×

រូបមន្ត​ភេសជ្ជ​៣​មុខ​ណែនាំ​សម្រាប់​អ្នក​និយម​កីឡា​

TRAVEL & LIVING 9 months ago
 
 

​​​          ​ការ​លេង​កីឡា​ ​មាន​ភាព​ពេញ​និយម​ចំពោះ​មនុស្ស​គ្រប់​វ័យ​ ​ព្រោះ​វា​ផ្ដល់​ប្រយោជន៍​ដល់​សុខភាព​បាន​យ៉ាង​ច្រើន​ដូចជា​ ​ភាព​រហ័សរហួន​ ​មិន​ស្ពឹក​ស្រពន់​ ​និង​ជំរុញចិត្ត​ឱ្យ​អត់ធ្មត់​ ​រួម​ទាំង​មានប្រាជ្ញាឈ្លាសវៃ​ទៀត​ផង​។​ ​ទោះបីជា​ការ​លេង​កីឡា​អាច​ជួយ​ដល់​សុខភាព​បាន​យ៉ាង​ច្រើន​ក៏​ពិតមែន​ ​ប៉ុន្តែ​វាក៏ជា​កត្តា​មួយ​ដែល​ធ្វើ​ឱ្យ​អ្នក​ខ្សោះ​ជាតិទឹក​ ​និង​នឿយហត់​អស់កម្លាំង​ទៅតាម​នោះ​ដែរ​ ​ព្រោះតែ​ការ​បញ្ចេញ​ញើស​ច្រើន​។​ ​យើង​ដឹង​ហើយ​ថា​ ​មនុស្ស​ភាគច្រើន​តែងតែ​ជ្រើសរើស​ភេសជ្ជ​កំប៉ុង​មក​ទទួលទាន​ ​បន្ទាប់ពី​ការ​លេង​កីឡា​ ​ដើម្បី​ប៉ូវ​កម្លាំង​ ​និង​បំពេញ​ជាតិទឹក​ឱ្យ​បាន​គ្រប់គ្រាន់​។​ ​បន្ថែម​លើស​ពី​ភេសជ្ជ​កំប៉ុង​ ​ថ្ងៃនេះ​សូវ​រី​ន​នឹង​ពាំ​នាំ​នូវ​ចំណេះ​ដឹង​ថ្មី​បន្ថែម​ទៀត​ ​អំពី​ការ​យក​បន្លែ​ផ្លែឈើ​មក​ច្នៃ​ធ្វើជា​ភេសជ្ជ​ជំនួយ​ដល់​សារពាង្គ​កាយ​សម្រាប់​អ្នកលេង​កីឡា​ ​តាមវិធី​ងាយ​ៗ​ដែល​ប្រិយ​មិត្ត​អាច​ធ្វើ​នៅផ្ទះ​ដោយខ្លួនឯង​បាន​៖​

1. ​ទឹកដូង​ ​ម្នាស់​ ​រ៉ា​ប័​រ​រី ​(​Coconut​ ​Punch​)

