លោក គឹម បញ្ញារ័តន៍ ធ្វើដំណើរត្រាច់ចរផ្សងព្រេងក្នុងបេសកម្ម «ពីលើដែនសុវណ្ណភូមិ»
NEWS 3 years ago«Cambodia From Above» ឬ «ពីលើដែនសុវណ្ណភូមិ» គឺជាគម្រោងថតរូបពីលើអាកាសមួយរបស់ លោក គឹម បញ្ញារ័តន៍ ជាសិល្បករថតរូបដ៏ឆ្នើមនៅកម្ពុជា។ លោកបានបង្កើតគម្រោងនេះឡើងតាំងពីឆ្នាំ ២០១៦ ដោយចេញដំណើរឆ្ពោះទៅកាន់តំបន់ព្រៃភ្នំថតផ្តិតយករូបជាក់ស្តែងពីលើអាកាសមានទាំងរូបភាពទិដ្ឋភាពសម្រស់ធម្មជាតិ សកម្មភាពជីវភាពរស់នៅប្រចាំថ្ងៃ និងស្ថាបត្យកម្មផ្សេងៗដែលកំពុងតែលាក់កំបាំងកាយឆ្ងាយភ្នែកនៅទូទាំងប្រទេសកម្ពុជា។
ផ្តើមពីចំណូលចិត្តទៅលើការគូររូប និងមើលសិល្បៈប្លែកៗ គឹម បញ្ញារ័តន៍ បានចាប់ផ្តើមស្រឡាញ់ការថតរូបតាំងតែពីវ័យក្មេង។ នៅអាយុ១០ឆ្នាំ កុមារាមានស្រុកកំណើតមកពីខេត្តក្រចេះរូបនេះបានបំពេញបំណងរបស់ខ្លួនដោយសន្សំលុយទិញបានកាមេរ៉ាមួយយកមកថតរូបលេងជាលក្ខណៈគ្រួសារ និងថតរាល់ពេលចេញទៅដំណើរកម្សាន្ត។ មែនទែនទៅក្រោយពេលរៀនចប់ថ្នាក់បាក់ឌុប បញ្ញារ័តន៍ត្រូវបានលោកឪពុកជំរុញឲ្យបន្តការសិក្សាទៅលើមុខជំនាញពីរផ្សេងគ្នា គឺផ្នែកនីតិសាស្ត្រ និងផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ប៉ុន្តែក្រោយសិក្សាបានត្រឹមរយៈពេលពីរទៅបីឆ្នាំលោកបានងាកមកឈោងចាប់អ្វីដែលខ្លួនស្រឡាញ់វិញ ដោយសិក្សាទៅលើមុខជំនាញ Creative Multimedia ឬរចនាពហុប្រព័ន្ធផ្សព្វផ្សាយនៅសាកលវិទ្យាល័យលីមកុកវីង។ ក្រៅពីបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញទាក់ទងនឹងការថត កន្លងមក បញ្ញារ័តន៍ ក៏ធ្លាប់បានចេញទៅបណ្តុះបណ្តាលវគ្គថតរូបខ្លីនៅឯប្រទេសថៃ និងរៀនស្វែងយល់បន្ថែមដោយខ្លួនឯងតាមគេហទំព័រ YouTube។
ជាសិល្បករមានទំនោរថតទៅលើប្រភេទរូបភាពបែប ទេសភាព វប្បធម៌ ដំណើរកម្សាន្ត និងតាមដងវិថី រាល់ទំនេរស្បើយពីការងារ បញ្ញារ័តន៍តែងឆ្លៀតធ្វើដំណើរត្រាច់ចរផ្សងព្រេងជាមួយក្រុមថតរូប«បេះដូងអ្នកថតរូប» ទៅថតផ្តិតយករូបភាពនៅតាមស្រុកភូមិនិងតំបន់ព្រៃភ្នំដាច់ស្រយាលនានា។ ការចេញដំណើរថតរូបនេះបានជំរុញឲ្យ បញ្ញារ័តន៍ លេចគំនិតបង្កើតគម្រោងផ្ទាល់ខ្លួនមួយឈ្មោះថា «Cambodia From Above» ឬ «ពីលើដែនដីសុវណ្ណភូមិ» នេះឯង។ លោកបានប្រើប្រាស់កាមេរ៉ាយន្តហោះទំនើបដ្រូន (drone) បង្ហោះឡើងទៅលើអាកាសរួចផ្តិតយករូបភាពទិដ្ឋភាពពិតជាក់ស្តែងពីខាងលើហើយចាប់ប្លង់តាមសណ្ឋានផ្សេងៗបង្កើតបានជារូបភាពប្លែកភ្នែកស្ទើរមិនគួរឲ្យជឿ។ ជាក់ស្តែងសមិទ្ធផលរូបភាពបង្ហាះលើបណ្តាញសង្គមកន្លងមកដូចជា