×

លោក​ ​«​ហេង​ ​លី​ហ៊ា​ង​»​ ​ម្ចាស់​ជ័យ​លា​ភី​លេខ​១​ក្នុង​ការ​ប្រកួត​ធ្វើ​ស្រា​ក្រឡុក​

NEWS 4 months ago
 
 

          ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​រីក​ចម្រើន​ក្នុង​វិ​ស័យអាជីវកម្ម​ភោជនីយដ្ឋាន​ ​និង​បារ​ស្ទើរ​ទូទាំង​ប្រទេស​នោះ​ ​កម្មវិធី​ប្រកួតប្រជែង​ធ្វើ​ស្រា​ក្រឡុក​ ​«​Map​p​in​g​ ​T​h​e​ ​Mekong​ ​2023»​ ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ ​Seek​e​rs ​Spirit​s ​ក្នុង​គោលបំណង​ចង់​ឱ្យ​អ្នកលាយស្រា​ (​Bar​tender​) ​ខ្មែរ​បាន​បញ្ចេញ​សមត្ថភាព​ក្នុង​ការ​ច្នៃ​ប្រតិដ្ឋ​ស្រា​ក្រឡុក​ (​Cocktail​) ​ដែល​ប្រើប្រាស់​នូវ​គ្រឿងផ្សំ​ក្នុងស្រុក​ ​លាយ​ជាមួយ​ស្រា​ពី​ក្រុមហ៊ុន​ ​Seek​e​rs ​Spirit​ ​ហើយក៏​ចង់​បង្ហាញ​ទៅកាន់​ពិភពលោក​ថា​ ​កម្ពុជា​យើង​ក៏​អាច​ធ្វើ​ស្រា​ក្រឡុក​ឈាន​ទៅ​ក​ម្រិ​ត​អន្តរជាតិ​បាន​ផង​ដែរ​។​ ​ជាមួយគ្នា​នេះ​ ​លទ្ធផល​ប្រកួតប្រជែង​ខាងលើ​នេះ​ក៏បាន​រក​ឃើញ​ម្ចាស់​ជ័យ​លា​ភី​ដែល​បាន​ទៅលើ​លោក​ ​ហេង​ ​លី​ហ៊ា​ង​។​ ​តើ​លោក​ជា​នរណា​? ​ហើយ​មាន​បទពិសោធន៍​យ៉ាងដូចម្តេច​ខ្លះ​ទើប​ឈាន​មក​ដណ្តើម​បាន​ពាន​ដ៏​អស្ចារ្យ​នេះ​?

