×

«​Bloom​ ​Alley​ ​Ca​f​é + ​Eat​e​r​y​»​ ​ហាង​កាហ្វេ​ផ្ទះ​ឈើ​ខ្មែរបែបស្រុកស្រែចម្ការ

NEWS 9 months ago
 
 

           ​ផ្ទះ​ឈើ​បែប​ខ្មែរ​ប្រមាណ​ជា​ជិត​១​០​ខ្នង​ ​ខ្លះ​សង់​ទាប​នឹង​ដី​ ​ឯ​ខ្លះទៀត​សង់​ខ្ពស់​ពី​ដី​ ​តម្រៀប​គ្នា​ជាជួរ​ ​បង្ហាញខ្លួន​លើ​ទំហំផ្ទៃ​ដី​ប្រមាណ​១​០​០​០​ម៉ែត្រ​កា​រេ​ ​លាយឡំ​ទៅ​ដោយ​រុក្ខជាតិ​តូច​ធំ​ពណ៌បៃតង​ខ្ចី​ ​មាន​ទាំង​ដំណាំ​ដាំ​ដុះ​ហូប​ផ្លែ​ ​បន្លែបង្ការ​ ច្រើ​សព្វមុខ​ ​ដើមឈើ​ធំ​ៗ​ផ្តល់​ជា​ម្លប់​ ​ហាក់​គន់មើល​ទៅ​ ​ប្រៀបបានទៅ​នឹង​ភូមិឋាន​មួយ​នៅ​តាម​ទី​ជនបទ​បែប​ស្រុកស្រែ​ចម្ការ​ ​ដែល​បង្ហាញ​នូវ​ទិដ្ឋភាព​យ៉ាង​ស្រស់បំព្រង​គួរ​ជាទី​គយគន់​មិន​ជិនណាយ​។​ ​ជា​ការពិត​ ​អ្វី​ដែល​បាន​រៀបរាប់​ខាងលើ​នេះ​ ​គឺ​ហាង​កាហ្វេ​មួយ​កន្លែង​ទើបនឹង​បង្កើត​ថ្មី​មានឈ្មោះ​ថា​ ​«​Bloom​ ​Alley​ ​Ca​f​é + ​Eat​e​r​y​»​ ​ដែល​មាន​ទីតាំង​ស្ថិតនៅ​លើ​ដង​វិថី​លេខ​២​១​ ​ក្នុង​ភូមិ​តាខ្មៅ​ ​សង្កាត់​តាខ្មៅ​ ​ក្រុង​តាខ្មៅ​។​

          ​ខុសប្លែក​ពី​ហាង​កាហ្វេ​ដទៃ​ដែល​បង្កើត​ឡើង​មាន​ភាព​ស៊ីវិល័យ​ ​និង​តុប​តែ​ដេ​គ័​រ​បែប​លាត​ស្រឡះ​ ​Bloom Alley Café + Eat​e​r​y​ ​ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​គោលគំនិត​របស់​ស្ថាបនិក​ដែល​បាន​និម្មិត​ជា​កូន​ភូមិ​មួយ​ឡើង​ ​មាន​ផ្ទះ​ឈើ​បែប​ខ្មែរ​ ​និង​ផ្សារភ្ជាប់​ទៅ​នឹង​ធម្មជាតិ​យ៉ាង​ស្រស់​ត្រកាល​។​ ​នៅ​ទីនេះ​ ​បាន​ផ្តល់​នូវ​ទិដ្ឋភាព​យ៉ាង​ស្រស់​ស្អាត​គ្រប់ពេល​ ​មិនថា​ពេលព្រឹក​ ​ពេលថ្ងៃ​ ​ឬ​ពេលល្ងាច​នោះ​ទេ​ ​ជាពិសេស​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ ​គ្រាប់​ភ្លៀង​គ្រប់​តំណក់​ដែល​ស្រក់​ស្រោចស្រព​ ​ធ្វើ​ឱ្យ​រុក្ខជាតិ​កាន់តែ​បៃតង​ខ្ចី​ ​គួបផ្សំ​ពន្លឺភ្លើង​ប្រឿងៗ​តាម​ផ្ទះ​ឈើ​ ​បែប​ស្រគត់ស្រគំ​ ​កាន់តែ​ធ្វើ​ឱ្យ​សោភណភាព​នៅ​ទីនេះ​ ​បញ្ចេញ​សម្រស់​ថែម​មួយ​ក​ម្រិ​ត​គួរ​ជា​ចំណី​ចក្ខុ​។