​​​          Coconut​ ​Punch​ ​ជា​ភេសជ្ជ​មួយ​ប្រភេទ​ស័ក្តិសម​បំផុត​សម្រាប់​អ្នកលេង​កីឡា​ច្រើន​ម៉ោង​ ​ដោយមាន​អារម្មណ៍​ថា​នឿយហត់​អស់កម្លាំង​ ​ហើយ​ចង់​ទទួលទាន​ភេសជ្ជ​ធម្មជាតិ​ដែល​មាន​ជីវជាតិ​ ​និង​បំពេញ​ជាតិទឹក​បាន​ខ្ពស់​។​ ​ដូង​ជា​រុក្ខជាតិ​ពហុ​ប្រយោជន៍​ដ៏​សំខាន់​នៅ​ក្នុង​សង្គម​ខ្មែរ​តាំងពី​យូរយារណាស់មកហើយ​។​ ​រុក្ខជាតិ​ប្រភេទ​នេះ​ ​ជួយ​ផ្តល់​ជាតិទឹក​ដល់​រាងកាយ​ ​ហើយ​វា​គ្មាន​ផ្ទុក​ជាតិ​ខ្លាញ់​ ​និង​សារធាតុ​កូលេស្តេ​រ៉ុល​នោះ​ទេ​។​ ​ទឹកដូង​ពោរពេញ​ទៅ​ដោយ​សមាសធាតុ​ អេ​ឡិច​ត្រូ​លី​ត​ (​Electrolyte​s) ​ដូចជា​ ប៉ូ​តា​ស្យូ​ម​(​P​o​t​ass​i​u​m​) ​សូ​ដ្យូ​ម​ (​Sodium​) ​ម៉ា​ញេស្យូ​ម​ (​Magnesium​) ​និង​កាល់​ស្យូ​ម​ (​Calcium​) ​ដែល​សុទ្ធសឹងតែ​ជា​សារធាតុ​ចិញ្ចឹម​។​ ​ចំណែក​ឯ​ផ្លែ​ម្នាស់​ ​វា​គឺជា​ប្រភេទ​រុក្ខជាតិ​ដែល​មាន​សារធាតុ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​ដូចជា​ ​សារធាតុ​ (​F​l​a​v​o​no​i​d​s) ​និង​អាស៊ី​ត​ (​P​hen​o​l​i​c) ​ព្រមទាំង​ផ្ទុក​ទៅ​ដោយ​វីតាមីន​ ​A​, B6, ​E​ ​និង​ C ​ផង​ដែរ​។​ ​សម្រាប់​ភេសជ្ជ​នេះ​ប្រិយ​មិត្ត​ត្រូវការ​មាន​ទឹកដូង​ប្រហែល​ ​២​៥​០​ទៅ​៥​០​០​មី​លី​លីត្រ​ ​ផ្លែ​ម្នាស់​ ​៣​ភាគ​៤​នៃ​ផ្លែ​ ​ផ្លែ​រ៉ា​ប័​រ​រី​ ​៤​ទៅ៥​ផ្លែ​ ​អំបិល​បន្តិច​ ​ទឹក​ស៊ី​រ៉ូម៉េ​ផល​ (​Maple​) ​បន្តិច​ ​និង​ទឹកកក​។​ ​ចំពោះ​វិធី​ធ្វើ​ ​គ្រាន់តែ​យក​គ្រឿងផ្សំ​ទាំងអស់​ ​យកទៅ​ក្រឡុក​បញ្ចូល​គ្នា​ឱ្យ​ម៉ដ្ត​ ​ឬ​លាយ​ផ្លែឈើ​ទាំងអស់​បញ្ចូល​គ្នា​ ​រួច​ចាក់ទឹកដូង​ចូល​រួចជាស្រេច​។​

2. ​ទឹកក្រូច​បី​ប្រភេទ​ (​Grapefruit​ ​Twist​)

​​​          ​ទឹកក្រូច​បី​ប្រភេទ​ ​គឺជា​ភេសជ្ជ​សម្បូរទៅដោយ​វិ​តា​មីន​ ​ដែល​ជួយ​បង្កើន​កម្លាំង​សាច់ដុំ​ ​និង​សម្រួល​ដល់​ការរំលាយអាហារ​បាន​ល្អ​។​ ​ពិសេស​វីតាមីន​ ​A​ ​និង​ C ​រួម​ជាមួយ​សារធាតុ​ចិញ្ចឹម​ជាច្រើន​ទៀត​ ​ដែល​មាន​ឥ​ទិ្ធ​ពល​ក្នុង​ការ​ជំនួយ​ដល់​ស្មារតី​ ​កាត់បន្ថយ​ស្ត្រេ​ស​ ​ជួយ​សុខភាព​ភ្នែក​ ​បេះដូង​ ​និង​ប្រព័ន្ធ​ប្រសាទ​ឱ្យ​ល្អ​ប្រសើរ​ផង​ដែរ​។​ ​លើស​ពី​នេះ​ ​ជីវជាតិ​ដែល​មាននៅ​ក្នុង​ផ្លែក្រូច​ ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ក្នុង​ការ​ប្រឆាំង​ភាព​ចាស់​ ​និង​ស្នាម​ជ្រីវជ្រួញ​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព​។​ ​ដើម្បី​ធ្វើ​ភេសជ្ជ​នេះ​ ​យើង​ត្រូវការ​ផ្លែ​ក្រូចថ្លុង​ ​ទឹក​ក្រូចឆ្មារ​ ​និង​ទឹកក្រូច​ស្រស់​ (​ក្រូច​លឿង​ ​ឬ​ក្រូចពោធិ៍សាត់​)​។​ ​ដំបូង​ប្រិយ​មិត្ត​ ​ត្រូវ​យក​ផ្លែ​ក្រូចឆ្មារ​ម​កលា​ង​ស​ម្អា​ត​សម្បក​ឱ្យ​ស្អាត​រួច​ចិត​វា​ជា​បន្ទះ​ស្ដើង​ៗ​ ​ចំណែក​ក្រូចថ្លុង​វិញ​ ​ប្រ​ឡះ​យក​តែ​សាច់​ ​ដើម្បី​ងាយស្រួល​ក្នុង​ការ​បរិភោគ​។​ ​បន្ទាប់មក​ ​យក​ផ្លែឈើ​ទាំងអស់​មក​ដាក់បញ្ចូល​គ្នា​ ​រួច​បន្ថែម​អំបិល​បន្តិច​ ​ហើយ​ចាក់​ទឹកក្រូច​ស្រស់​៥​០​០​មី​លី​លីត្រ​ចូល​ (​អាច​បន្ថែម​តាម​ចំណង់ចំណូលចិត្ត​)​។​ ​ចំពោះ​ភេសជ្ជ​នេះ​ ​អ្នក​អាច​ទទួលទាន​បែប​ត្រជាក់​ៗ​ដោយ​ក្លា​សេ​ ​ឬ​ដាក់​ទឹកកក​នោះ​វា​នឹង​កាន់តែ​បង្កើន​រសជាតិ​ឆ្ងាញ់​ពិសា​។​

