គុណប្រយោជន៍៥យ៉ាងនៃការដើរបន្ទាប់ពីទទួលទានអាហាររួច ដែលអ្នកគួរយល់ដឹង
TRAVEL & LIVING one year agoការដើរគឺជាលំហាត់ប្រាណដែលពេញនិយម និងងាយស្រួល ហើយអាចធ្វើបាននៅគ្រប់ទីកន្លែង។ ភាគច្រើនយើងសង្កេតឃើញថាមានអ្នកធ្វើលំហាត់ប្រាណដោយការដើរនៅពេលព្រឹក ឬពេលល្ងាច។ ប៉ុន្តែអ្នកដឹងទេថា ការដើរបន្ទាប់ពីទទួលទានអាហាររួចគឺមានអត្ថប្រយោជន៍ដែលនឹកស្មានមិនដល់ចំពោះសុខភាព។ ការដើរត្រឹមតែពីរនាទីបន្ទាប់ពីញ៉ាំអាហារអាចជួយបញ្ចុះជាតិស្ករក្នុងឈាម ធ្វើឱ្យការរំលាយអាហារមានភាពប្រសើរឡើង រួមទាំងអត្ថប្រយោជន៍ជាច្រើនទៀតដែលមានដូចខាងក្រោម។
1. គ្រប់គ្រងជាតិស្ករក្នុងឈាម
ការដើរបន្ទាប់ពីញ៉ាំអាហារអាចជួយគ្រប់គ្រងជាតិស្ករក្នុងឈាមរបស់អ្នក។ ការសិក្សាមួយនៅក្នុង Sports Medicine បានរកឃើញថា នៅពេលដែលយើងធ្វើលំហាត់ប្រាណដោយការដើរបន្ទាប់ពីញ៉ាំអាហាររួច កម្រិតជាតិស្ករក្នុងឈាមដែលកើនឡើង និងធ្លាក់ចុះបន្តិចម្តងៗ ដែលវាល្អជាងការអង្គុយនៅមួយកន្លែងបន្ទាប់ពីទទួលទានអាហាររួច។ កម្រិតជាតិស្ករក្នុងឈាមនឹងកើនឡើង បន្ទាប់ពីបរិភោគអាហាររួចបាន ៦០ ទៅ ៩០នាទី។ ដូច្នេះ គួរគប្បីធ្វើការដើរបន្ទាប់ពីបរិភោគអាហាររួចភ្លាមៗទើបជាការប្រសើរ ដើម្បីរារាំងមុនជាតិស្ករក្នុងឈាមបានកើនឡើង។
2. ធ្វើអោយប្រសើរឡើងនូវការរំលាយអាហារ
ការដើរបន្ទាប់ពីញ៉ាំអាហារអាចជួយដល់ការរំលាយអាហារ។ ការសិក្សាមួយនៅក្នុង PLOS One បានរកឃើញថា ការដើរជួយជំរុញដល់ក្រពះ និងពោះវៀនឱ្យដំណើរការល្អ ដែលអាចជួយឱ្យអាហារផ្លាស់ទីតាមរយៈប្រព័ន្ធរំលាយអាហារបានកាន់តែលឿន។ វាក៏អាចជួយកាត់បន្ថយការហើមពោះ ជាពិសេសចំពោះអ្នកដែលមានអាការរលាកពោះវៀន។ ការហើមពោះកើតឡើងនៅពេលដែលឧស្ម័នបង្កើតឡើងក្នុងបំពង់រំលាយអាហារ ដោយសារអាហារដែលមិនបានរំលាយត្រូវបានបំបែក។ ការហើមពោះក៏កើតឡើងនៅពេលដែលអ្នកលេបខ្យល់នៅពេលអ្នកញ៉ាំអាហារ ឬផឹកទឹកជាដើម។ សកម្មភាពរាងកាយដូចជាការដើរ អាចជួយផ្លាស់ទីឧស្ម័នដែលលើសមួយចំនួនតាមរយៈបំពង់រំលាយអាហារបានយ៉ាងល្អ។
3. បន្ថយសម្ពាធឈាម
