×

Co​Co​ ​d​e​ ​Take​o ​អត្តសញ្ញាណ​សិប្បកម្ម​ច្នៃ​ផលិតផល​ពី​រុក្ខជាតិ​ដូង​ជំនាន់​ថ្មី​ពី​ទឹកដី​តាកែវ​

NEWS 2 years ago
 
 

           ដូង​ជា​រុក្ខជាតិ​ពហុ​ប្រយោជន៍​ដ៏​សំខាន់​នៅ​ក្នុង​សង្គម​ខ្មែរ​តាំងពី​យូរយារណាស់មកហើយ​។​ ​ប្រជាជន​ ​ខ្មែរ​និយម​ដាំ​ដើមដូង​ដើម្បី​យក​ផ្លែ​កាប់​យក​ទឹក​ផ្អែម​ត្រជាក់​ទទួលទាន​ប៉ូវ​កម្លាំង​ ​និង​យក​ខ្ទិះ​វា​ប្រើ​សម្រាប់​ច​ម្អិ​ន​ម្ហូប​និង​បង្អែម​ប្រពៃណី​ជា​ច្រើនមុខ​ស្ទើរ​រាប់មិនអស់​។​ ​រីឯ​ស្លឹក​ដូង​ក៏​អាច​ប្រើការ​ច្នៃ​តុបតែង​លម្អ​រោង​អាពាហ៍ពិពាហ៍​នៅ​ ​តាម​ទី​ជនបទ​នានា​តាម​ទំនៀម​ពី​បុរាណ​បាន​យ៉ាង​ស្រស់​ចំណាន​។​ ​ដោយសារ​សម្លឹង​ឃើញ​នូវ​គុណសម្បត្តិ​ដ៏​ច្រើន​ ​លើសលប់​មិន​អាច​ខ្វះ​បាន​នៃ​រុក្ខជាតិ​ដូង​នេះ​ ​ទើប​សិប្បកម្ម​ដូងតាកែ​វ​ ​ឬ​ ​Co​Co​ ​d​e​ ​Take​o ​ក៏​ត្រូវ​បាន​ផ្តួចផ្តើម​បង្កើត​ ​ហើយ​បាន​ដំណើរការ​និង​អភិវឌ្ឍ​ជា​ជំហាន​ៗ​អស់​រយៈពេល​ជាង​១​០​ឆ្នាំ​មក​ហើយ​។​ ​ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ ​ក្រោយនេះ​ ​សិប្បកម្ម​បែប​សហគមន៍​ខាងលើ​ក៏​កំពុងតែ​បង្កើន​ផលិតផល​ថ្មីៗ​របស់​ខ្លួន​កាន់តែ​ច្រើនមុខ​ដើម្បី​បំពេញ​ ​តម្រូវ​ការ​របស់​អតិថិជន​សម័យថ្មី​។​

           ​ស្ថិត​តាម​បណ្តោយ​ផ្លូវ​បេតុង​ ​នៃ​បុរី​វ៉ា​រី​ណា​ ​សង្កាត់​គោក​ឃ្លា​ង​ ​ខណ្ឌ​សែន​សុខ​ ​រាជធានី​ភ្នំពេញ​ ​ម្តុំ​ក្រោយ​វត្ត​សំរោង​អ​ណ្តែ​ត​ ​ខាងលិច​ក្រុង​ ​ផ្ទះ​លេខ​ ​៧​៩​ ​ឬ​ ​ហាង​កាហ្វេ​កូកូ​ដឺ​តាកែវ​ ​ជា​ទីតាំង​តាំង​បង្ហាញ​និង​លក់​ ​ផលិតផល​ស្នាដៃ​កូនខ្មែរ​យីហោ​ ​«​Co​Co​ ​d​e​ ​Take​o​»​ ​ដែល​ផលិត​បាន​ពី​រោង​សិប្បកម្ម​ផ្ទាល់​នៅ​ឯ​ឃុំ​គុ​ស​ ​ស្រុក​ត្រាំ​កក់​ ​ខេត្ត​តាកែវ​។​ ​ហាង​ដែល​មាន​ទំហំ​ផ្ទះ​មួយ​ល្វែង​នេះ​ពោរពេញ​ដោយ​ទំនិញ​ធ្វើ​ដោយដៃ​ខ្មែរ​ពិតៗ​ជាច្រើន​ ​ចម្រុះ​ទាក់​ភ្នែក​គួរឲ្យ​ចង់​ទស្សនា​ ​ដូចជា​ ​ថូផ្កា​ស្រកីដូង​ ផូ​ផ្កា​ត្រឡោកដូង​ ​ចាន​ត្រឡោកដូង​ ​ស្បែកជើង​ស្រកីដូង​ ​សាប៊ូ​ប្រេងដូង​ ​ប្រេងដូង​ធម្មជាតិ​ ​ស្ករគ្រាប់​ដូង​ ​និង​ទំនិញ​បន្ទាប់បន្សំ​មួយ​ចំនួន​ទៀត​ដែល​សហគមន៍​ផលិត​បាន​។​ ​តម្លៃ​ផលិតផល​ដ៏​មានគុណ​ភាព​និង​ពោរពេញ​ដោយ​គំនិត​ច្នៃ​ប្រតិដ្ឋ​ដែល​ដាក់​លក់​នៅ​ទីនោះ​ភាគច្រើន​សមរម្យ​។​

