×

​អ៊ឹង​ ​ហាវ​ ​តារា​សម្តែង​ថ្មី​វ័យក្មេង​កំពុង​មាន​ទី​ផ្សារ​ក្នុង​វិ​ស័យ​ភាពយន្ត​សិង្ហបុរី​

NEWS 10 months ago
 
 

           ​អ៊ឹង​ ​ហាវ​ ​ឬ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ​ដា​វីត​ ​អ៊ឹង​ហាវ ​(​D​avid​ ​E​un​g​ ​H​a​o) ​គឺជា​តារា​សម្តែង​វ័យក្មេង​មួយ​រូប​ដែល​ទើប​លេច​មុខ​ក្នុង​វិ​ស័យ​សិល្បៈ ​ហើយក៏​កំពុង​ទទួល​បាន​ការចាប់អារម្មណ៍​គួរឲ្យ​កត់​សម្គាល់​។​ ​ជារឿយៗ​តារា​រូប​នេះ​មិន​ត្រឹម​តែ​បង្ហាញខ្លួន​តាមរយៈ​ការងារ​ថត​ម៉ូដ​ ​និង​សម្តែង​ភាពយន្ត​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ​ ​ថែមទាំង​កំពុង​មាន​ទី​ផ្សារ​នៅ​ឯក្រៅ​ប្រទេស​ផង​ដែរ​។​

           ​​ចាប់កំណើត​លើទឹក​ដី​ខេត្ត​បាត់​ដំបង​ ​ដា​វីត​ ​មាន​បងប្អូន​ចំនួន​៣​នាក់​ ​លោក​ជា​កូនច្បង​នៃ​ប្អូនស្រី​២​នាក់​។​ ​ធំធាត់​លើទឹក​ដី​កំណើត​មិនបាន​ប៉ុន្មាន​ ​នៅ​អាយុ​៨​ឆ្នាំ​ដា​វីត​ត្រូវ​បាន​ឪពុក​ម្តាយ​បញ្ជូន​ទៅ​សិក្សា​រៀនសូត្រ​នៅ​ឯ​ប្រទេស​សិង្ហបុរី​។​ ​រស់នៅ​តែម្នាក់ឯង​នៅ​សាលារៀន​ ​រាល់​ពេល​មាន​វិស្សមកាល​ម្តងៗ​ ​ដា​វីត​តែង​ធ្វើដំណើរ​ត្រឡប់មក​លេង​កម្ពុជា​ម្តង​ជា​ពីរដង​ក្នុង​មួយ​ឆ្នាំ​។​ ​នៅ​អាយុ​១​៣​ឆ្នាំ​ ​គ្រាម​ក​លេង​គ្រួសារ​ដូចសព្វដង​ ​ដា​វីត​ ​ត្រូវ​បាន​ស្ទូ​ឌី​យ៉ូ​ថតរូប​មួយ​កន្លែង​ទំនាក់​ទំនង​​ឲ្យ​ថត​ម៉ូដ​ ​ដែល​ការងារ​ដំបូង​នេះ​បាន​ធ្វើឲ្យ​ដា​វីត​ចាប់ផ្តើម​មាន​ចំណូលចិត្ត​ទៅលើ​អាជីព​សិល្បៈ​។​ ​