ការដើរក្រោយបរិភោគអាហារក៏អាចជួយកាត់បន្ថយសម្ពាធឈាមផងដែរ។ លើសឈាមគឺជាមូលហេតុចម្បងមួយនៃជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល ដូច្នេះហើយ វាជារឿងសំខាន់ក្នុងការស្វែងរកវិធីកាត់បន្ថយសម្ពាធឈាមដែលឡើងខ្ពស់។ ការសិក្សាមួយនៅក្នុង Journal of Family Medicine and Primary Care បានរកឃើញថា ការដើរ១០នាទីជារៀងរាល់ថ្ងៃ អាចជួយកាត់បន្ថយសម្ពាធឈាម Diastolic ចំពោះអ្នកដែលមានជំងឺលើសឈាម។ ការស្រាវជ្រាវបន្ថែមបានបង្ហាញថា សម្រាប់មនុស្សពេញវ័យដែលមានសម្ពាធឈាមខ្ពស់ ការដើរពិតជាមានប្រសិទ្ធភាពក្នុងការកាត់បន្ថយសម្ពាធឈាមស៊ីស្តូលិក និងឌីស្តូលីក។ អ្នកដែលមានជំងឺលើសឈាមធ្ងន់ធ្ងរជាងនេះឃើញការថយចុះគួរឱ្យកត់សម្គាល់ បន្ទាប់ពីអនុវត្តការដើរបន្ទាប់ពីញ៉ាំអាហាររួច។
4. ជួយដុតកាឡូរី
ការដើរភ្លាមៗបន្ទាប់ពីញ៉ាំអាហារក៏ជាវិធីដែលអាចជួយសម្រកទម្ងន់បានដែរ។ តាមការស្រាវជ្រាវការដុតបាន ៣៥០០ កាឡូរី គឺអាចសម្រកខ្លាញ់បានត្រឹម១ផោនប៉ុណ្ណោះ។ ប៉ុន្តែប្រសិនបើអ្នកមិនមានពេលគ្រប់គ្រាន់សម្រាប់ការហាត់ប្រាណ អ្នកអាចផ្លាស់ប្តូរមកជាការដើរត្រឹម១០នាទីបន្ទាប់ពីទទួលទានអាហាររួច។ វានឹងបង្កើនការរំលាយអាហារ ជួយដុតកាឡូរី និងជាតិខ្លាញ់នៅក្នុងរាងកាយ។
5. បង្កើនអារម្មណ៍ស្រស់ស្រាយ
នៅពេលអ្នកដើរបន្ទាប់ពីអាហារអាចធ្វើឱ្យអារម្មណ៍របស់អ្នកប្រសើរឡើងមួយកម្រិត។ លំហាត់ប្រាណជួយកាត់បន្ថយកម្រិតអរម៉ូនស្ត្រេសដូចជា Cortisol នៅក្នុងខ្លួន។ វាក៏បង្កើនអរម៉ូនវិជ្ជមានដូចជា Endorphins និង Oxytocin (ត្រូវបានគេស្គាល់ផងដែរថាជាអរម៉ូននៃការស្រឡាញ់) ។ អ័រម៉ូនទាំងនេះមិនត្រឹមតែជួយឱ្យអ្នកមានអារម្មណ៍ល្អប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយឱ្យអ្នកគេងលក់បានលឿន និងគេងលក់បានយូរផងដែរ។
សរុបជារួមមក ការធ្វើលំហាត់ប្រាណដោយការដើរពិតជាផ្តល់នូវគុណសម្បត្តិជាច្រើនដល់សុខភាព ជាពិសេសការដើរបន្ទាប់ពីទទួលទានអាហាររួចភ្លាមៗ មិនថាអាហារពេលព្រឹក ពេលថ្ងៃ និងពេលល្ងាចនោះទេ។ ដូច្នេះ គួរគប្បីអនុវត្តទម្លាប់នៃការដើរនេះឱ្យបានជាប្រចាំទោះមិនបានច្រើន តែហោចណាស់វាក៏ប្រសើរជាជាងយើងមិនបានអនុវត្តទាល់តែសោះ៕
Article by SOUNG SOKSAN