           ​លោក​ ​សាត​ ​ភារម្យ​ ​ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​សិប្បកម្ម​ដូងតាកែ​វ​ ​នៅ​ភ្នំពេញ​ ​បាន​ផ្តល់​បទសម្ភាសន៍​ ​ឲ្យ​សូវ​រី​ន​អំពី​ប្រវត្តិ​សិប្បកម្ម​នេះ​ថា​ ​គម្រោង​សិប្បកម្ម​នេះ​គឺជា​កម្មវិធី​របស់​ព្រះ​សហគមន៍​កាតូលិក​កម្ពុជា​ ​ភូមិភាគ​ ​ភ្នំពេញ​។​ ​ក្រោម​ស្នាដៃ​របស់​លោក​អភិបាល​ ​អូ​លី​វី​យេ​ ​អភិបាល​ព្រះ​សហគមន៍​ភូមិភាគ​ភ្នំពេញ​ ​ដែល​មាន​​​រូបលោក​ ​ជា​ប្រធាន​គ្រប់គ្រង​ទូទៅ​ ​និង​ ​លោក​ ​មា​គ​ ​ស៊ន​ ​ជា​ប្រធាន​មណ្ឌល​នៅ​ខេត្ត​តាកែវ​។​ “សិប្បកម្ម​នេះ​ត្រូវ​បាន​បង្កើត​ ​ឡើង​ដោយមាន​ជំនឿ​ដ៏​មុតមាំ​មួយ​ថា​ ​ប្រជាជន​ក្រីក្រ​ ​ជន​ងាយ​រងគ្រោះ​ ​និង​ជន​មាន​ពិការភាព​ដែល​រស់នៅ​តាម​ ​ទី​ជនបទ​ស្រុកស្រែ​ចំការ​នឹង​មិន​ត្រូវ​បាន​គេ​រើសអើង​ ​ឬ​ ​បោះបង់​ចោល​ ​ហើយ​ពួកគាត់​ក៏​អាច​រស់នៅ​បាន​សមរម្យ​។​ ​លើស​ពី​នេះ​ ​យើង​ក៏​បង្កើត​គំរូ​អាជីវកម្ម​មួយ​ដែ​លលក់​តែ​ផលិតផល​សិប្បកម្ម​ខ្មែរ​ ​១​០​០​ភាគរយ​ ​និង​បង្ហាញ​ដល់​ ​ពិភពលោក​អំពី​ផលិតផល​និង​ទេពកោសល្យ​ដ៏​អស្ចារ្យ​ដែល​យើង​អាច​ផលិត​បាន​ក្នុង​បរិ​បទ​អាជីវកម្ម​ថែទាំ​វប្បធម៌​ ​និង​ប្រពៃណី​។​”