          ​ជា​ការពិត​ ​ក្រៅពី​បង្កើត​បានជា​បរិយាកាស​មួយ​ដ៏​ស្រស់បំព្រង​ ​ដូច​ទៅ​នឹង​ឈ្មោះ​ ​«​Bloom​ ​Alley​ ​Ca​f​é + ​Eat​e​r​y​»​ ​នៅ​ទីនេះ​ក៏មាន​បម្រើ​ជា​ភេសជ្ជ​ច្រើនមុខ​ ​និង​អាហារ​សម្រាប់​ទទួលទាន​ផង​ដែរ​។​ ​អ្វី​ដែល​មិន​អាច​រំលង​បាន​នូវ​រសជាតិ​ភេសជ្ជ​ដែល​លោកអ្នក​គួរតែ​សាកល្បង​នោះ​គឺ​ ​កាហ្វេ​តៀម​។​ ​គ្រាន់តែ​ក្រេប​ឱជារស​ភ្លាម​ហាក់​រលឹក​ទៅកាន់​រសជាតិ​កាហ្វេ​លក់​នៅ​តៀម​តាមផ្លូវ​ពី​អតីតកាល​ដែល​មិន​អាច​បំភ្លេច​បាន​។​ ​ងាក​មក​មុខម្ហូប​វិញ​ក៏មាន​ច្រើន​ជម្រើស​មិនចាញ់​ភេសជ្ជ​ឡើយ​ ​រួម​មាន​ ​បាយ​កាពិ​ផាវ​ ​បាយ​សាច់ជ្រូក​ ​ប្រហិត​សាច់គោ​បំពង​ ​មី​កូរ៉េ​ ​សាំង​វ៉ិ​ច​ ​ទឹកកក​ឈូស​ ​និង​មុខម្ហូប​ជាច្រើន​ទៀត​។​

          ​អង្គុយ​ក្នុង​ផ្ទះ​ឈើ​គយគន់​ទេសភាព​បែប​ស្រុកស្រែ​ ​លម្ហែ​អារម្មណ៍​ជាមួយ​រុក្ខជាតិ​តូច​ធំ​ ​បន្ថែម​ដោយ​រសជាតិ​ភេសជ្ជ​ ​និង​អាហារ​ដ៏​ឈ្ងុយឆ្ងាញ់​ ​អម​ដោយ​ស​ម្លេ​ង​ត​ន្រ្តី​ប្រគំ​ដោយ​ធម្មជាតិ​ពី​សត្វ​បក្សាបក្សី​យំ​ឆ្លើយឆ្លង​យ៉ាង​អឺងកង​ ​ពិតជា​ធ្វើការ​សម្រាក​លម្ហែ​មួយ​នេះ​ ​ពោរពេញ​ដោយ​ភាព​ស្រស់ស្រាយ​រំសាយ​នៅ​ទុក្ខ​កង្វល់​ឱ្យ​ឃ្លាតចាក​ឆ្ងាយ​។​

          ​​«​Bloom​ ​Alley​ ​Ca​f​é + ​Eat​e​r​y​»​ ​ពិតជា​ទីកន្លែង​ដ៏​ស័ក្តិសម​សម្រាប់​ការណាត់ជួប​ ​លក្ខណៈ​គ្រួសារ​ ​ជួបជុំ​មិត្រ​ភក្តិ​ ​ពិភាក្សា​ការងារ​ ​និង​សម្រាប់​អ្នក​ដែល​អញ្ជើញ​មក​ធ្វើការងារ​បន្ថែម​ ​ជាពិសេស​សម្រាប់​អ្នក​ដែល​ស្រលាញ់​ចូលចិត្ត​ធម្មជាតិ​តែម្តង​។​
​គួរ​ជម្រាប​ដែរ​ថា​ ​«​Bloom​ ​Alley​ ​Ca​f​é + ​Eat​e​r​y​»​ ​បើក​ទទួលស្វាគមន៍​ភ្ញៀវ​ជា​រៀងរាល់ថ្ងៃ​ ​ចាប់ពី​ម៉ោង​ ​៦​:​៣​០​នាទី​ព្រឹក​ ​រហូតដល់​ម៉ោង​ ​៦​:​៣​០​នាទី​ល្ងាច​៕

Article​ ​by​ ​SO​UN​G​ ​SO​KS​AN​


SUGGESTIONS