×

យុវជន​ ​«​វ៉ា​ត​ ​វ៉ាន់​»​ ​ម្ចាស់​ជ័យ​លា​ភី​ប្រកួត​ស្នាដៃ​សិល្បៈ​ពី​អង្គការសហប្រជាជាតិ​

NEWS 4 months ago
 
 

           ​ជឿជាក់​ថា​ប្រិយ​មិត្ត​បាន​ស្គាល់​រួចមក​ហើយ​ ​អំពី​យុវជន​ខ្មែរ​មួយ​រូប​ដែល​មានឈ្មោះ​ថា​ ​វ៉ា​ត​ ​វ៉ាន់​ ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​សិល្បករ​ពហុ​ជំនាញ​ ​ចេះ​ទាំង​ការ​ច្រៀង​ ​ការ​សម្តែង​ ​ការ​គូរ​គំនូរ​ ​ជាពិសេស​ជា​សិល្បករ​ម្នាក់​ដែល​ចេះ​យ៉ាង​ស្ទាត់ជំនាញ​ទៅ​កា​រផាត់​មុខ​ ​គូរ​គំនូរ​លើ​មុខ​ ​ឬ​តុបតែង​មុខជា​តួអង្គ​ផ្សេងៗ​។​ ​ថ្មីៗ​នេះ​ ​យុវជន​ ​វ៉ា​ត​ ​វ៉ាន់​ ​បាន​ទទួល​ជ័យ​លា​ភី​លេខ​១​ក្រោយ​ការចូលរួម​ប្រកួតប្រជែង​ស្នាដៃ​សិល្បៈ​ក្នុង​កម្មវិធី​មួយ​ដែល​មានឈ្មោះ​ថា​ ​«​ពិព័រណ៍​អនាគត​យុវជន​»​ ​ក្រោម​ប្រធាន​បទ​ ​«​សកម្មភាព​អ្នក​-​អនាគត​អ្នក​»​ ​ដែល​បាន​រៀបចំ​ឡើង​ដោយ​អង្គការសហប្រជាជាតិ​នៃ​ប្រទេស​កម្ពុជា​ ​កាលពី​ថ្ងៃ​ទី​២​១​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​៣​។

          ​ការប្រកួតប្រជែង​ស្នាដៃ​សិល្បៈ​នេះ​ ​អនុញ្ញាត​ឱ្យ​បេក្ខភាព​ចូលរួម​ទាំងអស់​បញ្ចេញ​ទេពកោសល្យ​សិល្បៈ​ចម្រុះ​របស់​ខ្លួន​ទាក់ទង​នឹង​ប្រធាន​បទ​ប្រកបដោយ​ភាព​ច្នៃ​ប្រតិដ្ឋ​ទៅតាម​ទម្រង់​សិល្បៈ​ផ្សេងៗ​ ​ដូចជា​ សិល្បៈ​អក្សរសាស្ត្រ​ សិល្បៈ​ទស្សនីយភាព​ សិល្បៈ​សម្តែង​ សិល្បៈ​ពហុ​ព័ត៌មាន​ ​ឬ​មធ្យោបាយ​ផ្សេងទៀត​នៃ​ការ​បញ្ចេញមតិ​ ​ដោយ​ភាព​ច្នៃ​ប្រតិដ្ឋ​ ​និង​ទំនាក់ទំនង​ប្រកបដោយ​ប្រសិទ្ធ​ភាព​នៃ​ប្រធាន​បទ​។​ ​ក្នុងចំណោម​បេក្ខភាព​ចូលរួម​ប្រកួត​ទាំង​៧​២​នាក់​នឹង​ត្រូវ​ជ្រើសរើស​១​០​នាក់​ជា​អ្នកឈ្នះ​ទទួល​បាន​ជ័យ​លា​ភី​លេខ​១​។​ ​ជាក់ស្តែង​ ​សិល្បករ​ ​វ៉ា​ត​ ​វ៉ាន់​ ​ជា​ម្ចាស់​ជ័យ​លា​ភី​មួយ​ក្នុងចំណោម​១​០​នាក់​ ​ដែល​លោក​បាន​បញ្ចេញស្នាដៃ​សិល្បៈ​របស់​ខ្លួន​តាមរយៈ​ ​ការ​គូរ​គំនូរ​លើ​មុខ​ពោរពេញ​ទៅ​ដោយ​គំនិត​ច្នៃ​ប្រតិដ្ឋ​ ​និង​គួរ​ឱ្យ​កោតសរសើរ​។​

