«ផ្ទះអំណាន គន្ធី» គម្រោងបណ្ណាល័យសាធារណៈលើកកម្ពស់អំណាននៅខេត្តបាត់ដំបង
NEWS 3 months agoជឿជាក់ថា ពុកម៉ែមាមីងបងប្អូនដែលនិយមប្រើបណ្តាញសង្គមហ្វេសប៊ុកនាពេលកន្លងមក ជាពិសេស អ្នកខេត្តបាត់ដំបងផ្ទាល់ច្បាស់ជាធ្លាប់បានឃើញទំព័រហ្វេសប៊ុកជាច្រើនបាននាំគ្នាចែករំលែករូបភាពស្តីពីសកម្ម ភាពអានសៀវភៅរបស់សាធារណជនក្មេងចាស់ប្រុសស្រីនៅតាមសួនច្បារ ឬ ហៅថា បណ្ណាល័យចល័ត ក្នុងក្រុង បាត់ដំបងកាលពីពេលថ្មីៗនេះជាក់ជាមិនខានទេ ហើយដែលបណ្ណាល័យប្រភេទនេះពិតជាទទួលបានមតិគាំទ្រជា ច្រើនពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមក្នុងពេលបច្ចុប្បន្ន។ ទំព័រហ្វេសប៊ុកឈ្មោះថា «ផ្ទះអំណាន គន្ធី» ដែល មានរូបសញ្ញាសៀវភៅជាសម្គាល់ស្ថិតក្រោមការគ្រប់គ្រងរបស់អ្នកគ្រូ ផ្លែក គន្ធី ជាស្ថាបនិកនិងបណ្ណារក្សផ្ទាល់។
អ្នកគ្រូ ផ្លែក គន្ធី ស្ថាបនិកបណ្ណាល័យ ផ្ទះអំណាន គន្ធី
ជួបជាមួយអ្នកបង្កើតគម្រោងបណ្ណាល័យ «ផ្ទះអំណាន គន្ធី» តាមសារអេឡិចត្រូនិក យើងបានដឹងថា ស្ថាបនិកនោះគឺជាគ្រូបង្រៀនបម្រើការនៅវិទ្យាល័យសម្តេចឪ ស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ អ្នកគ្រូបានរំព្ញកអំពីដំណើរដើមទងនៃការចាប់ដំណើរការគម្រោងអំណាននេះថា «ផ្ទះអំណាន គន្ធី» ត្រូវបានបង្កើតឡើងក្នុងគោលបំណងធំចំបងតែម្យ៉ាងគឺ ចង់បំផុសគំនិតឲ្យកូនខ្មែរចាប់អារម្មណ៍លើការអានឲ្យកាន់តែច្រើន “បណ្ណាល័យមួយនេះបង្កើតឡើងគ្រាន់តែដើម្បីឲ្យមិត្តអ្នកអានដែលគ្មានលទ្ធភាពទិញសៀវភៅ បានខ្ចីសៀវភៅយកទៅអានប៉ុណ្ណោះ គ្មានសកម្មភាពអ្វីផ្សេងពីនេះទេ”។
ស្ថាបនិកគម្រោងអំណានខាងលើបានបន្ថែមទៀតថា ដំបូងឡើយ គាត់បានចាប់ផ្តើមស្ថាបនារៀបចំបណ្ណា ល័យតែម្នាក់ឯងគត់ដោយសារគាត់ជាមនុស្សចូលចិត្តអានសៀវភៅផង និងចង់បង្កើតឱកាសដូចគ្នានេះដល់ប្រជា ជនសហគមន៍ជុំវិញខ្លួនដែលមានតម្រូវការផង។ គាត់បានបញ្ជាក់ថា “ដំបូងទាំងការធ្វើបន្ទប់បណ្ណាល័យ ទាំងការ ទិញទូដាក់សៀវភៅ និងការទិញសៀវភៅគឺចំណាយថាវិកាផ្ទាល់ខ្លួន។ ក្រោយៗមកទើបមានជំនួយពីសប្បុរជន” ។ លុះក្រោយមក ចាប់តាំងពីឆ្នាំ២០២០មក គាត់បានយកសៀវភៅទៅដាក់ធ្វើជាបណ្ណាល័យចល័តនៅតាមសួនច្បារ សាធារណៈ គឺ សួនសម្តេច ស ខេង ដែលសម្បូរមនុស្សម្នាទៅដើរលម្ហែកាយ និងហាត់ប្រាណជារៀងរាល់ល្ងាច។ នៅពេលដែលចុះយកទៅដាក់នៅបណ្ណាល័យចល័តតាមសួននោះ ក៏មានមិត្តភក្តិនិងសិស្សសាលាមួយចំនួនស្ម័គ្រចិត្តចូលរួមជួយយកអាសាក្នុងការរៀបចំសៀវភៅអំណានឲ្យសាធារណជនបានអានដោយសេរីនិងឥតគិតថ្លៃ។
ក្រោយពីការបង្ហោះសកម្មភាពអានបែបបណ្ណាល័យចល័តនេះ គម្រោងនេះកាន់តែបានសន្ទុះគាំទ្រខ្លាំងពី មជ្ឈដ្ឋានជុំវិញ ស្តែងឲ្យឃើញតាមរយៈការចូលរួមបរិច្ចាគជាសៀវភៅផ្សេង ព្រមទាំងថវិកាផងដែរពីសប្បុរសជន នានា មានទាំង សិស្ស និស្សិត បុគ្គលិកអប់រំ អ្នកនិពន្ធ និងគ្រឹះស្ថានចែកចាយស្នាដៃបោះពុម្ពក្នុងស្រុកមួយចំនួន ទៀត។ បច្ចុប្បន្ននេះ មានអ្នកចូលអានសៀវភៅកាន់តែច្រើនបន្តបន្ទាប់ ទាំងនៅទីតាំងបណ្ណាល័យផ្ទាល់ម្តុំច្រកចូល សាលាបឋមសិក្សាអូរតាគាំ២ និងបណ្ណាល័យចល័តនៅសួនសម្តេច ស ខេង (ម៉ោង៥-៧ល្ងាច រៀងរាល់ថ្ងៃសៅរ៍)។ រីឯតួលេខអ្នកគាំទ្រទំព័រហ្វេសប៊ុកខាងលើក៏កើនឡើង រហូតដល់ជាង១ម៉ឺន ៦ពាន់គណនីឯណោះ។
ជាចុងក្រោយ អ្នកគ្រូ ផ្លែក គន្ធី បានផ្ញើសារតាមរយៈសូវរីនថា “សូមឲ្យមានការចូលរួមគាំទ្រលើកទឹកចិត្តចំពោះសកម្មភាពបែបនេះឲ្យបានកាន់តែច្រើន ព្រោះសកម្មភាពបែបនេះមិនអាចដំណើរការទៅបានដោយគ្មាន ការចូលរួមពីមហាជនទាំងអស់គ្នាបានទេ”។សូមទាក់ទងតាមរយៈលេខ ០១២ ៨៨០ ៩៦៦/ ០៧០ ៨២៨ ៦៦៣៕
Article by SRINSOKMEAN