មូល សារ៉ាវ៉ាន់ ពិធីករជំនាន់ក្រោយដែលបានគ្រងតំណែងកម្មវិធីលំដាប់អន្តរជាតិនៅកម្ពុជា
NEWS 12 months agoពិធីករវ័យក្មេងមានឈ្មោះបោះសំឡេងក្នុងពេលបច្ចុប្បន្ន មូល សារ៉ាវ៉ាន់ ត្រូវបានមហាជនជាច្រើនស្គាល់ច្បាស់តាមរយៈកម្មវិធី Miss Grand Cambodia ឆ្នាំ ២០២០ និង ឆ្នាំ២០២១ កន្លងទៅ រួមទាំងកម្មវិធីកម្សាន្តបែបយុវវ័យជាច្រើនទៀត បានចូលខ្លួនមកលាតត្រដាងពីប្រវត្តិមុនចូលសិល្បៈ ព្រមទាំងកត្តាកំណត់ជោគជ័យការងាររបស់លោកតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន។
លោក មូល សារ៉ាវ៉ាន់ បានរំព្ញកអតីតកាលរបស់លោកថា លោកធំដឹងក្តីនៅរាជធានីភ្នំពេញ ជាអតីតសិស្ស វិទ្យាល័យសន្ធរម៉ុកដែលបានបញ្ចប់មធ្យមសិក្សាទុតិយភូមិកាលពីឆ្នាំ២០១១។ បន្ទាប់មក លោកក៏បានបន្តការសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ដោយចាប់យកជំនាញព័ត៌មានវិទ្យា (I.T) ជាជំនាញឯកទេស។ លោកបានអះអាងថា លោកមានឧបនិស្ស័យផ្នែកសិល្បៈតាំងពីវ័យក្មេងមកម្ល៉េះ។ ប៉ុន្តែលុះដល់ពេលកំពុងសិក្សាថ្នាក់មហាវិទ្យាល័យឆ្នាំទី២ ឬ ទី៣ ទើបលោកបានសម្រេចចិត្តដាក់ពាក្យប្រកួតប្រជែងជាបេក្ខភាពក្នុងកម្មវិធីប្រឡង Freshie Boy & Girl ដែលជំនាន់នោះផ្សាយលើកញ្ចក់ទូរទស្សន៍ MYTV។ លោកពុំទទួលបានចំណាត់ថ្នាក់ជ័យលាភីនោះទេ ប៉ុន្តែបានជាប់ក្នុងចំណោមជម្រើសបេក្ខជន១០រូបចុងក្រោយដែរ។ តាមរយៈនេះ លោកទទួលបានបទពិសោធន៍ខាងផ្នែកសិល្បៈ ហើយវាក៏ជាជំហានបឋមដែលដឹកនាំរូបលោកទៅកាន់ការងារសិល្បៈជាបន្តបន្ទាប់នៅពេលក្រោយមកទៀត។
ដំបូងឡើយ ក្តីស្រមៃក្នុងពិភពសិល្បៈរបស់លោកនោះគឺ ផ្នែកដើរម៉ូដ និង សម្តែងទេ ប៉ុន្តែឱកាសការងារបាន ជំរុញរូបលោកឲ្យទទួលបានជោគជ័យនិងកេរ្តិ៍ឈ្មោះក្នុងអាជីពជាពិធីករទៅវិញ។ ជាក់ស្តែង ក្រោយពីកម្មវិធីប្រឡង Freshie Boy & Girl នោះ លោកទទួលបានទំនុកចិត្តពីអ្នកដឹកនាំកម្មវិធីមួយរូបនៅស្ថានីយ៍ទូរទស្សន៍ ETV ដែលជាប៉ុស្តិ៍ទូរទស្សន៍កម្មវិធីកម្សាន្តចំណុះស្ថានីយ៍ទូរទស្សន៍បាយ័នឲ្យធ្វើជាពិធីករកម្មវិធីសំណូមពរបទចម្រៀងរបស់ស្ថានីយ៍នោះ។ ដោយសារសមត្ថភាពការងាររបស់លោកកាន់តែរីកចម្រើន