ទិដ្ឋភាពវត្តបុញ្ញខេត្តារាមក្នុងទីរួមខេត្តព្រៃវែង ទិដ្ឋភាពទន្លេនៅស្រុកស្រែអំបិលខេត្តកោះកុង ទិដ្ឋភាពប្រពៃណីចាប់ត្រីនៅបឹងក្រោមខេត្តត្បូងឃ្មុំ ទិដ្ឋភាពស្ពានប្រដឹសឬស្សីកោះប៉ែនខេត្តកំពង់ចាម ទិដ្ឋភាពទន្លេតូចនៅភូមិតូចក្រុងតាខ្មៅខេត្តកណ្តាល និងទិដ្ឋភាពវត្តភ្នំសន្ទុកខេត្តកំពង់ធំជាដើម សុទ្ធសឹងទទួលបានការចាប់អារម្មណ៍ និងកោតសសើរខ្លាំងពីមហាជនជាតិ និងអន្តរជាតិ។ ទន្ទឹមនឹងនេះ លោកក៏លើកឡើងទៀតថា “សម្រាប់កន្លែងខ្លះមានអ្នកធ្លាប់ទៅ ដូច្នេះយើងមើលរូបភាពចាស់ៗទាំងនោះរួចបង្កើតការស្រមើស្រមៃបន្ថែមដើម្បីត្រៀមខ្លួនរួចជាស្រេចថាតើគួរត្រៀមអ្វីខ្លះ ត្រូវថតយ៉ាងម៉េច ត្រូវចាប់ប្លង់យ៉ាងណាឲ្យមើលទៅមានភាពទាក់ទាញជាងរូបចាស់”។
Image Courtesy: KIM PANHAROTH
ចំពោះតិចនិចថតដ្រូនដើម្បីបានរូបភាពរស់រវើក លោកបង្ហើបដែរថាបើរូបភាពផ្តោតលើតួអង្គមានសកម្មភាពយើងត្រូវចេះបត់បែនទៅតាមតួអង្គនោះ។ ឧទាហរណ៍បើទិដ្ឋភាពមានសត្វយើងត្រូវបញ្ជាដ្រូនប្រដេញតាមតួអង្គសត្វនោះរហូត បើថតសកម្មភាពប្រជាជនប្រចាំថ្ងៃយើងត្រូវប្រាប់ពួកគាត់ឲ្យដឹងមុនដើម្បីឲ្យពួកគាត់ធ្វើសកម្មភាពតាមធម្មតាមើលទៅរស់រវើកពិតៗ។ ដោយឡែកចំពោះរូបភាពបានមកទាំងប៉ុន្មាន សិល្បកររូបនេះមិនដំឡើងពណ៌ឬពឹងផ្អែកលើកម្មវិធីក្រាហ្វិកឌីហ្សាញកែឲ្យរូបភាពខុសធាតុដើមទាំងស្រុងឡើយ ហោចណាស់ត្រឹមបន្ថែមពន្លឺពី២០ទៅ៣០ភាគរយប៉ុណ្ណោះ។ ដោយសារតែរូបភាពទាក់ទាញបង្ហាញពីតំបន់ទេសចរណ៍ធម្មជាតិជាច្រើន កាលពីដើមខែតុលាកន្លងទៅនេះ លោកបញ្ញារ័តន៍ទើបតែទទួលបានបណ្ណសរសើរមេត្រីភាពពីក្រសួងបរិស្ថាន ដែលលោកបានផលិតរូបភាពស្រស់ស្អាតតាមតំបន់ធម្មជាតិនានា និងផ្សព្វផ្សាយដល់សាធារណជន។ សកម្មភាពនេះបញ្ជាក់ពីការចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថានល្អប្រសើរក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចរីភាព។
តាមរយៈសូវរីន សិល្បករបញ្ញារ័តន៍ បានមានមតិផ្តាំផ្ញើសម្រាប់អ្នកដែលចង់ក្លាយជាសិល្បករថតរូបដែរថា “ពួកគាត់គួរធ្វើអ្វីដែលខ្លួនស្រឡាញ់ ពេលខ្លះកុំគិតពីផលប្រយោជន៍ច្រើនពេក បើមិនដូច្នោះយើងមិនអាចបង្កើតស្នាដៃខ្លួនឯងបានឡើយ។ ប្រឡូកក្នុងវិស័យថតរូបតម្រូវឲ្យពួកគាត់ ដើរឲ្យច្រើន មើលឲ្យច្រើន សំខាន់គឺភ្នែកហ្នឹងឯង កាលណាយើងមើលកាន់តែច្រើនភ្នែកយើងនឹងកាន់តែរីកចម្រើនដែលអាចប្រៀបធៀបបែងចែករវាងភាពស្រស់ស្អាត និងភាពតែមួយគ្មានពីរ (unique) បន្ទាប់មកយើងនឹងអាចបង្កើតអ្វីដែលជាស្ទាយ៌ឬស្នាដៃរបស់យើង”៕
Article by HEM SOKKHIM