           ​ក្រោយមក​ឲ្យតែ​ដល់ពេល​ត្រឡប់មក​លេង​ទឹកដី​កំណើត​ ​ដា​វីត​ ​រមែង​ទទួល​បានការ​ងារ​ថត​សឹង​មិនដែល​ខាន​។​ ​អំឡុង​ឆ្នាំ​ ​២​០​២​០​ ​ដា​វីត​ ​បាន​ត្រឡប់មក​លេង​កម្ពុជា​ជាថ្មី​ម្តងទៀត​ ​តែ​គ្រានោះ​លោក​មិន​អាច​ត្រឡប់ទៅវិញ​តាម​ការ​កំណត់​បាន​ឡើយ​ ​ដោយហេតុ​ជើង​ហោះហើរ​ត្រូវ​បាន​ផ្អាក​ដោយសារ​វី​រុ​ស​កូ​វី​ដ​១​៩​កាន់តែ​រាតត្បាត​ជាស​កល​។​ ​ដា​វីត​បាន​ចំណាយ​ពេល​នៅ​កម្ពុជា​ជាមួយ​គ្រួសារ​រយៈពេល​១​ឆ្នាំ​ ​អំឡុង​នេះ​ក៏​ជា​ពេល​ដែល​ដា​វីត​មាន​ពេល​ប្រឡូក​សិល្បៈ​នៅ​កម្ពុជា​ពេញលេញ​ ​ហើយក៏​អាច​ដឹង​កាន់តែ​ច្បាស់​ថា​ខ្លួន​ពិតជា​ស្រឡាញ់​ខាង​សិល្បៈ​។​ ​មកដល់​ឆ្នាំ​ ​២​០​២​១​ ​ពេល​ត្រឡប់​មក​ប្រទេស​សិង្ហបុរី​វិញ​ ​ដា​វីត​ ​បាន​គិតថា​ ​ដោយសារ​ពេលវេលា​របស់​ខ្លួន​សឹងតែ​៩​០​ភាគរយ​ទៅ​ហើយ​រស់នៅ​សិង្ហបុរី​ ​ចុះ​ហេតុអ្វី​មិន​ប្រើ​ពេលនេះ​ប្រឡូក​សិល្បៈ​នៅ​ទីនេះ​តែម្តង​? ​មិន​បង្អង់​យូរ​ ​ដា​វីត​ ​បាន​ស្វែងរក​ផ្លូវចូល​សិល្បៈ​រហូត​ជួប​ខាង​ភ្នាក់ងារ​ (​Agency​)​ ​មួយ​ដែល​មាន​មិត្តភក្តិ​ម្នាក់​ធ្វើការ​នៅ​ក្នុង​នោះ​។​ “​មិត្តភក្តិ​របស់​ខ្ញុំ​បាន​រៀបចំ​ការណាត់ជួប​រវាង​ខ្ញុំ​ ​និង​អ្នកគ្រប់គ្រង​ ​ពេល​ជួប​អ្នកគ្រប់គ្រង​គាត់​សួរ​ថា​តើ​ខ្ញុំ​ចង់​ធ្វើអ្វី​ ​ខ្ញុំ​ក៏​ឆ្លើយ​ថា​ចង់​ធ្វើជា​អ្នក​សម្តែង​ ​ហើយ​តាំងពី​ពេល​នោះ​មក​គាត់​បាន​ផ្តល់​ឱកាស​ឲ្យ​ខ្ញុំ​ទៅ​សាកល្បង​សម្តែង​រើស​តួ​សម្រាប់​រឿង​ផ្សេងៗ​ ​ដែល​ជា​លទ្ធផល​មកដល់​បច្ចុប្បន្ន​ខ្ញុំ​ជាប់​សម្តែង​បាន​ចំនួន​៤​រឿង​មក​ហើយ​។​” ​ដា​វីត​លើកឡើង​។​

