ទទួលយកទម្រង់មុខស្អាតតាមបែបធម្មជាតិ គ្រាន់តែអនុវត្តទម្លាប់ទាំង៥ខាងក្រោមនេះ
TRAVEL & LIVING one year agoមនុស្សគ្រប់រូបរមែងតែប្រាថ្នាចង់បានទម្រង់មុខស្អាតដែលមើលទៅមានភាពទាក់ទាញគួរឱ្យស្រឡាញ់។ ជាទូទៅ វិធីសាស្រ្តដែលគេនិយមក្នុងការកែប្រែទម្រង់មុខ ដោយការកែសម្ជស្សតាមបែបវិទ្យាសាស្ត្រ។ ថ្ងៃនេះសូវរីន សូមណែនាំវិធីសាស្រ្តងាយៗ ៥យ៉ាងតាមបែបធម្មជាតិ ដែលយើងអាចអនុវត្តដោយខ្លួនឯងនៅផ្ទះទទួលបានទាំងទម្រង់មុខស្អាត និងចំណេញថវិកាផងដែរ។
រក្សាជាតិទឹក: ចំណុចសំខាន់មួយនៃការថែរក្សាទម្រង់មុខឱ្យនៅតែស្អាតនោះគឺត្រូវប្រាកដថាអ្នកបានទទួលទានទឹកគ្រប់គ្រាន់។ ការផឹកទឹកអាចជួយដុតបំផ្លាញខ្លាញ់ដែលមានលើសក្នុងរាងកាយបានយ៉ាងមានប្រសិទ្ធភាព។ ជាតិទឹកគ្រប់គ្រាន់ជួយបណ្ដេញជាតិពុល កាត់បន្ថយការហើមមុខ និងធ្វើឱ្យសុខភាពស្បែកទាំងមូលប្រសើរឡើងផងដែរ។ ព្យាយាមទទួលទានទឹកយ៉ាងហោចណាស់ ៨កែវ ទៅ ១០កែវ ឬ២ទៅ៣លីត្រក្នុងមួយថ្ងៃ ដើម្បីរក្សាកម្រិតជាតិទឹករបស់អ្នកឱ្យមានតុល្យភាព។
លំហាត់ប្រាណ: ការធ្វើលំហាត់ប្រាណ គឺជារឿងល្អសម្រាប់សុខភាពព្រមទាំងរាងកាយទាំងមូល ព្រោះវាអាចបញ្ចេញជាតិពុលពីក្នុងខ្លួន និងជួយរក្សាសីតុណ្ហភាពក្នុងសព៌ាង្គកាយឱ្យស្ថិតក្នុងកម្រិតត្រឹមត្រូវ។ មួយវិញទៀត ប្រសិនជាអ្នកហាត់ប្រាណបានទៀងទាត់ វាមិនត្រឹមតែធ្វើឱ្យស្រក់ទម្ងន់នោះទេ វាថែមទាំងជួយសម្រក់ខ្លាញ់ដែលមានលើសនៅលើផ្ទៃមុខផងដែរ។ យ៉ាងហោចណាស់ ហាត់ប្រាណឱ្យបាន ១៥នាទី ទៅ ៣០នាទីជារៀងរាល់ថ្ងៃ។
របបអាហារ: វាពិតជាសំខាន់ខ្លាំងណាស់ចំពោះមនុស្សម្នាក់ៗក្នុងការយកចិត្តទុកដាក់លើរបបអាហារ ព្រោះអាហារគឺជាកត្តាសំខាន់បំផុតក្នុងការផ្គត់ផ្គង់រាងកាយរបស់យើង។ ជាពិសេស ការទទួលទានអាហារមានជាតិសូដ្យូមច្រើន (ប្រើអំបិលច្រើន) អាចបណ្ដាលឱ្យខ្សោះជាតិទឹក ដែលជាហេតុធ្វើឱ្យមុខនិងរាងកាយហើម។ ដូចនេះហើយ ចៀសវាងនូវអាហារដែលមានជាតិប្រៃខ្លាំង ដើម្បីកាត់បន្ថយការហើមនៃមុខ និងរាងកាយទាំងមូលតែម្ដង។ ជំនួសមកវិញ យើងគួរតែជ្រើសរើសប្រភេទអាហារដែលមានរសជាតិសាបដោយកាត់បន្ថយគ្រឿងទេស ហើយទទួលទានអាហារដែលមានវីតាមីនច្រើនដូចផ្លែឈើ បន្លែ ប្រូតេអ៊ី និងគ្រាប់ធញ្ញជាតិជាច្រើនទៀតបន្ថែមទៅក្នុងអាហារប្រចាំថ្ងៃរបស់អ្នក។
កាត់បន្ថយគ្រឿងស្រវឹង: សូមយកចិត្តទុកដាក់ក្នុងការកំណត់ ឬចៀសវាងការទទួលទានគ្រឿងស្រវឹង និងថ្នាំជក់ ព្រោះវាបណ្ដាលឱ្យខ្សោះជាតិទឹក និងបង្កើនសម្ពាធឈាមបានយ៉ាងរហ័ស។ មួយវិញទៀត ការទទួលទានគ្រឿងស្រវឹងជ្រុលពេក អាចបណ្ដាលឱ្យកកជាតិខ្លាញ់ និងឈាមក្នុងសរសៃឈាម ដែលជាហេតុធ្វើឱ្យមុខរបស់អ្នកហើម ឬឡើងទម្ងន់។ ជាទូទៅ ច្រើនបំផុតចំពោះស្រ្ដីអាចផឹកស្រាបាន ១កែវក្នុងមួយថ្ងៃ រីឯបុរសអាចផឹក ២កែវក្នុងមួយថ្ងៃប៉ុណ្ណោះ។
គេងឱ្យបានគ្រប់គ្រាន់: ការគេងមិនបានគ្រប់គ្រាន់អាចបណ្ដាលឱ្យឡើងទម្ងន់ ព្រោះថានៅពេលដែលអ្នកមិនបានគេងពី ៧ម៉ោង ទៅ៨ម៉ោងក្នុងមួយថ្ងៃទេ នោះអ័រម៉ូនរបស់អ្នកនឹងផ្លាស់ប្ដូរដែលបណ្ដាលឱ្យចំណង់អាហារកើនឡើង ដោយសារប្រព័ន្ធមេតាប៉ូលីស (Metabolism) ចុះខ្សោយ ខណៈពេលដែលកម្រិតនៃអរម៉ូន Ghrelin កើនឡើងដែលបណ្ដាលឱ្យយើងតែងតែឃ្លានជាញឹកញាប់។ ដូចនេះហើយ អ្នកគួរតែមានកាលវិភាគនៃការគេងឱ្យបានត្រឹមត្រូវ ដើម្បីទទួលបានទម្រង់មុខកាន់តែស្អាត និងសុខភាពល្អទន្ទឹមគ្នាផងដែរ៕
Article by NI CHANNIKA