          ​លោក​ ​ហេង​ ​លី​ហ៊ា​ង​ ​មាន​វ័យ​២​៩​ឆ្នាំ​ ​មាន​ស្រុកកំណើត​មកពី​ខេត្ត​កំពង់ចាម​។​ ​លោក​បាន​បញ្ចប់​ការសិក្សា​ផ្នែក​បដិសណ្ឋារកិច្ច​ ​និង​ទេសចរណ៍​នៅ​វិទ្យាស្ថាន​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ​ ​ឬ​ហៅ​កាត់​ថា​ ​P​S​E​ ​។​ ​លោក​បាន​បង្ហើប​ពី​អារម្មណ៍​រំភើប​ក្រោយ​ទទួល​បាន​ជ័យ​លា​ភី​លេខ​១​ថា​ “​ខ្ញុំ​ពិតជា​មាន​អារម្មណ៍​រំភើប​ ​និង​សប្បាយចិត្ត​ខ្លាំង​ ​ព្រោះ​បាន​សម្រេច​ក្តី​ស្រមៃ​ ​និង​បាន​បង្ហាញ​នៅ​អ្វី​ដែរ​ខ្មែរ​មាន​ ​ជាមួយនឹង​ការ​ខិតខំ​កន្លងមក​ ​ហើយ​ជ័យ​ជម្នះ​មួយ​នេះ​មិនមែន​សម្រាប់​តែ​ខ្ញុំ​ម្នាក់ឯង​នោះ​ទេ​ ​តែ​សម្រាប់​ប្រទេស​កម្ពុជា​តែម្តង​។​” ​លោក​បាន​បន្ត​ថា​ ​មូលហេតុ​ដែល​លោក​សម្រេច​ចិត្ត​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​នេះ​ ​ក៏​ព្រោះតែ​លោក​ធ្លាប់​មាន​ក្តី​ស្រមៃ​ចង់​បង្ហាញ​នូវ​ ​Signature​ ​Cocktail​ ​ដែល​បង្ហាញ​អំពី​ការប្រើប្រាស់​ផលិតផល​ខ្មែរ​ ​ព្រោះ​ខ្មែរយើង​មាន​គ្រឿងផ្សំ​ច្រើន​ណាស់​ ​ដែល​អាច​ឱ្យ​យើង​យកទៅ​ច្នៃ​ដើម្បី​បន្ថែម​ក្លិន​ ​បន្ថែម​រសជាតិ​ ​សោភណភាព​ឱ្យ​មើលទៅ​មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ ​វា​គ្រាន់តែ​ទាមទារ​ឱ្យ​យើង​ចំណាយ​ពេល​ក្នុង​ការសិក្សា​ ភ្លក្ស ​និង​សាកល្បង​ធ្វើ​តែប៉ុណ្ណោះ​។​

លោក​ ​ហេង​ ​លី​ហ៊ា​ង

          ​យ៉ាងណាមិញ​ ​មុន​ឈាន​ដល់​ការចូលរួម​ប្រកួត​ក្នុង​កម្មវិធី​នេះ​ ​លោក​ក៏​ធ្លាប់​បាន​ចូលរួម​វគ្គសិក្សា​ ​Cocktail​ ​Master​ ​Class​ , ​Spirit​ ​Training​, ​ធ្លាប់​បម្រើ​ការងារ​នៅ​សណ្ឋាគារ​ ​និង​ភោជនីយដ្ឋាន​លំដាប់​អន្តរជាតិ​ ​ក៏ដូចជា​ការរៀនសូត្រ​ស្រាវជ្រាវ​បន្ថែម​ដោយខ្លួនឯង​តាមរយៈ​ការ​អាន​សៀវភៅ​ ​និង​ការសិក្សា​តាម​បណ្តា​ម​សង្គម​ផ្សេងៗ​ដូចជា​ ​Face​book​, ​Inst​a​gram​ ​ជាដើម​។​ ​ជា​ការពិត​ ​ទម្រាំ​ទទួល​បាន​ជ័យ​លា​ភី​លេខ​១​វា​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ​ ​វា​ទាមទារ​ឱ្យ​មាន​បទពិសោធន៍​ ​និង​ការ​មាន​ជំនាញ​ច្បាស់លាស់​។​ ​រីឯ​ចំណុច​ខ្លាំង​របស់​លោក​ដែល​នាំ​ឱ្យ​ទទួល​បាន​ជ័យ​លា​ភី​លេខ​១​នោះ​គឺ​ ​ការ​តាំងចិត្ត​ ​ភាព​រហ​័សរ​ហួន​ ​អនាម័យ​ ​ការ​ចេះ​លាយ​ស្រា​តាមលំដាប់​ ​ការ​ផ្តោត​អារម្មណ៍​ ​ការ​មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ ​ការ​ពន្យល់​ពី​ប្រវត្តិ​នៃ​ស្រា​ ​អ្វី​ដែល​សំខាន់​គឺ​ការ​ជឿជាក់​លើ​ខ្លួនឯង​ ​និង​ស្នាម​ញញឹម​ដ៏​រួសរាយ​ផង​ដែរ​។​