លោកបានវិវឌ្ឍខ្លួនពីការថតវីដេអូទុកមុននូវកម្មវិធីដែលមានរយៈពេល៣០នាទីមកជាការធ្វើពិធីករផ្សាយផ្ទាល់ (live) តាមរយៈកម្មវិធី ETV Gold Concert របស់ស្ថានីយ៍ដដែល។ ជោគជ័យដ៏គួរឲ្យកត់សម្គាល់នេះមិនមែនជាការចៃដន្យទេ ព្រោះលោកបានប្រាប់ថា លោកតែងតែមើលគំរូរៀមច្បងពិធីករមុនៗ ជាពិសេសគឺ អតីតពិធីករជើងចាស់ អ៊ិត សេដ្ឋា ដែលលោកចាត់ទុកជានិមិត្តរូបរបស់លោកតែម្តង ព្រមជាមួយគំរូពិធីករបរទេសអាជីពល្បីៗគួបផ្សំថែមទៀតផង។ មហាជនកាន់តែទទួលស្គាល់រូបលោកកាន់តែច្រើននៅពេលលោកគ្រងតំណែងជាពិធីករក្នុងកម្មវិធីប្រគំតន្រ្តីរបស់ស្ថានីយ៍ទូរទស្សន៍ PNN។ ដៃគូដែលលោកធ្លាប់ប្រឡូកការងារយ៉ាងរលូនជាមួយគ្នានៅលើឆាកសិល្បៈមានដូចជា កញ្ញា សុភ័ក្រ្ត កុសុម៉ា កញ្ញា ពេជ្រ ច័ន្ទធីតា និង កញ្ញា Jimmy Meng ។ល។
តើឆ្លងកាត់មុខរបរជាពិធីករនេះ លោកទទួលបានអ្វីខ្លះរហូតមកដល់សព្វថ្ងៃនេះ? លោកបានឆ្លើយថា ក្រៅពីល្បីមានគេស្គាល់ច្រើន លោកក៏ទទួលបានបទពិសោធន៍ផ្នែកទំនាក់ទំនង និង គម្រោងការងារធំៗជាច្រើនដែលលោកនឹកស្មានមិនដល់ពីមុនមក ជាអាទិ៍ កម្មវិធី Miss Grand Cambodia នេះ ជាដើម។ លើសពីវោហារស័ព្ទ ពិធីករ មូល សារ៉ាវ៉ាន់ ក៏មានសមត្ថភាពចំណេះដឹងភាសាបរទេស រួមមាន ភាសាអង់គ្លេស និង ភាសាថៃ ដែលអំណោយផលល្អដល់ទំនាក់ទំនងការងារសព្វថ្ងៃរបស់លោក។ បន្ថែមលើអាជីពប្រចាំថ្ងៃ លោកក៏ធ្លាប់សម្តែងភាពយន្តបានបីរឿង ក្នុងនោះរួមមាន រឿង ចំណងអាពាហ៍ពិពាហ៍ (របស់ស្ថានីយ៍ទូរទស្សន៍ PNN) រឿង ប្រហុកក្រអូប (របស់ស្ថានីយ៍ទូរទស្សន៍ CTN) និង រឿង ព្រលឹង (ផលិតកម្មមហាហង្ស) ព្រមទាំងឆ្លៀតពេលថតផ្សព្វផ្សាយផលិតផលឲ្យក្រុមហ៊ុននានាផងដែរ។ លោកបានបង្ហើបថា លោកមានបំណងចាប់យកជំនាញដើរម៉ូដបន្ថែមទៀតបើមានឱកាស។ ជាចុងក្រោយ លោកក៏មិនភ្លេចបណ្តាំសម្រាប់ពិធីករស្រករក្រោយថា ចូរតស៊ូកុំបោះបង់ ហើយធ្វើខ្លួនឲ្យស្អាតទាំងអាកប្បកិរិយា និងចិត្តគំនិត។ ចៀសវាងច្រណែនឈ្នានីសក្នុងរង្វង់សិល្បៈ និង ត្រូវចេះតម្លៃដល់សិល្បកររៀមច្បង នោះទើបជីវិតសិល្បៈទទួលបានជោគជ័យគង់វង្សយូរអង្វែង៕
Article by SRIN SOKMEAN