×

ជីវិត​ដ៏​អស្ចារ្យ​របស់​តំណែង​នារី​ឯក​ពិភពលោក​តំណាង​កម្ពុ​ជាប្រចាំ​ឆ្នាំ​២​០​២​២​

NEWS 2 months ago
 
 

​            លោកស្រី​ ជេ​ក​គ៍​លីន​ ​ភី​. ​ផា​ហ្គា​វ៉ាន់​ (J​a​cqu​e​line​ ​P​. B​hag​a​van​) ​កើត​នៅ​ប្រទេស​កម្ពុជា​ ​ហើយ​សព្វថ្ងៃ​កំពុង​រស់នៅ​តំបន់​ឆ្នេរសមុទ្រ​សាន់​ហ្វ្រាន់​ស៊ី​ស្កូ ​រដ្ឋ​កា​លី​ហ្វ័​រ​ញ៉ា ​សហរដ្ឋអាមេរិក​។​ ​ដោយសារ​របបប្រល័យពូជសាសន៍​ ​ក្រុម​គ្រួសារ​លោកស្រី​បាន​រ​ភៀសខ្លួន​ចេញពី​ប្រទេស​កម្ពុជា​ ​ហើយ​តស៊ូ​ឆ្លងកាត់​ការរស់នៅ​ក្នុង​ជំរំជនភៀសខ្លួន​ឯ​ជាយដែន​ទម្រាំ​បាន​ធ្វើដំណើរ​ទៅដល់​ទឹកដី​ឯនាយ​សមុទ្រ​។​ ​ចំពោះ​ប្រវត្តិ​ជីវិត​សិក្សា​វិញ​ ​លោកស្រី​បាន​សិក្សា​ជំនាញ​ទំនាក់ទំនង​ សិល្បៈ ​និង​ ​អក្សរ​សា​ស្រ្ត ​នៅ​សាកលវិទ្យាល័យ​រដ្ឋ​កា​លី​ហ្វ័​រ​ញ៉ា ​ទីក្រុង​សា​ក្រា​ម៉េ​ន​តូ (Sacrament​o)។​ ​ក្រៅពី​ជាប់​បរិញ្ញាបត្រ​ឯកទេស​ខាងលើ​នេះ​ពី​សាកលវិទ្យាល័យ​រដ្ឋ​កា​លី​ហ្វ័​រ​ញ៉ា ​លោកស្រី​ថែមទាំង​មាន​ជំនាញ​ជា​គ្រូពេទ្យ​ថែ​សម្ផស្ស​ដែល​មាន​អាជ្ញា​ប​ណ្ណ​ប្រកប​វិជ្ជាជីវៈ​មួយ​រូប​នៅ​សហរដ្ឋអាមេរិក​ទៀត​ផង​។​

​            លោកស្រី​ជឿជាក់​លើ​វិ​ស័យ​អប់រំ​ ​និង​មាន​ជំនឿ​លើ​ការ​ជួយ​ជំរុញ​ស្រ្តី​ឲ្យ​ឈាន​ទៅ​សម្រេច​គោលដៅ​ជីវិត​របស់​ពួកគេ​ ​និង​ព្យាយាម​ឲ្យបាន​ល្អ​បំផុត​ក្នុង​ឆាក​ជីវិត​។​ ​ទន្ទឹម​នឹង​នេះ​ ​លោកស្រី​ធ្លាប់​បាន​សង្កេតមើល​សមត្ថភាព​សហគ្រិន​ភាព​របស់​ម្តាយ​លោកស្រី​កាលពី​គាត់​ប្រកបរបរ​លក់​បាយ​មាន់​ ​និង​ ​ចំណីចំណុក​នៅ​ក្នុង​ជំរំជនភៀសខ្លួន​ក្នុង​ទឹកដី​ថៃ​។​ ​នេះ​ជា​មូលហេតុ​ដែល​ញ៉ាំង​លោកស្រី​អភិវឌ្ឍ​គំនិត​សហគ្រិន​ភាព​ដូចគ្នា​នេះ​ដែរ​តាមរយៈ​ការ​បង្កើន​សមត្ថភាព​ខ្លួនឯង​ឲ្យ​ក្លាយ​ជា​ពេទ្យ​រក្សា​សម្ផស្ស​ដែល​មាន​អាជ្ញា​ប​ណ្ណ​ពេញ​សិទ្ធិ​មួយ​រូប​។​ ​លោកស្រី​ក៏បាន​បង្កើត​ក្រុមហ៊ុន​ផលិតផល​ថែរក្សា​ស្បែក​ម៉ាក​យីហោ​ ​«​Lava​n​y​a​»​ ​ព្រមទាំង​បាន​បង្កើត​កម្មវិធី​អន​ឡា​ញ​ដ៏​មាន​ប្រជាប្រិយភាព​មួយ​ឈ្មោះថា​ ​«Complexion​ ​Kitchen»​ ​ដែល​ផ្តោត​លើ​វិធី​សា​ស្រ្ត​ថែទាំ​សុភាព​និង​សម្រស់​តាមរយៈ​ការ​ចែករំលែក​វិជ្ជា​ធ្វើម្ហូប​ ​គន្លឹះ​ថែទាំ​សម្រស់​ ​និង​ ​សកម្មភាព​តំ​ហែ​ទាំ​រាងកាយ​។​

