×

តើ​មាន​វិធី​សា​ស្រ្ត​អ្វីខ្លះ​ដើម្បី​បង្ការ​ស្បែក​ស្ងួត​?

TRAVEL & LIVING 9 months ago
 
 

            ​ស្បែក​ស្អាត​ ​មិនមែន​ស្ថិត​លើ​ពណ៌​នៃ​ស្បែក​នោះ​ទេ​ ​គឺ​សំដៅ​ដល់​ស្បែក​ដែល​មាន​សុខភាព​ល្អ​ ​មាន​ជាតិទឹក​គ្រប់គ្រាន់​ ​មាន​សំណើម​ ​និង​មិនមែន​ជា​ស្បែក​ដែល​ប្រេះ​ស្ងួត​ ​ឬ​ខ្សោះ​ជាតិទឹក​ ​។​ ​ស្បែក​មាន​ច្រើន​ប្រភេទ​ ​តួយ៉ាង​ ​ស្បែក​ធម្មតា​ ​ស្បែក​ខ្លាញ់​ ​ស្បែក​ស្ងួត​ ​និង​ស្បែក​ចម្រុះ​។​ ​ដោយឡែក​ ​ស្បែក​ស្ងួត​គឺ​ងាយ​នឹង​ទទួលរង​ការ​ខូ​ត​ខាត​ជាងគេ​ ​ហើយក៏​បង្ក​ជា​បញ្ហា​ដល់​ស្បែក​ជាច្រើន​ដូចជា​ ​ធ្វើឲ្យ​ប្រេះ​ស្បែក​ ​រ​បកស្បែក​ ​ឆាប់​ជ្រីវជ្រួញ​ ​ឡើងក្រហម​ ​និង​រលាក​ជាដើម​។​ ​ស្បែក​ស្ងួត​បណ្តាលមកពី​ ​វិវត្តន៍​នៃ​វ័យ​ ​អាកាសធាតុ​ ​ការ​ខ្វះ​ជាតិទឹក​ ​និង​ទម្លាប់​រស់នៅ​ប្រចាំថ្ងៃ​មួយ​ចំនួន​ដែល​យើង​តែង​មើល​រំលង​ ​សូម្បីតែ​ការ​លេបថ្នាំ​ច្រើន​ក៏​ធ្វើ​ឱ្យ​ស្បែក​ស្ងួត​ផង​ដែរ​។​ ​ខណៈ​នៅ​លើ​ទី​ផ្សារ​មាន​លក់​ផលិតផល​ផ្តល់​សំណើម​ដល់​ស្បែក​ជាច្រើន​ប្រភេទ​ ​ដែល​តម្រូវ​សម្រាប់​ស្បែក​ស្ងួត​។​

            ចុះ​តើ​ការប្រើប្រាស់​ផលិតផល​ ​ឬ​ឡេ​ផ្តល់​សំណើម​តែមួយមុខ​គ្រប់គ្រាន់​ឬទេ​សម្រាប់​តម្រូវ​ការ​ស្បែក​ដែល​ស្ងួត​? ​ជា​ការពិត​វា​មិន​គ្រប់គ្រាន់​នៅឡើយ​ទេ​ ​វា​មាន​កត្តា​រួមផ្សំ​ ​និង​វិធី​សា​ស្រ្ត​មួយ​ចំនួន​ដើម្បី​បង្ការ​ ​ក៏ដូចជា​ជួសជុល​ស្បែក​ដែល​ស្ងួត​ឱ្យ​​ត្រឡប់មក​មាន​សំណើម​។​ ​ចង់​ដឹង​ថា​មាន​អ្វីខ្លះ​ តោះ! ​ទៅ​អាន​ទាំងអស់គ្នា​។​