           ​ផលិតផល​ស្ករគ្រាប់​ដូង​ត្រូវ​បាន​កែច្នៃ​មុនដំបូង​គេ​នៅ​ទីតាំង​រាជធានី​ភ្នំពេញ​ ​មុននឹង​មានការ​បង្កើត​រោង​សិប្បកម្ម​នៅ​ទីតាំង​ខេត្ត​តាកែវ​។​ ​ក្រោយមក​ ​ក្នុង​អំឡុង​ឆ្នាំ​២​០​១​៩​ ​ទើប​មានការ​បំបែក​បង្កើត​ផលិតផល​ផ្សេងៗ​ជាច្រើន​ទៀត​នៅ​ទីនោះ​ ​ដូចជា​ ​សិប្បកម្ម​កែច្នៃ​អាហារ​ ​និង​សិប្បកម្ម​កែច្នៃ​វត្ថុ​អនុ​ស្សា​វ​រី​យ៍​និង​គ្រឿងអលង្ការ​ធ្វើ​ពី​ត្រឡោកដូង​។​ ​លុះ​មកដល់​ពា​ក​កណ្តាល​ឆ្នាំ​ ​២​០​២​១​ ​ទើប​មានការ​អភិវឌ្ឍ​ផលិតផល​ថ្មី​ចុង​ ​ក្រោយគេ​ ​គឺ​ ​ថូផ្កា​និង​ជី​កុំ​ប៉ុស្តិ៍​ ​បន្ថែម​ដើម្បី​ឆ្លើយតបនឹង​តម្រូវ​ការ​របស់​អ្នកប្រើប្រាស់​ក្នុងស្រុក​ ​ខណៈ​ពេល​ដែល​ ​ផលិតផល​ស្បែកជើង​ស្រកីដូង​ពុំសូវ​មាន​ទី​ផ្សារ​ល្អ​ក្នុង​បរិ​ ​បទ​កូ​វី​ដ​១​៩​ ​ដោយសារ​អតិថិជន​គោលដៅ​គឺជា​ភ្ញៀវ​ ​ទេសចរ​។​ ​ផលិតផល​ទាំងអស់​របស់​សិប្បកម្ម​នេះ​អាច​​​រក​បាន​នៅ​ទីតាំង​ចំនួន​បី​កន្លែង​សំខាន់​ៗ​គឺ​ ​ហាង​កាហ្វេ​ ​សិប្បកម្ម​ដូងតាកែ​វ​នៅ​ភ្នំពេញ​ (​បុរី​វ៉ា​រី​ណា​) ​រោង​សិប្បកម្ម​នៅ​ខេត្ត​តាកែវ​ (​ឃុំ​គុ​ស​ ​ស្រុក​ត្រាំ​កក់​ ​ខេត្ត​តាកែវ​) ​និង​ ​កសិដ្ឋាន​ធម្មជាតិ​ភ្នំ​វល្លិ​ (​ខេត្ត​កំពត​) ​ដែល​មាន​បុគ្គលិក​ផលិតកម្ម​បម្រើ​ការ​អ​ចិន្រ្តៃយ៍​សរុប​ចំនួនជា​ង​ ​៤​០​នាក់​។​