​            «​ខ្ញុំ​ថែ​រក្សាខ្លួន​ឯង​ និង​សម្រស់​របស់​ខ្ញុំ​ ​ព្រោះ​ខ្ញុំ​ជឿ​ថា​ ​ជា​ស្រ្តី​រៀបការ​រួច​ ​ជា​ប្រពន្ធ​គេ​ ​ជា​ម្តាយ​គេ​ ​គែ​ជា​ងារ​ដែល​បង្កប់​ន័យ​ធំធេង​ ​ហើយ​ស្រ្តី​ម្នាក់ៗ​មិនគួរ​ឈប់​ថែទាំ​ខ្លួន​ពួកគេ​ដោយសារតែ​យើង​រៀបការ​និង​មានកូន​ហើយ​នោះ​ទេ​។​ប្រសិនបើ​ស្រ្តី​មានទំនុក​ចិត្ត​ ​និង​សប្បាយចិត្ត​ចំពោះខ្លួន​ឯង​ ​នោះ​គ្រួសារ​ទាំងមូល​នឹង​មាន​អារម្មណ៍​ថា​មាន​សុភមង្គល​នៅផ្ទះ​។​ ​ឥរិយាបថ​វិជ្ជមាន​នឹង​ទាក់ទាញ​ភាព​វិជ្ជមាន​ ​ហើយនិង​ជះ​ឥទ្ធិពល​បន្ត​ទៅ​មនុស្ស​ជុំវិញ​»​ ​លោកស្រី​បាន​បង្ហាញ​ទ​ស្សនៈ​ផ្ទាល់ខ្លួន​ពី​បញ្ហា​សម្រស់​។​

​            លោកស្រី​គឺជា​វាគ្មិន​ស្រ្តី​ដែល​មានសំឡេង​ក្នុង​សង្គម​ ​និង​ទទួល​បាន​នូវ​ការ​គាំទ្រ​យ៉ាងខ្លាំងក្លា​នៅ​លើ​បណ្តាញ​សង្គម​ ​Inst​a​gram​ ​រហូតដល់​មាន​អ្នកតា​ម​ដាន​គាំទ្រ​ចំនួន​ជិត​៣​ម៉ឺន​គណនី​។​ ​សមត្ថភាព​ជំរុញ​ផ្នែក​សម្រស់​ពី​ខាងក្នុង​របស់​លោកស្រី​បាន​បង្កើត​ឱកាស​ឲ្យ​លោកស្រី​បាន​ក្លាយ​ជា​អ្នកនិពន្ធ​មួយ​រូប​សរសេរ​សៀវភៅ​ក្រោម​ចំណងជើង​ថា​ “W​e​ ​Go​t​ ​M​ojo! S​to​r​i​e​s o​f​ ​Inspiration​ ​and​ ​Per​s​p​i​ration”។​ ​សមិទ្ធផល​ការងារ​សង្គម​សំខាន់​មួយទៀត​នោះ​គឺ​ ​តំណែង​ជា​នាយិកា​មូលនិធិ​អប់រំ​មិន​សំដៅ​ប្រាក់ចំណេញ​ ​Coral​ ​Tree​ (Coral​ ​Tree​ ​Education​ ​Foundation) ​ដែល​មាន​បេសកកម្ម​ជួយ​សាងសង់​សាលារៀន​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​ ​និង​ផ្តល់​អាហារូបករណ៍​សម្រាប់​សិស្ស​នារី​ឲ្យបាន​បន្ត​ការសិក្សា​ថ្នាក់​មហាវិទ្យាល័យ​។​ ​ក្នុងនាម​ជា​ស្រ្តី​ភរិយា​ ​និង​មាតា​មួយ​រូប​ ​លោកស្រី​ពោរពេញ​ដោយ​រូប​សម្រស់​និង​សមត្ថភាព​ពេញលេញ​ស័ក្តិសម​រហូត​ទទួល​បាន​ម្កុ​ដ​តំណែង​ ​«​M​rs. ​Ca​lifo​rn​i​a​ 2015/16​»​ ​និង​បាន​ចូលរួម​ប្រកួត​កម្មវិធី​ ​«​M​rs. ​America​ ​Competition​»​ ​ដែល​ជា​លទ្ធផល​ ​លោកស្រី​ទទួល​បាន​តំណែង​មុខ​ស្រស់​ ​«​Fabulous​ ​Face​»​ ​និង​ជាប់​ជា​បេ​ក្ខ​នារី​វគ្គ​ចុងក្រោយ​ចំនួន​១​០​នាក់​។​  