            ១. ​ផឹកទឹក​ឱ្យ​បាន​គ្រប់គ្រាន់​៖​ ចំណុច​សំខាន់​ចម្បង​ដែល​គួរ​អនុវត្ត​នោះ​គឺ​ការ​ផឹកទឹក​ឱ្យ​បាន​គ្រប់គ្រាន់​ដែល​វា​ជួយ​ជំរុញ​ពី​ខាងក្នុង​ ​ព្រោះ​ការថែទាំ​ពី​ខាងក្រៅ​នៅ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ​។​ ​វា​មិន​ត្រឹមតែ​ជួយ​ផ្តល់​សំណើម​ដល់​ស្បែក​ ​ល្អ​សម្រាប់​សុខភាព​សម្រស់​ប៉ុណ្ណោះ​ទេ​ ​តែ​ក៏​ល្អ​សម្រាប់​សុខភាព​រាងកាយ​ផង​ដែរ​។​ ​ដូចនេះ​គប្បី​ផឹកទឹក​ឱ្យ​បាន​៩​ទៅ​១​២​កែវ​ក្នុងមួយថ្ងៃ​ ​ឬ​អាច​២​ទៅ​៣​លីត្រ​។​

            ២. ​ការប្រើប្រាស់​ផលិតផល​៖​ ​ការ​ប្រើ​ផលិតផល​ដែល​មាន​ជាតិ​កាត់​ដូចជា​ថ្នាំ​ខាត់​ស្បែក​ ​ការ​ប្រើ​សាប៊ូ​ដែល​មាន​ជាតិ​កាត់​ ​ការ​ស្រ្កាប់​ស្បែក​ជាមួយនឹង​សា​ធាតុ​គីមី​មួយ​ចំនួន​ ​ការ​ប្រើ​ប្រភេទ​ឡេ​លាប​ស្បែក​ដែល​ធ្វើឱ្យ​ឆាប់​ស​ ​វា​នឹង​ធ្វើឱ្យ​ស្បែក​មាន​សភាព​ស្ងួត​។​ ​ជំនួសឱ្យ​ការ​ប្រើ​ផលិតផល​ទាំងនេះ​ ​សុភាព​នារី​ទាំងឡាយ​គប្បី​ជ្រើសរើស​ឡេ​លាប​ស្បែក​ណា​ដែល​មិន​មាន​ជាតិ​កាត់​ ​ជា​ឡេ​ដែល​ផ្តល់​សំណើម​ដល់​ស្បែក​ ​និង​ឡេ​ដែល​ផ្សំ​ឡើង​ពី​វីតាមីន​ ​E​,C ​និង​ ​D​ ​ដែល​ជា​វីតាមីន​ស្បែក​ត្រូវការ​បំផុត​។​

            ៣. ​ការ​ប្រើ​ឡេ​ការពារ​ក​ម្តៅ​ថ្ងៃ​៖​ ​មិនថា​ស្បែក​មុខ​ឬ​ស្បែក​ដងខ្លួន​នោះ​ទេ​ ​ឡេ​ការពារ​ក​ម្តៅ​ថ្ងៃជា​រនាំង​ការពារ​ដ៏​សំខាន់​សម្រាប់​ស្បែក​ពី​ពន្លឺព្រះអាទិត្យ​ ​ឬ​កាំរស្មី​ដែល​នឹង​បង្ក​ផល​ប៉ះពាល់​ដល់​ស្បែក​ដូចជា​កាំរស្មី​ U​V​A​ ​និង​ U​V​B ​ហើយ​កាន់តែ​សំខាន់​ទៅទៀត​គឺ​ជួយ​បង្ការ​ស្បែក​មិនឱ្យ​ស្ងួត​។​ ​ដូចនេះ​គប្បី​ប្រើ​ឡេ​ការពារ​ក​ម្តៅ​ថ្ងៃ​ដែល​មាន​ S​P​F​ 50 ​ឬ​ S​P​F​ 30 ​មិនថា​ពេល​ចេញ​ទៅក្រៅ​ ​ឬនៅ​ក្នុង​ម្លប់​នោះ​ទេ​។​