3. ​ទឹក​ត្រសក់​ ​ជី​អង្កាម​ ​និង​ក្រូច​(​Mint​ ​Refresh​e​r)

​​​          ​ទឹក​ត្រសក់​ជី​អង្កាម​ ​ជា​ប្រភេទ​ភេសជ្ជ​ដែល​ជួយ​ក្នុង​ការ​បណ្តេញ​ជាតិពុល​ ​ជាពិសេស​ ​វាក៏​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ​ ​និង​ការរំលាយអាហារ​របស់​អ្នក​ឱ្យ​កាន់តែ​ប្រសើរ​ខ្លាំង​ឡើង​។​ ​រុក្ខជាតិ​ប្រភេទ​នេះ​ ​មាន​ផ្ទុក​សមាសធាតុ​ប៉ូ​លី​ហ្វីណូ (​Polyp​hen​o​l​) ​ដោយមាន​ឥទ្ធិពល​អាច​ជួយ​ពន្យារ​ភាព​ចាស់​តាមបែប​ធម្មជាតិ​ ​ដែល​បង្កឡើង​តាមរយៈ​ភាព​តានតឹង​អុក​ស៊ី​ត​កម្ម​ (​Ox​i​dative​ ​stress​)​។​ ​ភេសជ្ជ​នេះ​ស័ក្ដិសម​បំផុត​សម្រាប់​អ្នកលេង​កីឡា​ ​ឬ​អ្នក​ហាត់​កីឡា​អាជីព​ ​ព្រោះ​វា​ផ្ដល់​ភាព​ស្រស់ស្រាយ​ ​និង​បំពេញ​ជាតិទឹក​បានយ៉ាង​ល្អ​ ​ព្រមទាំង​មាន​ជាតិ​ស្ករ​ទាប​​ផងដែរ​។​ ​អ្វី​ដែល​អ្នក​ត្រូវការ​នោះ​គឺ​ ​ទឹក​កន្លះ​លីត្រ​ ​ឬ​ច្រើនជាង​នេះ​ (​អាស្រ័យ​លើ​ចំណង់ចំណូលចិត្ត​) ​ត្រសក់​មួយ​ផ្លែ​ ​ក្រូច​ពណ៌​លឿង​ (​Lemon​) ​ឬ​ក្រូចឆ្មារ​ (​Lime​) ​មួយ​ផ្លែ​ ​អំបិល​បន្តិច​ ​ទឹក​ស៊ី​រ៉ូម៉េ​ផល​បន្តិច​ ​និង​ស្លឹក​ជីរអង្កាម​ស្រស់​ ​៨​ទៅ​១​០​សន្លឹក​។​ ​ចំពោះ​របៀប​ធ្វើ​ ​ដំបូង​ត្រូវ​ចិត​ត្រសក់​ជា​ចំណិត​ស្ដើង​ៗ​ទទឹង​ផ្លែ​ ​រួច​ដាក់​វា​ចូលក្នុង​កែវ​ ​ដប​ ​ឬ​ថូ​ ​ហើយ​ចិត​ផ្លែក្រូច​ទាំង​សម្បក​ជា​កង់​តូច​ៗ​ល្មម​ ​រួច​យក​ស្លឹក​ជី​អង្កាម​ដាក់​ចូល​ជាមួយ​គា្ន​ ដោយ​បន្ថែម​អំបិល​ ​និង​ទឹក​ស៊ី​រ៉ូម៉េ​ផល​ (​Maple​) ​បន្តិច​។​ ​បន្ទាប់មកចាក់ទឹក​ត្រជាក់​ ​ឬ​ទឹក​ធម្មតា​ចូល​ទៅ​ក្នុង​កែវ​ដែល​ដាក់គ្រឿង​ទាំងនោះ​។​ ​ប្រិយ​មិត្ត​អាច​ទទួលទាន​ភេសជ្ជ​ប្រភេទ​នេះ​ភ្លាម​ៗ​ ​ឬ​យក​វា​ទៅ​ទុក​ក្នុង​ទូរ​ទឹកកក​មួយ​យប់​ ​ដើម្បី​ឱ្យ​វា​ចេញ​រសជាតិ​កាន់តែ​ដិត​៕​

Article​ ​by​ N​I​ C​H​AN​N​I​K​A​


SUGGESTIONS