​            លោកស្រី​ចាត់ទុកថា​សឹងតែ​មិន​អាច​ទៅរួច​សម្រាប់​អតីត​ក្មេងស្រី​មួយ​រូប​ដែល​ឆ្លងកាត់​ពី​ការ​ស្លាប់​ក្នុង​របបប្រល័យពូជសាសន៍​នៅ​កម្ពុជា​ហើយ​វិវឌ្ឍ​ខ្លួន​រហូត​ក្លាយ​ជា​បុគ្គល​សាធារណៈ​ដ៏​មាន​កិត្តិយស​ ​«​ ​t​h​e​ ​Face​ o​f​ ​America​»​ ​ម្នាក់​នៅ​អាមេរិក​។​ ​តំណែង​ ​«​M​rs. ​Ca​lifo​rn​i​a​ ​America​ 2015/16​»​ ​នេះ​ហើយដែល​ជា​កម្លាំង​ច​លក​រ​ត្រួសត្រាយ​កិត្តិ​ស័ព្ទ​របស់​លោកស្រី​រហូត​ល្បី​មកដល់​ប្រទេស​កម្ពុជា​បន្ត​ទៀត​ក្នុងនាម​ជា​«​M​rs. ​Cam​bo​d​i​a​ ​World​ 2022 ​»​។​ ​លោកស្រី​បាន​បង្ហាញ​អារម្មណ៍​ថា​ ​«​តំណែង​នេះ​គឺ​មិន​ត្រឹមតែ​ជា​កិត្តិយស​តែមួយមុខ​ទេ​ ​ប៉ុន្តែ​វា​អនុញ្ញាត​ឲ្យ​ខ្ញុំ​បាន​ចែករំលែក​ប្រកបដោយ​ភាព​វិជ្ជមាន​ទៅដល់​សង្គម​ខ្មែរ​។​ ​វា​ឲ្យ​ខ្ញុំ​ក្លាយ​ជា​គ​ំរូមួយ​រូប​សម្រាប់​លើកទឹកចិត្ត​ស្រ្តី​ដែល​មានគ្រួសារ​រួចហើយ​មិន​ឲ្យ​បោះបង់​ការ​ថែ​រក្សាខ្លួន​ឡើយ​សូម្បី​ពេល​រៀបការ​រួច ​និង​មាន​បុត្រ​ហើយក៏​ដោយ​»​ ​។​

​            លោកស្រី​សូម​លើកទឹកចិត្ត​ស្រ្តី​កម្ពុជា​ទាំងឡាយ​ឲ្យ​យកចិត្តទុកដាក់​ចំពោះ​ការថែទាំ​សម្រស់​ជាប្រចាំ​ឲ្យបាន​ខ្ជាប់ខ្ជួន​ ​ពីព្រោះ​សម្រស់​មិន​សំដៅ​លើ​តែ​មើលទៅ​ឃើញ​ស្អាត​ខាងក្រៅ​នោះ​ទេ​ ​តែ​វា​ផ្តល់​អត្ថប្រយោជន៍​លើសលប់​ចំពោះ​សុខភាព​ផ្លូវចិត្ត​ស្រ្តី​។​ ​នៅ​ពេល​ស្រ្តី​មាន​ភាព​វិជ្ជមាន​ចេញពី​ខាងក្នុង​ចិត្ត​ ​វា​នឹង​ជះ​ឥទ្ធិពល​ល្អ​ចំពោះ​សម្រស់​ធម្មជាតិ​នៃ​រាងកាយ​ ​ដែល​លោកស្រី​យល់ថា​ ​គ្មាន​គ្រឿង​ស​ម្អា​ង​ណា​អាច​ជំនួស​វា​បាន​ឡើយ​នោះ​គឺ​ ​«​សម្រស់​នៃ​ព្រលឹង​ពោរពេញ​ដោយ​ភាព​វិជ្ជមាន​»​៕​

Article​ ​by​ SR​IN​ ​SO​K​MEAN​


SUGGESTIONS