លោក ដន ប្រូតាស៊ីអូ (Don Protasio) បង្ហាញសមិទ្ធផលលេចធ្លោតាមរយៈខូឡិកហ្សិនថ្មី
NEWS 3 years ago ជំនួបជាមួយអ្នកច្នៃម៉ូដសម្លៀកបំពាក់ហ្វេហ្សិន លោក ដន ប្រូតាស៊ីអូ (Don Protasio) ដែលជាជនជាតិហ្វីលីពីនបានមករស់នៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០០៧មកម៉្លេះ លោកបានរំឭកអំពីអតីតភាពមុននឹងលោកចាប់ផ្តើមអាជីពរបស់ខ្លួននៅក្នុងកម្ពុជាដូច្នេះថា ដើមឡើយលោកធ្លាប់បានចូលរួមការច្នៃម៉ូដសម្លៀកបំពាក់សម្រាប់ក្រុមហ៊ុនពាណិជ្ជកម្មមួយកន្លែងនៅប្រទេសហ្វីលីពីនរយៈពេលប្រមាណជាង២ឆ្នាំ លោកក៏បានសម្រេចចិត្តសាកល្បងចូលរួមការប្រកួតកម្មវិធីធំៗជាច្រើនដូចជា៖ កម្មវិធីអ្នកច្នៃម៉ូដប្រចាំសប្តាហ៍ស្ថិតនៅតាមបណ្តាប្រទេសហ្វីលីពីន ហុងកុង ឡាវ ថៃ និងមីយ៉ាន់ម៉ា រួមទាំងកម្មវិធីអន្តរជាតិមួយទៀតឈ្មោះថា «Concours International des Jeunes Createurs de Mode» ផងដែរ។ ទន្ទឹមនឹងការមកដល់កម្ពុជាជាលើកដំបូង លោក Don មានឱកាសរចនាម៉ូដសម្លៀកបំពាក់ហ្វេហ្សិនប្លែកៗជាច្រើនឈុតដែលមានស្លាកយីហោជាឈ្មោះរបស់លោកផ្ទាល់តែម្តង។ លើសពីអ្នកច្នៃម៉ូដហ្វេហ្សិនសព្វថ្ងៃជនជាតិភីលីពីនដែលមានពហុជំនាញម្នាក់នេះ ក៏ជាអ្នកគ្រប់គ្រងទូទៅនៃកម្មវិធីអ្នកច្នៃម៉ូដប្រចាំសប្តាហ៍ (Phnom Penh Designers Week) ដែលជាកម្មវិធីមួយលើកស្ទួយ និងផ្តល់ឱកាសដល់ស្នាដៃរបស់អ្នកច្នៃម៉ូដហ្វេហ្សិនកម្ពុជាគ្រប់រូបបញ្ចេញសមត្ថភាពរបស់ខ្លួនពីមួយរដូវកាលទៅមួយរដូវកាលធ្វើឡើងយ៉ាងគគ្រឹកគគ្រេងជារៀងរាល់ឆ្នាំ។ លោក Don Protasio បានលើកឡើងថា «បច្ចុប្បន្ននេះ ខូឡិកហ្សិនដែលខ្ញុំបានច្នៃមកសរុបមានចំនួន៣០ ខូឡិកហ្សិន ហើយខ្ញុំកំពុងតែរចនាខូឡិកហ្សិនបន្ថែមទៀតដែលត្រៀមនឹងបង្ហាញនៅក្នុងកម្មវិធីអ្នកច្នៃម៉ូដប្រចាំសប្តាហ៍ (Phnom Penh Designers Week) នាខែកក្កដា ដូច្នេះវាអាចនឹងជាខូឡិកហ្សិនទី៣១ របស់ខ្ញុំ»។
«Wander in Isolation» ជាខូឡិកហ្សិនទី៣១ ដោយមានការរចនាយ៉ាងពិសេសបំផុតសម្រាប់និទាឃរដូវ និងរដូវក្តៅនៃឆ្នាំ២០២១។ ខូឡិកហ្សិននេះក៏បានបង្ហាញវត្តមានលើក្របទស្សនាវដ្តីសូវរីនប្រចាំខែមេសាថែមទៀតផង។ សន្ទនាវែកញែកការរចនាខូឡិកហ្សិន «Wander in Isolation» លោកថាខូឡិកហ្សិននេះធ្វើឡើងមានប្រមាណចំនួន ២៤ឈុត ដែលឈុតនីមួយៗសុទ្ធសឹងតែមានកាស្រាវជ្រាវយ៉ាងល្អិតល្អន់បំផុត មិនថាការប្រើប្រាស់សាច់ក្រណាត់ និងការជ្រើសរើសពណ៌សម្រាប់ការរចនាជាដើម។ បណ្តុំឈុតខូឡិកហ្សិនមានពណ៌ចម្រុះស្រាលស្រទន់នេះគឺជាផ្នត់គំនិតផ្តោតលើការពិពណ៌នានៃគំនិតដែលមានភាពចាំបាច់ ភាពឯកោ ប៉ុន្តែវាជាបំណងប្រាថ្នាមួយនៃការចង់ឃើញ ដូច្នេះ វាជាគំនិតនៃភាពអត់ធ្មត់បង្ហាញពីក្តីសុបិនមួយដែលនឹងនាំឲ្យមនុស្សម្នាក់ៗមានចិត្តវិលវល់ និងស្វែងរក។ បើតាមការបរិយាយលម្អិតរបស់ Don ខូឡិកហ្សិននេះមានភាពសាមញ្ញ និងពុំមានការលេងស្ទីល ឬមានម៉ូដច្រើនដូចទៅនឹងខូឡិកហ្សិនមុនៗនោះទេ និយាយរួមលោកសម្រេចចិត្តប្រើប្រាស់ម៉ូដហ្វេហ្សិនបែបមើលទៅសាមញ្ញនិយមតែបង្កប់នូវភាពអេឡេហ្គិន។
ដោយឡែកអ្នកច្នៃម៉ូដជនជាតិហ្វីលីពីនដែលមានបេះដូងជាខ្មែរ បានបង្ហាញចក្ខុវិស័យរបស់ខ្លួនថា «សម្លៀកបំពាក់មិនត្រឹមតែជាការស្លៀកពាក់ដែលបង្ហាញពីគំនិត ឬទំនោររបស់អ្នកស្លៀកពាក់នោះទេ តែសម្លៀកបំពាក់គឺជាយានជំនិះមួយបែបដែលបង្ហាញ និងជាការតំណាងនៃផ្នត់គំនិត ក៏ដូចជាផ្នែកមួយបង្កើនសម្រស់របស់មនុស្សម្នាក់ៗផងដែរ»។ លោកនៅតែសង្ឃឹម និងលើកទឹកចិត្តដល់អ្នកច្នៃម៉ូដជំនាន់ក្រោយឲ្យព្យាយាមបង្ហាញសមត្ថភាពរបស់ខ្លួនដោយពុំចម្លងស្នាដៃរបស់អ្នកដទៃមកធ្វើជារបស់ខ្លួន។ ម៉្យាងវិញទៀត លោក Don Protasio ព្យាយាមលើកចិត្ត និងជំរុញអ្នកច្នៃម៉ូដជំនាន់ថ្មីចូលរួមកម្មវិធីហ្វេហ្សិនឲ្យបានកាន់តែច្រើន ព្រោះវាជាឱកាសដ៏កម្រសម្រាប់ពួកគេ៕
Article by PAN SIVLY