           ​មាន​វ័យ​ទើប​តែ​២​០​ឆ្នាំ​ ​ដា​វីត​បាន​វិវឌ្ឍ​ខ្លួន​យ៉ាង​លឿន​រហ័ស​នៅ​លើ​ថ្នាល​សិល្បៈ ​ជាក់ស្តែង​បើ​និយាយ​ពី​ការ​សម្តែង​ភាពយន្ត​ស​ង្ហិ​បុរី​ក្នុង​នោះ​មានរឿង​ដូចជា​ ​«​T​h​e​ ​Inter​ns​»​, ​«​Summer​daze​»​, ​«​Heart​beat​ 100​»​ ​និង​ ​«​Third​ ​Rail​»​ ​ជាដើម​។​ ​ចំណោម​រឿង​ទាំង​៤​ខាងលើ​ ​ដា​វីត​ថា​រឿង​ ​«​Heart​beat​ 100​»​ ​រាង​ពិបាក​បន្តិច​ដោយសារ​រឿង​នេះ​តម្រូវ​និយាយ​ភាសា​ចិន​ “​ខ្ញុំ​និយាយ​ចិន​មិនសូវ​ស្ទាត់​ដូច​អង់គ្លេស​ ​និង​ថៃ​នោះ​ទេ​ ​ដូច្នេះ​ខ្ញុំ​ត្រូវ​រៀន​បន្ថែម​ប៉ុន្មាន​ខែមុន​ដើម្បី​ងាយស្រួល​នៅ​ពេល​ថត​។​” ​ចំណែក​ ​រឿង​ ​«​Third​ ​Rail​»​ ​ជា​រឿង​ខ្នាត​ធំ​របស់​សិង្ហបុរី​ ​រឿង​នេះ​គេ​យក​រថភ្លើង​ពិតៗ​មក​ដាក់​នៅ​ក្នុង​ស្ទូ​ឌី​យ៉ូ​ថត​ផ្ទាល់​តែម្តង​ ​ដា​វីត​ថា​រឿង​នេះ​ថត​មួយថ្ងៃ​ៗ​ពិបាក​ខ្លាំង​ ​ដោយសារ​គេ​ត្រូវការ​ថត​យក​សំឡេង​ផ្ទាល់​ ​សូម្បី​កង្ហារ​ ​និង​ម៉ាស៊ីនត្រជាក់​ក៏​មិន​អាច​បើក​បាន​ឡើយ​។​ ​ដោយឡែក​ ​ចំពោះ​ការ​សម្តែង​ភាពយន្ត​នៅ​កម្ពុជា​វិញ​ ​កន្លងមក​ដេ​វី​បាន​សម្តែង​រឿង​ដូចជា​៖​ ​«​18​t​h​ ​Birthday​»​, ​«​និស្ស័យ​ស្នេហ៍​ចៃដន្យ​»​ ​និង​រឿង​ខ្លី​ជាច្រើន​ទៀត​ ​រួម​ទាំង​ថត​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ច្រើន​រាប់មិនអស់​។​ ​ក្រៅពី​ការ​សម្តែង​ ​ជារឿយៗ​ដា​វីត​ត្រូវ​បាន​អញ្ជើញ​ចូលរួម​កម្មវិធី​របស់​ម៉ាក​យីហោ​ហ្វេ​ហ្សិ​ន​អន្តរជាតិ​ជាច្រើន​រួម​មាន​៖​ ​M​onc​l​e​r, ​M​on​t​b​l​an​c, ​Fend​i​, ​Ca​l​v​in​ K​l​e​in​, ​E​s​t​é​e​ ​Laud​e​r, On​i​tusk​a​ ​Tiger​, ​Do​l​c​e​ & ​G​a​b​ban​a​, ​Y​S​L​ ​និង​ ​BOSS​ ​ជាដើម​។​ ​ថ្មោងថ្មី​នេះ​តារា​ក​ម្ពស់ ​១​,​៧​៧​ ​រូប​នេះ​ ​ក៏​ត្រូវ​បាន​ទស្សនាវដ្តី​ដ៏​ល្បីល្បាញ​ ​Harp​e​r’s B​a​z​a​ar​ ​ចុះផ្សាយ​ពី​បទសម្ភាសន៍​របស់​លោក​ ​និង​ថត​បង្ហាញ​ម៉ូដ​ផង​ដែរ​។​