          ​តាមរយៈ​ស្នាដៃ​សិល្បៈ​នេះ​ ​រូបលោក​បាន​ពន្យល់​ថា​ ​គឺ​លោក​បាន​ធ្វើឡើង​ទាក់ទង​ទៅ​នឹង​ប្រទេស​កម្ពុជា​ ​ដែល​លោក​បាន​គូរ​ផ្សារភ្ជាប់​អ្វី​ដែល​តំណាង​ឱ្យ​ជាតិខ្មែរ​យើង​បញ្ចូល​រួមគ្នា​ ​តួយ៉ាង​ ​រូប​ហហ្មុក​ជា​អាហារ​តំណាង​ជាតិ​ ​រូប​ប្រាសាទអង្គរវត្ត​ ​ទេសភាព​នៃ​ទី​ក្រុងភ្នំពេញ​ ​រូប​ល្ខោនខោល​(​តួអង្គ​ហនុមាន​) ​រូប​អប្សរា​ខ្មែរ​ ​និង​រូប​ដើមត្នោត​ជាដើម​។​ ​មិនតែប៉ុណ្ណោះ​ ​នៅ​ផ្នែក​កណ្តាល​នៃ​ផ្ទៃមុខ​លោក​បញ្ចូល​គំនូរ​ផែនទី​ប្រទេស​កម្ពុជា​ ​ផ្នែក​ក​គឺ​មាន​សរសេរ​ពាក្យ​ថា​កម្ពុជា​ ​ជា​ទម្រង់​អក្សរខ្មែរ​ ​និង​មាន​គូរ​ទម្រង់​បាទ​ដៃ​មាន​ពណ៌​មាស​នៅ​លើ​ដើមទ្រូង​ ​ដែល​លោក​ចង់​បញ្ជាក់​ថា​ ​គឺ​គ្រប់​ប្រជាជន​យើង​ទាំងអស់​គឺ​មាន​តម្លៃ​ដូច​មាស​ ​ចេះ​សាមគ្គី​គ្នា​ ​ចេះ​ជួយ​ ​ចេះ​ការពារ​ថែរក្សា​វប្បធម៌​ជាតិ​របស់​ខ្មែរយើង​។​

          គួរ​បញ្ជាក់​ដែរ​ថា​ ​ក្នុង​ការប្រកួតប្រជែង​លើក​នេះ​ ​មិនមែន​ជា​លើក​ទី​១​ឡើយ​សម្រាប់​សិល្បករ​ដែល​មាន​វ័យ​២​៥​ឆ្នាំ​រូប​នេះ​។​ ​ពោល​ ​គឺ​លោក​ធ្លាប់​បាន​ចូលរួម​ជាច្រើនលើក​រួចមក​ហើយ​ជាមួយនឹង​លទ្ធផល​ដ៏​ប្រសើរ​ ​ហើយ​បច្ចុប្បន្ន​លោក​ក៏​កំពុង​បាន​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ផ្សេងទៀត​នៅ​ក្នុងស្រុក​ផង​ដែរ​។​

          ​តាមរយៈ​សូវ​រី​ន​ ​ម្ចាស់​ជ័យ​លា​ភី​ ​លោក​ ​វ៉ា​ត​ ​វ៉ាន់​ ​ក៏មាន​ពាក្យពេចន៍​ផ្តាំផ្ញើ​ទៅកាន់​អ្នក​ដែល​ស្រលាញ់​ផ្នែក​គំនូរ​នេះ​ដែរ​ថា​ “​ដំបូង​ឡើយ​ខ្ញុំ​ចាប់ផ្តើម​វិ​ស័​យ​នេះ​គឺ​ខ្ញុំ​មិន​មាន​ធនធាន​ឡើយ​។​ ​ដូច្នេះ​ ​ប្រសិនបើ​គាត់​យល់ថា​គាត់​ស្រលាញ់​ហើយ​ ​តែ​មិន​មានលទ្ធភាព​ចូល​កុំ​បោះបង់​ ​រក​អ្នក​ជុំវិញ​ខ្លួន​ឱ្យ​ជួយ​ ​ព្រោះ​យើង​មិន​អាច​រស់នៅ​តែម្នាក់ឯង​បាន​ឡើយ​ ​ត្រូវ​មាន​អ្នក​ជួយជ្រោមជ្រែង​ ​លើកទឹកចិត្ត​។​ ​ប្រឹង​រៀនសូត្រ​បន្ថែម​ដោយខ្លួនឯង​ឱ្យ​បាន​ច្រើន​ ​ពង្រឹង​សមត្ថភាព​ ​និង​រក​អ្វី​ដែល​ថ្មី​ឱ្យ​បាន​ច្រើន​ ​អ្វី​ដែល​សំខាន់​ត្រូវ​ហ៊ាន​បង្ហាញ​ពី​ទេពកោសល្យ​ខ្លួនឯង​ជា​សាធារណៈ​ ​កុំ​មាន​ភាព​អៀនខ្មាស​ឡើយ​៕​”

Article​ ​by​ ​SO​UN​G​ ​SO​KS​AN​


 


SUGGESTIONS