណ្តប់ដោយបាក់តេរីជាច្រើន។
2. បញ្ហារចនាសម្ព័ន្ធ (Structural Problems)
ស្រមោចមួយចំនួនដូចជាស្រមោចជាងឈើគឺមានឈ្មោះថាជាស្រមោចសាហាវឃោរឃៅដោយសារតែវាធ្វើឲ្យខូចខាតទ្រព្យសម្បត្ដិ។ ពួកវាមានសមត្ថភាពដើរក្នុងឈើស៊ីម៉ង់(Stucco) និងអ៊ីសូឡង់។ ស្រមោចឆ្កួត (Crazy ants) ក៏ជាបញ្ហាផងដែរខណៈពេលពួកវាធ្វើសម្បុកស្ទើរតែគ្រប់ទីកន្លែងនិងត្រូវបានគេស្គាល់ថាជាអ្នកកាត់ខ្សែភ្លើងដ៏ជំនាញ។
3. ការខាំនិងការទិច(Stings and Bites)
មានមួយក្តាប់តូចនៃប្រភេទសត្វស្រមោចដែលខាំនិងទិចជាពិសេសស្រមោចភ្លើងហ្នឹងតែម្ដង។ពេលដែលពួកវាខាំឬទិចវានឹងធ្វើឲ្យរមាស់ខ្លាំងនិងឡើងកន្ដួលក្រហម។ ពេលខ្លះប្រសិនបើអ្នកអេះត្រង់កន្លែងដែលវាខាំនឹងខ្លាំងពេកវាអាចឲ្យស្បែករបស់អ្នកដាច់ឬរលាត់។
ដូចដែលបានជម្រាបជូនពីវិធីកម្ចាត់ និងផលអវិជ្ជមាននៃសត្វស្រមោចសូវរីន សង្ឃឹមថាប្រិយមិត្តនឹងអាចចាត់វិធានការណ៍ទៅលើសត្វល្អិតមួយនេះបានដោយជោគជ័យ៕
Article by HEM HY