           សិប្បកម្ម​ដូងតាកែ​វ​មាន​ទ​ស្សនៈវិ​ស័​យ​ណែ​នាំឲ្យ​ជន​ក្រីក្រ​ចូលរួម​យ៉ាង​ពេញលក្ខណៈ​ក្នុង​សង្គម​។​ ​រីឯ​បេសកកម្ម​ ​គឺ​បង្កើត​ការងារ​ឲ្យ​ជន​មាន​ពិការភាព​និង​អ្នក​ក្រីក្រ​នៅ​ក្នុង​ភូមិ​ដែល​ពួកគាត់​កំពុង​រស់នៅ​ដើម្បីឲ្យ​ពួក​ ​គាត់​មាន​ជីវភាព​ប្រសើរ​ឡើង​ដោយ​ទទួល​បាន​ចំណូល​សមរម្យ​សម្រាប់​ជីវភាព​ប្រចាំថ្ងៃ​និង​រស់នៅ​ប្រកបដោយ​សុខុមាលភាព​ព្រមទាំង​អាច​បញ្ជូន​កូន​ៗ​របស់​គាត់​ទៅ​សាលារៀន​បាន​គ្រប់​ៗ​គ្នា​ ​ក្រោម​ពាក្យស្លោក​អប់រំ​ថា​ “​មនុស្ស​ ​គ្រប់រូប​គួរតែ​ទទួល​បាន​ថ្ងៃស្អែក​ដ៏​ល្អ​ប្រសើរ​ជាង​នេះ​” ​។​ ​លោក​ ​មា​គ​ ​ស៊ន​ ​ប្រធាន​មណ្ឌល​សិប្បកម្ម​ កូកូ ​ដឺ​តាកែវ​ ​បាន​លើកឡើង​ក្នុង​អត្ថន័យ​សុទិដ្ឋ​និយម​ថា​ “​ខ្ញុំ​មិនដែល​ស្តាយក្រោយ​និង​រឹត​តែ​មាន​មោទនភាព​លើ​ក្រុម​ការងារ​ ​ដែល​ពិការ​និង​ងាយ​រងគ្រោះ​ដែល​អាច​ធ្វើ​ផលិតផល​ដោយដៃ​ ​បាន​ច្រើន​ប្រភេទ​ ​ព្រមទាំង​មាន​ជំនាញ​ ​និង​ការងារ​ ​ពេញលេញ​ផង​ដែរ​” ​។​

           ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​វត្ថុធាតុដើម​ចំបង​ជាងគេ​ ​គឺ​ដំណាំ​ដូង​ ​ត្រូវ​បាន​យកមក​ពី​ទឹកដី​ខេត្ត​តាកែវ​ ​និង​មួយ​ចំនួន​ទៀត​ពី​ខេត្ត​កំពត​ ​មិន​មាន​កសិផល​ដែល​នាំចូល​ពី​ប្រទេសជិតខាង​សោះឡើយ​។​ ​រីឯ​គោលការណ៍​នៃ​ ​ការ​ប្រមូល​វត្ថុធាតុដើម​មាន​ពីរ​របៀប​ ​គឺ​ ​ប្រមូល​ទិញ​ផ្ទាល់​ពី​ប្រជាកសិករ​ ​និង​ប្រមូល​ទិញ​ត​ពី​ម៉ូយ​ឈ្មួញកណ្តាល​ ​ក្នុង​តំបន់​។​ ​ទោះ​យ៉ាងណា​ក៏​សិប្បកម្ម​នេះ​មាន​ជួបប្រទះ​នឹង​បញ្ហា​ប្រឈម​ខ្លះ​ៗ​ដែរ​ ​រួម​មាន​ ​កង្វះ​វត្ថុធាតុដើម​នៅ​ ​រដូវប្រាំង​ ​និង​ ​ការ​ឡើងថ្លៃ​តម្លៃ​ដូង​ ​ជាដើម​។​ ​កន្លងមក​ ​ធ្លាប់​មាន​ក្រុមហ៊ុន​វិនិយោគ​ពី​បរទេស​ចាប់អារម្មណ៍​សាក​ ​សួរ​ទំនាក់ទំនង​ ​ដូចជា​ ​ប្រទេស​បារាំង​ ​និង​ប្រទេស​ជប៉ុន​ ​ជាដើម​ ​ប៉ុន្តែ​ពុំទាន់​បាន​ចរចា​សម្រេច​នៅឡើយ​ទេ​។​ ​ចំពោះ​ផែនការ​ថ្ងៃ​អនាគត​ ​សិប្បកម្ម​មាន​គម្រោង​ពង្រីក​ទី​ផ្សារ​ផលិតផល​របស់​ខ្លួន​ឲ្យ​កាន់តែ​ទូលាយ​នៅ​តាម​ ​ផ្សារ​ទំនើប​នានា​ឲ្យ​ ​បាន​នៅ​អំឡុងចុង​ឆ្នាំនេះ​ ​ឬ​ ​ដើម​ឆ្នាំក្រោយ​។​ ​លោកអ្នក​អាច​ជាវ​តាម​អន​ឡា​ញ​បាន​ផង​ដែរ​ ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​ ​Co​Co​ ​d​e​ ​Take​o ​Cam​bo​d​i​a​៕​

Article by SRIN SOKMEAN


SUGGESTIONS