            ៤. ​ស​ម្អា​ត​ស្បែក​ដោយ​ប្រើ​ទឹកក្តៅ​៖​ ​ការ​លាង​ស​ម្អា​ត​ ​ឬ​ ​ងូត​ទឹកក្តៅ​រយៈពេល​យូរ​អាច​បណ្តាលឲ្យ​ស្បែក​ស្ងួត​ ​និង​ខ្សោះ​ជាតិទឹក​។​ ​គួរ​ចៀសវាង​ការ​លាង​ស​ម្អា​ត​ស្បែក​ជាមួយ​ទឹកក្តៅ​ជាប្រចាំ​ ​ឬ​ប្រើ​ទឹក​ដែល​ក្តៅ​ខ្លាំងពេក​ ​តែ​បើ​ខាន​ពុំបាន​ ​អ្នក​ក៏​អាច​ប្រើ​ទឹកក្តៅ​ឧណ្ហ​ៗ​បាន​ផង​ដែរ​។​ ​យ៉ាងណាមិញ​ ​ទឹក​ធម្មតា​នៅតែ​ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​ស្បែក​។​

            ៥. ​ប្រើ​សម្ភារ​ស​ម្អា​ត​ស្បែក​៖​ ​វា​អាច​ជា​ចំណុច​តូច​មួយ​ដែល​អ្នក​អាច​មើល​រំលង​ដូចជា​ការប្រើប្រាស់​ស្បៃ​រឹង​សម្រាប់​ដុស​ស​ម្អា​ត​ខ្លួន​ ​ការ​ប្រើ​កន្សែង​គគ្រាត​ខ្លាំង​មក​ជូត​លើ​ស្បែក​ជាដើម​។​ ​ថ្វីបើ​វា​ជួយ​ជម្រះ​ ​និង​ស​ម្អា​ត​ស្បែក​បាន​ល្អ​ ​តែ​វា​បណ្តាលឲ្យ​ស្បែក​ស្ងួត​ដូចគ្នា​ប្រសិនបើ​អនុវត្ត​បែប​នេះ​ជាប្រចាំ​។​ ​យើង​អាច​ជំនួស​ដោយ​ប្រើ​ប៉ុង​ដែល​មាន​សភាព​ទន់​ ​ឬ​ដុសសាប៊ូ​ជាមួយ​ដៃ​ក៏បាន​ ​ហើយ​ប្រើ​កន្សែង​ទន់​ជំនួស​កន្សែង​គគ្រាត​ខ្លាំង​។​

            ឃើញ​ទេ​ ​អនុវត្ត​ត្រឹមតែ​វិធី​ងាយ​ៗ​ ​អ្នក​នឹង​ទទួល​បាន​ស្បែក​ដែល​មាន​សំណើម​ ​មិន​ស្ងួត​ ​មិន​ខះ​ជាតិទឹក​ ​ការដែល​សំខាន់​សុភាព​នារី​ទាំងឡាយ​អាច​អនុវត្ត​បាន​ដោយខ្លួនឯង​នៅផ្ទះ​ផង​ដែរ​។​ ​ដើម្បី​សម្រស់​កាន់តែ​ស្រស់​ស្អាត​មួយ​ក​ម្រិ​ត​ ​ជាង​នេះ​ទៅទៀត​របប​អាហារ​ប្រចាំថ្ងៃ​ក៏​ដើរតួ​យ៉ាងសំខាន់​ផង​ដែរ​។​ ​ទទួលទាន​បន្លែ​ផ្លែឈើ​ ​ត្រី​សាច់​ជាប្រចាំ​ ​ធ្វើ​លំ​ហាត់ប្រាណ​ឱ្យ​បាន​ទៀងទាត់​ ​ព្រោះ​ការ​ទទួលទាន​របប​អាហារ​ប្រចាំថ្ងៃ​ពិតជា​ជះ​ឥទ្ធិពល​ដល់​សុខភាព​រាងកាយ​ ​និង​សម្រស់​ផង​ដែរ​៕​

​Article by SOUNG SOKSAN


SUGGESTIONS