           ​​ក្រៅពី​មាន​ទេពកោសល្យ​ទៅលើ​ការ​ថត​ម៉ូដ​ ​និង​សម្តែង​ ​មែនទែន​ទៅ​ ​ដា​វីត​ ​ថា​ខ្លួន​ក៏មាន​ទំនោរ​ទៅលើ​សិល្បៈ​ច្រៀង​ផង​ដែរ​។​ ​ដា​វីត​ដឹង​ថា​ខ្លួន​ស្រឡាញ់​ខាង​ចម្រៀង​តាំងតែពី​តូច​ ​លោក​រៀន​លេង​ហ្គីតា​ចេះ​ដោយខ្លួនឯង​ ​និង​អាច​ច្រៀង​ ​តែ​ដោយសារ​ឱកាស​សម្តែង​ ​និង​ថត​ម៉ូដ​ហុច​មក​មុន​ ​ទើប​គម្រោង​ចាប់​អាជីព​ចម្រៀង​ទុក​នៅ​ពេលក្រោយ​។​ “​ខ្ញុំ​គិតថា​ការ​បង្កើត​ចម្រៀង​វា​មាន​ទំនាក់ទំនង​ ​និង​ផ្សារភ្ជាប់​ជាមួយ​មនុស្ស​បាន​ច្រើន​ខ្លាំង​។​” ​ដា​វីត​លើកឡើង​។​

           ​​ជាតា​រា​វ័យក្មេង​កំពុង​រស់នៅ​លើទឹក​ដី​សិង្ហបុរី​ដែល​អាច​និយាយ​បាន​ដល់ទៅ​៤​ភាសា​ ​ខ្មែរ​ ​ចិន​ ​ថៃ​ ​អង់គ្លេស​ ​និង​កំពុង​មាន​ទី​ផ្សារ​ការងារ​ទាំង​ក្នុង​ ​និង​ក្រៅ​ស្រុក​ ​ការ​បោះជំហាន​មកដល់​ចំណុច​នេះ​ដា​វីត​ថា​វា​នៅ​មិនទាន់​គ្រប់គ្រាន់​សម្រាប់​​មហិច្ឆតា​របស់​ខ្លួន​នៅឡើយ​ ​ពោល​នា​ពេល​ខាងមុខ​លោក​ចង់​ក្លាយ​ជា​សិល្បករ​ល្បីល្បាញ​លំដាប់​អន្តរជាតិ​មួយ​រូប​ ​ព្រម​ជាមួយ​គោលបំណង​លើកស្ទួយ​វិ​ស័យ​សម្តែង​នៅ​កម្ពុជា​ឲ្យ​កាន់តែ​រីក​ចម្រើន​សុសសាយ​ដល់​បរទេស​។​ ​ហេតុដូច្នេះ​​រាល់​ការងារ​ពី​មួយ​ទៅ​មួយ​ ​លោក​រមែង​ព្យាយាម​សង្កេត​ដុសខាត់​សមត្ថភាព​ ​ពិសេស​បច្ចុប្បន្ន​កំពុង​សិក្សា​បន្ថែម​ទៅលើ​ជំនាញ​សម្តែង​ផង​ដែរ​។​ “​មួយ​ឆ្នាំ​មកនេះ​ ​ខ្ញុំ​ប្រឹងប្រែង​ខ្លាំង​មែនទែន​ ​ប្រឹងប្រែង​រហូត​ទី​ផ្សារ​នៅ​សាំង​ហ្គា​ពួរ​ទទួលយក​ខ្ញុំ​បាន​ ​អាច​និយាយ​ថា​នេះ​ជា​លទ្ធផល​នៃ​ការ​ខិតខំ​ ​ហើយ​លទ្ធផល​នេះ​ជា​កម្លាំង​ដែល​ជំរុញ​ឲ្យ​ខ្ញុំ​នឹង​ខិតខំ​បន្ត​ទៀត​”​។​ ​ដា​វីត​បាន​ពោល​ចុងក្រោយ​ថា​៕​

Article by SOUNG SOKSAN


SUGGESTIONS