          ​ម្ចាស់​ជ័យ​លា​ភី​លេខ​១​រូប​នេះ​ក៏បាន​បង្ហើប​អំពី​គោលបំណង​របស់​ខ្លួន​ក្នុង​វិស័យ​នេះ​ថា​ “​ខ្ញុំ​ចង់បើ​ក​អាជីវកម្ម​ ​Cocktail​ ​Bar​ ​មួយ​តូចល្មម​ ​ហើយ​លោក​នឹង​ប្រើប្រាស់​គ្រឿងផ្សំ​ដែល​ជា​របស់​ខ្មែរយើង​មក​ធ្វើជា​ស្រា​ក្រឡុក​បង្ហាញ​ទៅកាន់​ភ្ញៀវ​ជាតិ​ ​និង​អន្តរជាតិ​។​ ​ខ្ញុំ​គិតថា​វា​ជា​រឿង​ល្អ​មួយ​ប្រសិនបើ​ខ្ញុំ​អាច​ធ្វើ​សម្រាប់​ប្រទេស​ខ្ញុំ​ ​ព្រោះ​ទាំងនេះ​វាក​៏ជា​រឿង​មួយ​ដែល​ ​Cocktail​ ​Bar​ ​មួយ​ចំនួន​ធំ​លើ​ពិភពលោក​កំពុងតែ​ធ្វើ​។​ ​ខ្ញុំ​ក៏សង្ឃឹម​ថា​នឹង​មាន​មានការ​កែតម្រូវ​ ​ការចូលរួម​គាំទ្រ​ ​ក៏ដូចជា​ការ​លើកទឹកចិត្ត​ពីសំណាក់​ប្រជាជន​យើង​ផ្ទាល់​ផង​ដែរ​ ​ព្រោះ​វាក​៏​ជា​ផ្លូវ​មួយ​ដែល​អាច​ឱ្យ​ពិភពលោក​ស្គាល់​ប្រទេស​កម្ពុជា​យើង​កាន់តែ​ច្រើន​ ​និង​ដើម្បី​ជំរុញ​វិ​ស័យ​នេះ​ឱ្យ​មាន​ធនធានមនុស្ស​ដូច​ទៅ​នឹង​ប្រទេស​ដទៃ​ដែរ​។​” ​តាមរយៈ​សូវ​រី​ន​ ​លោក​ ​ក៏មាន​ពាក្យពេចន៍​ផ្តាំផ្ញើ​ទៅ​អ្នក​ដែល​ស្រលាញ់​ ​និង​ចង់​ប្រឡូក​ក្នុង​វិ​​ស័​យ​នេះ​ដែរ​ថា​ ​សូម​ឱ្យ​ពួកគាត់​ចំណាយ​ពេលរៀន​ឱ្យ​បាន​ច្រើន​លើ​អ្វី​ដែរ​គាត់​គិតថា​មិនទាន់​ចេះច្បាស់​ ​និង​ស្រាយ​ជ្រាវ​បន្ថែម​នៅ​អ្វី​ដែរ​យើង​យកមក​ប្រើប្រាស់​ ​ហើយ​ប្រសិនបើ​មាន​ពេល​គួរ​ដើរលេង​ក្រៅ​ប្រទេស​ ​ឬ​សិក្សា​ពី​បារ​បរទេស​មួយ​ចំនួន​ដែល​មាន​ក្នុង​ប្រទេស​យើង​ឱ្យ​បាន​ច្រើន​ ​ព្រោះ​បើ​ក្រឡេកមើល​ពី​ក​ម្រិ​ត​បារ​របស់​បរទេស​វិញ​គឺ​ពួកគេ​មាន​អ្វី​ថ្មី​សឹងតែ​រាល់ថ្ងៃ​ ​ដើម្បី​ផ្តល់​បទពិសោធន៍​ដល់​ភ្ញៀវ​របស់​គេ​ ​ទាំងនេះ​សុទ្ធតែ​ជា​អ្វី​ដែល​យើង​អាច​រៀនសូត្រ​បាន​៕​”

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN​


SUGGESTIONS